សមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ (អាស៊ាន) កាលពី​ថ្ងៃ​ចន្ទ​ បាន​ប្រកាស​ដាក់​ដំណើរ​ការ​​ផែនការ​សកម្មភាព​ក្នុង​តំបន់​ស្តីពីស្ត្រី សន្តិសុខ និងសន្តិភាពក្នុងតំបន់អាស៊ាន (ASEAN RPA on WPS) សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដាក់​ចូល​ក្នុង​ផែនការ​សកម្មភាព​ជាតិ​របស់​ប្រទេសនីមួយៗ។

ប្រកាស​​ដា​ក់​ដំណើរ​ការ​​ផែនការ​សកម្មភាព​ក្នុង​តំបន់​ស្តីពីស្ត្រី សន្តិសុខ និង​សន្តិភាព​ក្នុង​តំបន់​អាស៊ាន​នេះ ធ្វើ​ឡើង​​​នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២ ​នៅរាជធានីភ្នំពេញ ដោយ​​មានកម្ពុជា​ជា​អ្នកដឹកនាំ​អាស៊ាន​​ សហការ​ជាមួយ​​អង្គការ UN Women និង​ភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់​កិច្ច​​អភិវឌ្ឍន៍​​អន្តរជាតិ (USAID) និង​មាន​អ្នក​ចូលរួម​ពី​តំណាង​ប្រទេស​នានា​ក្នុង​តំបន់ និង​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន។​

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ពិធីនោះ​ថា ​​ផែនការ​សកម្មភាព​ក្នុង​តំបន់​ស្តីពីស្ត្រី សន្តិសុខ និង​សន្តិភាព​ក្នុង​តំបន់​អាស៊ាន​មាន​សារសំខាន់​ណាស់ ដោយសារ​ការចូលរួម​របស់​ស្ត្រីជា​ចំណែក​មួយ​​មិនអាចខ្វះបាន ក្នុង​ការកសាង​សន្តិភាព និងសន្តិសុខ​សម្រាប់​ប្រទេស​ជាតិ។

លោកស្រីថា៖ «សន្តិភាព និង​សន្តិសុខ​គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ​ និង​ដំណើរការ​សម្រាប់​សង្គម​ទាំង​អស់ ហើយ​នេះគឺជា​ផែនការ​សកម្មភាព​ថ្នាក់​តំបន់ដំបូងគេសម្រាប់អាស៊ាន ហើយ​នៅ​ក្នុង​ផែនការ​សកម្មភាព​ថ្នាក់​តំបន់​ដំបូ​ង​នេះ យើង​បាន​និយាយ​អំពី​ការរួម​ចំណែក​របស់​ស្ត្រី»។​

លោកស្រី​បន្ថែម​ថា៖ «នៅក្នុងសង្រ្គាម ស្ត្រី និងបុរសរងគ្រោះពីសង្រ្គាមដូចគ្នា ដូច្នេះស្ត្រី និងបុរសគួរតែចូលរួមចំណែក ពីព្រោះយើងមានទស្សនៈវិស័យផ្សេងគ្នា ការរក្សាសន្តិភាព និងដំណើរការសន្តិភាពនៅគ្រប់រដ្ឋ ដូច្នេះផែនការសកម្មភាពថ្នាក់តំបន់នេះ បាន​លើក​ឡើង​អំពី​ការរួមចំណែករបស់ស្ត្រីពីរបៀបដែលពួកគេអាចចូលរួមចំណែក»។

លោកស្រី អ៉ឹង កន្ថាផាវី ក្នុងអំឡុងពេលផ្តល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មាន។
រូបថត៖ រ៉ូវ ហុងសេង

នាយកក្នុងតំបន់នៃ UN Women ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោកស្រី Sarah Knibbs បានលើកឡើងថា ផែនការ​សកម្មភាព​​ក្នុង​តំបន់​សម្រាប់​អាស៊ាន​ពិតជា​មាន​សារៈសំខាន់​នៃ​សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី ដូចជាការប្រែប្រួលអាកាសធាតុ ការជួញ​ដូរមនុស្ស ជំងឺ​រាតត្បាត និងគ្រោះមហន្តរាយផ្សេងៗ។

លោកស្រីថា៖ «ផែនការសកម្មភាពក្នុងតំបន់មានសារៈសំខាន់ខ្លាំងណាស់ ព្រោះ​វា​សម្គាល់​ការទទួល​ស្គាល់​ប្លុក​អាស៊ាន និងរដ្ឋជាសមាជិកអាស៊ានអំពីសារៈសំខាន់នៃសន្តិភាព និង​សន្តិសុខ​​របស់​ស្ត្រី។ ហើយបញ្ហាជាច្រើនដែលយើងនឹងពិចារណាថាជាបញ្ហាសន្តិសុខថ្មី និង​កំពុង​លេចឡើងដូចជាការប្រែប្រួលអាកាសធាតុ ការជួញដូរមនុស្ស ជំងឺរាតត្បាត និង​ការត្រៀម​​​​​លក្ខណៈ​ស​ម្រាប់គ្រោះមហន្តរាយគឺពិតជាបញ្ហាឆ្លងព្រំដែន ដូច្នេះ​វា​ពិតជា​មាន​សារៈសំខាន់​​ខ្លាំង​ណាស់ក្នុងការអាចអនុវត្តវិធីសាស្រ្តក្នុងតំបន់នេះ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ផែនការ​សកម្មភាព​ក្នុងតំបន់មានសារៈសំខាន់ ពីព្រោះ​អាស៊ាន​ទាំងអស់​ព្យាយាម​ឆ្ពោះ​ទៅមុខរួមគ្នាជាមួយបញ្ហានេះ»។​

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញការគាំទ្រ និង​កៀរគរ​ការអនុវត្ត​ផែនការ​សកម្មភាព​តំបន់​ស្តីពី​ស្រ្តី សន្តិសុខ និងសន្តិភាព ក៏​ដូចជា​ផ្តល់​ឱកាស​ក្នុង​ការបង្កើន​ការយល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅអំពីផែនការសកម្មភាពក្នុងចំណោមស្ថាប័នអាស៊ាន រួមមាន​អ្នក​ជំនាញ​ផ្នែក​ស្រ្តី សន្តិសុខ និងសន្តិភាព វិស័យពាក់ព័ន្ធ រដ្ឋសមាជិក អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នករៀបចំ​គោល​នយោបាយ។ បច្ចុប្បន្ននេះ យោងតាមស្ថិតិ​​របស់គេហទំព័រ​ Statista​ ក្នុងឆ្នាំ២០២២ មានស្ត្រី និង​ក្មេងស្រី​ប្រហែល ៤៥,០០០ នាក់នៅ​ទូទាំង​ពិភពលោក​ត្រូវ​បាន​សម្លាប់​ដោយ​សមាជិក​គ្រួសារ​របស់​ពួកគេ។  ក្នុងចំណោ​ម​ជនរ​ងគ្រោះដោយហិង្សាលើយេនឌ័រ ស្ត្រីអាស៊ីចំនួន ១៧,៨០០ នាក់​ត្រូវបានសម្លាប់។  តួលេខ​នេះ​គឺ​ខ្ពស់​បំផុត​បើ​ធៀប​នឹង​ទ្វីប​ផ្សេង​ទៀត៕​