ប្រហែលជាម៉ោង ១១:០០ នាទីព្រឹក សំឡេងជួងបានបន្លឺឡើងនៅក្នុងវត្តសាមគី្គរង្សី។សំឡេងជួងនេះហាក់​ជា​​ស​​ញ្ញា​​ជំ​​នួសនៃការនិមន្តព្រះសង្ឃនៅក្នុងវត្ត ដើម្បីមកទទួលភត្ត នៅក្នុងឧបដ្ឋានសាលា​​សម្រាប់ចង្ហា​​ន់ថ្ងៃ​​ត្រ​ង់​។

វត្តសាមគ្គីរង្សី ​បានកសាងឡើងដំបូងឡើយដោយព្រះសង្ឃដែលនិមន្តមកពីកម្ពុជាក្រោម តាំងពីចុងទសវត្សឆ្នាំ១៩៩០ សម្រាប់ព្រះសង្ឃ​គង់ និងសិក្សារៀនសូត្រ។ វត្តនេះ មានទីតាំងជាប់ផ្សារក្រមួន ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្តសាមគ្គីរង្សី ដែលប្រជាពលរដ្ឋភាគច្រើនស្គាល់ថាជាវត្តខ្មែរកម្ពុជាក្រោម មានព្រះសង្ឃគង់នៅប្រមាណជា៧០ % ដែលសុទ្ធសឹងតែជាព្រះសង្ឃនិមន្តមកពីកម្ពុជា​ក្រោម។

វត្តនេះ ក្រៅពីជាទីគង់អាស្រ័យរបស់ព្រះសង្ឃហើយ អារាមមួយនេះក៏បានដើរតួនាទីសំខាន់ដែរក្នុងរយៈពេល​​២០ឆ្នាំកន្លងទៅ គឺផ្តល់​​ជា​ទីស្នាក់នៅរបស់ពលរដ្ឋដែលមានជម្លោះដីធ្លីមកពីគ្រប់​​ទិសទី អាចជ្រក​​កោ​​ន និង​​ទី​​ពឹ​​ង។ប៉ុន្តែបើទោះជាអារាមដែលធ្លាប់ផ្តល់ក្តីសុខសាន្ត សម្រាប់ជាទីសំចត់របស់ពលរដ្ឋខ្វះទីទំនាក់ក្តី នៅ​​ពេ​​ល​​នេះ ព្រះសង្ឃដែលគង់ក្នុងវត្តនេះ អស់ជាច្រើនព្រះវស្សាមកហើយ បានត្អូញត្អែរថា វត្តដែលនៅចំក​​ណ្តាល​ទី​​ក្រុ​​ងភ្នំពេញមួយនេះ បែរជា​កំពុងជួបការខ្វះខាតស្បៀងអាហារជារៀងរាល់ថ្ងៃទៅវិញ។

លិខិតអំពាវនាវរបស់វត្តសាមគ្គីរង្សី ហៅវត្តខ្មែរកម្ពុជាក្រោម ដែលចេញកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថាបច្ចុប្បន្ននេះ វត្តសាមគ្គីរង្សី ហៅវត្តខ្មែរកម្ពុជាក្រោមកំពុងមានការកង្វះខាតស្បៀងអាហារ(​អង្ក​រ​) សម្រាប់ទំនុកបម្រុងដល់ព្រះសង្ឈដែលគង់នៅក្នុងអារាមមួយនេះ។

មានព្រះជន្ម ៤០ព្រះវស្សា និងកំពុងគ្រងស្បង់ជីពរពណ៌លឿងទុំ គង់នៅមុខសាលាឆាន់ ដែលជាជំនួយការគ្រូ​ព្រះចៅអធិការវត្តសាមគ្គីរង្សី ព្រះតេជព្រះគុណ ថាច់ សុធន់ មានថេរដីកាថាការខ្វះស្បៀងអាហារនេះ មិនមែនទើបតែខ្វះខាតនៅឆ្នាំនេះនោះទេ ប៉ុន្តែខ្វះខាតជារៀងរាល់ឆ្នាំព្រោះនៅវត្តសាមគ្គីរង្សី មិនមានការបរិច្ចាគច្រើនក្រៅពីថ្ងៃបុណ្យធំៗនោះទេ។

ប្រភពបន្តថា៖« អង្ករនេះមិនមែនទើបតែខ្វះឆ្នាំនេះទេ ខ្វះជារៀងរាល់ឆ្នាំ វត្តខ្មែរកម្ពុជាក្រោមយើងនេះ និយាយរួមអត់មានប្រព័ន្ធថវិកាចូលច្រើន ភាគច្រើនចូលតែរដូវបុណ្យចូលឆ្នាំ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទេ ក្រៅពីនេះ មិនមានបច្ច័យចូលទេ » ។

ព្រះតេជព្រះគុណ មានថេរដីកាបន្តទៀតថា បើទោះជាវត្តសាមគ្គីរង្សីនេះមានព្រះសង្ឈចំនួន៥៨ អង្គក៏ដោយចុះ ក៏បន្ទុកនៃការចំណាយទៅលើថ្លៃចង្ហាន់ព្រះសង្ឃក្នុងមួយថ្ងៃ គឺវត្តត្រូវប្រើប្រាស់​អង្ករប្រមាណ២៥ គីឡូក្រា​ម​ដែ​រជារៀងរាល់ថ្ងៃ។

កន្លងមកវត្តសាមគ្គីរង្សី ហៅវត្តកម្ពុជាក្រោមនេះ ក៏បានអំពាវនាវឱ្យសាធារណៈ និងពុទ្ធបរិស័ទដែលព្រះសង្ឈគង់នៅវត្តនេះបានស្គាល់ដោយផ្ទាល់ជួយដែរ ប៉ុន្តែឆ្នាំនេះ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ ទើបព្រះ​សង្ឈ​គង់នៅវត្ត​ សម្រេចចិត្តរបិណ្ឌបាតឱ្យសាធារណៈជនជួយតាមសទ្ធាតាមរយៈទំព័រហ្វេសប៊ុកផេកវត្តសាមគ្គីរង្សីផ្ទាល់​​ជំ​​នួ​​ស​​វិញ​។

បើទោះបីជាវត្តសាមគ្គីរង្សីមានការខ្វះខាតស្បៀងអាហារយ៉ាងនេះក្តី ព្រះសង្ឈគង់នៅវត្តនេះ មិនរារែកចិត្ត ទទួ​​ល​​យកការ​ពឹងពាក់ពីពលរដ្ឋដែលរងគ្រោះផ្សេងៗ ដូចជាអ្នកមានជម្លោះដីធ្លីជាដើម អាចមកស្នាក់អាស្រ័យនៅក្នុ​​​ងវត្តបានដូចមុនដដែល។

មានព្រះកាយជាំជាដុំៗ ដោយសារកោសខ្យល់ ព្រះតេជព្រះគុណ សុធន់ មានថេរដីកាបន្តថា រឿងដែលកំពុ​​ង​​ប្រ​​​ឈមមុខនៅពេលនេះ គឺបញ្ហាចង្ហាន់ព្រះសង្ឃ។

ព្រះតេជព្រះគុណមានថេរដីកាបន្តថា៖«បញ្ហាដែលជួបប្រទះលំបាកគឺបញ្ហាស្បៀង ពេលដែលមកម្តងៗ ពេលដែលជនរងគ្រោះអីមកចឹង ខ្វះស្បៀង ទឹក ហើយនឹងបង្គន់ សម្រាប់ឱ្យគាត់ប្រើប្រាស់ អាហ្នឹងខ្វះមែនទែនតែម្តង តែត្រឹមតែព្រះសង្ឈគឺគ្រប់គ្រាន់ » ។

មូលហេតុដែលវត្តសាមគ្គីរង្សីខ្វះស្បៀងនេះ ត្រូវបានព្រះតេជព្រះគុណ សុធន់ មានថេរដីកាឱ្យដឹងថា ដោ​​​យ​​សា​​រពុទ្ធបរិស័ទមួយចំនួនមិនហ៊ានចូលមកបរិច្ចាគទ័យទាន និងបរិក្ខាផ្សេងៗប្រគេនព្រះសង្ឃ ដោយបារម្ភមា​ន​​កា​​រលា​​ភពណ៌ថាជាក្រុមផ្សេង។

លោកមានថេរដីកាថា៖ « ដោយសារវត្តនេះ ពីមុនៗមក គេថាវត្តប្រឆាំង អីចឹងហើយអ្នកមានមួយចំនួន ឬខាងឯកឧត្តម លោកឧកញ៉ា អីចឹង អត់មានអ្នកចាប់អារម្មណ៍ទេ ជួនកាលគេចាប់អារម្មណ៍ដែរតែមិនហ៊ានចូលមក »។

វត្តសាមគ្គីរង្សី កសាងឡើងតាំងពីឆ្នាំ១៩៩៧។វត្តនេះកសាងពីដំបូងក្រោមស្លាកសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម។អារាមមួយនេះមានផ្ទៃដីជាង ៤១០០ម៉ែត្រការ៉េ។ចាប់តាំងពីកកើតវត្តនេះ មាន​ព្រះគ្រូចៅអធិការ៦ ជំ​​នា​​​ន់​​​​​ម​ក​​ហើយ ដែលជំនាន់ទី៦ នេះមានព្រះនាមថា ជាតិ មុនី ។

តាមរយៈប្រវត្តិ នៃវត្តសាមគ្គីរង្សីនេះ ដែលតែងតែទទួលសកម្មជន ឬអ្នកដែលមានវិបត្តិសង្គម ព្រះគ្រូចៅអ​​​ធិកា​រវត្ត ព្រះតេជព្រះគុណ ជាតិ មុនី ​មានថេរដីកាថានៅក្នុងជំនាន់ដែលព្រះអង្គគ្រប់គ្រងនេះ អាជ្ញាធរមិនបានហា​​​ម​​ឃាត់មិនឱ្យទទួលអ្នកមានជម្លោះដីធ្លីដើម្បីស្នាក់អាស្រ័យនោះទេ។ជាងនេះទៀត វត្តអារាម ឬព្រះសង្ឃ​​​ដែ​​​​ល​​គ​ង់​នៅក្នុងវត្តនេះ ក៏មិនមានសម្ពាធណាមួយដែរ ពីអាជ្ញាធរមូលដ្ឋាន។

ប្រភពបន្តថា៖ « អាត្មាគ្រប់គ្រងវត្តនេះប្រហែលពីរឆ្នាំ ពីមុនមកមិនដឹងយ៉ាងណា ប៉ុន្តែជំនាន់អាត្មាដូចជាមិនមានអាជ្ញាធរអី គំរាមកំហែងអីទេ គ្រាន់តែហាមឃាត់ខ្លះៗ បើថាយើងឱ្យក៏ឱ្យទៅ គេក៏មិននេះ[ថាឱ្យ]ដែរ » ។

មិនខុសពីព្រះសង្ឃដទៃទៀតដែរ កំពុងគ្រងស្បង់ចីវរពណ៌លឿងទុំ ព្រះតេជព្រះគុណ សិរី វឌ្ឍនៈ ដែលគង់​​នៅ​​វត្តសាមគ្គីរង្សីនេះជាង១០ឆ្នាំមកហើយ ព្រះអង្គមានថេរដីកាថា កាលដែលព្រះសង្ឃធ្វើលិខិតអំពាវនាវឱ្យ​​ពុទ្ធរបរិស័ទជួយនេះ ពីព្រោះគណៈកម្មការអាចារ្យវត្តមិនអាចទ្រទ្រង់ចង្ហាន់សម្រាប់ព្រះសង្ឃតទៅមុខទៀតបាន។

ប្រភពបន្តថា ៖« ពិតប្រាកដហើយ គឺខ្វះអង្ករ គឺជារឿងមិនអាចប្រកែកបាន ពីព្រោះថា ខ្វះបានព្រះសង្ឈ ធ្វើលិខិតបវរណា បើមិនខ្វះ តាំងពីដើមឡើយ ខ្វះដែរ ប៉ុន្តែមិនដល់ថ្នាក់អស់ពីឃ្លាំង នៅសល់បីបួនបាវចឹងទៅ គឹប្រឈមជិតអស់ »។

ចំណែក ពលរដ្ឋដែលរស់នៅជិតវត្តសាមគ្គីរង្សី ហៅវត្តកម្ពុជាក្រោម លោក សាំង សារៈ យល់ឃើញថាវត្តនេះពិតជាខ្វះខាតពិតមែនព្រោះក្នុងវត្តមានព្រះសង្ឃច្រើនការប្រគេនចង្ហាន់ពីពុទ្ធបរិស័ទមិនបានដិតដល់ទេ។ ម្យ៉ា​​​​ងវិញទៀត​ថ្ងៃធម្មតាមិនសូវមានអ្នកចាប់អារម្មណ៍ចូលវត្ត ដើម្បីប្រគេនចង្ហាន់ ឬបរិក្ខាស​​ម្រាប់ព្រះ​សង្ឃ​​នោះ​​ដែរ លើកលែងមានថ្ងៃបុណ្យទាន ទើបមានចង្ហាន់ឆានដូចវត្តដទៃទៀតដែរ។

លោកបន្តថា៖ «បុណ្យភ្ជុំ បុណ្យចូលឆ្នាំ បុណ្យកឋិន មានពុទ្ធបរិស័ទមកច្រើន តែថ្ងៃធម្មតាមិនសូវមានអ្នកណាចាប់អារម្មណ៍ទេ អញ្ចឹងទើបធ្វើឱ្យមានការខ្វះខាតអញ្ជឹងមែន […] មកពីវត្តមានព្រះសង្ឃគង់នៅមានចំនួនច្រើនផង ហើយលើសពីនេះ ទីមួយ ពុទ្ធបរិស័ទនៅជុំវិញវត្ត មិនមានអ្នកមាន ទីពីរវត្តនេះពឹងផ្អែកទៅលើពុទ្ធបរិស័ទ ដែលមានដើមកំណើតនៅកម្ពុជាក្រោម ហើយជីវភាពពលរដ្ឋនៅខ្មែរកម្ពុជាក្រោម សឹងគ្មានសោះអ្នកមាន ដោយមូលហេតុនេះផងបានជាមានការខ្វះខាតនេះ »។

អ្នកស្រីស្រី ដេត ហួរ ដែលធ្លាប់ពឹងពាក់អារាមមួយនេះ ដើម្បីតស៊ូមតិក្នុងរឿងវិវាទដីធ្លីតាំងពីឆ្នាំ២០១៩ អ្នក​​ស្រី​​​យល់ឃើញថា វត្តសាមគ្គរង្សីនេះ ខុសពីវត្តដទៃទៀតដែលអនុញ្ញាតឱ្យពលរដ្ឋមានបញ្ហាផ្សេងៗ អាចស្នាក់​​នៅ​​បានដោយស្រួល។ ជាអ្នកដែលធ្លាប់មានជម្លោះដីធ្លី នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង អ្នក​​ស្រី​​បន្ត​​ថា អារាមមួយនេះពិតជាផ្តល់ក្តីសង្ឃឹម និងជាម្លប់សម្រាប់មនុស្សទូទៅ មិនថាពលរដ្ឋមានបញ្ហា ឬគ្មា​ន​​បញ្ហានោះទេ វត្តនេះតែងធ្វើជាទីជ្រកកោនស្មើៗគ្នា ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

អ្នក​ស្រីបន្តថា៖ « វត្តជាទូទៅមិនឱ្យប្រជាពលរដ្ឋរងគ្រោះដីធ្លីស្នាក់នៅនោះទេ តែវត្តសាមគ្គីរង្សីដែលជាវត្តខ្មែរកម្ពុជាក្រោមសណ្តោសប្រណីឱ្យយើងទាំងអស់គ្នាដែលជាជនរងគ្រោះបាត់បង់ដីធ្លី រំលោភសិទ្ធិអីហ្នឹងឱ្យយើងស្នាក់នៅ […] វត្តសាមគ្គីរង្សីគឺជាវត្តមួយដែលល្អបំផុត ជួយជនរងគ្រោះមិនដែលគិតថាជនរងគ្រោះហ្នឹង កាន់បក្សកាន់ពួកនយោបាយណាមួយទេ ពីព្រោះគាត់គិតថាជនរងគ្រោះគឺជាមនុស្សដែលបាត់បង់ដីធ្លីហើយ ជាជនរងគ្រោះអយុត្តិធម៌ជាទីបំផុត អីចឹងគាត់តែងតែជួយពួកយើងជានិច្ច »

កាលពីចុងឆ្នាំ ២០២៣ អ្នកស្រីក៏ធ្លាប់មកស្នាក់នៅវត្តសាមគ្គីរង្សីនេះដែរ ដើម្បីទាមទារឱ្យអាជ្ញាធរ ដោះលែង លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញិល ភាព និងលោក ថាន់ ហាច ដែលជាមន្ត្រីនៅសមាគមនេះ។

អ្នកស្រីកត់សម្គាល់ថារាល់ពេលដែលវត្តនេះជួយប្រជាពលរដ្ឋគឺតែងតែមានបញ្ហាតាមក្រោយជានិច្ច ដូចជាមា​​ន​ការចោទប្រកាន់ និងតាមដានពីអាជ្ញាធរជាដើម ប៉ុន្តែវត្តនេះនៅបន្តចិត្តសប្បុរសធម៌នេះទៀត។

អ្នកស្រីថ្លែងបន្តថា៖«វត្តសាមគ្គីរង្សី ប្រាកដជាខ្វះហើយពីព្រោះលោកច្រើនអង្គហើយណាមួយសហគមន៍យើ​ង​ភាគច្រើនគាត់ស្នាក់នៅញឹកញាប់ មិនមែនត្រឹមតែសហគមន៍កោះកុងទេ គឺសហគមន៍គ្រប់ខេត្តដែលគាត់មា​នបញ្ហារងគ្រោះដីធ្លី គាត់តែងតែទៅស្នាក់នៅ អីចឹងហើយធ្វើឱ្យលោកនៅក្នុងវត្តសាមគ្គីរង្សីតែងតែយកចង្ហា​​ន់ ឬសម្ភារៈញាតិញោមប្រគល់ឱ្យហ្នឹង គាត់តែងតែជួយឱ្យអានេះ អាណោះហូប​ចឹង ធ្វើឱ្យគាត់ខ្វះមែន» ។

វត្តសាមគ្គីរង្សីនេះ មិនមែនធ្លាប់ផ្តល់ការជ្រកកោនតែពលរដ្ឋដែលមានទំនាស់ដីធ្លីមកពីខេត្តកោះកុងទេ បណ្តា​​ខេ​ត្តដទៃទៀតដូចជាអ្នកមានទំនាស់ដីធ្លីនៅខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តកំពង់ឆ្នាំងជាដើម ក៏ធ្លាប់ទទួ​ល​​​​​​បាន​​កា​​​​រ​​អនុគ្រោះពីព្រះសង្ឃ និងអាចារ្យៈគណកម្មការមិនតិចគ្នាដែរទេ។គេសង្កេតឃើញថា ថ្វីបើមានវត្ត​អារា​ម​​មិ​នតិច​​ឡើងនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែស្ទើរតែមិនមានអារាមមួយណា ដែលមានចិត្តទូលាផ្តល់មេត្តា និ​​​ង​​​កុ​​រណាចំពោះបរិស័ទ ដែលជួបទុក្ខភ័យ និងវិបត្តិ​ដូចវត្តសាមគ្គីរង្សីនេះ នៅឡើយទេ។

យ៉ាងនេះក្តី ចៅសង្កាត់ស្ទឹងមានជ័យ លោក ជា សារ៉េត បដិសេធក្នុងការផ្តល់ការអត្ថាធិប្បាយ​លម្អិត​​​ទាក់​ទិន​ស្ថា​នភាពវត្តសាមគ្គីរង្សីនេះ ដោយលោកលើកហេតុផលថា លោកមិនសូវដឹងអំពីវត្តនេះច្បាស់នោះទេ។

លោកបន្តថា៖ « ខ្ញុំអត់អាចសម្ភាសន៍បានទេ ព្រោះខ្ញុំអត់ដឹងពីវត្តនេះច្បាស់ ខ្ញុំទើបមកធ្វើចៅសង្កាត់ពីរឆ្នាំមិនទាន់ច្បាស់ទេ អត់បានស៊ីជម្រៅរឿងវត្តនេះមួយដោយវត្តនឹងកន្លងមកមានបញ្ហាខ្លះៗ ដល់អញ្ជឹង អត់សូវបានចូលវត្តនិង អញ្ជឹងអត់សូវបានក្តាប់ព័ត៌មានច្បាស់ដែរ ចឹងអត់ហ៊ាននិយាយ »។

ទាំងព្រះគ្រូចៅអធិការ និងព្រះសង្ឃដែលគង់នៅក្នុងវត្តសាមគ្គីរង្សីនេះ បិណ្ឌបាត​ឱ្យពុទ្ធបរិស័ទ ចូលរួមចំណែ​ក​​តា​មសទ្ធាជ្រះថ្លា ជាបច្ច័យក្តី ឬជួយជាអង្ករក្តី ដើម្បីទ្រទ្រង់សកម្មភាពព្រះសង្ឃ និងបន្តអាយុកាលវត្តសាមគ្គីរង្សី ឬហៅវត្តខ្មែរកម្ពុជាក្រោមនេះឱ្យមានជីវិតរស់តទៅទៀត៕