ធនាគារ​ពិភព​លោក​នៅ​ថ្ងៃ​ពុធ​នេះ​​បង្ហាញ​ថា នៅ​ឆ្នាំ​២០២២ សេដ្ឋកិច្ច​កម្ពុជា​កើនឡើង​៤,៨ភាគ​រយ ហើយ​នឹង​អាច​កើនដល់​៥,២​​ភាគរយ ​​តែ​អាច​ប្រឈម​នឹង​ហានិភ័យ​​​ដោយសារ​​វិបត្តិ​នៅ​ក្រៅ​​ប្រទេស។​

យោងតាម​របាយការណ៍​ធនាគាពិភពលោក​ ​ចេញ​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ​បញ្ជាក់ថា នៅឆ្នាំ​២០២២នេះ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​គឺ៤,៨​ភាគរយ​​ដោយសារ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្រោ​យជំងឺ​កូវីដ​១៩ និង​ការកើន​ឡើង​​​ចំនួន​ភ្ញៀវទេសចរណ៍​ជាតិ និង​អន្តរជាតិ។​

ធនាគារ​ពិភពលោក​ក៏​បាន​ព្យាករណ៍​ថា ​​សេដ្ឋកិច្ច​កម្ពុជា​​​នឹង​​កើន​​ឡើង​​ដល់​​៥,២​ភាគ​រយ​​នៅ​​ឆ្នាំ​២០២៣ ដោយសារកំណើន​នៃ​ការ​ជួល​មនុស្ស​ធ្វើការ​​កាន់​តែ​ជួយ​​ដល់​​ការ​កើន​ឡើង​​នៃ​ការ​ទទួល​​ទាន​​ប្រើប្រាស់​​​ក្នុង​​ស្រុក និង​ការ​ធ្លា​ក់​​ចុះ​​នៃ​​អតិផរណា។​

ទោះយ៉ាង​ណា ​ធនាគារ​ពិភព​លោក​បាន​ព្យាករណ៍​ថា ​ដោយសារ​វិបត្តិសកល​ដូចជា​សង្រ្គាម​រុស្ស៊ី​ និង​​អ៊ុយក្រែន នយោបាយ​កូវីដសូន្យ​របស់ចិន និងវិបត្តិ​នយោបាយ​នៅមីយ៉ាន់ម៉ា សេដ្ឋកិច្ច​​ពិភពលោក​​នឹង​ធ្លាក់ចុះ​ដល់​២,៩ភាគរយ​នៅឆមាស​ទី២ឆ្នាំនេះ​។​

ធនាគា​ពិភពលោក​បព្រមានពីការជះឥទ្ធិពល​អាក្រក់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ ​ដោយសារ​​វិបត្តិ​សកល​មួយ​ចំនួន​ដូចជា វិបត្តិ​ថាមពល ហិរញ្ញវត្ថុ​ និងអតិផរណា​ខ្ពស់។ ភាពងាយរង​គ្រោះ​លើ​សេដ្ឋកិច្ច​​កម្ពុជា​​ពី​វិបត្តិ​សកល​​ខាងលើ​នេះ បើតាមធនាគា​ពិភពលោក ដោយសារ​តែកម្ពុជា​ជាប្រទេស​កំពុងអភិឌ្ឍន៍។

ប្រទេសកម្ពុជា ពឹងផ្អែកខ្លាំង​លើការ​នាំចេញ​ទៅ​កាន់​​ទីផ្សារ​សហ​រដ្ឋ​អាមេរិច និង​សហភាព​អឺរ៉ុប ហេតុនេះហើយ បើសេដ្ឋកិច្ច​អឺរ៉ុបរងការ​ប៉ះពាល់ខ្លាំង ចំនួននៃការ​នាំចេញ​របស់​កម្ពុជាទៅ​កាន់​ទីផ្សារអឺរ៉ុប​នឹងមាន​ការធ្លាក់​ចុះ។ លើសពី​នេះទៀត វិបត្តិ​សេដ្ឋកិច្ចនៅចិន​ដែលបណ្តាល​មក​ពីនយោបាយកូវីដ​សូន្យ​របស់​ប្រធានាធិបតី ស៊ី​​​​​ ជីនពីង នឹង​ធ្វើឱ្យ​វិនិយោគ​ទុន​ពីប្រទេស​ចិន​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ ខណៈ​ដែល​ប្រភព​វិនិយោគ​ទុន​បរទេស​នៅ​កម្ពុជា​ភាគច្រើន​ចេញមក​ពីប្រទេស​ចិន។

លោកស្រី ម៉ារៀម ស័រមែន បានផ្តល់​ជាអនុសាសន៍​ដល់កម្ពុជា​ក្នុងការឆ្លើយ​តបទៅ​នឹងការព្រមាន​​របស់ធនាគា​ពិភពលោក​ពីហានិភ័យ​នៃការប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជានៅ​ឆ្នាំក្រោយ​ថា កម្ពុជា​គួរ​ពង្រឹង​ជំហរ​សារ​ពើពន្ធ និង​ពង្រឹង​វិស័យ​ទេសចរណ៍​ដោយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ។

លោកស្រីថា៖​ «ប្រាក់ចំណូល​បានកើនឡើង ដោយសារ​ការស្ទុះងើប​ឡើងវិញ​នៃសេដ្ឋកិច្ច និងភាពប្រសើរ​ឡើង​នៃផ្នែក​រដ្ឋបាល។ ការពង្រីក​មូលដ្ឋាន​ពន្ធនឹង​ជួយធានា​បាននួវ​ធនធាន​ចាំបាច់​សម្រាប់​លើកម្ពស់​សេដ្ឋកិច្ច​របស់ប្រទេស​កម្ពុជា និង​សម្រាប់​ទប់ទល់​សភាព​ការណ៍នៅ​ពេលមានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ក្នុងចំណោម​ដែគូ​ពាណិជ្ជកម្ម​ធំៗ​ វិស័យ​ទេសចរណ៍ និងបដិសណ្ឋាកិច្ច​ គឺជា​ផ្នែកដ៏មាន​សក្តានុពល​សម្រាប់​កំណើន​ទៅថ្ងៃ​ខាងមុខ»។​

របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ក៏​បាន​បញ្ជាក់​ថា ឆ្ពោះទៅអនាគត​វែងឆ្ងាយ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គេ​រំពឹងទុក​ថា នឹង​បន្ត​ឈាន​ទៅ​ដល់​អត្រា​កំណើន​ប្រហែល​៦​ភាគ​រយ​នៅ​ពេល​ដែល​ទេសចរណ៍​អន្តរាជាតិ និង​ក្នុង​ស្រុក​បង្កើន​អនុភាព​កាន់តែរឹងមាំ។ ការ​ចូលរួម​របស់​កម្ពុជា​ក្នុងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​បាន​ចុះ​ហត្ថលេខា​​កាលពពី​ពេល​ថ្មីៗ​នេះ ក៏​អាច​ជំរុញ​វិស័យ​កសិកម្ម​​ និង​ឧស្សាហកម្ម​កែច្នៃ​កសិផល​ឱ្យ​កាន់តែមាន​សន្ទុះ​ឡើង៕​