សត្វ​ក្រៀល​ចំនួន​២៦ក្បាល​ មាន​វត្ត​មាន​នៅ​តំបន់​ការពារ​ទេស​ភាព​បឹង​ព្រែក​ល្ពៅ​ ខេត្ត​តាកែវ​ ដោយ​ស្ថិត​ក្រោម​​ការ​តាម​ដាន​របស់​ក្រសួង​បរិស្ថាន ​និងកំពុង​​សហការ​ជា​មួយ​អង្គការ​ជីវិត​ធម្ម​ជាតិ​នៅ​កម្ពុជា​ ដើម្បី​ការ​ពារ​ទី​ជម្រក​សត្វ​​ដែល​កំពុង​រង​គ្រោះ​ជិត​ផុត​ពូជ​នេះ​។

យោង​តាម​ការ​ផ្សាយ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​បរិស្ថាន​ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ ឆ្នាំ​២០២២ បញ្ជាក់​ថា លទ្ធ​ផល​ជំរឿន​សត្វ​ក្រៀល​ឆ្នាំ​២០២២ ​កម្ពុជា​មាន​សត្វ​ក្រៀល​ចំនួន១៩៤​ក្បាល​ នៅ​ឆ្នាំ​២០២១​ ហើយ​មាន​ការ​ធ្លាក់​ចុះ​នៅ​សល់​ត្រឹម​១៦៤​ក្បាល​។ ក្រសួង​បន្ថែម​ថា​ ​មក​ដល់​ឆ្នាំ​២០២២​នេះ​ របាយ​ការណ៍​បណ្ដោះ​អាសន្ន​បង្ហាញ​ថា​ ចំនួន​សត្វ​ក្រៀល​បាន​​បន្ត​ធ្លាក់​ចុះ​សល់​ត្រឹម​ជាង​ ១៥០​ក្បាល​ប៉ុណ្ណោះ​។

ក្នុង​សារ​របស់​ក្រសួង​បរិស្ថាន​​ដដែល​បញ្ជាក់​ថា​ សត្វ​ក្រៀល​តែង​បង្ហាញ​វត្តមាន​នៅចំនួន​ ៣​​ទីតាំង​ គឺ​នៅ​អាង​ត្រពាំង​ថ្ម​ ខេត្ត​បន្ទាយ​មាន​ជ័យ​ តំបន់​ការ​ពារ​ទេស​ភាព​អន្លង់​ព្រីង​ ខេត្ត​កំពត​ និង​តំបន់​ការ​ពារ​ទេស​ភាព​បឹង​ព្រែក​ល្ពៅ​ ខេត្ត​តាកែវ​ ដើម្បី​រក​ចំណី​បន្ត​រស់​នៅ​ក្នុង​តំបន់​ដី​សើម​ដែល​សម្បូរ​​ចំណី​ពី​ខែ​ធ្នូ ​ដល់​ខែ​កុម្ភៈ​ រៀង​រាល់​ឆ្នាំ​ ខណៈ​រដូវ​ពង​កូន​សត្វ​ក្រៀល​នឹង​ផ្លាស់​ទី​ទៅ​តំបន់​ព្រៃ​របោះ​ក្នុង​ខេត្ត​ព្រះ​វិហារ​ រតន​គិរី​ និង​មណ្ឌល​គិរី​វិញ​។

បើតាម​ក្រសួង​បរិស្ថាន យោង​តាម​ការ​សិក្សា​របស់​អ្នកជំនាញ​ ​ចំនួន​សត្វ​ក្រៀល​នៅ​លើ​ពិភព​លោក​សព្វ​ថ្ងៃ​នេះ ​មាន​ចន្លោះ​ពី១៣,០០០ ​ទៅ១៥,០០០ក្បាល ​ដែល​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​អូស្ត្រាលី ​វៀតណាម ​ឡាវ​និង​កម្ពុជា​។ សត្វ​ក្រៀល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ ថែម​ទាំង​មាន​ឆ្លាក់​ជាប់​នឹង​ផ្ទាំង​ថ្ម​ប្រាសាទ​បាយ័ន​ ខេត្ត​សៀម​រាប​ទៀត​ផង​។

ក្នុង​សារ​​របស់​ក្រសួង​បរិស្ថាន​ដដែល​បន្ថែម​ថា​ ក្រសួង​បរិស្ថាន​កំពុង​ធ្វើ​ការ​ជា​មួយ​អង្គការ​ដៃ​គូ​ ដើម្បី​អភិរក្ស​សត្វ​ក្រៀល​និង​ទី​ជម្រករបស់​ពួក​វា​​ ដោយ​មាន​មន្រ្តី​ឧទ្យានុរក្ស​ចុះ​ល្បាត​ជា​ប្រចាំ​កន្លែង​ដែល​សត្វ​ក្រៀល​រស់​នៅ​៕​