សង្គម​ស៊ីវិល​ និង​អ្នក​វិភាគ​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត​ដើម្បី​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស ពួក​គេ​លើក​ឡើង​ថាដើម្បី​ដំណើរ​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ លុះ​ត្រា​តែ​រដ្ឋាភិបាល​ធ្វើ​ការ​កែ​ទម្រង់​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ ការ​អនុវត្ត​គោល​នយោបាយ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ជាពិសេស​វាយ​តម្លៃ​ពី​ការ​រាយការណ៍​អំពី​ព័ត៌មាន​ពិត​របស់​ថ្នាក់​ក្រោម​ជាតិ​ទៅ​កាន់​ថ្នាក់​លើ។​​

យោង​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​មហាផ្ទៃ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ក្រសួង​បាន​រៀប​​ចំ​កម្មវិធី​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​លើក​ទី​១៦​ ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ក្រោម​ប្រធាន​បទ​ «​រួម​គ្នា​លុប​បំបាត់​អំពើ​ជួញ​ដូរ​មនុស្ស​ ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​ជាតិ​ប្រកប​ដោយ​ចីរភាព​»​ ធ្វើ​ឡើង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង​៣០០០​នាក់​។

ការ​ចុះ​ផ្សាយ​ដដែល​បាន​បន្តថា​ លោក​ស្រី​ ជូ​ ប៊ុន​អេង​ រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ (គ.ជ.ប.ជ) បាន​លើក​ឡើង​ថា​ នៅ​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​២០២២​ ស្ថាន​ភាព​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​មាន​ភាព​ល្អ​ប្រសើរ​ ដោយ​អត្រា​នៃ​បទល្មើស​ បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០២១​។

លោកស្រី​ បន្ថែម​ថា​ នៅ​ពេល​ដែល​ស្ថានភាព​ទូទៅ​ បាន​រៀបរយ​ល្អ​ប្រសើរ​ ប៉ុន្តែ​បែរ​ជា​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ ជួញ​ដូរ​ពលកម្ម​ និង​អាជីវកម្ម​ផ្លូវ​ភេទ​ បាន​បំលែង​ខ្លួន​ទៅ​ជា​បទ​ល្មើស​ថ្មីៗ​ទៀត​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បង្ក​ឡើង​ដោយ​ឧក្រិដ្ឋជន​មួយ​ចំនួន​ ដែល​សម្ងំ​លាក់​ខ្លួន​ប្រព្រឹត្ត​បទ​ល្មើស​ ក្នុង​អាជីវកម្ម​បន្លំ​ភ្នែក​ ដោយ​ប្រើប្រាស់​ឱកាស​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​នឹង​កំពុង​ផ្តល់​ឱ្យ​សម្រាប់​ការវិនិយោគ​ ដើម្បី​ការ​អភិវឌ្ឍ​ នៅ​ក្នុង​តំបន់​ប៉ូល​សេដ្ឋកិច្ចធំៗ​ដូចជា​ ខេត្ត​ព្រះសីហនុ​ រាជធានីភ្នំពេញ​  និង​បណ្តា​ខេត្ត​មួយ​ចំនួនទៀត​ ទៅ​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​សិទ្ធិមនុស្ស​។

ជាង​នេះ​ទៅ​ទៀត​ លោក​ស្រី​ ជូ​ ប៊ុន​អេង​ បាន​លើក​ឡើង​ថា​ ឧក្រិដ្ឋជន​ ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ឃោរឃៅ​ទៅ​លើ​ជនរង​គ្រោះ​ ដោយ​ពលកម្ម​ដោយ​បង្ខំ​ ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ការ​អូសទាញ​ជនងាយ​រង​គ្រោះ​ពី​ក្រៅ​ប្រទេស​ ដើម្បី​បង្ខំ​ឱ្យ​បម្រើ​សកម្មភាព​ឆបោក​ខុសច្បាប់​ និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​ ដែល​ភាគ​ច្រើន​ប្រព្រឹត្ត​ដោយ​ជនបរទេស​ទៅ​លើ​ជនបរទេស​ដូចគ្នា​​ និង​មាន​បណ្តាញ​ទាក់ទង​គ្នា​យ៉ាង​សកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ ​អនឡាញ​ ប្រទាក់​ក្រឡា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ផងដែរ​។

ជា​មួយ​គ្នា​នោះ​ផង​ដែរ​ លោក​ ស​ ខេង​ នាយករដ្ឋ​មន្ដ្រី​ស្ដីទី​ បាន​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​គ្រប់​សមាសភាព​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ ដែល​មាន​ក្រសួង​ ស្ថាប័ន​ និង​បណ្តា​ទី​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​ អង្គការ​ដៃ​គូអន្តរជាតិ​ អង្គការ​សង្គមស៊ីវិល​ក្នុង​ស្រុក​ ព្រម​ទាំង​វិស័យ​ឯកជន​ ដែល​បាន​ខិត​ខំប្រឹងប្រែង​រួមគ្នា​ ដើម្បី​បង្ការ​ ទប់​ស្កាត់​ និង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​គ្រប់ទម្រង់​ ព្រម​ទាំង​ផ្ដល់​កិច្ចការពារ​ជនរង​គ្រោះ​ និង​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ សម្រាប់​ប្រជាពលរដ្ឋ​តាមសហគមន៍​ និង​ជន​ទេសន្តរ​ប្រវេសន៍​ ដែល​គ្មាន​សុវត្ថិភាព​។

ឱកាស​នោះ​ លោក​ ស​ ខេង​ បាន​លើក​ឡើង​ថា​ រដ្ឋាភិបាលបាន​ដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដូច​ជា​ ប្រតិបត្តិការ​ដើម្បី​រុករក​ បង្រ្កាប​ និង​បោស​សំអាត​បទល្មើស​ជួញ​ដូរ​មនុស្ស​គ្រប់​ទម្រង់​ និង​បទ​ល្មើស​ពាក់​ព័ន្ធ​ដទៃទៀ​ត តាម​វិធាន​ការ​ច្បាប់​រហូត​ធ្វើ​ឱ្យ​កម្ពុជា​វិល​ត្រឡប់​មក​រក​ស្ថានភាព​សុវត្ថិភាព​ និង​សន្តិសុខ​ជា​ប្រក្រតីឡើង​វិញផងដែរ​។​ ជាងនេះ​ទៅទៀត​ លោក​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​គ្រប់វិស័យ​ពាក់ព័ន្ធ​ជាតិ​ និង​អន្តរជាតិ​ បន្ត​រិះរក​នូវ​វិធាន​ការ​ជា​គន្លឹះ​នានា​ និង​រួមសហការ​គ្នា​ជាធ្លុងមួយ​ ធ្វើ​សកម្មភាព​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ក្នុងការ​ «បង្ការ​ បង្ក្រាប​ ផ្តន្ទាទោស​ សង្គ្រោះ​ ការពារ​ ដើម្បី​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ គ្មាន​អំពើ​ជួញដូរ​មនុស្ស​»​។

ជុំ​វិញ​រឿង​នេះ​ដែរ​ លោក​ អំ​ សំអាត​ នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ​ បាន​លើក​ឡើង​​ថា​ លោក​ក៏​មាន​ការ​យល់​ស្រប​ថា​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​នៅ​ឆមាស​ទី​២​នេះ​ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​កម្ពុជា​ក៏​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​មិន​ល្អ​ទាក់​ទង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ បូក​រួម​ជាមួយ​បរិបទ​កូវីដ​-១៩​ ដែល​កំពុង​រីករាល​ ទើប​ជា​ឱកាស​ល្អ​សម្រាប់​ឧក្រិដ្ឋជន​ធ្វើ​ការ​ជួញដូរ​មនុស្ស​នៅ​គ្រប់​ទម្រង់​រូបភាព​ ហើយ​ការ​ជួញ​ដូរ​មនុស្ស​ទាំង​នោះ​​វិវត្តន៍​ខ្លួន​តាម​បែប​បច្ចេកវិទ្យា​ទំនើប​ ទាំង​​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ និងការ​ជួញ​ដូរ​ផ្លូវ​ភេទ​។​

លោក​ អំ​ សំអាត​ បាន​លើក​ឡើង​ថា​៖​ «​ខ្ញុំ​យល់​ថា​អ៊ីចេះ​ទេ​ វា​អាច​នឹង​មាន​ការ​ថយ​ចុះ​ខ្លះ​មែនដោយ​សារ​តែ​នៅ​ឆមាស​ទី​២​នេះ​ រាជរដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បង្រ្កាប​ការ​ជួញ​ដូរ​មនុស្ស​ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា​ប្រទេស​កម្ពុជា​យើង​នៅ​ក្នុង​ឆ្នាំ​នេះ​ ទីមួយ​ បើ​យើង​មើល​ទៅ​លើ​ចំណាត់​ថ្នាក់​របស់​សហរដ្ឋ​អាមេរិក​ ហើយ​ក៏ជា​ដៃ​គូ​នៃ​ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកទេស​ និង​ជំនាញ​ការ​ជួញ​ដូរ​មនុស្ស​ដែរ​នោះ​ បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​យើង​ទៅ​ដល់​លេខ​៣​ ដែល​ជាចំណាត់​ថ្នាក់​មួយ​មិន​ល្អ​សម្រាប់​ការ​ជួញ​ដូរ​មនុស្ស​»។

លោក​ អំ​ សំអាត​ បន្ថែម​៖ «ហើយ​ក្រោយ​ពី​បញ្ហា​ហ្នឹង​មក​ គឺ​រាជរដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ប៉ុន្តែ​ដោយ​សារ​តែ​យើង​ដឹង​ហើយ​ការ​ជួញដូរ​មនុស្ស​ហ្នឹង​វា​មាន​ការ​វិវត្តន៍​ខ្លាំង​ ឥឡូវ​ហ្នឹង​វា​ទៅ​តាម​ប្រព័ន្ធបច្ចេកវិទ្យា​ដូចជា​ គេហៅ​ថា​ Cyber Crime  វា​បង្កើត​ទៅ​ជា​ការ​វិវត្តន៍​ខ្លួន​តាម​បែប​បច្ចេកវិទ្យា​ទំនើបមួយ​ដែល​ជា​ការ​ជួញ​ដូរ​ទាំង​កម្លាំង​ពលកម្ម​ ឬក៏​ជួញ​ដូរ​ផ្លូវ​ភេទ​ ហើយ​វា​ទាក់​ទង​នឹង​បរិបទ​កូវីដ​-១៩​ កំពុង​រីករាល​ដាល​ជាដើម​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​យើង​ជា​ឱកាស​ល្អ​សម្រាប់​ឧក្រិដ្ឋជន​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​គ្រប់​ទម្រង់​រូបភាព​ហ្នឹង​»។

លោក​ថា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ រដ្ឋាភិបាល​ និង​ភាគី​ពាក់​ព័ន្ធ​គួរ​តែ​ពង្រឹង​សមត្ថភាព​ដល់​សមត្ថកិច្ច​ដែល​អនុវត្ត​ច្បាប់​ ការ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ជិត​ខាង​ ប្រទេស​ក្នុង​តំបន់​ និង​អន្តរជាតិ​ ដើម្បី​កំណត់​មុខ​សញ្ញា​នៃ​ឧក្រិដ្ឋ​ជន​ ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ ការ​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ឱ្យ​មាន​ប្រសិទ្ធភាព​។

ស្រដៀង​គ្នា​នេះ​ដែរ​​អ្នក​ស្រាវ​ជ្រាវ​ និង​វិភាគ​ឯករាជ្យ​ លោក​បណ្ឌិត​ មាស​ នី​ សង្កេត​ឃើញ​ថា​ កម្ពុជា​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ លោក​ថា​វិធាន​ការ​នាពេល​បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​ ​លោកជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ខិត​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​ទប់​ស្កាត់​​ជន​ខិល​ខូច​ទាំង​ឡាយ​ណា ​ក្នុង​ការ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​​។

លោក​បណ្ឌិត​ មាស​ នី​  ​លើក​ឡើង​ថា​៖ «ខ្ញុំ​ឃើញ​ទាំង​ក្រសួង​មហាផ្ទៃ​ ទាំង​រដ្ឋាភិបាល​ដូច​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​ច្រើន​ ទាក់​ទង​ទៅ​នឹង​ការ​គ្រប់គ្រង​ការ​ជួញ​ដូរ​មនុស្ស​ ហើយ​ក៏មាន​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់​ដែរ​ ប៉ុន្តែប៉ុណ្ណឹង​ យើង​គិត​ថា​វា​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ​ បាទ!​ ព្រោះ​អី​រឿង​ដែល​សំខាន់​នោះ​គឺ​ ដូច​ជា​ការ​កម្រិត​ខាង​អន្តោប្រវេសន៍​ហ្នឹង​​ គឺ​ក៏​​ដើរ​តួនាទី​សំខាន់​ដែរ​ ដើម្បី​គ្រប់គ្រង​ជន​ខិលខូច​កុំ​ឱ្យ​ចូល​មក​ក្នុង​ស្រុក​។ សំខាន់​បំផុត​ដើម្បី​ការពារ​កុំ​ឱ្យ​ជន​ដែល​ល្បីឈ្មោះ​ខាង​រក​ស៊ី​ជួញ​ដូរ​មនុស្ស​ អាច​មក​បង្កើត​ទីតាំង​នៅ​ក្នុង​ស្រុក​យើង​បាន»​។

លោក​បន្ត​ថា​ អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​លើ​ ធ្វើ​ឱ្យ​ការ​អនុវត្ត​ច្បាប់​ និង​យន្តការ​មិន​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ដើម្បី​ដំណើរ​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ លុះ​ត្រា​តែ​ធ្វើ​ការ​កែ​ទម្រង់​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ ការ​អនុវត្ត​គោល​នយោបាយ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ជាពិសេស​វាយ​តម្លៃ​ពី​ការ​រាយការណ៍​អំពី​ព័ត៌មាន​ពិត​របស់​ថ្នាក់​ក្រោម​ជាតិ​ទៅ​កាន់​ថ្នាក់​លើ​។

លោកបណ្ឌិត​ មាស​ នី​ លើក​ឡើង​ថា​៖ «នៅ​ស្រុក​យើង​នេះ​ បញ្ហា​មួយ​ដែល​មិន​ទាន់​ដោះស្រាយ​ឱ្យ​ហើយ​នោះ​គឺ​ ជួនកាល​យើង​មាន​ច្បាប់​ច្រើន​ យន្តការ​ច្រើន​ ប៉ុន្តែ​ការ​អនុវត្ត​យន្តការ​ វា​មិនសូវ​មាន​ប្រសិទ្ធភាព​ ដោយ​សារ​បញ្ហា​ទាក់ទង​នឹង​ការ​ពុករលួយ​ជា​រឿង​សំខាន់​។ ហើយ​ប្រសិន​ជា​ពុករលួយ​នេះ​វា​ទៅ​ជា​ប្រព័ន្ធ​ បាន​ន័យ​ថា​អំពើ​ពុករលួយ​នោះ​ត្រូវ​បាន​គេ​យក​មក​ប្រើ​ដើម្បី​ចិញ្ចឹម​គ្នា​រស់​ ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​លើ​ ប្រព័ន្ធ​នេះ​ចាំ​បាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់​»។

លោក​ បន្ថែម​ថា​៖ «រឿង​ដំណើរ​ការ​នៃ​ការ​អនុវត្ត​ច្បាប់​ក្នុង​ប្រទេស​នីមួយៗ​ វា​ដំណើរ​ការ​បាន​ លុះត្រា​តែ​ប្រព័ន្ធ​ហ្នឹង​ធ្វើ​ការ​ស្រុះ​ជើង​គ្នា​ ស្រុះ​ដៃ​គ្នា​ បាន​ន័យ​ថា​បំពេញ​ការងារ​ជា​ប្រព័ន្ធ​ ធ្វើ​ម៉េច​កុំ​ឱ្យ​ទាល់​តែ​ថ្នាក់​លើ​ស្រែក​មក​ ទើប​បាន​នាំ​គ្នា​ធ្វើ​មួយ​ប្រាវ​ទៅ​ ហើយ​ក៏​ស្ងាត់​ទៅ​វិញ​។ ហើយ​អ្វីៗ​ប្រឹង​តែ​ថ្នាក់​លើ​ទៅ​ តែ​ថ្នាក់​ក្រោម​ជាតិ​គិត​តែ​ធ្វើ​យ៉ាង​ម៉េច​ប្រមូល​តែ​ផលប្រយោជន៍​ ធ្វើ​ឱ្យ​តែ​មួយគ្រប់ៗ​ល្អ​មើល​ហើយ​ក៏​ឈប់​ គេ​ហៅ​ថា​ ការ​អនុវត្ត​គោលនយោបាយ​តាម​បែប​ភ្លៀង​រលឹម​ ដែល​វា​អត់​ដំណើរការ​។ ហើយ​ក៏​ត្រូវ​មាន​ការ​ចុះ​វាយ​តម្លៃ​ផងដែរ​ កុំ​ឱ្យ​ចាំ​តែ​ការ​រាយការណ៍​ពី​ថ្នាក់​ក្រោម​ទៅ​ ជួន​កាល​រាយការណ៍​តែ​រឿង​ល្អៗ​ទៅ​ តែ​រឿង​អាក្រក់ៗ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​។»

បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២២​ កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ចំណាត់​ថ្នាក់​កម្រិត​ទី​៣​ ក្នុង​របាយការណ៍​ជួញ​ដូរ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២២​ របស់​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​ការ​ទប់​ស្កាត់​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​មិនទាន់​មាន​ប្រសិទ្ធភាព​៕