ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងតំណាងអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស សិទ្ធិបោះឆ្នោត សិទ្ធិដីធ្លី សិទ្ធិកម្មករ សិទ្ធិសហជីព សិទ្ធិនយោបាយ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិបន្ថែមទៀត។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន២៨ស្ថាប័នបានរួមគ្នាប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៤ (ឆ្នាំ១៩៤៨-២០២២) នៅទីលានប្រជាធិបតេយ្យ ដែលមានទីតាំងនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមប្រធានបទ «ការធានាសិទ្ធិនយោបាយ ដើម្បីលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋក្នុងការកំណត់ជោគវាសនាប្រទេសជាតិ តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ»។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធីទិវាសិទ្ធិមនុស្សថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅទីលានប្រជាធិបតេយ្យ បានលើកឡើងថាជាង៧៥ឆ្នាំទៅហើយដែលអង្គការសហប្រជាជាតិបានធ្វើការអនុម័តសេចក្ដីថ្លែងការជាសកលស្ដីអំពីសិទ្ធិមនុស្សដើម្បីការពារ និងលើកកម្ពស់សិទ្ធិសេរីភាពដែលមានចែងនៅក្នុងសេចក្ដីថ្លែងការជាសកលនោះ។ លោកបន្តថាសេចក្ដីថ្លែងការនោះបានតម្កល់នូវឧត្តមគតិជាសកលដែលមានសារៈសំខាន់ ហើយមនុស្សគ្រប់រូបត្រូវបានកើតមកដោយមានសិទ្ធិសេរីភាព ភាពស្មើគ្នា សេចក្ដីថ្លៃថ្នូរដែលប្រទេសទាំងអស់ត្រូវតែមាន។
លោក Patrick Murphy បានបន្ថែមទៀតថា៖ «យើងធ្វើការយ៉ាងណាដើម្បីឆ្ពោះទៅពិភពលោកមួយដែលសិទ្ធិសេរីភាពត្រូវបានការពារ ហើយជនទាំងឡាយណាដែលបានធ្វើការការពារសិទ្ធិសេរីភាព និងសិទ្ធិមនុស្សគួរតែត្រូវបានអបអរសាទរ ហើយជនទាំងឡាយណាដែលបានរំលោភបំពានទៅលើសិទ្ធិទាំងអស់នេះគួរតែត្រូវដាក់ទោសទណ្ឌដោយច្បាប់»។
ជាងនេះទៅទៀតលោក Patrick Murphy ក៏បានលើកឡើងអំពីចំណុចខ្វះខាតដែលប្រទេសកម្ពុជាមិនទាន់អនុវត្តបានមានដូចជា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការជួបជុំ សិទ្ធិសមាគម។ លោកបន្តថា ប្រជាជនកម្ពុជាត្រូវការសិទ្ធិទាំងនោះដើម្បីយកមកអនុវត្តនៅក្នុងសង្គមនាពេលបច្ចុប្បន្ន។
លោក Patrick Murphyបានលើកឡើងថា៖ «សិទ្ធិនយោបាយជាអ្វីដែលប្រជាជនត្រូវការ សំឡេងសារព័ត៌មាន និងសំឡេងឯករាជ្យក្នុងការធ្វើការស៊ើបអង្កេតទៅលើបទឧក្រិដ្ឋ។ ប្រជាជនកម្ពុជាចង់ឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាដីធ្លី សហជីពដែលអាចការពារកន្លែងធ្វើការរបស់ពួកគេ និងការអនុវត្តច្បាប់ក្នុងវិធី រូបភាពដើម្បីអភិរក្សបរិស្ថាន និងជាលក្ខណៈសាមញ្ញមួយគឺប្រជាជនត្រូវការសិទ្ធិក្នុងការរិះគន់ និងសិទ្ធិបញ្ចេញមតិដែលផ្ទុយទៅរដ្ឋាភិបាល»។
«សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាសិទ្ធិមនុស្ស»។ «សិទ្ធិនយោបាយផ្ដល់អំណាចពេញលេញឱ្យពលរដ្ឋសម្រេចលើជោគវាសនារបស់ខ្លួន»។ «លើកកំពស់សិទ្ធិមនុស្សដើម្បីជីវិតថ្លៃថ្នូររបស់យើងគ្រប់គ្នា»។ ទាំងនេះគឺជាពាក្យស្លោកដែលបានបិទព្យួរនៅជុំវិញរោងនៃកន្លែងប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៤ នៅទីលានប្រជាធិបតេយ្យ ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋចូលរួមជាង១០០០នាក់។
ក្នុងនោះផងកម្មវិធីឆ្នាំនេះប្រារព្ធទៅក្នុងគោលបំណងសំខាន់ៗចំនួនបីគឺ ទីមួយ ពង្រឹងការយល់ដឹងសាធារណៈលើសិទ្ធិនយោបាយ និងទំនាក់ទំនងរវាងសិទ្ធិ និងពលរដ្ឋ នយោបាយ ព្រមទាំងភាពជាម្ចាស់នៃប្រទេសជាតិ។ ទីពីរ បង្កើនការចងចាំ និងការយល់ដឹងរបស់សាធារណៈជនពីទិវាសិទ្ធិមនុស្ស។ និងទីបីបញ្ចេញសំឡេងដើម្បីជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សនយោបាយមានគណនេយ្យភាពចំពោះឆន្ទៈ និងកង្វល់របស់ពលរដ្ឋកម្ពុជា
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បង្ហាញការសោកស្ដាយដែលរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ ខែធ្នូ ចេញពីការឈប់សម្រាក ដែលធ្វើឱ្យប្រជាពលរដ្ឋ និងកម្មករជាច្រើនមិនអាចចូលរួមប្រារព្វទិវាសិទ្ធិមនុស្សនេះបាន តែទោះជាយ៉ាងណាអ្នកស្រីរំពឹងថា ស្មារតីនៃទិវាសិទ្ធិមនុស្សនេះនៅតែជាឱកាសសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នាក្នុងក្រើនរំឮកទៅដល់រដ្ឋាភិបាលឱ្យដើរតាមនូវការប្ដេជ្ញារបស់ខ្លួន។
អ្នកស្រី ចក់ សុភាព បន្តថា ប្រទេសកម្ពុជាបានទទួលនូវលិខិតតូបករណ៍ស្ដីពីសិទ្ធិមនុស្សច្រើនជាងប្រទេសមួយចំនួននៅក្នុងតំបន់ តែទោះជាយ៉ាងលោកស្រីបន្ថែមថាការប្ដេជ្ញាតែនៅលើក្រដាសគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺទាមទារនូវការអនុវត្តជាក់ស្ដែងរបស់រដ្ឋាភិបាលនូវរាល់សិទ្ធិទាំងអស់ដែលខ្លួនបានចុះសច្ចាប័ន។
អ្នកស្រី ចក់ សុភាព បានលើកឡើង៖ «កម្ពុជាយើងបានទទួលស្គាល់នូវលិខិតតូបករណ៍សិទ្ធិមនុស្សជាច្រើន ចាស! គឺល្អមែនទែន ជាក្រដាសគឺល្អ។ នៅឆាកអន្តរជាតិគឺយើងទទួលបាននូវកំណត់ត្រាមួយដែលល្អដែលយើងទទួលស្គាល់ យើងបានផ្ដល់សច្ចាប័នចំពោះលិខិតតូបករណ៍ជាច្រើនលើសពីបណ្ដាប្រទេសមួយចំនួនថែមទៀត ជាពិសេសនៅក្នុងតំបន់ ប៉ុន្តែការគ្រាន់តែប្ដេជ្ញានៅលើក្រដាសវាអត់គ្រប់គ្រាន់ទេ វាទាមទារនូវការអនុវត្តជាក់ស្ដែង ហើយការអនុវត្តជាក់ស្ដែងនេះគឺត្រូវធ្វើនូវគ្រប់សិទ្ធិទាំងអស់»។
អ្នកស្រី ចក់ សុភាព ក៏បានលើកឡើងទៀតថា ការប្ដេជ្ញាចិត្តនេះគឺប្រៀបដូចជាស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ហើយនេះជាធាតុសំខាន់ដែលកើតចេញពីកិច្ចព្រមព្រៀងទីក្រុងបារីស៍ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលរដ្ឋភាគីហត្ថលេខីក្នុងកិច្ចព្រមព្រៀងទីក្រុងបារីស៍ ជាពិសេសអង្គការសហប្រជាជាតិនៅតែមានតួនាទីក្នុងការជួយជ្រោមជ្រែង ជួយឃ្លាំមើលអំពីការអនុវត្ត និងការកសាងសន្តិភាពនៅកម្ពុជា។ ហើយសន្តិភាពដែលពេញលេញគឺ មិនគ្រាន់តែមិនមានសង្គ្រាមនោះទេ គឺត្រូវតែមនុស្សគ្រប់គ្នាមានសេរីភាពពេញលេញ។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ Newsroom Cambodiaពុំអាចស្វែងរកការឆ្លើយតបពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
បើយោងតាមរបាយការណ៍ចុះផ្សាយនៅខែមិនា ឆ្នាំ២០២២ របស់ Freedom House បានបង្ហាញថា ប្រទេសកម្ពុជាពុំទាន់មានសិទ្ធិសេរីភាពពេញលេញនៅឡើយទេ។ ក្នុងនោះសិទ្ធិនយោបាយ កម្ពុជាទទួលបានពិន្ទុ៥លើ៤០ និងសិទ្ធិពលរដ្ឋ កម្ពុជាទទួលបានពិន្ទុត្រឹមតែ១៩ លើ៦០ ប៉ុណ្ណោះ៕