ក្រុមអង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងយុវជន​ចំនួន​២៤​ ជំរុញ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​ត្រួតពិនិត្យ និង​ចាត់វិធានការ​ទៅ​លើ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ ការនេសាទ​​ ការប្រមាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បី​ធានា​បាន​យុត្តិធម៌​ពេញលេញ​ស្រប​​តាមគោលការណ៍នីតិរដ្ឋ។

ក្នុងលិខិតចំហរបស់ក្រុមសមាគម អង្គការមិនមែនរដ្ឋាភិបាល សហជីព និងយុវជន ចំនួន២៤ នៅថ្ងៃទី២៨ ខែវិច្ឆិកា បានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី លោក ឌិត ទីណា ឱ្យពង្រឹង​ការអនុវត្ត​ច្បាប់នៅកម្ពុជាឱ្យបានម៉ឺងម៉ាត់ ពិសេសសកម្មភាពកាប់បំផ្លាញព្រៃឈើ ការទន្រ្ទាន​ដីព្រៃលិចទឹក ការនេសាទ ការប្រមាញ់ ការជួញដូរសត្វព្រៃខុសច្បាប់។ បន្ថែមពីនេះ ត្រូ​វ​ពិនិត្យ​​លើទីផ្សារ ភោជនីយដ្ឋានដែលមានការជួញដូរសត្វព្រៃ ការរត់ពន្ធឈើខុសច្បាប់ និង​ទន្ទ្រានដីព្រៃលិចទឹក ដើម្បីមានយុត្តិធម៌ពេញលេញស្របតាមគោលការណ៍នីតិរដ្ឋ។

ការ​ចេញ​លិខិត​ចំហរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ពាក់ព័ន្ធនឹង​ការ​ជួញ​​ដូរ​សត្វស្វា​កន្ទុយ​វែង ឬ​ហៅ​ថាស្វាក្តាម ទៅ​កាន់​​បរទេស ពីសំណាក់​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា ដែល​ជា​សមាគម​​មួយ​ក្នុង​ចំណោម​២៤ដែល​បាន​ចេញ​លិខិត​ចំហរ លោក ហេង គឹមហុង បាន​ប្រាប់​ Newsroom Cambodia ថា បញ្ហាដីសម្បទាន និង​ការជួញ​ដូរសត្វ​ព្រៃ​ខុស​ច្បាប់ គឺជាវិបត្តិ​រ៉ាំរ៉ៃធំៗ​ចំនួន​ពីរ​ដែល​សមាគមបណ្តាញយុវជនកម្ពុជា ដែលជាអង្គការមិនមែនរដ្ឋាភិបាល ទាមទារ​ឱ្យមា​ន​ការយកចិត្ត​ទុកដាក់ខ្ពស់ពីក្រសួងពាក់ព័ន្ធ។

លោក គឹមហុង បន្ថែម​ថា លោកចង់ឃើញ លោក ឌិត ទីណា ដែល​ជា​រដ្ឋមន្រ្តី​ថ្មី​នៃក្រសួង​កសិកម្ម​ បញ្ចេញ​ស្នាដៃ ដោះស្រាយបញ្ហា​ទាំង​អស់​ដែល​បាន​លើកឡើង​នៅ​ក្នុង​លិខិ​ត​ចំហ​យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​បង្ហាញឱ្យប្រជាពលរដ្ឋឃើញថា មិនមែន​គ្រប់រដ្ឋមន្រ្តី​មិនមាន​សមត្ថភាព​ក្នុង​ការរកដំណោះស្រាយជូនពលរដ្ឋ និងជួយជាតិនោះទេ។

លោកថា៖ «យើងសង្ឃឹមថា ឯកឧត្តមរដ្ឋមន្រ្តី [ឌិត ទីណា] ដែលជាយុវជនមួយរូប យកចិត្ត​ទុកដាក់​ក្នុង​ការដោះស្រាយ​បញ្ហាទាំងអស់ហ្នឹង ដើម្បីបានបទពិសោធន៍ ដើម្បី​បង្កើត​ថ្វីដៃ​ជួយ​សង្គម​ជាតិ កុំឱ្យពលរដ្ឋថាមន្រ្តីឡើងមក ដដែលៗ អត់មានយកចិត្តទុកដាក់ ក្នុង​ការដោះ​ស្រាយ​​បញ្ហា​ឱ្យបានម៉ត់ចត់»។​

ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនេះរូបនេះ បានបន្ថែមថា លោកចង់ឱ្យ​ក្រសួងពាក់ព័ន្ធ​បើកការ​ស៊ើបអង្កេតឱ្យម៉ត់ចត់ទៅលើ​ករណី​ដែល​ការនាំចេញ​សត្វ​ទៅ​ទីផ្សារ​បរទេ​ស​ដោយ​ខុស​ច្បាប់។

លោកថា៖ «ប៉ុន្តែនៅពេលដែលយើងរកឃើញ មានការសង្ស័យថា មានការនាំ​ចេញ​ដោយ​ខុសច្បាប់​ទៅ​ទីផ្សារបរទេសទៀត ធ្វើឱ្យការបារម្ភយើងកាន់តែធំ ហើយរឹតតែពិបាក ព្រោះ​ក្រសួងត្រូវធ្វើការពិចារណា ជាពិសេសក្រសួងកសិកម្មត្រូវធ្វើការស៊ើបអង្កេតឱ្យម៉ត់ចត់»។

«ក្នុងនាមជាស្ថាប័ន [រដ្ឋ] ទទួលខុសត្រូវជាសាធារណៈ ត្រូវធ្វើការស៊ើបអង្កេតឱ្យម៉ត់ចត់ ដើម្បីធានាថាមន្រ្តីរបស់ខ្លួនហ្នឹងពិតជាស្អាតស្អំ ឬមិនស្អាតស្អំ ទាល់តែមានការស៊ើបអង្កេត បើសិនជាសកម្មភាពពាក់ព័ន្ធជាមួយនឹងការជួញដូរសាច់សត្វព្រៃហ្នឹងនៅតែកើតមាន ខ្ញុំ​បារម្ភ​ពី​អនាគត​ជីវៈចម្រុះ​របស់កម្ពុជា អាចនឹ​ងមានការថយចុះក្នុងពេលដ៏ខ្លីខាងមុខនេះ​»។

Newsroom Cambodia មិនអាច​ទាក់ឍតង​សុំ​ការ​អត្ថាធិប្បាយ​ពីលោកល ឌិត ទីណា បាន​ទេ។​

សមាជិកខុទ្ទកាល័យរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន កញ្ញា អ៊ឹម រចនា បានឆ្លើយតប Newsroom Cambodia តាមសារ​អេឡិក​ត្រូនិច​តេលេក្រាម​ថា ក្រសួងកសិកម្មបានទទួលលិខិតក៏ដូចជាបានផ្ញើជូនទៅរដ្ឋមន្រ្តីរួចរាល់ហើយ។ កញ្ញាបន្តថាលិខិតនេះ ពិតជាបានឆ្លុះបញ្ចាំងពី​សំណាក់​សង្គម​ស៊ីវិល​ទៅ​បញ្ហា​ធនធា​ន​ធម្មជាតិ​នៅ​កម្ពុជា។

កញ្ញាថា៖ «តាមរយៈលិខិតនេះ វាឆ្លុះបញ្ចាំងឱ្យឃើញពីក្តីបារម្ភរបស់​ក្រុមអង្គការ​សង្គមស៊ីវិល​ទៅ​លើ​បញ្ហាធនធានធម្មជាតិនៅកម្ពុជា ដែលជាសម្បត្តិរបស់យើងគ្រប់គ្នា ជាប្រជាជនកម្ពុជា ជាជនជាតិខ្មែរ ហើយវាក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរពីគោលបំណងចង់ចូលរួម អភិរក្ស ការពារធនធានធម្មជាតិទាំងអស់ហ្នឹងឱ្យបានគង់វង់ថិតថេរ តាមរយៈ​ការផ្តល់​អនុសាសន៍​ចំនួន៦​ចំណុចហ្នឹង»។

កញ្ញាបន្តថា ក្រសួង និងស្ថាប័នពាក់ព័ន្ធបានកំពុងយកចិត្តទុកដាក់​លើការងារ​ដែល​ក្រុម​សង្គម​ស៊ីវិល​លើក​ឡើង ហើយក៏បានដូចជាបង្ក្រាបបទល្មើសនានា នៅក្នុងវិស័យព្រៃឈើ​ផង​ដែរ​។

កញ្ញាថា៖ «មែនទែនទៅក្រសួង និងស្ថាប័នពាក់ព័ន្ធបាននឹង​កំពុង​តែ​ធ្វើការងា​រ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ជាទីបំផុត ហើយអ្វីដែលក្រុមអង្គការសង្គមស៊ីវិលបានលើកឡើង គឺជា​ការរួម​ចំណែក​ជួយ​រំឮក ជួយដាស់តឿន ហើយក្រសួងសូមអរគុណចំពោះការយកចិត្តទុកដាក់នេះ ហើយកម្ពុជាមានច្បាប់ហ្នឹង (បទបញ្ញត្តិ) ដែលបានអនុម័តនៅពេលកន្លងមក»។

«ក៏ដូចជាមានក្រុមការងារអន្តរក្រសួងជាច្រើន ដែលត្រូវបានបង្កើតដើម្បីការពារអភិរក្ស ធនធាន​ធម្មជាតិ ក៏ដូចជាបង្ក្រាបបទល្មើសនានា នៅក្នុងវិស័យព្រៃឈើ ហើយនិង ធនធាន​ធម្មជាតិ​ជារួមតែម្តង។​ អ៊ីចឹងហើយ អ្វីដែលក្រុម​អង្គការសង្គមស៊ីវិល​បាន​លើកឡើង​នៅ​ក្នុង​លិខិត​នេះ យើងបានដឹង ហើយយើងកំពុងតែធ្វើការជាបន្តបន្ទាប់ ហើយនឹង​បន្ត​ធ្វើ​ការងារ​នេះ​ទៀត»។

កញ្ញាក៏​បាន​បញ្ជាក់ថា ក្រសួងកសិកម្មស្វាគមន៍ពីសំណាក់ស្ថាប័នពាក់ព័ន្ធ ទាំងជាតិ និង​អន្តរជាតិ​ដែលបានចេតនា​ស្មោះត្រង់ក្នុងការអភិវឌ្ឍ​វិស័យកសិកម្មក្នុងប្រទេសកម្ពុជា៕​