រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ លោក ស​ ខេង​ ​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​ចូល​រួម​បន្ថែម​ទៀត​ក្នុង​ការ​គោរព​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ ដើម្បី​ការពារ​អាយុ​ជីវិត​ខ្លួន​ឯង​ និង​ក្រុម​គ្រួសារ​។

យោង​តាម​ការ​បង្ហោះ​ជា​វីដេអូ​​លើ​ទំព័រ​ហ្វេសប៊ុក​​របស់​ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២​​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ស​ ខេង​ បាន​ចូល​រួម​​ទិវា​អន្តរ​ជាតិ​រំឮក​ដល់​ ជនរង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់ចរាចរណ៍​ផ្លូវ​គោក​ លើក​ទី​១៧​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ សួន​មុខ​វត្ត​បុទុមវតី​ សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ​ រាជធានី​ភ្នំពេញ​ នៅ​​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ ឆ្នាំ​២០២២។

ក្នុង​វីដេអូ​ដែលមាន​ប្រវែង​​ជិត​៧​នាទីនោះ លោក​ ស​ ខេង​ មាន​ប្រសាសន៍​ថា​៖ «សូម​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ទាំង​អស់​ ត្រូវ​ចូល​រួម​បន្ថែម​​ទៀត​ ក្នុងការគោរព​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ ដើម្បី​ការពារ​អាយុ​ជីវិត​ខ្លួន​ឯង​ផ្ទាល់​ ដើម្បី​ភាព​សុខ​ដុម​រមនា​ក្នុង​ក្រុម​គ្រួសារ​ ដើម្បី​​ការពារ​​ទ្រព្យ​សម្បត្តិ​របស់​បង​ប្អូន​ និង​ដើម្បី​រួម​គ្នាលើក​កម្ពស់​កិត្តិយស​​សេចក្តី​ថ្លៃ​ថ្នូរ​ របស់​ប្រទេស​ជាតិ​យើង​»។

លោក ស ខេង បន្ថែម​ដោយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លាចច្បាប់ ជាជាង​ខ្លាច​ប៉ូលីស។

លោក​​ថា​៖ «ពេលដែលប៉ូលិសរឹតបន្តឹង ពួកគាត់ខ្លាច ហើយ​ពេល​ប៉ូលិស​ឈប់​រឹត​បន្តឹង ពួកគាត់ក៏លែងខ្លាចដែរ មានន័យថាគាត់មិនមែនខ្លាចច្បាប់ទេ គឺគាត់​ខ្លាច​ប៉ូលិស​ទៅ​វិញ។ ខ្ញុំសុំឱ្យមានការប្តូរការយល់ឃើញបែបនេះចេញ គឺ​ត្រូវខ្លាច​ច្បាប់​ជាង​ខ្លាច​ប៉ូលិស»។

លោក ស ខាង ក៏​​បាន​ស្នើឱ្យ​មាន​ការ​បំពាក់​កាមេរ៉ា​តាម​ដង​ផ្លូវ​ រួម​នឹង​បរិក្ខា​សុវត្ថិ​ភាព​​​ចរាចរណ៍​​ឱ្យ​​បា​ន​​គ្រប់​គ្រាន់​ ព្រម​ទាំង​ស្នើ​ដល់គ្រប់​​ក្រសួង-ស្ថាប័ន​​ពាក់​ព័ន្ធ​អង្គការ​​ជាតិ​ ​អន្តរជាតិ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ សិល្បករ​-សិល្បការនី​ គ្រឹះស្ថាន​សិក្សា​​គ្រប់​​កម្រិត​ ក្រុម​ហ៊ុន​ រោង​ចក្រ​ សហ​គ្រាស​ និង​វិស័យ​ឯក​ជន​ បន្ត​អប់រំ​ផ្សព្វ​ផ្សាយ​ច្បាប់​ ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ និង​អនុក្រឹត្យ​ស្តី​ពី​ការពិន័យ​អន្តរ​ការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ឱ្យ​បាន​ទូលំ​ទូលាយ​ និង​ជាប់​ជា​ប្រចាំ​។

លោក​ គង់​ រតនៈ​ អ្នក​ជំនាញ​ផ្នែក​​សុវត្ថិភាព​ផ្លូវ​ថ្នល់​ ​ប្រាប់​​ Newsroom Cambodia ថា​​ ការ​បញ្ចេញ​មតិ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ស​ ខេង​ មិន​មែន​ជា​លើក​ទី​មួយ​ទេ ក្នុង​ការ​ជួប​ជុំ​ ក្នុងការ​អំពារនាវសុំ​ឱ្យ​ប្រជា​ពលរដ្ឋ​គោរព​ច្បាប់​។ លោក​ថា បច្ចុប្បន្ន​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​​តែង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​មធ្យម​​ពី​ ៤ទៅ​៥​នាក់​ ក្នុង​មួយ​ថ្ងៃ ហើយ​ចំនួន​អ្នក​ដែល​រង​របួស​ធ្ងន់ ​ជា​មធ្យម​ចាប់​ពី​ ១០​ទៅ​១២​នាក់​ក្នុង​មួយ​ថ្ងៃ​ ដែល​ជាហេតុ​ត្រូវ​មានការ​ប្រកាស​អាសន្ន​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍។

​លោក​ថា​៖ «យើង​ត្រូវ​តែ​ប្រកាស​អាសន្ន​ពី​ព្រោះថា​ ​មនុស្ស​បើ​និយាយ​ពី​តម្លៃ​ គឺ​អត់​មាន​នរណា​ទិញ​បាន​ទេ​ ភាគ​ច្រើន​ការ​ខាត​បង់​ទាំង​ឡាយ​ ការបាត់​បង់​ជីវិត​ គឺ​សុទ្ធ​សឹង​តែ​ជា​រឿង​ដែល​យើង​ពិបាក​ទទួល​យក​ អ៊ីចឹង​សម្រាប់​ខ្ញុំ​ធ្វើ​ការ​ក្នុង​វិស័យ​សុវត្ថិភាព​ខ្ញុំ​យល់​ថា​ វា​គឺ​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​តែ​គិត​គូរ​ទាំង​អស់​គ្នា​»។

លោក​បាន​បន្ថែម​​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​ជា​បញ្ហា​យើង​ទាំង​អស់​គ្នា​ មិន​មែន​បញ្ហា ​របស់​នរណា​​ម្នាក់​នោះ​​ទេ ហើយ​មនុស្ស​ម្នាក់​ដែល​គោរព​ច្បាប់​ចរាចរណ៍ ​ក៏​មិនប្រាកដ​ថា​មាន​សុវត្ថិភាព​ដែរ​ នៅ​ពេល​ធ្វើ​ដំណើរ​ជា​មួយ ​នឹង​មនុស្ស​ជា​ច្រើន​ទៀត​ ដែល​ប្រកាន់​យកឥរិយាបថ​បើក​បរ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​តាម​ដង​ផ្លូវ​។

លោក​បញ្ជាក់​​ថា​៖ «អ្វី​ដែល​​ប្រជា​ពលរដ្ឋ​ត្រូវ​ធ្វើ​ គឺ​ត្រូវស្គាល់​ពី​តួនាទី​របស់​ខ្លួន​ឯង​ មាន​ន័យ​ថា​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​ចូល​រួម​ក្នុង​​ការ​គោរព​ច្បាប់​ តាម​បញ្ញត្តិច្បាប់​ ដែល​មាន​ជា​ធរមាន​ បន្ទាប់​មកទៀត​អាជ្ញាធរ​ដែល​ទទួល​បន្ទុក​ក្នុង​ផ្នែក​ចរាចរណ៍​នេះ​ឯង​ត្រូវ​ធ្វើ​តួនាទី​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ​ បន្ទាប់មក​ទៀត​អ្នក​ដែល​ទទួល​បន្ទុក​ផ្នែក​វិស្វកម្ម​ធ្វើ​ផ្លូវថ្នល់​​ សូមមេត្តា​គិត​គូរ​អំពី​សុវត្ថិភាព​ជា​ចម្បង​ ហើយ​ដាក់​បញ្ចូល​​​​​វិធាន​សុវត្ថិភាព​ក្នុង​ការ​កសាង​ផ្លូវ​ ដើម្បី​ឱ្យ​យើងទទួល​បាន​ផ្លូវ​មួយ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ងាយ​បើក​បរ​ ប្រជា​ពលរដ្ឋ​ងាយ​គោរព​តាម​ជាដើម»​។

បើ​តាម​របាយការណ៍​របស់​អង្គការ UNDP ក្នុង​​ឆ្នាំ​២០១៩​ នៅ​កម្ពុជា​មាន​អ្នក​រង​របួស​ជិត​១៣,៧០០​ករណី​ និង​បាត់​បង់​ជីវិត​ជាង​ ២,០០០​ ករណី​ ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​គិត​ជា​មធ្យម​មាន​មនុស្ស​ ៥,៤​នាក់​ បាត់​បង់​ជីវិត​ជារៀង​រាល់​ថ្ងៃ​៕