ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជ​ធា​​នី​ភ្នំពេញ​​​នាពេល​បច្ចុប្បន្ននេះ​គឺ​ជា​បញ្ហា​ប្រឈម​​ដ៏សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់ដល់​ការ​ធ្វើ​ដំណើរ​ប្រ​ចាំ​ថ្ងៃ​ ព្រម​ទាំង​​ខាត​​ពេលវេលា​យ៉ាងច្រើន និង​​ជះ​​ឥទ្ធិពល​ដល់​អារម្មណ៍​របស់​ពលរដ្ឋ​ផង​ដែរ​។​

Newsroom​ Cambodia​ បាន​​សម្ភាសន៍​យុវជន​ចំនួន៦រូប​ ដែល​រស់នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​ ជុំ​វិញ​ការ​យល់​ឃើញ​របស់​ពួក​គាត់​ទៅ​លើ​បញ្ហា​​កក​ស្ទះ​ចរាចរណ៍​សព្វ​ថ្ងៃ​នេះ។​

កញ្ញា​ លឹម​ ស្រីណុច​​ ជានិស្សិតឆ្នាំទី២​ នៃ​សាកល​វិទ្យាល័យ​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​និយាយ​ថា ការ​កក​ស្ទះ​ចរាចរណ៍​បច្ចុប្បន្ន​នេះ​វា​មាន​ភាព​វឹកវរ​​ និង​​មាន​ភាព​មមាញឹក​ខ្លាំង​នៅ​គ្រប់​ផ្លូវ​ទាំងអស់​ ហើយ​ជា​រៀងរាល់​ថ្ងៃ​ត្រូវ​ចំណាយ​ពេល​មក​រៀន​មុន​ម៉ោង ​យ៉ាង​ហោច​ណាស់​៣០​នាទី​ដើម្បី​កុំឱ្យ​យឺតម៉ោង​​ចូល​រៀន​។

លឹម ស្រីណុច

កញ្ញា​បាន​បន្ថែម​ថា​៖ «វា​បង្ក​ការ​លំបាក​ខ្លាំង​ ដោយ​សារ​បច្ចុប្បន្ន​កាល​ខ្ញុំ​ជិះ​ម៉ូតូ​មក​សាលា​រៀន​អញ្ចឹង​ការ​កក​ស្ទះ​ហ្នឹង​វា​មាន​ផល​វិបាក​ប៉ះ​ពាល់​ច្រើន ​ដូច​ជា​ធ្វើ​ឲ្យ​ខ្ញុំ​យឺត​យ៉ាវ​ខាត​ពេលវេលា​។​ បើ​សិន​ជា​គ្មាន​ការ​កក​ស្ទះ​ទេ​ ពីផ្ទះ​ខ្ញុំ​មក​ដល់​សាលា​អាច​ត្រឹម​តែ​​១០​នាទី​អីទេ​ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការ​កក​ស្ទះ​វា​បែរ​ជា​ពន្យា​រ​ពេល​រឹត​តែ​ច្រើន​ ៣០​នាទី​ ទៅ​៤០​នាទី​បាន​មក​ដល់​សាលា ​អញ្ចឹង​ទៅ​វា​ខាត​ពេល​វេលា​ខាត​សំាង​ធ្វើ​ឱ្យ​អារម្មណ៍​យើង​តប់​ប្រមល់​​រៀន​មិន​សូវ​ចូល​»។

កញ្ញា​បន្ថែម​​ថា​៖ «ខ្ញុំ​យល់​ឃើញ​ថា​គួរ​តែ​កាត់​បន្ថយ​ការ​ប្រើ​​ប្រាស់​ម៉ូតូ​ ឃើញ​ថា​បច្ចុប្បន្ន​កាល​ហ្នឹង​សាលា​មួយ​ៗ​គឺ​មាន​ម៉ូតូ​ច្រើន​មែន​ទែន​ក្មេងៗ​ខ្លះ​អត់​ត្រូវ​ការ​ចាំ​បាច់​ ក៏​ជិះ​ម៉ូតូ​មក​ អញ្ចឹង​ទៅ​នៅ​លើ​ផ្លូវ​ពោរ​ពេញទៅ​ដោយ​ឡាន​ហើយ​ម៉ូតូ​ ម៉ូតូ​ច្រើន​មែន​ទែន​ហើយ​មូលហេតុ​ដែល​បង្ក​ការ​កក​ស្ទះ​ហ្នឹង​ជួន​កាល​មក​ពី​មូលហេតុ​មនុស្ស​មួយៗ​គឺ​ប្រជៀត​គ្នា​ធ្វើ​ម៉េច​ឱ្យ​តែ​ដល់​គោលដៅ​ប៉ុន្តែ​អត់​គិត​ពី​អ្នក​ដទៃ​ទេ​ ប្រជ្រៀតគ្នា​សម្រុកទៅវិញ​ទៅមក​ហើយ​បត់ឆ្វេង​បត់ស្ដាំ​វា​ដូច​ចលា​ចល​អញ្ចឹង​ទៅ​វា​បង្ក​ឱ្យ​មានការ​កក​ស្ទះ​»។

កញ្ញា​បន្តថា​៖ «សំណូម​ពរ​ទៅ​ដល់​រាជ​រដ្ឋាភិបាល​សូម​មេត្តា​ជួយ​ចាត់​វិធាន​ការ​ទៅ​លើ​ច្បាប់​ចរាចរណ៍​ ឬក៏​វិធីសាស្រ្ត​ផ្សេងៗ​នានា​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ហ្នឹង​ ហើយ​សំណូម​ពរ​ទៅ​ដល់​អ្នកជិះម៉ូតូ​ ជិះកង់បី​ ជិះឡាន​ទាំងអស់​​ថា​ឱ្យ​ជិះ​ហ្នឹង​គឺ​គោរព​ច្បាប់​ចរាចរណ៍​ ហើយ​និង​កុំ​ប្រជ្រៀត​គ្នា​ដូច​ថា​សម្រុក​យក​តែ​ខ្លួនឯង​គេ​ហៅថា​អាត្មា​និយម​ធ្វើ​ឱ្យ​មាន​ការកកស្ទះ​ដល់​អ្នក​ដទៃផ្សេងៗ​ថែមទៀត»។​

កញ្ញា​ ផា​ ស្រីហ័ង្ស​ ជានិស្សិត​ឆ្នាំទី២​ នៃ​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​លើក​ឡើង​ថា​ ការ​កក​ស្ទះ​ចរាចរណ៍​បច្ចុប្បន្ន​​បាន​ធ្វើ​ឱ្យ​រាំង​ស្ទះ​ការងារ​ និង​ការ​បើក​អាជីវកម្ម​រក​ស៊ី​ផ្សេងៗ​របស់​​ប្រជាជន ​និង​ចំណាយ​ពេលយូរ​ដើម្បី​មក​ដល់​សាលារៀន​។

កញ្ញា​បានបន្ថែមថា​៖ «ចំពោះខ្ញុំ​ផ្ទាល់​ខ្ញុំ​គិត​ថា​ការ​កក​ស្ទះ​ចរាចរណ៍​ហ្នឹង​វា​ផ្ដល់​ផល​វិបាក​ដូច​ជា​ការ​មក​រៀន​យឺត​ខកខាន​ការសិក្សាផ្សេងៗ​ និង​ចំណាយពេល​យូរ​ក្នុង​ការ​បើកបរ​។​ ដើម្បី​កាត់​បន្ថយ​កុំ​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ ខ្ញុំ​ចង់​ឱ្យ​បងៗ​ដែល​គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ​យោគ​យល់​អាស្រ័យ​គ្នា​រក្សា​គន្លង​នៃ​ការ​បើកបរ​រាងៗខ្លួន​ និង​យោគយល់​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ភ្លើងស្តុប​ទាំងអស់គ្នា​»។

កញ្ញា​បន្តថា​​៖ «​​ខ្ញុំ​​ចង់​​ស្នើ​​សុំ​​ដល់​រាជ​​រដ្ឋាភិបាល​ និង​ប៉ូលីស​ចរាចរណ៍​ឱ្យ​គាត់​ជួយ​​ធ្វើ​ចរាចរណ៍​ដល់​ការ​បើកបរ​ ចំពោះ​អ្នក​ធ្វើ​ដំណើរ​ដូច​ជាម៉ូតូ​ ឬរថយន្ត​ ហើយ​ស្នើ​សុំ​ឱ្យ​មាន​វិធាន​ការ​តឹង​រឹង​ក្នុង​ការ​គោរព​ច្បាប់​ចរាចរណ៍​គោរព​ភ្លើងស្តុប​ និង​ការ​ពាក់មួក​សុវត្ថិភាព​ផ្សេងៗ​»។

លោក​ ខៀវ​​ សុបញ្ញា​ ជានិស្សិត​បរិញ្ញបត្រច្បាប់​ឆ្នាំទី៣​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ បាន​យល់​ឃើញ​ថា​ ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ចំណុច​ក្នុង​តំបន់​នៃ​បរិវេណ​​សាលា​រៀន​ផ្ទាល់​ បាន​​បង្ក​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​សិស្សា​នុសិស្ស​​គាត់​យឺត​ពេល​ក្នុង​ការ​មក​រៀន​ ក៏​ដូច​ជា​បង្ក​​ភាព​រញ៉េរញ៉ៃ​មួយ​ចំនួន។

ខៀវ សុបញ្ញា

លោក​បន្ត​ទៀត​ថា​៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​ផ្ទះ​ខ្ញុំ​នៅ​ពី​ខាង​ស្ពាន​ដែក​ដង្កោ​ អញ្ចឹង​ខ្ញុំ​​អាច​ចំណាយ​​ពេល​ជា​រាងរាល់​​ថ្ងៃ​​ពី២៥​​ទៅ​៣០​នាទី​ ក៏ប៉ុន្តែ​បើ​មាន​ផ្លូវ​ស្ទះ​អាច​ចំណាយ​ពេល​ពី៤០​នាទី​ទៅ​​៤៥​នាទី​ សម្រាប់​ខ្ញុំ​ជា​សិស្ស ​ការ​កក​ស្ទះ​គឺ​ជា​បញ្ហា​មួយ​ដែល​បង្ក​ផល​រំខាន​មួយ ​ដែល​ធ្វើ​ឱ្យ​យើង​មក​រៀន​អត់​ទាន់​ពេល​ក៏ដូច​ជា​មាន​ន័យ​ថា​ខាតពេល​វេលា​មួយ​ចំនួន​ក្នុង​ការ​ទៅ​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​ដែល​មាន​ប្រយោជន៍​»។

លោក​បញ្ជាក់​បន្ថែម​ថា​៖ «ប៉ុន្តែ​ការ​កក​ស្ទះ​នេះ​គឺ​មិន​ប្រាដក​ថា​វា​ស្រេច​តែ​ទៅ​លើ​ការ​ធ្វើ​ចរាចរណ៍​របស់​បងៗ​សមត្ថកិច្ច​មួយ​ចំនួន​ទេ​ ក៏វា​ពាក់​ព័ន្ធ​ទៅ​និង​សុជីវ​ធម៌​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា​ផង​ដែរ​ ដើម្បី​កុំ​ឱ្យ​មាន​ការ​កក​ស្ទះ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ផ្ទាល់​ព្យាយាម​គោរពច្បាប់​ទាំងអស់គ្នា​ កុំបំពានច្បាប់​ បើ​សិន​ជា​មាន​ផ្លូវ​ស្ទះ​យើង​ចេះ​យោគ​យល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​កុំជែង​គ្នារាង​ៗខ្លួន ​បើ​ធ្វើ​បែប​ហ្នឹង​គឺ​មាន​តែ​ផ្លូវ​ស្ទះ​លើស​ដើម​»។

លោក​បន្ត​ថា​៖ «សម្រាប់​បងៗ​សមត្ថកិច្ច​គឺ​សំណូមពរ​ឱ្យ​គាត់​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​សម្រួល​ចរាចរណ៍​បើ​មាន​ផ្លូវ​ស្ទះ​មានន័យថា​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​គឺសហការ​គ្នា​ទើប​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ជាចុង​ក្រោយ​ខ្ញុំ​មិន​មាន​សំណូមពរ​អ្វី​ច្រើន​ទេ​គ្រាន់​តែ​ថា​សូម​ព្យាយាម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​កុំ​បំពាន​ច្បាប់​»។

លោក​ ចេង​ ម៉ានីន​ ជានិស្សិត​ឆ្នាំទី៤​ ផ្នែកនិតិសាស្រ្ត​ បាន​យល់​ឃើញ​ថា​ ការ​កក​ស្ទះ​ចរាចរណ៍​មាន​ផល​វិបាក​ជា​​ច្រើន ​ប្រសិន​បើ​យើង​​មក​​រៀន​ការ​កក​ស្ទះ​វា​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​របស់​យើង​ពិបាក​មក​ដល់​​សាលា​រៀន​ឱ្យ​ទាន់​ម៉ោង​ណាស់​ បើ​យើង​ទៅ​ធ្វើ​ការ​វា​ធ្វើ​ឱ្យ​ខាត​​ពេល​វេលា​ធ្វើ​ការ​របស់​យើង​។

លោក​បញ្ជាក់​ថា៖ ​«ឮ​យើង​ចូល​រួម​ទាំង​អស់​គ្នា​ក្នុង​ការ​គោរព​ច្បាប់​ចរាចរណ៍​ ជៀស​វាង​នៅ​ការ​បំពាន​ច្បាប់​ចរាចរណ៍​ជាដើម។​​ ជា​ចុង​ក្រោយ​ខ្ញុំ​សូម​សំណូម​ពរ​ ជា​ពិសេស​គឺ​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​គឺ​មាន​ការ​យោគ​យល់​ចំពោះ​​គ្នា​ទៅ​វិញ​ទៅ​មក​មាន​ការ​អធ្យាស្រ័យ​ ហើយ​ចំពោះ​អាជ្ញាធរ​វិញ​គឺ​ជួយ​ធ្វើ​ចរាចរណ៍​ឱ្យ​ប្រជាពលរដ្ឋផង​ ហើយកុំ​ប៉ិន​ចាប់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ពេក​»។

កញ្ញា​ ពេជ្រ​ ពិសី​ ជា​និស្សិត​ឆ្នាំទី២​ នៃ​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​និយាយ​ថា​ ការ​កក​ស្ទះ​ចរាចរណ៍​​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ដល់​ប្រជាជន​​ទូទៅ។​

កញ្ញា​បញ្ជាក់​ថា​៖ «ក្នុងនាម​ខ្ញុំ​ជា​សិស្ស ​រាល់​ថ្ងៃ​ត្រូ​វ​ចំណាយ​ពេល​ប្រហែល​២៥នាទី​ដើម្បី​មក​រៀ​ឱ្យ​ទាន់​ម៉ោង​ ការ​ស្ទះ​ហ្នឹង​គឺ​ពិបាក​ខ្លាំង​ណាស់​យើង​ត្រូវ​ងើប​ពី​ព្រលឹម​ដើម្បី​មក​ឱ្យ​ទាន់​ពេល​វេលា​ ម៉ោង​ចូល​​រៀន​របស់​សាលា​ ហើយ​បើ​សិនការ​ដែលយើង​ខក​ម៉ោង​ដោយ​សារ​ស្ទះ​​ចរាចរណ៍​ហ្នឹង​ យើង​មកខក​ម៉ោង​ចូល​សិក្សា ​យើង​អាច​និង​តាម​ចំណុច​មេរៀន​អត់ទាន់​គេ ​ហើយ​វា​ធ្វើ​ឱ្យ​យើង​ហ្នឹង​ត្រូវ​ពិន័យ​សាលា​»។

ពេជ្រ ពិសី

កញ្ញា​​បន្ថែម​ថា​៖ «ដើម្បី​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ហ្នឹង​ ខ្ញុំ​សុំ​ថា​ប្រជាពលរដ្ឋ​ដែល​គាត់​ត្រូវ​ថា​​មាន​​កិច្ច​ការ​ត្រូវ​ចេញ​ទៅ​ធ្វើ​ការ​ងារ​នៅ​ចន្លោះ​ម៉ោង​៧ហ្នឹង​ ឱ្យ​គាត់​​ទៅ​ឱ្យ​​បាន​មុន​ម៉ោង​ពេល​ហ្នឹង​ ព្រោះ​កំឡុង​ពេល​ហ្នឹង​ជា​ធម្មតា​គឺ​ស្ទះ​កំឡុង​ពេល​ហ្នឹង​ហ្មង​ ហើយ​ការ​​ជិះ​នៅ​លើ​ដង​ផ្លូវ​សូម​ឱ្យ​គាត់​គោរព​ទៅ​លើ​គំនូស​ដង​ផ្លូវ​ថា​ យាន្ត​យន្ត​ត្រូវ​ជិះ​ខាង​ណា​ ម៉ូតូ​ត្រូវ​ជិះ​ខាង​ណា​ដើម្បី​ឱ្យ​គាត់​កុំ​ជិះ​ប្រជែង​គ្នា​ដើម្បី​បាន​ទៅ​មុន​ឱ្យ​គាត់​ចេះ​យោគយល់​អធ្យាស្រ័យគ្នា​»។

កញ្ញា​បន្ថែមថា​៖ «ជា​ចុង​​ក្រោយ​សំណូមពរ​របស់​​ខ្ញុំ​ទៅ​កាន់​ប៉ូលីស​ចរាចរណ៍ ​សូម​ឱ្យ​​​គាត់​ជួយ​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ពេល​ដែល​មាន​ការ​កក​ស្ទះ​ល្មមៗ​ ពេល​ដែល​​វា​ទើប​តែ​កក​ស្ទះ​តិច​តួច​សុំ​ឱ្យ​គាត់​ជួយ​សម្រួល​ចរាចរណ៍​ភ្លាមៗ​កុំ​ឱ្យ​គាត់​ទុក​ដល់​ស្ទះ​ខ្លាំង​ធ្វើ​ឱ្យ​មាន​ការជិះ​ជ្រេចុះ​ឡើង​រឹតតែ​ស្ទះ​លើស​ដើម​»។

លោក​ ហេង​ ជានិស្សិត​ នៅសាកល​វិទ្យាអន្តជាតិ​ យល់​ឃើញ​ថា​ សិស្សនិស្សិត​ ឬអ្នក​ធ្វើ​ការ​អាច​ទៅ​កន្លែង​​សិក្សា​ ឬទៅ​កន្លែង​គាត់​ធ្វើ​ការ​អាច​នឹង​យឺត​ពេល​មិន​អាច​ទាន់​​​ពេល​វេលា​បាន ​ជា​មធ្យម​ខ្ញុំ​ទៅ​រៀន​យ៉ាង​ច្រើន​អាច​៤៥​នាទី​​​តែ​បើ​សិន​ជា​មាន​បញ្ហា​កក​ស្ទះ​វា​អាច​បន្លាយ​ពេល​ឱ្យ​យើង​ទៅ​ដល់​១ម៉ោង​ ឬ១ម៉ោង៣០នាទី​។

លោក​បន្តថា​៖ «បើ​ការ​កក​ស្ទះ​ផល​វិបាក​វា​ច្រើន ​យើង​ទៅ​រៀន​អត់​ទាន់​ពេល​ អាច​នឹង​គ្រូ​អត់​ឱ្យ​ចូល​ដោយសារ​លើស​ម៉ោង​កំណត់​ ដែល​សាលា​គេ​បាន​ដាក់​ចេញ​ ខ្ញុំ​ចង់​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា​ឱ្យ​ចេះ​យោគ​យល់គ្នា​ ចេះ​យោគ​យល់​អធ្យាស្រ័យគ្នា​ នឹង​គោរ​ព​ច្បាប់​ចរាចរណ៍​ទាំង​អស់គ្នា​។

លោក​បន្ថែម​ថា​៖ «ខ្ញុំ​សំណូម​ពរ​ដល់​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ ​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ និង​កុំ​បំពាន​ច្បាប់​ចរាចរណ៍​ និង​ល្មើស​ច្បាប់​»៕