វិស័យតែងនិពន្ធសៀវភៅ​ក្នុង​ប្រទេស​កម្ពុជា​មិនទាន់​មាន​ភាព​ទូលំទូលាយ​នៅឡើយ​។ អ្នកប្រកប​មុខរបរ​ជាអ្ន​កតែង​និពន្ធ​នៅកម្ពុ​ជា​ គឺ​តែង​ជួប​ឧបសគ្គ​ជាច្រើន​ក្នុង​អាជីព​រប​ស់​ខ្លួន តួយ៉ាង​ទាំង​ការរក​ចំណូល​តាមរយៈ​ការលក់​សៀវភៅ ទាំង​ការការពារ​តាម​ផ្លូវច្បាប់​ដែល​ខ្លួន​​បានតាក់តែង ទាំងការទទួលស្គាល់នូវគុណតម្លៃ​ និង​កម្លាំង​ចិត្តផ្សេងៗ​ទៀតដើម្បី​អភិវឌ្ឍន៍​ជំនាញ​របស់ខ្លូន។

ខាងក្រោមនេះ​ជាកិច្ច​សម្ភាសន៍​របស់​​សិក្ខាកាម ​Newsroom​ Cambodia​ ​ជាមួយ​លោក ស៊ូ​ ​ខេ​ម​រិ​ន្ទ​​​ ​ជា​​អ្នកនិ​ព​ន្ធ​វ័​យ​ក្មេ​ង​​​ដែល​​ទ​ទួលបានជ័យលាភីច្រើនជុំវិ​ញ​វិ​ស័​យ​តែងនិពន្ធ​នាពេល​បច្ចុប្បន្ន​។

Q: សូមជម្រាប​សួរ​លោក ស៊ូ ខេមរិន្ទ បាទ!

A: បាទ! សូមជម្រាបសួរ!

Q: តើលោកចាប់ផ្តើមចាប់យកអាជីពជាអ្នកនិពន្ធតាំងពីឆ្នាំណាមក?

A: ខ្ញុំចាប់ផ្តើមអាជីពជាអ្នកនិពន្ធដំបូងគេគឺនៅឆ្នាំ២០០១ នៅជាសិស្សថ្នាក់ទី១១។

Q: តើមានកត្តាសំខាន់ៗអ្វីខ្លះដែលធ្វើឱ្យលោកចង់ក្លាយជាអ្នកនិពន្ធ?

A: មានកត្តាមួយចំនួន​ដែរ​ កត្តាធំ​ទី​មួយ​គឺ​ខ្ញុំកើ​ត​នៅក្នុងគ្រួសារដែលមាន​ឪពុក​ជា​អ្នក​ចូល​ចិត្ត​​អាន។ ហើយជារៀងរាល់ពេលទំនេរ គាត់តែងតែនិទានរឿងដែលគាត់ចេះចាំ​ គាត់​បាន​អាន​នៅក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យ​ មកសង្ខេបឱ្យ​យើងស្តាប់ ហើយ​ប្រវត្តិ​បទ​ចំរៀង​​ដែ​លគា​ត់​ចេះចាំ គាត់ដឹងប្រាប់យើងដែរទៅ ធ្វើឱ្យយើង ស្តាប់ទៅ​យើង​ជក់​ចិត្ត​ យើង​មាន​អារម្ម​ណ៍​ថា យី! ទំនង​ដែរ​ ចឹង​ចង់​ក្លាយ​ជា​អ្នកនិពន្ធ នេះ​ជា​ចំណុចទីមួយ។

ចំណុច​ទីពីរនោះ​ខ្ញុំទ​ទួលឥទ្ធិពល​ការអាន​ពីឪពុក​មក​ដែរ បន្ទាប់​មក​ខ្ញុំក៏​បាន​ស្វែងរក​សៀវភៅ​​ផ្សេង​ទៀត​អាន ដល់ពេលយើងឃើញ​ស្នាដៃគេគួរ​ឱ្យ​ចាប់​អារម្មណ៍ យើង​ក៏​មាន​គំនិត​ចង់​ក្លាយ​ជាអ្នក​និពន្ធ ចង់​ក្លាយ​ជា​អ្នក​សរសេរ​អញ្ចឹង​ដែរ​បាទ។

ហើយចំណុចទី៣នោះគឺកត្តាសង្គមមួយដែរ ដោយសារតែ​យើង​មើល​ឃើញ​ពី​តថភាព​សង្គម​ពី​បញ្ហាផ្សេ​ងៗដែលកើតមានឡើងនៅក្នុងសង្គម ហើយយើងចង់បញ្ចេញទស្សនៈ ឬ​ការយល់ឃើញការកែប្រែអ្វីផ្សេងៗទៅលើបញ្ហាសកម្មភាពសង្គមហ្នឹងឯង។​ ដោយ​មិន​ដឹង​បញ្ចេញ​តាម​វិធីណា យើងក៏បញ្ចេញវាទៅតាមការតែងនិពន្ធជាកំណាព្យ ជាទំនុកច្រៀង ជារឿងខ្លីអីអញ្ចឹងទៅបាទ នេះជាចំណុចបីធំៗបាទ។

Q:​ តើលោកសម្រេចបានស្នាដៃនិពន្ធរបស់លោកបានប៉ុន្មានរឿងមកហើយដែរ? ក្នុង​ចំណោម​ស្នាដៃ​និពន្ធ​របស់​លោកទាំងអស់នោះ តើ​ស្នាដៃណា​ខ្លះ​ដែល​មាន​អ្នក​និយម​អាន​ច្រើន​ជាង​គេ​បំផុត?

A: បាទ! ក្នុងចំណោមស្នាដៃដែលយើងបានបោះពុម្ពជាផ្លូវការ​មាន​ចំនួន​ប្រាំបី​ចំណង​ជើង​ផ្សេង​គ្នាបាទ។ ហើយប្រាំចំណងជើងខ្ញុំបោះ​ពុម្ព​តាំងពីឆ្នាំ២០០៨ហ្នឹង​ជារឿង​ប្រលោម​លោក​ខ្នាត​ខ្លី​បាទ ហើយ​បី​ចំណង​ជើង​ចុងក្រោយហ្នឹង​វាជាកម្រង​កំណាព្យខ្លី​ដែល​មាន​រឿង​សៀវភៅ​កម្រង​កំណាព្យ​ខ្មាស់​ឆ្កែ សៀវភៅ​រឿង​យប់​អនាមិក និង​សៀវភៅ​រឿង​ទឹក​ខ្មៅល្វីង។ ហើយសៀវភៅ​រឿង​ទាំងបី​ចុងក្រោយ​នេះ​ដែល​មាន​ការចាប់​អារម្មណ៍​ពី​បងប្អូនខ្មែរ​យើង​ទាំង​ក្នុង​ហើយ​និង​ក្រៅ​ប្រទេស​បាទ។

Q: តើបញ្ហាប្រឈមធំៗរបស់លោកក្នុងនាមជាអ្នកនិពន្ធគឺជាអ្វី?

A: បញ្ហាធំៗក្នុងនាមយើងជាអ្នកនិពន្ធជាអ្នកសរសេរ និងសម្រាប់ខ្ញុំមាន​តែពីរទេធំៗ។ ទីមួយ​គឺ​យើង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ទោះបីជា​​យើងអាចសរសរ​បាន បង្ហោះនៅ​ក្នុងបណ្តាញសង្គមក្តី យើង​បាន​បោះពុម្ពហើយក្តី ក៏​ចិត្ត​យើង​អត់​សូវ​កក់ក្តៅ​ប៉ុន្មាន​ដែរ​បាទ យើង​នៅ​តែព្រួយបារម្ភ​ពីសុវត្ថិភាពផ្ទា​ល់​ខ្លួន​។​ ដូចខ្ញុំ​តែងតែ​ចំណាំនិយាយ​អញ្ចឹង គឺ​ខ្ញុំតែងតែគិត​ថា អឺ!​កវីនិពន្ធ​ហ្នឹង​ប្រៀបបាន​ទៅ​នឹង​ធូបមួយកូនដើម​នៅ​ក្នុង​ទី​ងងឹត​អញ្ចឹង។ មាន​ពន្លឺ​តិចតួច​បាទ ហើយពន្លឺហ្នឹង​គេអា​ចនឹង​ចូលចិត្ត​វា​ដោយសារ​វា​ភ្លឺ​អញ្ចឹង​ទៅ​ ហើយ​ផ្សែង​រប​ស់​វានឹង​អាច​ធ្វើ​ឱ្យផ្សារភ្នែក​អ្នកដទៃ ហើយ​គេអា​ច​នឹង​មិន​ចូលចិត្ត​វា​បាទ។ អញ្ចឹង​នៅ​ពេល​ដែល​យើង​សរសេ​រ​អ្វីៗ​ផ្សេងៗ​ដែល​ជា​បញ្ហា​អសកម្ម​នៅ​ក្នុងស​ង្គម​ដើម្បីផ្ញើរសារ​ទៅកា​ន់ ​អ្នកនយោបាយ ក៏​ដូចជា​ប្រជាជន​យើង​ផងដែរអញ្ចឹង ជួនកាល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​គេ គេ​អា​​ចតាម​ធ្វើ​បាប​យើង​ដែរបាទ។ អញ្ចឹងយើងនៅតែព្រួយបារម្ភ​​សម្រាប់​សុវត្ថិភាពផ្ទាល់ខ្លួន។ អាហ្នឹងជា​បញ្ហា​ចម្បង​ទីមួយ​ធំ។

ហើយបញ្ហាចំបងទី២នេះវាកើតមានយូមកហើយបាទ ឥឡូវវាលែង​មាន​ហើយ វាកើត​មាន​តាំង​មុនយើង​មិន​ទាន់​មាន​បណ្តាញសង្គម។​​កាលហ្នុងខ្ញុំ​សរសេរ​បាន​ច្រើន​ ហេតុតែ​ចង់​ក្លាយ​ជា​អ្នកនិពន្ធ ព្យាយាម​សរសេរ​ស្នាដៃ​ច្រើនមែន​ទែន។ សល់សៀវភៅបួន​ដប់​ម្ភៃក្បាល​ចឹង​ទៅ​ ណាមួយ​យើង​ពិបាក​អត់​ដឹង​បោះពុម្ព​ទៅ​ណា ហើយ​ចង់​ចែក​ផ្សាយ​ វាអត់​មាន​វិធី​ណាក្រៅតែ​ពី​បោះពុម្ពផ្សាយ។ កាលហ្នឹង​វាមា​នចុះ​ផ្សាយតាម​ទស្សនាវដ្តី​ផ្សេងៗ​ដែរ។

យើង​មាន​តែប៉ុ​ណ្ណឹង ដល់​ពេល​ចឹង​យើង​ដឹង​ហើយ​ថា ទស្សនាវដ្តី​គេ​ចេញ​កន្លះ​ខែម្តង បន្ទាប់​មក​ចេញ​មួយខែម្តង​ សូម្បី​តែ​ចេញ​មួយអាទិត្យ​ម្តងនៅ​តែយូរ​​សម្រាប់យើង​ក្នុងការ​ផ្ញើរ​ទាក់ទង​ទៅ​ចុះផ្សាយ។ វាពិបាក​ចឹង​ យើងពិបាកប​ង្ហាញ​ស្នាដៃ ឥឡូវ​បញ្ហា​ហ្នឹង​វា​លែង​មាន​ជាបញ្ហាចោទ​ទៀត​ហើយ ដោយសារ​តែយើង​មាន​បណ្តាញស​ង្គ​ម​ អញ្ចឹង​យើង​អាច​ផុស​វា​នៅក្នុង​បណ្តាញ​សង្គមហ្វេស​ប៊ុក ឬក៏អា​យជី​អីផ្សេ​ង​ៗ​ បាទ។

Q: តើលោកយល់ឃើញយ៉ាងណាដែរចំពោះវិស័យនៃការតែងនិពន្ធនៅកម្ពុជាបច្ចុប្បន្ននេះ?

A: សម្រាប់វិស័យតែងនិពន្ធនៅកម្ពុជាបច្ចុប្បន្ន ខ្ញុំមើលឃើញថា ទំនោរ​នៃ​ការសរសេរ​​វាដូចជា​មាន​ការកើនឡើង​ដែរ ក៏​ប៉ុន្តែទាក់ទង​ទៅនឹង​ប្រធានបទ​នៃ​ការសរសេរ​ យើងឃើញអ្ន​ក​និពន្ធសារក្រោយ​គាត់​ភាគច្រើន​សរសេរ​ទៅ​រកការលើកទឹកចិត្ត និង​សៀវភៅរៀន​ពី​វិធី​ជោគជ័យផ្សេងៗ បាទ។ ហើយ​សម្រាប់​អ្នក​ដែល​សរសេរ​សៀវភៅ​បង្ហាញពី​តថភាពសង្គមហ្នឹង​នៅតែ​មា​នកម្រិត នៅតែ​មានតិចតួច តាមរយៈ​នៃ​ខ្ញុំមើល​ឃើញ​បាទ។

វាកើតឡើងមែន តែ​វាកើតទៅលើផ្នែកផ្សេង ជាសៀវភៅ​បែបលើ​កទឹ​ក​ចិត្ត​ សៀវភៅផ្ញើរសារ​អី ​សៀវភៅរៀនពី​វិធីជោគជ័យ​ ធ្វើនេះ​ធ្វើនោះ កសាងខ្លួនឯង សៀវភៅផ្នត់គំនិ​ត​​សៀវភៅ​ដែល​ទាក់ទង​ទៅ​នឹង​តថភាពសង្គម​ហ្នឹងវាអ​ត់សូវ​មានទេបាទ នៅតែមានចំនួនតិចនៅឡើយបាទ។

Q: តើលោកធ្លាប់គិតទេថាលោកនឹងផ្លាស់ប្តូរអាជីពជាអ្នកនិពន្ធ?

A: មិនដែលធ្លាប់គិតថានឹងបោះបងដងប៉ាកា​ដែលយើង​កំពុង​សរសេរ​នេះទេ​បាទ។ នៅតែ​បន្ត​គំនិត ហើយ​សរសេ​រ​ជានិច្ច​តាម​លទ្ធភាព​ដែល​ខ្ញុំអាចធ្វើខ្លួនឯងទៅបាន​ ដើម្បីបម្រើ​អក្សរសិល្ប៍​តាមរយៈ​ទឹកខ្មៅ​​របស់យើង។​ ខ្ញុំមិនដែលគិតថានឹងបោះបង់វាទេបាទ។

Q: តើក្នុងនាមលោកជាអ្នកនិពន្ធម្នាក់លោកមានសំណូមពរ និង​ប្តេជ្ញា​ចិត្ត​បែបណា​ដែ​រ​ទៅ?

A: សម្រាប់ខ្ញុំជាអ្នកនិពន្ធម្នាក់ នៅតែនិយាយដដែលៗដូចដែលនិយាយពីមុនដែរបាទ ក្នុងនាមជាអ្នកនិពន្ធម្នាក់យើងមិនគួរពណ៌នាសត្វ​លា​ឱ្យក្លាយជាសត្វសេះឡើយ ពីព្រោះ​ថា​អ្នកនិពន្ធ​​គឺជា​សមរភូមិ​ជួរមុខមួយដែរ​បាទ ដោយ​ប្រើ​ចុង​ប៉ាកាជា​អាវុធ​ដើម្បី​សរសេរ​បង្ហាញពី​ចំណុច​អសកម្ម​ ពីបញ្ហាផ្សេងៗ​នៅក្នុង​សង្គម ដូចជា​ផ្ញើរសា​រ​អប់រំ​ទៅ​កាន់​ថ្នាក់ដឹកនាំ​ ទៅកាន់អ្នកនយោបាយ ទៅកាន់ប្រជាជនដូចគ្នា អ្នកសិក្សាអី​ដើម្បី ​កែប្រែរៀន​សូត្រ អភិវឌ្ឍន៍​ប្រទេសជាតិ និង​ខ្លួនឯងអយបា​នល្អប្រសើរ​៕

Q: អរគុណ​លោក ស៊ូ ខេមរិន្ទ!

A: បាទ​! អរគុណ៕