ក្រសួងកសិកម្ម​គ្រោងអនុវត្តឃុំចំនួន១០ ដើម្បីឆ្ពោះទៅការបង្កើត ឃុំកសិកម្មគំរូនៅទូទាំងប្រទេសដែលមានមន្រ្តីកសិកម្មនៅប្រចាំការក្នុងឃុំជួយ​ដល់​ប្រជា​កសិករ​លើបញ្ហាទីផ្សារ និងបច្ចេកទេសនៃការដាំដុះ។

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រាប់ Newsroom Cambodia នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ឃុំកសិកម្មគំរូ គឺជាឃុំ​ដែល​មាន​មន្រ្តីកសិកម្មនៅប្រចាំការក្នុងឃុំដើម្បីជួយដល់ប្រជាកសិករលើបញ្ហាទីផ្សារ និង​បច្ចេកទេស​នៃការដាំដុះ។

លោកបានបន្ថែមថា៖ «ដើម្បីក្លាយជាឃុំកសិកម្មគំរូនេះបាន ប្រជាកសិករនៅឃុំនោះត្រូវតែ​ជាឃុំដែលមានអ្នកជំនាញកសិកម្មធ្វើការប្រចាំការដើម្បីបម្រើកសិករ និងចាប់ផ្តើមពី១០ឃុំ ហើយពង្រីកបន្តបន្ទាប់ទូទាំងប្រទេស ដោយចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម​មុន​គេ។ ការបង្កើតឃុំកសិកម្មគំរូនេះ និងជួយដោះស្រាយ បញ្ហាបច្ចេកទេស ពង្រឹងការ​សហការគ្នា​រវាងកសិករ សម្របសម្រួល ដោះស្រាយបញ្ហាទីផ្សារ-ល-»។

លោក ញិល ភាព មន្ត្រីសម្របសម្រួលសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានប្រាប់ Newsroom Cambodia នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា លោកគាំទ្រ​គម្រោងនៃការ​បង្កើតឃុំ​គំរូនេះ​ប្រសិន​ជា​​ដំណើរការ​ទៅបាន​ដោយ​មានការគាំទ្រពី​រដ្ឋាភិបាល​ដោយ​មិន​ឆ្លង​កាត់​ប្រព័ន្ធនៃការគ្រប់គ្រងមានភាពស្មុគស្មាញច្រើន។

លោកបន្ថែមថា៖ «យើងអត់ដឹងទេថា បណ្ឌិត យ៉ង សាំងកុមារ គាត់​មាន​កញ្ចប់​អ្វីហើយ​គាត់​ទទួល​បាន​ការគាំទ្រ​ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ ឬ​ក៏​ក្រសួង​កសិកម្ម​ដែរ​ឬអត់ ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថាការបង្កើតឃុំកសិកម្មគំរូនឹងវាត្រូវការប្រាក់ ត្រូវការទុនច្រើន ជាពិសេស​នៅ​ក្នុង​ការស្តារ​ឡើងវិញ​នូវប្រព័ន្ធធារាសាស្ត្រ ការគិតគូរអំពីទុន ការគិតគូរអំ​ពី​ពូជ​បច្ចេកទេស ឬ​ក៏​និរន្តរភាព​ទីផ្សារជាដើម។

លោក ញិល ភាព បន្ថែម​ថា ការ​បង្កើតឃុំ​គំរូនេះ​នឹង​អាចជួយ​ដល់​កសិករ​បាន ប៉ុន្តែ​លោក​រំពឹង​ថា នឹង​អាច​ជួយ​ដល់​កសិករ​ជាទូទៅ ដែល​នឹង​មិនមែន​តែមួយ​ចំនួន​ណានោះ។

លោកបញ្ជាក់ថា៖ «បើបង្កើតនៅក្នុងឃុំហើយឃុំនិងមានប្រជាពលរដ្ឋ១០០០​គ្រួសារ ឬ​២០០០​គ្រួសារ ហើយ​គាត់​ធ្វើ​ជា​លក្ខណ:​ក្នុងឃុំតែម្តង ឬ​ក៏​លក្ខណ:​ជ្រើសរើស​ដូចកាល​គាត់​នៅ​ធ្វើការ​នៅ​សេដាក មាន​តែ​កសិករ​គំរូ​ដែល​ក្នុង​មួយ​ភូមិ ឬ​ពីរភូមិ​ មា​ន​ម្នាក់​ឬ​ពីរនាក់​ជាកសិករគំរូ​ដែលដាំបន្លែដាំ​អី​ដោយខ្លួន​ឯងជាលក្ខណ:​គ្រួសារ អាហ្នឹង​គឺ​វាអ​ត់អាច​ជួយ​ទៅ​ដល់​ឃុំទាំងមូលបានទេគឺអាចជួយបានជាលក្ខណ:បុគ្គលៗខ្នាតតូចៗតែប៉ុណ្ណោះ»។

ការ​ប្រកាសពីការ​បង្កើត​ឃុំ​គំរូ ធ្វើ​ឡើង​ខណៈដែលវិស័យ​កសិកម្ម​នៅ​កម្ពុជា​តែង​តែប្រឈម​នឹង​បញ្ហា​ដដែលៗ​ស្ទើ​រាល់​ឆ្នាំ​ ដូចជា​កង្វះ​ទីផ្សារ​សម្រាប់​កសិករ និង​កង្វះ​យន្តការ​ក្នុងការ​បណ្តុះ​បណ្តាល​កសិករជាដើម៕