សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានបើកសវនាការកាត់ក្តីអតីតសកម្មជនគណបក្សសង្រ្គោះជាតិចំនួន៦១នាក់ ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយនឹងបន្តសវនាការនេះនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
ជនជាប់ចោទចំនួន១១នាក់ប៉ុណ្ណោះបានបង្ហាញខ្លួនក្នុងសវនាការកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ នេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានចូលឃ្លាំមើលសវនាការនោះ។
សវនាការកាត់ក្តីទៅលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិនេះនឹងត្រូវបន្តទៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ នាទីព្រឹក។ នេះយោងទៅតាមទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សនៃកម្ពុជា។
នៅក្នុងថ្ងៃបើកសវនាការនេះ មានវត្តមានកងកម្លាំងប៉ូលីសជាច្រើន ហើយបានដាក់បំរាមយ៉ាងតឹងរ៉ឹង ដោយមិនអនុញ្ញាតឲ្យអ្នកកាសែត សាច់ញាតិសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ឈរនៅក្បែរតុលាការនោះទេ ដោយឲ្យពួកគេឈរនៅខាងក្នុងស្តាតអូឡាំពិក។

អ្នកស្រី ព្រំ ចន្ថា ភរិយាអតីតសកម្មជនគណបក្សសង្រ្គោះជាតិ លោក កាក់ កុម្ភារ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០១ថា ប្តីរបស់គាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ខណៈដែលប្តីរបស់គាត់គ្រាន់តែបញ្ចេញមតិ ហើយមិនធ្លាប់ធ្វើអ្វីសោះក្រោយពីការរំលាយគណបក្ស។
អ្នកស្រីបានលើកឡើងដូច្នេះថា៖ «គ្រាន់តែបញ្ចេញមតិ ហើយតាំងពីរំលាយគណបក្សមក ប្តីខ្ញុំអត់ដែលធ្វើអីសោះ»។
អ្នកស្រីបន្តថា៖ «ធម្មតាប្រពន្ធមានសិទ្ធិឡើងស្តាប់អ្នកទោសផ្សេងៗ ហេតុអីស្តាប់បាន រឿងអីអ្នកទោសនយោបាយស្តាប់អត់បាន?»។
កញ្ញា សេង ធារី មេធាវីដែលមានសញ្ជាតិខ្មែរ-អាមេរិកាំង និងជាជនជាប់ចោទមួយរូបក្នុងសំណុំរឿងនោះ បាននិយាយនៅមុខតុលាការថា សវនាការនេះគឺមិនគួរហៅថាជាអង្គសវនាការទេ ព្រោះនេះគឺជាឆាកល្ខោនដែលគេសម្តែងឡើងដើម្បីបំផ្លាញយុត្តិធម៌។
កញ្ញាបានលើកឡើងថា៖ «កុំហៅអង្គសវនាការ នេះជាឆាកល្ខោនទាំងស្រុង ជាឆាកល្ខោន ជាការសម្តែង បំផ្លាញយុត្តិធម៌ បង្កាច់យុត្តិធម៌ឲ្យជូរចត់។ សុទ្ធតែតួឯកកំពុងសម្តែង សម្តែងជាតួអង្គចៅក្រម ជាព្រះរាជអាជ្ញា»។

អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសប្រចាំប្រទេសកម្ពុជា បានថ្លែងមួយថ្ងៃមុនការបន្តបើកសវនាការថា អ្នកស្រីមានការព្រួយបារម្ភទៅលើការជំនុំជម្រះនេះពីព្រោះចំនួនជនជាប់ចោទមានច្រើន ហើយត្រូវកាត់ក្តីរួមគ្នា ដែលធ្វើឲ្យការទទួលបានភាពយុត្តិធម៌របស់ពួកគេប្រឈមនឹងហានិភ័យ។
អ្នកស្រីក៏មានការព្រួយបារម្ភទៅលើជនជាប់ចោទមួយចំនួនដែលត្រូវបានកាត់ទោសកំបាំងមុខ ទោះជាពួកគេព្យាយាមត្រឡប់មកកម្ពុជាដើម្បីចូលរួមក្នុងសវនាការក៏ដោយ។ នេះបើយោងទៅតាមទំព័រហ្វេសប៊ុករបស់អ្នកស្រីអ្នករាយការណ៍ពិសេសប្រចាំប្រទេសកម្ពុជា។
អ្នកស្រីបានលើកឡើងថា៖ «ខ្ញុំបាននឹងកំពុងតាមដានយ៉ាងដិតដល់នូវវិធានការផ្លូវច្បាប់ និងតុលាការដែលបានចាត់តាំងលើ សមាជិក និងអ្នកគាំទ្រមួយចំនួនរបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ។ មានជនជាប់ចោទចំនួន៦០នាក់ ត្រូវបានជំនុំជម្រះរួមគ្នានៅថ្ងៃនេះ ដែលធ្វើឲ្យសិទ្ធិបុគ្គរបស់ពួកគេក្នុងការទទួលបានការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌ ត្រូវប្រឈមនឹងហានិភ័យ»។
«លើសពីនេះទៅទៀត ខ្ញុំនៅមានកង្វល់ផងដែរ អំពីជនជាប់ចោទមួយចំនួនដែលត្រូវបានកាត់ទោសកំបាំងមុខ បើទោះជាពួកគេបានព្យាយាមវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមក្នុងការជំនុំជម្រះក្តីនេះក៏ដោយ»។
អ្នកស្រីក៏បានស្នើទៅដល់រដ្ឋាភិបាលកម្ពុជា ឲ្យគោរពសិទ្ធិទទួលបានការជំនុំជម្រះប្រកបដោយយុត្តិធម៌ដល់បុគ្គលទាំងនេះ ដូចដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលប្រទេសកម្ពុជាជារដ្ឋភាគី។
«ខ្ញុំសូមលើកទឹកចិត្តដោយស្មើភាពគ្នាឲ្យអាជ្ញាធរជួយសម្រួលដល់ការវិលត្រលប់របស់បុគ្គលទាំងនេះដោយសុវត្ថិភាព និងអនុញ្ញាតឲ្យពួកគេចូលរួមសវនាការ និងការពារក្តីរបស់ខ្លួននៅក្នុងតុលាការ»។
គួររំលឹកថា គណបក្សសង្រ្គោះជាតិត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ហើយអតីតសម្មជនគណបក្សសង្រ្គោះជាតិជាង១២០នាក់ត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់ទងនឹងការប្រកាសវិលត្រឡប់របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩៕