ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​វិស័យ​សិទ្ធិ​មនុស្ស​ ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស​ ​សិទ្ធិ​បោះ​ឆ្នោត​ ​សិទ្ធិ​ដី​ធ្លី​ សិទ្ធិ​កម្មករ​ សិទ្ធិ​សហជីព​ សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​​បន្ថែមទៀត​​។​

នៅ​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ អង្គ​ការ​សង្គម​ស៊ី​វិល​ចំនួន​២៨​ស្ថាប័ន​បាន​រួម​គ្នា​ប្រារព្វ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៧៤​ (ឆ្នាំ​១៩៤៨​-២០២២)​ នៅ​ទី​លាន​ប្រជាធិបតេយ្យ​  ដែល​មាន​ទី​តាំង​នៅ​ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ក្រោម​ប្រធាន​បទ​ «ការ​ធានា​សិទ្ធិ​នយោបាយ​ ដើម្បី​លើក​កម្ពស់​ការ​ចូល​រួម​របស់​ពលរដ្ឋ​ក្នុង​ការ​កំណត់​ជោគ​វាសនា​ប្រទេស​ជាតិ​ តាម​គោលការណ៍​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ និង​នីតិរដ្ឋ»​។

លោក​ Patrick  Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅកម្ពុជា​ ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​ទិវា​សិទ្ធិមនុស្ស​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០២២​ នៅទី​លាន​ប្រជាធិបតេយ្យ​ បាន​លើក​ឡើង​ថា​ជាង​៧៥​ឆ្នាំ​ទៅ​ហើយ​ដែល​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ការ​អនុម័ត​សេចក្ដី​ថ្លែង​ការ​ជាសកល​ស្ដី​អំពី​សិទ្ធិ​មនុស្ស​ដើម្បី​ការ​ពារ​ និង​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ជាសកលនោះ​។ លោក​បន្ត​ថា​សេចក្ដី​ថ្លែង​ការ​នោះ​បាន​តម្កល់​នូវ​ឧត្តម​គតិ​ជាសកល​ដែល​មាន​សារៈសំខាន់​ ហើយ​មនុស្ស​គ្រប់​រូប​ត្រូវ​បាន​កើត​មក​ដោយ​មានសិទ្ធិ​សេរីភាព​  ភាព​ស្មើគ្នា​ សេចក្ដី​ថ្លៃ​ថ្នូរ​ដែល​ប្រទេស​ទាំង​អស់​ត្រូវ​តែ​មាន​។

​​​​​លោក​ Patrick  Murphy​ បាន​បន្ថែម​ទៀត​ថា៖​ «យើង​ធ្វើ​ការ​យ៉ាង​ណា​ដើម្បី​ឆ្ពោះ​ទៅ​ពិភព​លោក​មួយ​ដែល​សិទ្ធិ​សេរីភាព​ត្រូវ​បាន​ការ​ពារ​ ហើយ​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ធ្វើ​ការ​ការ​ពារសិទ្ធិ​សេរី​ភាព​ និង​សិទ្ធិ​មនុស្ស​គួរ​តែ​ត្រូវ​បាន​អបអរ​សាទរ​ ហើយ​ជន​ទាំង​ឡាយ​ណា​ដែល​បាន​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ទាំង​អស់នេះ​គួរ​តែ​ត្រូវ​ដាក់​ទោស​ទណ្ឌ​ដោយ​ច្បាប់​»។

ជាងនេះ​ទៅ​ទៀត​លោក​ Patrick  Murphy ក៏​បាន​លើក​ឡើង​អំពី​ចំណុច​ខ្វះ​ខាត​ដែល​ប្រទេស​កម្ពុជា​មិន​ទាន់​អនុវត្ត​បាន​មាន​ដូច​ជា​ សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ សិទ្ធិ​ក្នុង​ការ​ជួបជុំ​ សិទ្ធិ​សមាគម​។ លោក​បន្ត​ថា​ ប្រជាជន​កម្ពុជាត្រូវ​ការ​សិទ្ធិ​ទាំង​នោះ​ដើម្បី​យក​មក​អនុវត្ត​នៅ​ក្នុង​សង្គម​នាពេល​បច្ចុប្បន្ន​។

លោក​ Patrick  Murphyបាន​លើក​ឡើង​ថា​៖​ «សិទ្ធិ​នយោបាយ​ជាអ្វី​ដែល​ប្រជាជន​ត្រូវ​ការ​ សំឡេង​សារព័ត៌មាន​ និង​សំឡេង​ឯករាជ្យ​ក្នុង​ការធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​បទ​ឧក្រិដ្ឋ​។ ប្រជាជន​កម្ពុជា​ចង់​ឃើញ​នូវ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ សហជីព​ដែល​អាច​ការពារ​កន្លែង​ធ្វើ​ការ​របស់​ពួក​គេ​ និងការ​អនុវត្ត​ច្បាប់​ក្នុង​វិធី​ រូប​ភាព​ដើម្បី​អភិរក្ស​បរិស្ថាន​ និង​ជាលក្ខណៈសាមញ្ញ​មួយ​គឺ​ប្រជាជន​ត្រូវ​ការ​សិទ្ធិ​ក្នុង​ការ​រិះ​គន់​ និង​សិទ្ធិ​បញ្ចេញ​មតិ​ដែល​ផ្ទុយ​ទៅ​រដ្ឋាភិបាល​»។

«សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ជាសិទ្ធិ​មនុស្ស​»។ «សិទ្ធិ​នយោបាយ​ផ្ដល់​អំណាច​ពេញ​លេញ​ឱ្យ​ពលរដ្ឋ​សម្រេច​លើ​ជោគ​វាសនា​របស់​ខ្លួន»។​  «លើក​កំពស់​សិទ្ធិ​មនុស្ស​ដើម្បី​ជីវិត​ថ្លៃ​ថ្នូរ​របស់​យើង​គ្រប់​គ្នា​»។ ទាំង​នេះ​គឺ​ជា​ពាក្យ​ស្លោក​ដែល​បាន​បិទ​ព្យួរ​នៅ​ជុំវិញរោង​នៃ​កន្លែង​ប្រារព្វ​ទិវា​សិទ្ធិ​មនុស្សអន្តរជាតិ​​លើក​ទី​៧៤​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ ស្ថិត​នៅ​ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេ​ញ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជាង​១០០០​នាក់​។

ក្នុង​នោះ​ផង​កម្ម​វិធី​ឆ្នាំ​នេះ​ប្រារព្ធ​ទៅ​ក្នុង​គោល​បំណង​សំខាន់​ៗ​ចំនួន​បី​គឺ​ ទីមួយ​​ ពង្រឹង​ការ​យល់​ដឹង​សាធារណៈលើ​សិទ្ធិនយោបាយ​ និង​ទំនាក់​ទំនង​រវាង​សិទ្ធិ​ និង​ពលរដ្ឋ​ នយោបាយ​ ព្រម​ទាំង​ភាព​ជាម្ចាស់​នៃ​ប្រទេស​ជាតិ​។ ទី​ពីរ​ បង្កើន​ការ​ចង​ចាំ​ និង​ការ​យល់​ដឹង​របស់​សាធារណៈជន​ពី​ទិវា​សិទ្ធិមនុស្ស​។​ និង​ទី​បី​បញ្ចេញ​សំឡេង​ដើម្បី​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​គណបក្ស​នយោបាយ​មាន​គណនេយ្យភាព​ចំពោះ​ឆន្ទៈ​ និង​កង្វល់​របស់​ពលរដ្ឋ​កម្ពុជា

អ្នក​ស្រី​ ចក់​ សុភាព​ នាយិកាមជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បង្ហាញ​ការ​សោក​ស្ដាយ​ដែល​រដ្ឋា​ភិបាល​កម្ពុជា​បាន​សម្រេច​លុប​​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្ងៃ​ទី១០​ ខែ​ធ្នូ​ ចេញ​ពី​ការ​ឈប់​សម្រាក​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​ និង​កម្មករ​ជាច្រើន​មិន​អាច​ចូល​រួម​ប្រារព្វ​ទិវា​សិទ្ធិ​មនុស្ស​នេះ​បាន​ តែ​ទោះ​ជា​យ៉ាង​ណា​អ្នក​ស្រី​រំពឹង​ថា​ ស្មារតី​នៃទិវា​សិទ្ធិ​មនុស្ស​នេះ​នៅ​តែ​ជា​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ក្នុង​ក្រើន​រំឮក​ទៅ​ដល់​រដ្ឋា​ភិបាល​ឱ្យ​ដើរ​តាម​នូវ​ការ​ប្ដេជ្ញា​របស់​ខ្លួន​។

អ្នក​ស្រី​ ចក់​ សុភាព​ បន្ត​ថា​ ប្រទេស​កម្ពុជា​បាន​ទទួល​នូវ​លិខិត​តូបករណ៍​ស្ដី​ពី​សិទ្ធិមនុស្ស​ច្រើន​ជាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ តែ​ទោះ​ជា​យ៉ាង​លោក​ស្រី​បន្ថែមថា​ការ​ប្ដេជ្ញា​តែ​នៅ​លើ​ក្រដាស​គឺ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ គឺ​ទាម​ទារ​នូវ​ការ​អនុវត្ត​ជាក់​ស្ដែង​របស់​រដ្ឋា​ភិបាល​នូវ​រាល់​សិទ្ធិ​ទាំង​អស់​ដែល​ខ្លួន​បាន​ចុះ​សច្ចាប័ន​។

អ្នក​ស្រី​ ចក់​ សុភាព​ បាន​លើក​ឡើង​៖​ «កម្ពុជា​យើង​បាន​ទទួល​ស្គាល់​នូវ​លិខិត​តូបករណ៍​សិទ្ធិ​មនុស្ស​ជា​ច្រើន​ ចាស! ​គឺ​ល្អមែន​ទែន​ ជា​ក្រដាស​គឺល្អ​។​ នៅ​ឆាក​អន្តរជាតិ​គឺ​យើង​ទទួល​បាន​នូវ​កំណត់​ត្រា​មួយ​ដែល​ល្អដែល​យើង​ទទួល​ស្គាល់​ យើង​បាន​ផ្ដល់​សច្ចាប័ន​ចំពោះ​លិខិត​តូបករណ៍​ជាច្រើន​លើស​ពីបណ្ដា​ប្រទេស​មួយ​ចំនួន​ថែម​ទៀត​ ជា​ពិសេស​នៅ​ក្នុង​តំបន់​ ប៉ុន្តែ​ការ​គ្រាន់​តែ​ប្ដេជ្ញា​នៅ​លើ​ក្រដាស​វា​អត់​គ្រប់​គ្រាន់​ទេ​ វា​ទាម​ទារ​នូវ​ការ​អនុវត្ត​ជាក់​ស្ដែង​ ហើយ​ការ​អនុវត្ត​ជាក់​ស្ដែង​នេះ​គឺ​ត្រូវ​ធ្វើ​នូវ​គ្រប់​សិទ្ធិ​ទាំង​អស់​»។

អ្នក​ស្រី​ ចក់​ សុភាព​ ក៏​បាន​លើក​ឡើង​ទៀត​ថា​ ការ​ប្ដេជ្ញា​ចិត្ត​នេះ​គឺ​ប្រៀប​ដូច​ជា​ស្មារតី​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣​ ហើយ​នេះ​ជា​ធាតុ​សំខាន់​ដែល​កើត​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​បារីស៍​ ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ ដែល​រដ្ឋភាគី​ហត្ថលេខី​ក្នុង​កិច្ច​ព្រមព្រៀងទីក្រុង​បារីស៍​ ជាពិសេស​អង្គការ​សហប្រជាជាតិ​​នៅ​តែ​មាន​តួនាទី​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ ជួយ​ឃ្លាំ​មើល​អំពី​ការ​អនុវត្ត​ និង​ការ​កសាង​សន្តិភាព​នៅ​កម្ពុជា។​ ហើយ​សន្តិភាព​ដែល​ពេញលេញ​គឺ​ ​មិន​គ្រាន់​តែ​មិន​មាន​សង្គ្រាម​នោះ​ទេ​ គឺត្រូវ​តែ​មនុស្ស​គ្រប់គ្នា​មាន​សេរីភាព​ពេញ​លេញ​។

នៅ​ថ្ងៃ​ទី១០​ ខែ​ធ្នូ​ ឆ្នាំ២០២២​នេះ​ Newsroom Cambodiaពុំ​អាច​ស្វែង​រក​ការ​ឆ្លើយ​តប​ពី​លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ទេ​​ ដោយ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​ទទួល។

បើ​យោង​តាម​របាយ​ការណ៍​ចុះ​ផ្សាយ​នៅ​ខែ​មិនា​ ឆ្នាំ​២០២២​ របស់​ Freedom House​ បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​ពុំ​ទាន់​មាន​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​នៅឡើយ​ទេ​។​ ក្នុង​នោះ​សិទ្ធិ​នយោបាយ​ កម្ពុជា​ទទួល​បាន​ពិន្ទុ​៥លើ​៤០​ និង​សិទ្ធិ​ពលរដ្ឋ​ កម្ពុជា​ទទួល​បាន​ពិន្ទុ​ត្រឹម​តែ​១៩​ លើ​៦០​ ប៉ុណ្ណោះ៕​​​​​​​​​​​​