កម្ពុជា​នឹង​ធ្វើ​ជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ​​ដែល​នឹង​ប្រារព្ធនៅកម្ពុជាចាប់​ពី​ថ្ងៃទី៥ ដល់​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ដោយ​មានកីឡាករ​ពី​ប្រទេស​នា​នា​​មក​ចូលរួម​ និង​ការប្រកួត​កីឡាប្រភេទ​​ផ្សេងៗ​គ្នា។​

យុវជនចំនួនប្រាំពីររូបបានផ្ដល់​បទ​សម្ភាសន៍​ដល់ Newsroom Cambodia អំពីការ​យល់ឃើញ​លើ​​កីឡា​ស៊ីហ្គេម​នេះ។

លោក លែក ឡែន ជានិសិ្សតនីតិសាស្រ្តលើកឡើងថា លោកចំណាប់អារម្មណ៍លើកីឡាស៊ីហ្គេម ព្រោះជាព្រឹត្តិការណ៍មួយដ៏ល្អបំផុតសម្រាប់ប្រទេសកម្ពុជាក្នុងតំបន់អាស៊ី ជាពិសេស​តាម​បណ្តាប្រទេស​ដែល​ជា​សមាជិកអាស៊ាន និងធ្វើឱ្យកម្ពុជាអាចបង្ហាញមុខមាត់ជាថ្មីម្តងទៀតនៅលើឆាកអន្តរជាតិ។

លោកថា៖ «កម្ពុជាអាចធ្វើបាន ម្យ៉ាងវិញទៀតកម្ពុជាក៏អាចចំណេញទៅលើវិស័យទេសចរណ៍ផងដែរ គឺ​ធ្វើ​ឲ្យ​អន្តរជាតិស្គាល់កាន់តែច្បាស់អំពីកម្ពុជា ជាពិសេសកម្ពុជាក៏អាចបង្ហាញថាខ្លួនមាន អត្តពលិក​គ្រប់គ្រាន់​ក្នុងការប្រគួតប្រជែងក្នុងកីឡាស៊ីហ្គេមមួយនេះ និងកីឡាផ្សេងៗទៀត»។

លោក លែក ឡែន

លោក សឹង រតនៈ ជានិសិ្សតផ្នែកនីតិសាស្រ្ត​នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច លើកឡើងថា៖ «កម្មវិធីស៊ីហ្គេមជាកម្មវិធីដ៏ល្អជាពិសេសកម្ពុជា ម្យ៉ាងឆ្នាំនេះកម្ពុជាគឺជាម្ចាស់ផ្ទះ វាល្អ​សម្រាប់​កីឡា​ទូទៅ​គ្រប់មុខ ដូចជាពេលថ្មីៗនេះ ល្បុកតោ គុនខ្មែររបស់យើងក៏បានដាក់ចូលស៊ីហ្គេមដែល នេះ​អាច​ធ្វើ​ឱ្យ​គេ [អន្តរជាតិ] ស្គាល់ខ្មែរដែរ គឺអាចផ្សព្វផ្សាយកីឡារបស់យើងទៅជុំវិញពិភពលោក»។

សឹង រតនៈ

លោក ផល សុផានីត ជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រសង្គម​នៃ​សាកលវិទ្យាល័យ INALCO ប្រទេសបារាំងលើកឡើងថា ស៊ីហ្គេមជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ខលោករីករាយ​ដែល​ប្រទេស​យើង​អាច​រៀបចំ​ព្រឹត្តការណ៍នេះ មិនត្រឹមតែ​ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​ប្រទេស​របស់​យើង​កាន់តែ​ច្បាស់​តាមរយៈចំនួនភ្ញៀវទេសចរដែលមកទស្សនាការប្រកួត និង​ផ្សព្វផ្សាយ​កីឡា​កាន់​តែ​ច្រើន​ដល់​កម្ពុជា។

លោកថា៖ «ខ្ញុំរំភើប ហើយគ្រោងនឹងទៅទស្សនាការប្រកួតហែលទឹកមួយចំនួនផងដែរ»។

លោក ផល សុផានីត​ បន្ថែម​​ថា ស៊ីហ្គេម​នឹង​នាំ​ភ្ញៀវ​ទេសចរណ៍​មក​លេង​ប្រទេស​កម្ពុជា ដូចនេះ​អាច​រួម​ចំណែក​បង្កើន​ប្រាក់ចំណូលដល់វិស័យ​បដិសណ្ឋារកិច្ច។ បន្ទាប់ពីការប្រកួតនេះ ហេដ្ឋារចនា​សម្ព័ន្ធមួយចំ​នួន​ដែល​កំពុងត្រូវបានអភិវឌ្ឍអាចផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការប្រើប្រាស់ដូចជា កីឡដ្ឋាន ផ្លូវថ្នល់ ភូមិ ​ ហើយស៊ី ហ្គេម និងបន្សល់ទុកនៅកន្លែងកីឡាដូចជាអាងហែលទឹក ទីលានកីឡាជាដើម។

លោកថា៖ «ខ្ញុំ​សង្ឃឹម​ថា​ក្រោយ​ការ​ប្រកួត ខ្ញុំ​អាច​ទៅ​ហែល​ទឹក​នៅ​ទីនោះ​បាន​ពេល​ខ្លះ»។​

លោកបន្ថែមថា៖ «ការប្រកួតនេះគឺ​ជា​ផលប្រយោជន៍​រយៈពេល​វែង​របស់​កម្ពុជា និង​ប្រជាជន​កម្ពុជា ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​នេះ ភ្ញៀវទេសចរនឹងស្វែងយល់ពីប្រទេស និងវប្បធម៌ ពេល​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ គេ​នឹង​ចែក​រំលែក​ដល់​អ្នក​ដទៃ ដូចនេះ​យើងអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចូល​មក​ទស្សនា​ប្រទេស​យើង​កាន់តែ​ច្រើន​ឡើង​នា​ពេល​អនាគត»។

លោកបញ្ជាក់ថា កម្ពុជាអាចយកមេដៃណាមួយបានក្នុងការប្រកួតកីឡាស៊ីហ្គេម ព្រោះ​យើង​មាន​បេក្ខជន​ល្អ​ក្នុង​វិស័យ​ប្រដាល់ ហែលទឹក និង​បាល់ទះ លោកគាទ្រ​និង​សង្ឃឹម​ថា​ពួកគេ​អាច​ឈ្នះ ​និង​ទទួល​បាន​មេដៃ​មួយ​ចំនួន។

កញ្ញា ឌន កនិកា ជានិស្សិតឆ្នាំទីមួយនៅវិទ្យាស្ថានស៊ីតិច (SETEC Institute) បង្ហាញចំណាប់អារម្មណ៍ថា  ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលនឹងធ្វើឡើងនៅកម្ពុជាក្នុងពេលខាងមុខនេះ  កញ្ញារំភើបរីករាយយ៉ាងខ្លាំង ព្រមទាំងមានមោទកភាពដែលប្រទេសកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះ ហើយ​កីឡា​ស៊ីហ្គេម​មាន​ផល​ប្រយោជន៍​សម្រាប់​កម្ពុជាច្រើនខ្លាំង ព្រោះអាចបង្ហាញនូវកិត្យានុភាពរបស់អត្តពលិកកម្ពុជា ជា​ពេល​កម្ពុជា​មាន​មុខមាត់​នៅ​អន្តរជាតិ​ជាងមុន។

កញ្ញាលើកឡើងថា៖ «មិនថាតែផ្នែកកីឡាទេ តែក៏បានផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ សិល្បៈ និង​វិស័យ​ទេសចរណ៍​ផង​ដែរ ម្យ៉ាងវិញទៀតនោះ​កម្ពុ​ជា​បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន​បាន​ចូលរួម​ចំណែក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នេះ តាមការបើកឲ្យចូលរួមធ្វើការងារស្ម័គ្រចិត្តផងដែរ»។

កញ្ញាបន្ថែមថា៖ «ចំពោះក្តីសង្ឃឹមរបស់ខ្ញុំ ខ្ញុំគិតថាកម្ពុជាអាចដណ្ដើមយកមេដៃជូនជាតិបាន  ព្រោះ​អត្តពលិក​របស់​យើង​គឺបានធ្វើការហ្វឹកហាត់ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតនាពេលខាងមុខនេះ»។

កញ្ញា ឌន កនិកា

កញ្ញា ឌន កនិកា បញ្ជាក់ចុងក្រោយថា កញ្ញាសូមសំណូមពរឲ្យអត្តពលិកខ្មែរទាំងអស់ ថែរក្សា​សុខភាព​ទាំង​ផ្លូវ​កាយ និងផ្លូវចិត្តឲ្យល្អដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួត ។

កញ្ញាបញ្ជាក់ថា៖ «សូមកុំមានការបាក់ទឹកចិត្ត ឬបោះបង់ ព្រោះការប្រកួតតែងតែមានឈ្នះ និងចាញ់ ត្រូវចាំ​ថា​ពាក្យ​ថា​ចាញ់នេះ មិនមែនមានន័យថាយើងគ្មានសមត្ថភាពទេ ហើយក៏​មិនមែន​មាន​ន័យថា​យើង​ធ្វើ​មិន​បាន​ល្អ​ដែរ»។

លោក យឿន សៅភា ជាតំណាង​ចែកចាយ​លក់​ផលិតផល​ស្ករ​ត្នោត​ខ្មែរ​ជា​ផលិតផល​នៅ​ខេត្ត​កំពង់ឆ្នាំង​លើក​ឡើង​ថា ចំពោះស៊ីហ្គេមដែលប្រព្រឹត្តនៅកម្ពុជានាពេលខាងមុខនេះ។​

លោកថា៖ «ខ្ញុំពិតជារំភើបសប្បាយរីករាយ ដែល​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ​មាន​វិស័យ​កីឡា​ដែល​កំពុង​រីក​ចម្រើន​ស្គុះស្គាយ ទាំងគុនខ្មែរ កីឡាប្រដាល់ ប្រភេទទោចក្រយាន្ត ជាកីឡាករពិសេសដែលខ្ញុំពេញចិត្ត […] មាន​ផ្លូវ​សម្រាប់ប្រកួត មានស្តាតក៏ធំ គឺជាស្តាតមរតតេជោដែលកម្ពុជាមានសព្វថ្ងៃអាចដាក់ទស្សនិកជន និង​កីឡាករ​បានច្រើន ហើយលក្ខណៈទំនើបមែនទែន»។

យឿន សៅភា

លោក​ រំចង់​ សំណាង​ ជា​និស្សិត​បាន​ប្រាប់​NewsroomCambodiaថា​លោក​ក៏បាន​ត្រៀម​ខ្លួនរួច​ជា​ស្រេចក្នុងការ​ចូលរួមព្រឹត្តការណ៍ស៊ីហ្កេម​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​នាមជាយុវជនជា​ម្ចាស់​ផ្ទះ​ ​លោកថាស៊ីហ្គេម​នេះ​មាន​អត្ថប្រយោជន៍​ខ្លាំង​សម្រាប់ជាតិ និង​វប្បធម៌​របស់​កម្ពុជា​ កម្ពុជា​មានឱកាស​សម្រាប់បង្ហាញវប្បធម៌ និង​អ្វី​ៗដែលយើងមាន​ល្អ​ទៅ​កាន់​​ពិភពលោកឱ្យ​ស្គាល់​ប្រទសសខ្មែរកាន់​តែ​ច្រើនឡើង​។

លោកលើកឡើងថា​៖ «ប្អូនជឿជាក់និងសង្ឃឹម​យ៉ាងមុត​មាំ​ទៅលើកីឡាករកម្ពុជា​យើងហើយ​ប្អូនជឿ​ជាក់​ថា​កម្ពុជា​ហ្នឹង​​ទទួលបាន​មេដៃ​ច្រើន​នៅក្នុង​ការ​ធ្វើជា​ម្ចាស់​ផ្ទះ​»។​​​​​​

លោក រំចង់ សំណាង

លោក​ សែម​ ​ពុធបញ្ញា​ និស្សិត​សាកល​វិទ្យា​បញ្ញាសាស្រ្ដ​កម្ពុជា​បាន​ប្រាប់ Newsroom Cambodia ថា​ចំពោះកី​ឡា​​ស៊ី​ហ្គេមលោក​​សប្បាយ​ចិត្ដ និង​​រំភើបដោយសារលោក​​ចូលចិត្ដមើល​ ​ចូលចិត្ដ​លេងកីឡា និងការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​កីឡា​​​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា​ផ្សព្វ​ផ្សាយ​វប្បធម៌​អរិយធម៌​ប្រពៃណី​ទំនៀមទម្លាប់​នយោបាយ​សេដ្ឋកិច្ច​​​ផ្សព្វ​ផ្សាយ​ដល់​អ្នក​វិនិយោគ​។

លោក សែម ពុធបញ្ញា

លោក​លើកឡើងថា៖ «ខ្ញុំជឿជាក់​ខ្ពស់​​ថា កម្ពុជា​យើង​ហ្នឹង​ទទួលបាន​លិទ្ធិ​ផលល្អ​ក្នុងការ​ដណ្តើម​មេ​ដៃ​ជួន​ជាតិគ្រប់​កីឡា​ទាំង​អស់ ​បើ​តាមខ្ញុំ​ដឹងខាង​សហពន្ធ័គេជ្រើសរើសវឹកហាត់[កីឡាករ]យូមកហើយ ហើយត្រៀម​ខ្លួន​ដើម្បី​ទទួល​បាន​មេ​ដៃ ​ខ្ញុំ​ជឿជាក់​ថាហ្នឹងទទួល​បាន​មេ​ដៃច្រើន​តែ​មេ​ដៃមាសយើង​នៅ​មានកំរិត ​ប៉ុន្តែ​និយាយ​ជារួម​មេ​ដៃ​សំរិត​មេដៃប្រាក់​អីផ្សេងៗ​កម្ពុជា​ហ្នឹង​ទទួល​បាន​ច្រើនជាងគេ និយាយជារួម​ប៉ុន្តែ​មេដៃ​មាស​ខ្ញុំគិតថាមិនទទួលបានច្រើននោះទេ»៕​