ក្រសួង​អប់រំ​​​រៀប​ចំ​សិក្ខាសាលា​អំពី​ «ថ្នាល​បំណិន​សត​វត្សរ៍​ទី​២១​​របស់​យុវ​ជន​» ​ដើម្បី​តម្រង់​ទិស​ការ​អភិ​វឌ្ឍ​សក្ដា​នុ​ពល​របស់​យុវជន សម្រាប់​ជា​ធាតុ​ចូល​យ៉ាង​សំខាន់ដល់​ការ​អភិ​វឌ្ឍ​គោល​នយោ​បាយ​ និង​ផែន​ការ​សកម្ម​ភាព​ជាតិ​​ស្ដី​ពី​ការ​អភិ​វឌ្ឍ​យុវ​ជន​កម្ពុជា​នា​ពេល​អនាគត​។

សិក្ខា​សាលា​នេះ​ធ្វើ​ឡើង​នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្នុង​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ ដោយ​មាន​ការ​ចូល​រួម​ពី​សំណា​ក់​សិស្ស​និស្សិត​ជាង​១០០​នាក់ ​មក​ពី​សាកល​វិទ្យា​ល័យ​ចំនួន​២០ផ្សេងៗគ្នា។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បាន​ថ្លែង​​ក្នុង​សិក្ខាសាលានេះ​​​​ថា ​យុវជនសតវត្សរ៍​ទី២១​គួរ​តែ​មាន​បំណិន​ទន់ និង​បំណិន​​​​​វិជ្ជាជីវៈ​ឲ្យ​បាន​ច្បាស់លាស់​​។ លោក​ថា ​បំណិន​​ទន់ និង​បំណិន​​វិជ្ជាជីវៈ​នេះ​សំដៅ​ទៅ​លើ​បំណិន​​ដែល​ទាក់ទង​នឹង​បុគ្គល​លក្ខណៈ​ផ្ទាល់​ខ្លួន​ដូចជា​របៀប​ក្នុង​ការទំនាក់​ទំនង និង​ការងារ​​ក្រុម​ជា​ដើម។

លោក ហង់ ជួនណារ៉ុន បន្ថែម​ថា ការបញ្ចូល​បំណិនទន់​ទៅក្នុង​មុខ​វិជ្ជា​បំណិន​ជីវិ​ត​តាម​មូលដ្ឋាន​មាន​១២​ចំណុច​ដែល​ចែក​ចេញ​ជា​បី​ក្រុម ដូចជា​បំណិន​សម្រាប់​ការរៀន​សូត្រ មាន​​ការច្នៃ​ប្រឌិត ការត្រិះរិះ​ពិចារណា និង​ការដោះស្រាយប​ញ្ហា។ បំណិន​សម្រាប់​​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន​ មាន ការគ្រប់គ្រង​ខ្លួន​ឯង ភាពធន់ និង​ទំនាក់ទំនង។ ចំណែក​បំណិន​សម្រាប់​លទ្ធភាព​ការងារ មាន​ការចរចារ ការសម្រេច​ចិត្ត​ ភាព​ជាពលរ​ដ្ឋ​សមាន​ចិត្ត និង​ការចូលរួម។

កញ្ញា ជាង ឡានីតា អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ ជំនាញ​អក្សរ​សាស្រ្ត​ខ្មែរ​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញដែល​បាន​ចូលរួមក្នុង​សិក្ខា​សាលា​នោះ​​លើក​ឡើង​ថា​ សិក្ខា​សាលា​នេះ​ចង់​ឱ្យ​យុវ​ជន​ក្នុង​សត​វត្សរ៍​ទី​២១​នេះ​ស្រប​តាម​បែប​ឌី​ជី​ថល ​និង​ស្រប​តាម​ការ​អភិ​វឌ្ឍ​របស់​រដ្ឋា​ភិបាល​ ហើយ​ឱ្យ​យុវ​ជន​តាំង​ចិត្ត​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ​ជា​ដើម​​។

កញ្ញាថា៖ «សម្រាប់​នាងខ្ញុំ​កម្មវិធី​ថ្ងៃនេះ​គឺ​ផ្តោត​ខ្លាំង​បំផុត​លើ​ការបណ្តុះបណ្តាល​យុវជន​ឱ្យ​ស្រប​ទៅ​តាម​សតវត្សន៍​ទី២១ ជាពិសេសបែប​បំណិន​ឌីជីថល។​ អ្វី​ដែល​សំខាន់​គឺ​បានផ្សព្វផ្សាយ​អំពី​កម្មវិធី​បណ្តុះបណ្តាល​ផ្សេងៗ​របស់​អគ្គនាយកដ្ឋាន ដូចជា VMC (Volunteer for My Community) និង​កម្មវិធី​ក្នុង​កាយរឹទ្ធ​ជាតិ​ជាដើម ស្រប​តាម​ការអភិវឌ្ឍរបស់រដ្ឋាភិបាល»។

កញ្ញាបន្ថែមថា៖ «អ្វី​ដែលសំខាន់នោះយុវជនតាំងចិត្តក្នុងភាពជាអ្នកដឹកនាំ ហើយ​ចែក​រំលែក​ជំនាញ​ទន់​ដែល​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​ពួកគាត់​នៅ​ថ្ងៃអនាគត»។

លោក សា​ខន រតនា អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ ជំនា​ញ​ទំនាក់​ទនង​អន្តរ​ជាតិ​នៅ​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្រ្ត​កម្ពុជា​និយាយ​ថា​ ​យុវជន​ក្នុង​សត​វត្សរ៍​ទី​២១​ត្រូវ​តែ​មាន​ជំនាញ​ឌី​ជី​ថល​ ជំនាញ​ទន់ ​ជំនាញ​រឹង​ និង​ចេះ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឱ្យ​បាន​ត្រឹម​ត្រូវ​។

លោក​ថា​៖ «ខ្ញុំ​គិត​​វា​ពិត​មាន​សារៈ​សំខាន់​មែន​ទែន​សម្រាប់​យុវ​ជន​ទាំង​អស់​គ្នា​។ ក្នុង​នាម​យើង​ជា​យុវ​ជន​នៃ​សតវត្សរ៍​ទី​២១​ យើង​គួរ​មាន​ចំណេះ​ដឹង​ច្រើន​​មិន​មែន​ត្រឹម​តែ​ជំនាញ​ដែល​យើង​​រៀន​នៅ​សាលា​​មួយ​​មុខ​​ប៉ុណ្ណោះ​​ទេ​ ក៏​ត្រូវ​ជំនាញ​ឌី​ជី​ថល​ ជំនាញ​ទន់​ ជំនាញ​រឹង​ហើយ​មួយ​ទៀត​គឺ​ចំណេះ​ដឹង​នយោ​បាយ​ សេដ្ឋ​កិច្ច​ដើម្បី​ឱ្យ​តាម​ទាន់​សម័យ​កាល​»។

លោក​បន្ថែម​ថា​៖ «អ្វី​ដែល​ខ្ញុំ​ផ្តោត​សំខាន់​នោះ​គឺ​បច្ចេក​វិទ្យា​ បើ​ទោះ​ជា​យើង​មិន​អាច​បង្កើត​បច្ចេក​វិទ្យា​ថ្មី​ក៏​យើង​ចេះ​ប្រើ​ប្រាស់​វា​ដែរ​ កុំ​ឱ្យ​ថា​គេ​ខំ​បង្កើត​ឱ្យ​យើង​ហើយ​យើង​អត់​ប្រើ​ទៀត​ចឹង​ទៅ​វា​ពិបាក​ក្នុង​ការ​អភិ​វឌ្ឍ​ប្រទេស​ជាតិ​ជា​ពិសេស​គឺ​សេដ្ឋ​កិច្ច​»។

ចំណែក​កញ្ញា រ៉ន ម៉ាលីន ​បុគ្គ​លិក​ហាត់​ការ​នៃ​ក្រសួង​អប់រំ​ ​ដែល​បា​ន​ចូលរួម​ក្នុង​សិក្ខា​សាលា​នោះ​​​លើក​​ឡើងដែរ​​ថា​ យុវ​ជន​មិន​មែន​មាន​ត្រឹម​តែ​ចំណេះ​ដឹង​ក្នុង​សាលា​ប៉ុណ្ណោះ​ទេ​ ពួក​គាត់​គួរ​មាន​ជំនាញ​ផ្សេងៗ​ និង​សាក​ល្បង​ខ្លួន​ឯង​ជា​មួយ​អ្វី​ថ្មីៗ​គឺ​លើក​ទឹក​ចិត្ត​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​ឱ្យ​បាន​ច្រើន​។

កញ្ញា​ថា៖ «សិក្ខា​សាលា​ថ្នាល​​​បំណិន​​​សត​​​វត្សរ៍​​ទី​​​២១​​​របស់​​​​យុវ​​​ជន​ចង់​ឱ្យ​យុវ​ជន​ចេះ​ដឹង​អ្វី​លើស​ពី​ការ​រៀន​នៅ​ក្នុង​ថ្នាក់​ ហើយ​ជា​ពិសេស​គឺ​លើក​ទឹក​ចិត្ត​ឱ្យ​ពួក​គាត់​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ឱ្យ​បាន​ច្រើន​នៅ​ក្នុង​សង្គម​ព្រោះ​ការ​ស្ម័គ្រ​ចិត្ត​អាច​ធ្វើ​ឱ្យ​យើង​ជួប​ប្រទះ​អ្វី​ដែល​ថ្មីៗ​ហើយ​​អាច​ស្វែង​រក​ខ្លួន​ឯង​ឃើញ​»។

បើ​តាម​ជំរឿន​ជាតិ​ឆ្នាំ ២០១៩ ប្រជាជន​អាយុ​ក្រោម ៣០ឆ្នាំ មាន​ប្រមាណ​ជា ២/៣ នៃ​ប្រជាជន​សរុប​ប្រមាណ ១៦ លាន​នាក់​ ឬ​ស្មើ​ប្រមាណ​ជា ៦០%៕