អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ជំរុញ​ឱ្យ​អាជ្ញាធរ​បិទ​មណ្ឌលឃុំ​ខ្លួន​ព្រៃ​ស្ពឺ​ ដោយ​សារ​តែ​មាន​អ្នក​ជាប់​ឃុំ​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​ ដែល​បណ្ដាល​មក​ពី​​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ ការទុក​អ្នក​មាន​ជំងឺធ្ងន់​ធ្ងរ​រហូត​ដល់​ស្លាប់ កង្វះ​អាហារ​ ​ការ​រំលោភ​បំពាន​​ និង​ការ​វាយ​ដំ​ជាដើម។​

យោង​តាម​លិខិត​​ចេញ​នៅ​​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​ ឆ្នាំ​២០២២ អង្គការ​លីកាដូ​ បាន​ស្នើ​ឱ្យ​បិទ​មណ្ឌល​ព្រៃ​ស្ពឺ ​និង​បញ្ចប់​ស្ថាន​ភាព​អាក្រក់​ដែល​ប្រឈម​ដោយ​មនុស្ស​ជាប់​ឃុំ​នៅ​ទី​នោះ​ ដោយមាន​ការ​ស្លាប់​អ្នក​ជាប់​ឃុំ​ជា​ច្រើន​នាក់ហើយ​​ត្រូវ​បាន​រាយ​ការណ៍​នៅ​មណ្ឌល​ឃុំ​ខ្លួន​មិន​ត្រឹម​ត្រូវ​។

​​អង្គការ​លីកាដូ​​បាន​បញ្ជាក់​ក្នុង​លិខិត​នោះ ពី​មូល​ហេតុ​នៃ​ការ​ស្នើ​សុំ​ឱ្យ​បិទ​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​ថា ដោយសារ​មាន​ការ​ស្លាប់​ថ្មីៗ​នេះ​ទៅ​លើ​ស្រ្តី​ម្នាក់​ និង​បុរស​ម្នាក់​ ដែល​ឈឺ​នៅ​ក្នុង​មណ្ឌល​ ហើយ​មិន​ត្រូវ​បាន​ផ្ដល់​ការ​ព្យាបាល​ឱ្យ​បាន​គ្រប់​គ្រាន់​ឡើយ​។ ចំពោះ​សាក្សី​ដែល​បាន​ឃើញ​ការ​ស្លាប់​របស់​ជន​ជាប់​ឃុំ​ទាំង​ពីរ​ បាន​រៀប​រាប់​ថា​ អ្នក​ទាំង​ពីរ​នាក់​នោះ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ ត្រូវ​បាន​គេ​ទុក​ចោល​នៅ​លើ​ឥដ្ឋ​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​ រហូត​ដល់​ស្លាប់​នៅ​ចំពោះ​មុខ​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត​ ក្រោយ​​មក​សាក​សព​ត្រូវ​បាន​បុគ្គលិក​នៅ​ក្នុង​មណ្ឌល​យក​ចេញ​។

លិខិត​ដដែល​នោះ​បាន​យោង​លើសម្តី​របស់​​សាក្សីនៅ​ក្នុង​វត្ត​មួយ​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បូជា​សព​មក​ពី​មណ្ឌល​ព្រៃ​ស្ពឺ​ បាន​បញ្ជាក់​ពី​ការ​កើន​ឡើង​នៃ​ចំនួន​សាក​សព​​ដែល​មណ្ឌល​ព្រៃ​ស្ពឺ​បញ្ជូន​មក​ដើម្បី​ធ្វើ​ការ​បូជា​ កាល​ពី​អំឡុង​ខែ​សីហា​ ឆ្នាំ​២០២២។

យោង​តាម​លិខិត​ដដែល​សរសេរ​ថា​៖ «ភស្តុតាង​បាន​ចង្អុល​បង្ហាញ​ថា​ មាន​ការ​ស្លាប់​នៃ​អ្នក​ជាប់​ឃុំ​ជាង​ ១០នាក់​ នៅ​ចន្លោះ​ខែ​កក្កដា​ និង​ខែ​សីហា​ ឆ្នាំ​២០២២​»។

ការ​ស្លាប់​ចុង​ក្រោយ​នេះ​ កើត​ឡើង​អំឡុង​ពេល​មាន​ការ​កើន​ឡើង​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​ ដែល​មាន​មនុស្ស​ជាង៤០០នាក់​​ត្រូវ​បាន​ឃុំ​ខ្លួន​ គិត​ត្រឹម​ខែ​សីហា​ ឆ្នាំ​២០២២​។ សាក្សី​មួយ​ចំនួន​បាន​រៀប​រាប់​ពី​ស្ថាន​ភាព​ដូច​នរក​ បន្ទប់​ឃុំ​ឃាំង​ដែល​ចង្អៀត​ណែន​ កង្វះចំណី​អាហារ​ ការ​វាយ​ដំដោយ​សារ​ការ​មិន​ស្ដាប់​ការ​ណែ​នាំ​ រីឯ​ការ​ថែ​ទាំ​សុខភាព​គឺ​ទទួល​បាន​តែ​ថ្នាំ​ប៉ារ៉ាសេតា​ម៉ុល​ តែ​ប៉ុណ្ណោះ​ទោះ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ក៏​ដោយ​។

អ្នក​នាង​ ណាលី​ ពីឡូក នាយិកា​ទទួល​បន្ទុក​កិច្ច​ការ​ក្រៅ​តំបន់​នៃ​អង្គការ​លីកាដូ​បញ្ជាក់​ក្នុង​លិខិត​របស់​លីកាដូនោះថា​​ ជារៀង​រាល់​ថ្ងៃ​មណ្ឌល​ព្រៃ​ស្ពឺ​នៅ​តែ​បើក​ដំណើរ​ការ​ បង្ក​ឱ្យ​មាន​ការ​រំលោភ​បំពាន​បន្ថែម​ទៀត​ និង​ហានិភ័យ​នៃ​ការ​ស្លាប់​ជា​ច្រើន​ទៀត​។

អ្នក​នាង​បន្ត​ថា៖ «ការ​ស្លាប់​មនុស្ស​ពីរ​នាក់​នេះ​ជា​បញ្ហា​បន្ថែម​លើ​ការ​រំលោភ​បំពាន​ ការ​ធ្វើ​ទារុណ​កម្ម​ និង​ការ​បាត់​បង់​ជីវិត​ដែល​មិន​គួរ​កើត​មាន​អស់​រយៈ​ពេល​ជិត​ពីរ​ទសវត្សរ៍​មក​នេះ​ នៅ​ក្នុង​មណ្ឌល​ព្រៃ​ស្ពឺ​»។

អ្នក​នាង​បន្ថែម​​ថា​​៖ «រាជ​រដ្ឋាភិបាល​គួរ​តែ​បិទ​មណ្ឌល​នេះ​តែ​ម្ដង​ ហើយ​បញ្ចប់​ភាព​រង​គ្រោះ​យ៉ាង​អាក្រក់​ដែល​មិន​គួរ​កើត​មាន​នេះ​»។

អង្គការ​លីកាដូ​បាន​ដាក់​លិខិត​ស្នើ​សុំ​ការ​អនុញ្ញាត​ នៅ​ចុង​ខែ​តុលា​ ឆ្នាំ​២០២២ ដើម្បី​បញ្ជូន​ក្រុម​គ្រូ​ពេទ្យ​ និង​វេជ្ជបណ្ឌិត​ដើម្បី​ទៅ​វាយ​តម្លៃ​ ប៉ុន្តែ​លិខិត​ស្នើ​សុំ​ដែល​បាន​ដាក់​ទៅ​មន្ទីរ​សង្គម​កិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​មិន​មាន​ការ​ឆ្លើយ​តប​ ហើយ​នៅ​តែ​មាន​ការ​រឹត​ត្បិត​ក្នុង​ការ​ចូល​ទៅ​កាន់​មណ្ឌល​នេះ​។

លោក តូច ចាន់នី អ្នក​នាំ​ពាក្យ​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា​ បាន​ប្រាប់​Newsroom Cambodia ឱ្យ​ដឹង​ថា​ គំនិត​ថា​ចង់​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​ គឺ​មិន​អាច​បិទ​បាននោះ​​ទេ​ដោយ​សារ​មណ្ឌល​នេះ​សំខាន់​សម្រាប់​ទទួល​ជន​អនាថា​ ជន​ដាច់​សង្វែង នៅ​តាម​ទី​សាធារណៈ​សម្រាប់​ឱ្យ​គាត់​សំចត​បណ្ដោះ​អាសន្ន​។ លោក​បន្ត​ថា ​អាជ្ញាធរ​រៀប​ចំ​សណ្ដាប់​ធ្នាប់បានប្រមូល​ជន​អនាថា​ពីរាជធានីភ្នំពេញក្នុងអំឡុងការរៀបចំកិច្ច​ប្រជុំ​អាស៊ានកន្លងទៅ​ ហើយក្រសួង​​សង្គម​កិច្ច​មាន​ភារៈកិច្ច​ទទួល​យក​ និង​ផ្ដល់​សេវា​ជូន​គាត់​ តាម​រយៈ​មណ្ឌល​បណ្ដោះ​អាសន្ន​ព្រៃ​ស្ពឺ​នេះ​។

លោក​បន្ត​ថា​៖ «លីកាដូ​គាត់​មាន​មូល​ដ្ឋាន​អី​ដែរ​គាត់​និយាយ​របៀប​នេះ​? […] ​ គាត់​មាន​បាន​ទៅ​ដល់​មណ្ឌល​ហ្នឹង​នៅ គាត់​​មាន​បាន​ទៅ​ស៊ើប​សួរ​ទៅ​មើ​ល​ស្ថាន​ភាព​ជាក់​ស្ដែ​ង​ខ្លះ​ហើយ​នៅ ​បាន​គាត់​និយាយ​អ៊ីចឹង?»។

លោក​បន្ថែម​ថា​ នៅ​ក្នុង​មណ្ឌល​មាន​ពេទ្យបឋម និង​ពេទ្យ​សម្រាប់​សង្គ្រោះ​បន្ទាន់​ ហើយ​ប្រសិន​​មាន​អ្នក​ត្រូវ​ការ​ចេញ​ទៅ​មន្ទីរពេទ្យ​បង្អែក​ ឬ​មន្ទីរ​ពេទ្យរដ្ឋ​ផ្សេង​ៗ​​ នោះ​នឹងមានការ​បញ្ជូន​ពួកគាត់​មកក្រៅ​ ដោយ​មាន​កិច្ច​សហការ​គ្នា​ជា​មួយ​មន្ទីរ​ពេទ្យ​ ហើយមណ្ឌល​ក៏មាន​អ្នក​ប្រចាំ​ការ​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «គាត់​អត់​បាន​មើល​ផង​គាត់​ចេះ​តែ​និយាយ​ និយាយ​រួម​បំពុល​បរិយាកាស​តែម្តង នេះ​ជា​ចរិក​របស់​លីកាដូ​»។

លោក​បន្ត​ថា​៖ «ហើយ​ឱ្យ​បិទ​មណ្ឌល​ហ្នឹង​យ៉ាង​ម៉េច​? អ៊ីចឹង​មាន​តែ​ជន​រង​គ្រោះ​ទាំង​អស់​ហ្នឹង​ ហើយ​ប្រមូល​ពី​ទី​សាធារណៈ​ ពីមុខ​មាត់​ ជា​បេះ​ដូង​របស់​ប្រទេស​ជាតិ​ហ្នឹង​ទៅ​ដាក់​នៅ​លីកាដូ​ទៅ​ ឱ្យ​គាត់​ទទួល​បាន​ហ្នឹង​ខ្ញុំ​បិទ​ បើ​គាត់​អត់​មាន​លទ្ធភាព​ទទួល​ទេ​ខ្ញុំ​បិទ​អត់​បាន​ទេ​ ខ្ញុំ​និយាយ​ចឹង​ម៉ង​»។

លោក​មាន​ប្រសាសន៍​ថា លោក​មិនមាន​របាយ​ការណ៍​ច្បាស់​លាស់​ពី​ការ​ស្លាប់​មនុស្ស​ឡើយ​ ប៉ុន្តែលោក​ថា ប្រសិន​បើ​មាន​បញ្ហា​ស្លាប់​មនុស្ស​បែប​នេះ​ត្រូវ​មាន​របាយ​ការណ៍​មក​ក្រសួង​ ហើយ​លោក​និង​ឆ្លើយ​ទៅ​តាម​របាយ​ការណ៍​ ហើយ​ព័ត៌មាន​លំអិត​គឺ​ប្រធាន​មន្ទីរ​ដែល​គាត់​ជា​អ្នក​គ្រប់​គ្រង​ផ្ទាល់​ទើប​ដឹង​ច្បាស់​។

លោក​បន្ត​ថា​៖ «ដូចមាន​របាយការណ៍ថា​​មាន​អ្នក​ស្លាប់​២នាក់ ប្រុស​១ ស្រី​១​​ ក្នុង​ខែ​មុន​នេះ​ តែ​​មុន​ហ្នឹង​ប្រ​ធាន​មន្ទីរ​បញ្ជាក់ជាមួយ​ខ្ញុំ​ថា​អត់​មាន​ទេ​ ចឹងទេ​ខ្ញុំ​អត់​ដឹង​ឆ្លើយ​ថា​ម៉េច​ទេ​ ព្រោះខ្ញុំអត់​មាន​របាយការណ៍​នៅ​ដៃ»។

បើតាមលិខិត​របស់​លីកាដូ មណ្ឌល​ព្រៃស្ពឺ​បាន​ចាប់​ដំណើរ​ការ​ក្នុង​ឆ្នាំ​២០០៤​ ជា​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ និង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា​ មនុស្ស​ដែល​ត្រូវ​ឃុំ​ខ្លួន​នៅ​មណ្ឌល​នេះ​ភាគ​ច្រើន​គឺ​ជា​ ក្រុម​មនុស្ស​ដែល​មិន​ត្រូវ​បាន​គេ​អើ​ពើ​ដូច​ជា​ ជន​អនាថា​ អ្នក​សុំទាន​ អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ និង​អ្នក​ប្រកប​របរ​ផ្លូវ​ភេទ​ជា​ដើម​។

មណ្ឌល​ព្រៃ​ស្ពឺ​នេះ​ ត្រូវ​បាន​អង្គការ​លីកាដូ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ និង​ការិយា​ល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ កង្ខល់​ជុំ​វិញ​ការ​រំលោភ​បំពាន​ និង​ការ​ស្លាប់​ដែល​អាច​ការពារ​បាន​ នៅ​ក្នុង​មណ្ឌល​ព្រៃស្ពឺ​។ មណ្ឌលនេះ​ត្រូវ​បាន​អង្គការ​លីកាដូ​ ស្នើ​សុំ​ឱ្យ​បិទ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០០៨ មួយ​ឆ្នាំ​ក្រោយ​មក​មណ្ឌល​នេះ​ត្រូវ​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​។

ក្នុង​លិខិត​របស់​លីកាដូ​​ក៏​​បាន​​​រៀប​រាប់​ពីសារ​​របស់​អ្នក​ជាប់​ឃុំ​​ដែល​សរសេរ​លើ​ជញ្ជាំង​នៃ​មណ្ឌល​ព្រៃស្ពឺ ដោយខ្លះ​សរសេរ​ថា​៖ «អនុស្សាវរីយ៍​ដែល​ខ្ញុំ​រស់​នៅ​ក្នុង​អំពើ​ភេរវកម្ម​ក្រោម​ការ​ជិះ​ជាន់​»។ សារ​មួយ​ទៀត​ដែល​ជា​គំនូស​លើ​ជញ្ជាំង​ថ្ម​ថា​៖ «ជីវិត​ដូច​នរក»។ ខណៈ​ដែល​សារ​មួយ​ទៀត​៖ «អាណិត​ខ្លួន​ ជួយ​ផង​»៕​