នៅ​ថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ​បាន​ប្រកាស​​​​​ផ្អាក​ការ​ប្រារព្ធ​​ព្រះរាជ​ពិធី​បុណ្យអុំទូក​នៅ​រាជ​ធានី​​ភ្នំពេញ ​​ដោយ​លើកមូលហេតុ​ថា ដោយសារការរាតត្បាត​ជំងឺ​កូវី​ដ​១៩​មិនទាន់​បិទ​បញ្ចប់​ទាំងស្រុង ហើយ​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដែលនឹង​ត្រូវ​រៀបចំ​ឡើង​ដំណាល​គ្នា​នឹង​ថ្ងៃ​បុណ្យ​អុំ​ទូក​។​

ការ​ប្រកាស​​ផ្អាក​ការប្រារព្ធព្រះរាជពិធីបុណ្យអំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប​នេះ ធ្វើ​ឡើង​តែ​​នៅរាជធានីភំ្នពេញ​ប៉ុណ្ណោះ​ សម្រាប់​នៅតាម​បណ្តាខេត្ត​នានា​ទូទាំង​ប្រទេស គឺអាច​ប្រព្រឹត្ត​ទៅបាន​តាម​ការរៀបចំ​របស់ថ្នាក់ខេត្ត ដើម្បី​បង្កភាព​សប្បាយ​រីករាយ​ជូន​ប្រជា​ពលរដ្ឋ ក៏​ដូចជា​​បង្កើន​បរិយាកាស​ទេសចរណ៍ និង​ផ្តល់​ឱកាស​ក្នុងការ​រកប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ ។

Newsroom Cambodia បាន​សម្ភាស​​ន៍​ប្រជាពលរដ្ឋខ្មែរចំនួន៦រូប ដែល​​រស់​នៅ​រាជធានី​ភ្នំពេញ អំពីការយល់ឃើញ​​​របស់ពួកគាត់ចំពោះ​ការផ្អាកព្រះរាជពិធីបុណ្យអំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប​នៅរាជធានីភំ្នពេញក្នុងឆ្នាំ២០២២នេះ។

អ្នកស្រី សីង អាយុ ៣៥ឆ្នាំ ជាស្រ្តីមេផ្ទះ ​ដែល​កំពុង​​ដើរកម្សាន្ត​តាម​មាត់ទន្លេ បានលើកឡើង​ថា អ្នកស្រី​ចង់​ឱ្យ​មានការ​ប្រារព្ធពិធីបុណ្យអុំទូក ប្រសិន​បើ​គ្មាន​បញ្ហាអ្វីមួយ ដើម្បី​កុំឱ្យ​បាត់បង់​អត្តសញ្ញាណ​ជាតិ។

អ្នកស្រី សីង

អ្នកស្រីបញ្ជាក់ថា៖ «បើតាមចិត្តផ្ទាល់  ឥលូវនេះទឹកក៏ឡើងរាងខ្លាំង រ​ដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​ការអុំ​ទូក អ៊ី​ចឹងអត់ទាន់ថាអីដែរ ព្រោះមិនសូវដឹងច្បាស់ តែ​ប្រហែល​ជា​រដ្ឋាភិបាល​អាច​ទុក​លុយ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ ដែលខ្វះខាត ឬ ថា​ទឹក​ជន់​នៅ​តាម​ខេត្ត​ផ្សេងៗ​ បាន​លុយ​ហ្នឹង​ជួយ​អ្នក​ដែលអត់»។ 

អ្នកស្រីបន្ថែមទៀតថា៖ «តែបើគ្មានបញ្ហាទឹកជំនន់នៅស្រុកខ្មែរទេ បើអាច​បន្ត​ការប្រារព្ធ​ពិធី​បុណ្យ​នេះ ដើម្បីកុំឱ្យបាត់អត្តសញ្ញាណជាតិរាល់ឆ្នាំ»។

យុវជន មីង ហេង

យុវជន មីង ហេង អាយុ ១៨​ឆ្នាំ ជានិស្សិត និងធ្វើការនៅក្រុមហ៊ុនមួយ យល់ថា ខ្លួន​​ព្រួយបា​រម្ភ​ខ្លាចបាត់បង់វប្បធម៌ជាតិ ប៉ុន្តែក៏​ពេញចិត្ត​នឹង​ការសម្រេច​ចិត្ត​ឱ្យ​មាន​ការប្រារព្ធ​ពិធី​បុណ្យនៅ​តាម​ខេត្ត​ដដែល​។

យុវជនរូបនេះបញ្ជាក់ថា៖​ «ហ្នឹងជាកម្មវិធីរបស់ជាតិប្រារព្ធតាំងពីដើមមក នៅសុខៗផ្អាកអីចឹង អាច​ថាបំបាត់វប្បធម៌របស់យើង ហើយនៅតាមខេត្តប្រារព្ធធម្មតា ប្រហែល​ជា​គាត់​រក្សា​សុវត្ថិភាព​ឱ្យយើង»។

អ្នកស្រី ឃុល ស្រី

អ្នកស្រី ឃុល ស្រី អាយុ៦០ឆ្នាំ​ រស់នៅ ភ្នំពេញ ជាអាជីវករលក់ម្ជូរនៅ​សួន​​មាត់ទន្លេបាន​យល់​ស្រប​ទៅនឹង​ការផ្អាកពិធីបុណ្យអុំទូក ដោយអ្នកស្រីគិតថាជាការសម្រេចចិត្ត​របស់​រាជ​រដ្ឋា​ភិបាល​ការពារពីភាពរញ៉េរះញ៉ៃ​មុនពេល​ប្រជុំអាស៊ាន។ 

អ្នកស្រីបញ្ជាក់ថា៖ «សម្តេចផ្អាកបុណ្យអុំទូក យើងមានតែស្រប​ទៅតាមគំនិតរបស់លោក ព្រោះ​ក្នុង​រយៈពេលត្រឹមតែ​៣ថ្ងៃ ណាមួយ​កុំ​ឱ្យ​លក់ដូរ​រញ៉េរញ៉ៃ​ប៉ះពាល់​ការប្រជុំ​អាស៊ាន​នា​ពេល​ខាងមុខ និងសមត្ថកិច្ចពិបាកធ្វើការ។

អ្នកស្រីបានបន្ថែមទៀតថា៖ «អត់អុំទូកចឹងលក់ស្រួលជាងអុំទូក ថ្ងៃអុំទូក​មនុស្ស​ច្រើន​ពិបាក​លក់ ភ្ញៀវ​មើល​មិនឃើញ គេរវល់មើលអ្នកអុំទូក ហើយក៏សប្បាយចិត្តម្យ៉ាង បាន​នៅ​ផ្ទះ​ធ្វើ​កិច្ចការ​ផ្ទះ»។

យុវតី យឿន សុវណ្ណសីងហារីហ្សា អាយុ​១៦ឆ្នាំ ជាសិស្សនៅ​វិទ្យាល័យស៊ីសុវត្ថិ និយាយ​ថា ខ្លួន​មានទម្លាប់​ជួយគ្រួសារលក់ភេសជ្ជៈ​នៅ​ពេលទំនេរពីការសិក្សា។ យុវតីរូបនេះ​​បារម្ភ ពី​អាជីវកម្ម​របស់​គ្រួសារ ប៉ុន្តែ​ក៏បង្ហាញការសប្បាយចិត្ត ព្រោះ​អាច​មាន​ពេល​ជាមួយ​គ្រួសារ​ច្រើន​នៅ​ពេល​ផ្អាក​ការប្រារព្ធ​ពិធីបុណ្យនេះ។

យុវតីរូបនេះ​បញ្ជាក់ថា៖​ «ម៉ាក់ប្រហែលអត់បើកតូប ព្រោះ​អត់សូវមានអ្នកទិញ លក់​តែ​បន្តិច​ក៏​បិទ​តូបវិញ តែក៏ល្អដែលម៉ាក់មានពេលជុំគ្រួសារ ហើយឥលូវកូវីដក៏នៅតែមាន​អាច​ប៉ះពាល់​ខ្លះ​ដែរ ព្រោះប្រជាជនមកពីខេត្តផ្សេងៗមិនសូវ​លាងដៃជាមួយអាកុល និងពាក់ម៉ាស់»។​

យុវជន និន ម៉ាណែត

យុវជន និន ម៉ាណែត អាយុ ២១ឆ្នាំ ជាសិស្សថ្នាក់ទី​១២​​ នៅវិទ្យាល័យ​ជាស៊ីមបឹងកេងកង បាន​សម្តែង​​ការពេញចិត្ត​ និងលើកឡើងថា នេះ​គឺជា​រឿងល្អ។

យុវជន​រូបនេះ​បញ្ជាក់ថា៖ «វាជា​រឿងល្អ ព្រោះ​នៅក្នុង​បរិបទកូវីដ​យើង​ត្រូវការពារ​ទុកមុន ខ្លាច​មាន​​ការឆ្លង ហើយ​យើង​ក៏អត់ដឹងដែរ​ថានឹងមាន​រឿងអ្វី​កើតឡើង​នោះទេ ហើយណាមួយកូវីដ​នៅតែមានយើង​ត្រូវតែ​ការពារខ្លួន»​។

យុវតី ពេជ្រ ស្រីលក្ខណ៍

យុវតី ពេជ្រ ស្រីលក្ខណ៍ អាយុ​១៧ឆ្នាំ ជាសិស្សថ្នាក់ទី​១២​​ នៅវិទ្យាល័យ​ជាស៊ីមបឹងកេងកង ក៏បាន​យល់ស្រប​ទៅនឹង​ការសម្រេចចិត្ត​របស់រដ្ឋាភិបាល​ផងដែរ។

យុវតីរូបនេះបញ្ជាក់ថា៖ «​វាជា​រឿងមួយ​ដ៏ល្អ​សម្រាប់​ប្រទេស​យើងដែរ មួយទៀត​ឥឡូ​វនេះ​មាន​ភ្លៀងធ្លាក់ខ្លាំង​ដូចជា​ទឹកជំនន់ វាអាច​បង្កបញ្ហា​ដល់ការ​ប្រារព្ធពិធីបុណ្យ​នេះ»។

គួរបញ្ជាក់ផងដែរថា ព្រះរាជពិធីបុណ្យអំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ជាព្រះរាជ​ពិធី​ប្រពៃណីមួយរបស់ខ្មែរដែលតែងតែប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវិច្ឆិកា។ តែ​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជ​ពិធី​នេះ​ត្រូវ​បាន​ផ្អាក​ជា​អន្លើ​ដោយ​យោង​ទៅ​តាម​ស្ថានភាព​លំបាកដែលបណ្តាលមកពីការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ​១៩ និង​ទឹក​ជំនន់៕