អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​គាំ​ទ្រ​ឱ្យ​មាន​ការ​ឈប់​សម្រាកថ្ងៃ​ទី១៤​ ធ្នូ​ ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​​បណ្ដុះ​បណ្ដាល​គំនិត​ប្រជាជន​ខ្មែរ​​ តាម​សាលារៀន​ តាម​វត្ត​អារាម​ និង​ទី​កន្លែង​ផ្សេងៗ​ទៀត​ លោក​ថា​ប្រជាជន​​គប្បី​យក​ចិត្ត​ទុក​ដាក់​គិតអំពីសម្បតិ្ត​​បេតិកភណ្ឌ​ពិភព​លោក​ ដោយ​មិន​មែន​គ្រាន់​តែ​ដក​ដង​ទង់​ជាតិ​ហូត​ ហើយ​​មិន​នាំ​គ្នា​គិត​ មិន​នាំ​គ្នា​រៀន​ នាំ​គ្នា​ផឹក​ស្រវឹង​ នាំ​គ្នា​ដើរផ្ដេស​ផ្ដាស់​នោះទេ​។

យោង​តាម​ការ​ចុះ​ផ្សាយ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ របស់​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ បាន​បង្ហាញ​ថា​ លោក​មាន​ការ​អបអរ​សាទរ​ចំពោះ​ខួប​លើក​ទី​៣០​ឆ្នាំ​ នៃ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​។ 

លោក​ថា​ នេះ​គឺ​ជា​ការ​រំឮក​ស្មារតី​កូន​ខ្មែរ​គ្រប់រូប​ឱ្យ​ចេះ​ស្រឡាញ់​ និង​ចូលរួម​ថែ​រក្សា​បេតិកភណ្ឌ​ ជា​ពិសេស​គឺ​ សម្តែង​នូវ​ការ​ដឹង​គុណ​ដ៏​ជ្រាលជ្រៅ​ដល់​បុព្វបុរស​ខ្មែរ​ដែល​បាន​ពលិកម្ម​ ដើម្បី​បុព្វហេតុ​អារ្យធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​នា​សម័យ​អតីតកាល​ និង​ការ​តស៊ូ​ជា​បន្ត​បន្ទាប់​របស់​ថ្នាក់​ដឹកនាំ​ប្រទេស​ក្នុង​ការ​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ​ក្នុង​ការពារ​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​របស់​ជាតិ​ និង​ពិភពលោក​ទាំងមូល​ ហើយ​ររដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​យ៉ាងមុតមាំ​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​មួយ​ដ៏​អស្ចារ្យ​នេះ​។​

លោក​បន្ថែម​ថា​ បច្ចុប្បន្ន​អង្គរវត្ត​បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​ដោយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រាប់លាន​នាក់​មក​ទស្សនា​ និង​បាន​ស្គាល់​ពី​សម្បតិ្ត​វប្បធម៌​របស់​ប្រទេស​កម្ពុជា​​។​ ​ក្រោយ​ពី​ការ​ដាក់​បញ្ចូល​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ចូល​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​សន្និ​សីទ​អន្តរជាតិ​មួយ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទី​ក្រុង​តូក្យូ​ចាប់​ពី​ថ្ងៃ​ទី​ ១២​-១៣​ ខែ​តុលា​ ឆ្នាំ​១៩៩៣​ ក្រោម​ការ​ផ្តួចផ្តើម​គំនិត​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​បារាំង​ និង​អង្គការ​យូណេស្កូ​ដើម្បី​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​នានា​ជា​ប្រយោជន៍​ដល់​កិច្ចការពារ​អភិរក្ស​ និង​អភិវឌ្ឍន៍​រមណីយ​ដ្ឋានអង្គរ​។​

​ដើម្បី​សម្រេច​គោលដៅ​នេះ​ ​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​ហៅ​កាត់​ថា​ អាយ​ស៊ី​ស៊ី​អង្គរ​ ត្រូវ​បាន​បង្កើត​ឡើង​នា​ខែ​ធ្នូ​ ឆ្នាំ​១៩៩៣​។

ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ សំបូរ​ ម៉ាន់​ណារ៉ា​ អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​ យល់​ឃើញ​ថា​ ការ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោកគឺ​ ដើម្បី​ឱ្យ​ពិភព​លោក​ជួយ​គាំពារ​ ជួយ​ការ​ពារ​ និង​ការ​ជួយ​គ្រប់​គ្រង​ផងដែរ​។ លោក​បន្ថែម​ថា​នៅ​ឆ្នាំ​១៩៩២​ ប្រទេស​កម្ពុជា​បាន​ជួប​វិបត្តិ​ច្រើន​ ទាំង​សង្គ្រាម​ សេដ្ឋកិច្ច​ ទំនាស់​នយោបាយ​ផ្ទៃ​ក្នុង​ ដូច្នេះ​ទាំង​នេះ​ជាមូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​បារម្ភ​អំពី​បេតិកភណ្ឌ​ជាតិ​របស់​កម្ពុជា​។

លោក​ សំបូរ​ ម៉ាន់​ណា​រ៉ា​ បាន​លើក​ឡើង៖​ «កាល​ណា​តែ​យើង​និយាយ​អំពី​ការ​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ មនុស្ស​មួយ​ចំនួន​គេ​គិត​ថាយើង​ឈប់​គិត​គូរ​ពី​របស់​យើង​ យើង​បែរ​ជាផ្ដល់​ឱ្យ​ទៅ​គេ គឺ​ឱ្យ​អន្តរជាតិ​។ ប៉ុន្តែ​ទស្សនៈ​នេះ​សម្រាប់​ខ្ញុំ​គិត​ថា​ខុស​ឆ្គង​ កាល​យើង​ដាក់​ជា​បេតិកភណ្ឌ​ពិភពលោក​ក្នុង​បញ្ជី​នេះ​ ដើម្បី​ពិភព​លោក​ជួយ​គាំ​ពារ​ ជួយ​ការពារ​ ក៏ដូច​ជា​​ជួយ​គ្រប់គ្រងដែរ​​ ពីព្រោះ​ហេតុ​អី​? ដោយ​សារ​តែ​ប្រទេស​យើង​កាល​ណោះ​ឆ្នាំ​១៩៩២​ យើង​កំពុង​តែ​ជួប​វិបត្តិ​ច្រើន​ ហើយ​អ្វី​ដែល​ជា​វិបត្តិ​នោះ​គឺ​ សង្គ្រាម​ផង​ ទុរ្ភិក្ស​ខាង​សេដ្ឋកិច្ច​ផង​ ទំនាស់​នយោបាយ​ផ្ទៃ​ក្នុង​ក៏មាន​ដែរ​។ អ៊ីចឹង​ចលាចល​ទាំង​អស់​ហ្នឹង​ នាំ​ឱ្យ​យើង​បារម្ភ​ អំពី​បេតិកភណ្ឌ​ជាតិ​របស់​យើង​ដ៏​អស្ចារ្យ​»។

លោក​ សំបូរ​ ម៉ាន់​ណា​រ៉ា​ បាន​បន្ត​ថាការ​ដាក់​បញ្ចូល​រមណីយ​​ដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​បាន​ផ្ដល់​នូវ​តម្លៃ​បី​ ទី​មួយ​បណ្ដុះ​បណ្ដាល​កូន​ចៅ​ជំនាន់​ក្រោយ​ឱ្យ​រៀន​សូត្រ​អំពី​ប្រាសាទ​អង្គរវត្ត​ ទី​ពីរ​រដ្ឋា​ភិបាល​​យក​ចិត្ត​ទុក​ដាក់​បង្កើត​ទៅ​ជា​ទី​កន្លែង​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដែល​មាន​តម្លៃ​អន្តរជាតិ​អំពី​ស្នាដៃ​បុព្វ​បុរសខ្មែរ​ ​និង​ការ​ទទួល​បាន​ចំណូល​ដើម្បី​អភិវឌ្ឍន៍​សង្គម​ ទី​បី​ការ​រៀប​ចំឱ្យ​មានហេដ្ឋារចនា​សម្ព័ន្ធ​ដើម្បី​ឱ្យ​មាន​​ដំណើរ​វិវត្តន៍នៅ​ក្នុង​តំបន់​អង្គរ​ និង​ការ​ការពារ​កុំ​ឱ្យ​បាត់​បង់នូវ​កន្លែង​សក្ការៈ​បូជា​ផង​ដែរ​។

លោក​បន្ត​លើក​ឡើង​ថា​៖​ «បើ​សិន​ជា​យើង​ឈប់​នៅ​ថ្ងៃ​ទី​១៤​ ធ្នូ​ ជា​រៀង​រាល់​ឆ្នាំ​ ខ្ញុំ​យល់​ស្រប​ និង​គាំទ្រ​ទាំងអស់​ ប៉ុន្តែ​យើង​ត្រូវ​បណ្ដុះ​បណ្ដាល​គំនិត​ តាម​សាលារៀន​ តាម​វត្ត​អារាម​ ឬ​ក៏​តាម​ទី​តាំង​ទាំង​ឡាយ​ណា​ទាំង​អស់​ ហើយ​យក​ចិត្ត​ទុក​ដាក់​គិត​ពី​រឿង​ហ្នឹង​ មិន​មែន​គ្រាន់​តែ​ដក​ដង​ទង់​ជាតិ​ហូត​ ហើយ​យើង​មិន​នាំ​គ្នា​គិត​ មិន​នាំ​គ្នា​រៀន​ នាំ​គ្នា​ផឹក​ស្រវឹង​ នាំ​គ្នា​ដើរផ្ដេស​ផ្ដាស់​ មាន​ប្រយោជន៍​អី?»។​​

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​រមណីយដ្ឋាន​អង្គរ​កាល​ទី​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ បង្ហាញ​ថា​ នៅ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ចំនួន​ភ្ញៀវ​ទេស​ចរបរទេស​ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ ៥៥ ​៨៤២នាក់​ ទទួល​បាន​ចំណូល​ ២ ២៥១​ ០៤៩​ដុល្លារ​។

ប្រភព​ដដែល​បន្ត​ថា​រយៈ​ពេល​១១​ខែ​ ឆ្នាំ​២០២២​នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​សរុប​ ២២៥ ១៩១​ នាក់​ ទទួល​បាន​ចំណូល​សរុប​ ៩ ០១២ ៨៥២ដុល្លារ។​

គូស​បញ្ជាក់​ថា​ រមណីយដ្ឋាន​អង្គរ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​ កាល​ពី​ឆ្នាំ​១៤​ ខែ​ធ្នូ​ ឆ្នាំ​១៩៩២​ នា​ទី​ក្រុង​សាន់​តាហ្វេ​ សហរដ្ឋអាមេរិក​។​ តំបន់​ឧទ្យាន​អង្គរ​មិនមែន​សំដៅ​តែ​ទៅ​លើ​ប្រាសាទ​អង្គរវត្ត​តែ​មួយ​នោះ​ទេ​ តែ​សំដៅ​លើ​រមណីយដ្ឋាន​អង្គរ​ទាំង​មូល​ ក្នុង​នោះ​រួមបញ្ចូល​ទាំង​ប្រាសាទ​បុរាណ​ដ្ឋាន​ស្ថានីយ​បុរាណ​វិទ្យា​ បរិស្ថាន​ និង​សហគមន៍​មនុស្ស​ផង​ដែរ ​ដែល​មាន​ផ្ទៃ​ក្រឡា​សរុប​ ៤០១​ គីឡូ​ម៉ែត្រ​ក្រឡា​។ នៅ​ក្នុង​រមណីយ​ដ្ឋាន​អង្គ​រទាំងមូល​មាន​ប្រាសាទ​ជិត ​១០០​ ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​៕