កម្ពុជា​បាន​ទទួល​ហិរញ្ញប្បទាន​២៧៤​លាន​ដុល្លារ​អាមេរិក​ពី​សមាគម​អភិវឌ្ឍន៍​អន្តរ​ជាតិ​ (IDA) ដែល​ជា​មូលនិ​​ធិ​របស់​ធនាគារ​ពិភព​លោក​​ ដើម្បី​ជួយ​ដល់​កំណែ​ទម្រង់​សម្រាប់​ជំរុញ​កំណើន​ និង​ពង្រឹង​ភាព​ធន់​របស់​កម្ពុជា​ឡើង​វិញ ​បន្ទាប់​ពី​ប៉ះ​ទង្គិច​នឹង​ជំងឺ​រាត​ត្បាត​កូវីដ១៩។

យោង​តាមប្រកាស​ព័ត៌មាន​​​របស់​ធនាគារ​ពិភព​លោក​ ចេញ​នៅ​ថ្ងៃ​ទី២១​ ខែ​ធ្នូ​ ឆ្នាំ២០២២​​បាន​ឱ្យ​ដឹង​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​​បាន​រង​ការ​ខូច​​ខាត​​ធ្ងន់​ធ្ងរ​ពី​សំណាក់​​ជំងឺ​រាត​ត្បាត​កូវីដ​​១៩​ ដោយ​​​ធ្វើ​​ឱ្យ​​ផលិត​ផ​ល​ក្នុង​ស្រុ​ក​សរុប​បាន​ធ្លាក់​ចុះ​ដល់​​ ៣,១​ ភាគ​រយ​ ក្នុង​ឆ្នាំ​​២០២០​ ដែល​ជា​ការធ្លាក់​ចុះ​ដ៏​ខ្លាំង​​លើក​ដំបូង​ក្នុង​​រយៈ​ពេល​​៣០​ឆ្នាំ​ចុង​​ក្រោយ​នេះ​​។

សេចក្តីប្រកាស​ព័ត៌មាន​​របស់​ធនាគារ​ពិភព​លោក​បន្ថែម​ថា​ ​ការវិភាគ​​ទិន្នន័យ​​បាន​​បង្ហាញ​ថា​ អត្រា​នៃ​ភាព​ក្រី​ក្រ​បាន​កើន​ឡើង​ចំនួន​ ២,៨​ភាគ​រយ​ ដោយ​​រុញ​​មនុស្ស​​ប្រហែល​ ៤៦០,០០០​នាក់​ ឱ្យ​​ធ្លាក់​ក្នុង​ភាព​ក្រី​ក្រ​វិញសម្រាប់​កម្ពុជា​​​។

រដ្ឋា​ភិបាលបានឆ្លើយតបយ៉ាងរហ័សថា​ បើ​ទោះ​ជា​​សេដ្ឋកិច្ច​បាន​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​២០២១​ និង​២០២២​ មែន​ក្តី​​ បរិយា​កាស​ចុះ​ខ្សោយ​​នៅ​​ខាង​ក្រៅ​មាន​ន័យ​ថា​លទ្ធភាព​​វិល​​ទៅ​​ទទួល​​បាន​​​​អត្រា​កំណើន​ដ៏​រឹង​មាំ​ដែល​ធ្លាប់​​មាន​​នៅ​​មុន​ការ​ផ្ទុះ​​ជំងឺ​​រាត​ត្បាត​ ពិត​​ជា​​នឹង​មិន​ងាយ​​រក​​បាន​​ទេ​​ ហើយ​​ប្រទេស​កម្ពុជា​​ក៏​​ងាយ​​រង​​គ្រោះ​​ខ្លាំង​​ពី​​ផល​​ប៉ះ​ពាល់​​នៃ​​ការ​​ប្រែ​ប្រួល​​អាកាស​ធាតុ​ផង​​ដែរ​​ ដោយ​​សារ​​ត្រូវ​​ប្រឈម​​នឹង​​​ទឹក​ជំនន់​ និង​​គ្រោះ​រាំង​ស្ងួត​ញឹក​ញាប់​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ក៏​បាន​ស្រង់​សម្តី​របស់​ លោក​ស្រី​ ម៉ារៀម​ សាលីម​ ប្រធាន​គ្រប់​គ្រង​​របស់​​ធនាគារ​ពិភពលោក​​ប្រចាំ​កម្ពុជា​ ក្នុង​ន័យ​ដើម​ថា៖ «ខណៈ​ដែល​​យុទ្ធ​​សាស្ត្រ​​ “រស់​​ជា​មួយ​​កូវីដ​-១៩​” បាន​​ជួយ​​ស្តារ​​សេដ្ឋកិច្ច​ឱ្យ​​ងើប​​ឡើង​​វិញ​​ក៏​ពិត​​មែន​ ប៉ុន្តែ​​កម្ពុជា​​នៅ​​តែ​​ងាយ​​​រង​​គ្រោះ​​ដោយ​សារ​​តែ​​ចរន្ត​​ធ្លាក់​​ចុះ​​នូវ​​តម្រូវ​​ការ​​ក្រៅ​ប្រទេស​​ និង​​ការ​រអាក់​​រអួល​​​នានា​​នៅ​​ក្នុង​​ខ្សែ​ចង្វាក់​​ផ្គត់​​ផ្គង់​​សកល​ នៅ​ឡើយ​។ ប្រតិបត្តិការ​របស់​ហិរញ្ញប្បទាន​នេះ​ នឹង​​ជួយ​​កម្ពុជា​​ក្នុង​​ការ​​ជំរុញ​​ភាព​​ប្រកួត​​ប្រជែង​​របស់​ផ្នែក​​​ឯកជន​, ពង្រឹង​​ស្ថាន​​ភាព​​សារពើ​ពន្ធ​របស់​ក​ម្ពុជា​ និង​ផ្តល់​​ជំនួយ​​ដល់​​ប្រ​ជា​ជន​​ងាយ​​រង​គ្រោះ​​បំផុត​​របស់​​ខ្លួន​»។ ​​

ធនាគារ​ពិភព​លោក​បាន​បញ្ជាក់​ទៀត​ថា​ ហិរញ្ញប្បទាន​នេះ​ ​ឈរ​​លើ​​​ផែន​ការ​របស់​​រដ្ឋា​ភិបាល​​សម្រាប់​​​ស្តារ​​សេដ្ឋកិច្ច​​ឡើង​វិញ​​ក្រោយ​​សម័យ​​ជំងឺ​​រាត​ត្បាត​​ ដែល​​មាន​​គោល​​បំណង​​ទូលំ​ទូលាយ​​បី​ គឺ​ការ​ស្តារ​​សេដ្ឋកិច្ច, កំណែ​ទម្រង់​ និង​​ការ​បង្កើន​ភាព​​ធន់​ និង​​បន្ថែម​​ពី​លើ​​ហិរញ្ញប្បទាន​ចំនួន​​២០០​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ Cambodia Relief, Recovery, and​ Resilience​ Development​ Policy​ Financing​ ដែល​​ត្រូវ​​បាន​​អនុម័ត​​នៅ​​ក្នុង​​ឆ្នាំ​​២០២១​៕