សង្គមស៊ីវិល និងអ្នកវិភាគ ជំរុញឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់បន្ថែមទៀតដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស ពួកគេលើកឡើងថាដើម្បីដំណើរការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព លុះត្រាតែរដ្ឋាភិបាលធ្វើការកែទម្រង់អំពើពុករលួយជាប្រព័ន្ធ ការអនុវត្តគោលនយោបាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសវាយតម្លៃពីការរាយការណ៍អំពីព័ត៌មានពិតរបស់ថ្នាក់ក្រោមជាតិទៅកាន់ថ្នាក់លើ។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រសួងបានរៀបចំកម្មវិធីទិវាជាតិប្រឆាំងការជួញដូរមនុស្សលើកទី១៦ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» ធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជាង៣០០០នាក់។
ការចុះផ្សាយដដែលបានបន្តថា លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២២ ស្ថានភាពនៃអំពើជួញដូរមនុស្សមានភាពល្អប្រសើរ ដោយអត្រានៃបទល្មើស បានថយចុះគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១។
លោកស្រី បន្ថែមថា នៅពេលដែលស្ថានភាពទូទៅ បានរៀបរយល្អប្រសើរ ប៉ុន្តែបែរជាបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បានបំលែងខ្លួនទៅជាបទល្មើសថ្មីៗទៀតលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលបង្កឡើងដោយឧក្រិដ្ឋជនមួយចំនួន ដែលសម្ងំលាក់ខ្លួនប្រព្រឹត្តបទល្មើស ក្នុងអាជីវកម្មបន្លំភ្នែក ដោយប្រើប្រាស់ឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្តល់ឱ្យសម្រាប់ការវិនិយោគ ដើម្បីការអភិវឌ្ឍ នៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចធំៗដូចជា ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត ទៅធ្វើសកម្មភាពឧក្រិដ្ឋកម្មប្រឆាំងនឹងសិទ្ធិមនុស្ស។
ជាងនេះទៅទៀត លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា ឧក្រិដ្ឋជន ដែលបានប្រព្រឹត្តសកម្មភាពឃោរឃៅទៅលើជនរងគ្រោះ ដោយពលកម្មដោយបង្ខំ ការឆបោកតាមប្រព័ន្ធអនឡាញ ការអូសទាញជនងាយរងគ្រោះពីក្រៅប្រទេស ដើម្បីបង្ខំឱ្យបម្រើសកម្មភាពឆបោកខុសច្បាប់ និងឧក្រិដ្ឋកម្មផ្សេងៗទៀត ដែលភាគច្រើនប្រព្រឹត្តដោយជនបរទេសទៅលើជនបរទេសដូចគ្នា និងមានបណ្តាញទាក់ទងគ្នាយ៉ាងសកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អនឡាញ ប្រទាក់ក្រឡាពីប្រទេសមួយទៅប្រទេសមួយផងដែរ។
ជាមួយគ្នានោះផងដែរ លោក ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់សមាសភាពនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមានក្រសួង ស្ថាប័ន និងបណ្តាទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការដៃគូអន្តរជាតិ អង្គការសង្គមស៊ីវិលក្នុងស្រុក ព្រមទាំងវិស័យឯកជន ដែលបានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ ព្រមទាំងផ្ដល់កិច្ចការពារជនរងគ្រោះ និងបានចូលរួមដោះស្រាយបញ្ហាជាច្រើន សម្រាប់ប្រជាពលរដ្ឋតាមសហគមន៍ និងជនទេសន្តរប្រវេសន៍ ដែលគ្មានសុវត្ថិភាព។
ឱកាសនោះ លោក ស ខេង បានលើកឡើងថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនដូចជា ប្រតិបត្តិការដើម្បីរុករក បង្រ្កាប និងបោសសំអាតបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធដទៃទៀត តាមវិធានការច្បាប់រហូតធ្វើឱ្យកម្ពុជាវិលត្រឡប់មករកស្ថានភាពសុវត្ថិភាព និងសន្តិសុខជាប្រក្រតីឡើងវិញផងដែរ។ ជាងនេះទៅទៀត លោកក៏បានលើកទឹកចិត្តដល់គ្រប់វិស័យពាក់ព័ន្ធជាតិ និងអន្តរជាតិ បន្តរិះរកនូវវិធានការជាគន្លឹះនានា និងរួមសហការគ្នាជាធ្លុងមួយ ធ្វើសកម្មភាពឱ្យកាន់តែខ្លាំងក្លាក្នុងការ «បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីព្រះរាជាណាចក្រកម្ពុជា គ្មានអំពើជួញដូរមនុស្ស»។
ជុំវិញរឿងនេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានលើកឡើងថា លោកក៏មានការយល់ស្របថាការជួញដូរមនុស្សនៅកម្ពុជាមានការថយចុះនៅឆមាសទី២នេះ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជាក៏ត្រូវបានសហរដ្ឋអាមេរិកដាក់បញ្ចូលទៅក្នុងប្រទេសដែលមានចំណាត់ថ្នាក់មិនល្អទាក់ទងនឹងការជួញដូរមនុស្ស បូករួមជាមួយបរិបទកូវីដ-១៩ ដែលកំពុងរីករាល ទើបជាឱកាសល្អសម្រាប់ឧក្រិដ្ឋជនធ្វើការជួញដូរមនុស្សនៅគ្រប់ទម្រង់រូបភាព ហើយការជួញដូរមនុស្សទាំងនោះវិវត្តន៍ខ្លួនតាមបែបបច្ចេកវិទ្យាទំនើប ទាំងការជួញដូរកម្លាំងពលកម្ម និងការជួញដូរផ្លូវភេទ។
លោក អំ សំអាត បានលើកឡើងថា៖ «ខ្ញុំយល់ថាអ៊ីចេះទេ វាអាចនឹងមានការថយចុះខ្លះមែនដោយសារតែនៅឆមាសទី២នេះ រាជរដ្ឋាភិបាលបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការបង្រ្កាបការជួញដូរមនុស្ស ប៉ុន្តែយើងដឹងហើយថាប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំនេះ ទីមួយ បើយើងមើលទៅលើចំណាត់ថ្នាក់របស់សហរដ្ឋអាមេរិក ហើយក៏ជាដៃគូនៃការអភិវឌ្ឍផ្នែកបច្ចេកទេស និងជំនាញការជួញដូរមនុស្សដែរនោះ បានដាក់ចំណាត់ថ្នាក់កម្ពុជាយើងទៅដល់លេខ៣ ដែលជាចំណាត់ថ្នាក់មួយមិនល្អសម្រាប់ការជួញដូរមនុស្ស»។
លោក អំ សំអាត បន្ថែម៖ «ហើយក្រោយពីបញ្ហាហ្នឹងមក គឺរាជរដ្ឋាភិបាលបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ប៉ុន្តែដោយសារតែយើងដឹងហើយការជួញដូរមនុស្សហ្នឹងវាមានការវិវត្តន៍ខ្លាំង ឥឡូវហ្នឹងវាទៅតាមប្រព័ន្ធបច្ចេកវិទ្យាដូចជា គេហៅថា Cyber Crime វាបង្កើតទៅជាការវិវត្តន៍ខ្លួនតាមបែបបច្ចេកវិទ្យាទំនើបមួយដែលជាការជួញដូរទាំងកម្លាំងពលកម្ម ឬក៏ជួញដូរផ្លូវភេទ ហើយវាទាក់ទងនឹងបរិបទកូវីដ-១៩ កំពុងរីករាលដាលជាដើម ដែលធ្វើឱ្យកម្ពុជាយើងជាឱកាសល្អសម្រាប់ឧក្រិដ្ឋជននៃការជួញដូរមនុស្សនៅគ្រប់ទម្រង់រូបភាពហ្នឹង»។
លោកថា ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួរតែពង្រឹងសមត្ថភាពដល់សមត្ថកិច្ចដែលអនុវត្តច្បាប់ ការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងអន្តរជាតិ ដើម្បីកំណត់មុខសញ្ញានៃឧក្រិដ្ឋជន ការលុបបំបាត់អំពើពុករលួយ ការសហការជាមួយស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា និងពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព។
ស្រដៀងគ្នានេះដែរអ្នកស្រាវជ្រាវ និងវិភាគឯករាជ្យ លោកបណ្ឌិត មាស នី សង្កេតឃើញថា កម្ពុជាមានការខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា តែទោះជាយ៉ាងនេះក្ដី លោកថាវិធានការនាពេលបច្ចុប្បន្ននៅមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ លោកជំរុញឱ្យរដ្ឋាភិបាលធ្វើការខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការទប់ស្កាត់ជនខិលខូចទាំងឡាយណា ក្នុងការចូលមកក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត មាស នី លើកឡើងថា៖ «ខ្ញុំឃើញទាំងក្រសួងមហាផ្ទៃ ទាំងរដ្ឋាភិបាលដូចជាមានការខិតខំប្រឹងប្រែងច្រើន ទាក់ទងទៅនឹងការគ្រប់គ្រងការជួញដូរមនុស្ស ហើយក៏មានការបង្ក្រាបជាបន្តបន្ទាប់ដែរ ប៉ុន្តែប៉ុណ្ណឹង យើងគិតថាវាមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ បាទ! ព្រោះអីរឿងដែលសំខាន់នោះគឺ ដូចជាការកម្រិតខាងអន្តោប្រវេសន៍ហ្នឹង គឺក៏ដើរតួនាទីសំខាន់ដែរ ដើម្បីគ្រប់គ្រងជនខិលខូចកុំឱ្យចូលមកក្នុងស្រុក។ សំខាន់បំផុតដើម្បីការពារកុំឱ្យជនដែលល្បីឈ្មោះខាងរកស៊ីជួញដូរមនុស្ស អាចមកបង្កើតទីតាំងនៅក្នុងស្រុកយើងបាន»។
លោកបន្តថា អំពើពុករលួយជាប្រព័ន្ធពីថ្នាក់ក្រោមដល់ថ្នាក់លើ ធ្វើឱ្យការអនុវត្តច្បាប់ និងយន្តការមិនមានប្រសិទ្ធភាព។ ដូច្នេះដើម្បីដំណើរការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព លុះត្រាតែធ្វើការកែទម្រង់អំពើពុករលួយជាប្រព័ន្ធ ការអនុវត្តគោលនយោបាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសវាយតម្លៃពីការរាយការណ៍អំពីព័ត៌មានពិតរបស់ថ្នាក់ក្រោមជាតិទៅកាន់ថ្នាក់លើ។
លោកបណ្ឌិត មាស នី លើកឡើងថា៖ «នៅស្រុកយើងនេះ បញ្ហាមួយដែលមិនទាន់ដោះស្រាយឱ្យហើយនោះគឺ ជួនកាលយើងមានច្បាប់ច្រើន យន្តការច្រើន ប៉ុន្តែការអនុវត្តយន្តការ វាមិនសូវមានប្រសិទ្ធភាព ដោយសារបញ្ហាទាក់ទងនឹងការពុករលួយជារឿងសំខាន់។ ហើយប្រសិនជាពុករលួយនេះវាទៅជាប្រព័ន្ធ បានន័យថាអំពើពុករលួយនោះត្រូវបានគេយកមកប្រើដើម្បីចិញ្ចឹមគ្នារស់ ពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ប្រព័ន្ធនេះចាំបាច់ត្រូវធ្វើកំណែទម្រង់»។
លោក បន្ថែមថា៖ «រឿងដំណើរការនៃការអនុវត្តច្បាប់ក្នុងប្រទេសនីមួយៗ វាដំណើរការបាន លុះត្រាតែប្រព័ន្ធហ្នឹងធ្វើការស្រុះជើងគ្នា ស្រុះដៃគ្នា បានន័យថាបំពេញការងារជាប្រព័ន្ធ ធ្វើម៉េចកុំឱ្យទាល់តែថ្នាក់លើស្រែកមក ទើបបាននាំគ្នាធ្វើមួយប្រាវទៅ ហើយក៏ស្ងាត់ទៅវិញ។ ហើយអ្វីៗប្រឹងតែថ្នាក់លើទៅ តែថ្នាក់ក្រោមជាតិគិតតែធ្វើយ៉ាងម៉េចប្រមូលតែផលប្រយោជន៍ ធ្វើឱ្យតែមួយគ្រប់ៗល្អមើលហើយក៏ឈប់ គេហៅថា ការអនុវត្តគោលនយោបាយតាមបែបភ្លៀងរលឹម ដែលវាអត់ដំណើរការ។ ហើយក៏ត្រូវមានការចុះវាយតម្លៃផងដែរ កុំឱ្យចាំតែការរាយការណ៍ពីថ្នាក់ក្រោមទៅ ជួនកាលរាយការណ៍តែរឿងល្អៗទៅ តែរឿងអាក្រក់ៗរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវ។»
បញ្ជាក់ផងដែរថា កាលពីខែកក្កដា ឆ្នាំ២០២២ កម្ពុជាត្រូវបានដាក់បញ្ចូលក្នុងចំណាត់ថ្នាក់កម្រិតទី៣ ក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក បន្ទាប់ពីការទប់ស្កាត់បទល្មើសជួញដូរមនុស្សមិនទាន់មានប្រសិទ្ធភាព៕