សង្គមស៊ីវិលចំនួន​​២១​​​​បង្ហាញ​ការ​សោកស្តាយ និង​​លើកឡើងថា ការ​មិនអនុញ្ញាតឱ្យ​​គណបក្ស​ភ្លើងទៀន ​និង​គណបក្ស​មហា​សាមគ្គីជាតិ​ខ្មែរ​ចូល​រួមការ​បោះឆ្នោត​ជាតិ​ខែកក្កដាខាងមុខ ធ្វើ​ឱ្យ​​អ្នកបោះឆ្នោត​មួយ​ចំនួន​មិន​អាច​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត​បាន។

សង្គម​ស៊ីវិល​ទាំង​២១​ដែល​បាន​​ចេញសេចក្តីថ្លែងការណ៍រួមនោះ​មានដូចជា​សមាគម​ការពារ​សិទ្ធិមនុស្ស​ និងអភិវឌ្ឍន៍នៅកម្ពុជា​ (​អាដហុក)​ អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្សកម្ពុជា (CHRAC) និងមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ជាដើម។

ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយកាលពីថ្ងៃទី០១​ ខែមិថុនា​ កន្លងទៅ ក្រុ​ម​សង្គម​ស៊ីវិល​ទាំង២១ បានលើកឡើងថា គ.ជ.ប បាន​អនុវត្ត​​​ការបោះឆ្នោត​ជាច្រើន​ដ​ង​មក​ហើយ ដោយយកត្រឹមតែសេចក្ដីចម្លង​​បញ្ជី​ចុះ​ឈ្មោះ​គណបក្ស​ននយោបាយ​ប៉ុណ្ណោះ។

សេចក្តី​ថ្លែងការណ៍​​ដដែល​បញ្ជាក់​តាម​ន័យ​ដើម​​ថា៖ «ការចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ជាក់ស្ដែង​គណបក្ស​ភ្លើងទៀន​ធ្លាប់ត្រូវបាន គ.ជ.ប អនុញ្ញាត​ឱ្យ​ប្រើប្រាស់​លិខិត​ថត​ចម្លង​នៃ​ការចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ចូលរួម​ការប្រកួត​ប្រជែង​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២ រួមទាំង​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ស្រុក ក្រុង ដែលទើបបង្កើតថ្មី នាដើមខែមេសា ឆ្នាំ២០២៣នេះផងដែរ ហើយការអនុវត្តនេះ បានចូលរួមចំណែកលើកកម្ពស់សិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឱ្យគេបោះ​ឆ្នោត»។

សេចក្តីថ្លែងការណ៍រួមដដែល​បន្ថែម​ថា ការដែលអវត្តមាន​គណបក្សទាំងពីរខាងលើ​ ជា​ការបាត់​​បង់​សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងអ្នក​បោះឆ្នោ​ត​មួយ​ចំនួន​មិន​អាច​ជ្រើសរើស​គណបក្ស​នយោបាយ​ដែលខ្លួនធ្លាប់ពេញចិត្ត។​ ជាក់ស្តែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​កាល​ពី​ឆ្នាំ២០២២ គណបក្សភ្លើងទៀន ទទួលបានសំឡេងគាំទ្រ​ចំនួន ១,៦១០,៥៥៦នាក់ ក្នុងចំណោមពលរដ្ឋខ្មែរដែលបានបោះឆ្នោតសរុប ចំនួន ៧,៣៩៤,៤២៧នាក់ និងទទួលបានអាសនៈនៅក្រុមប្រឹក្សាឃុំសង្កាត់ជាងពីរពាន់អាសនៈ ។

ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីប យល់ថា ការចូលរួម​ពី​គ្រប់​គណបក្ស​នយោបាយ ដែលមានបំណងឈរឈ្មោះ ធានាបាននូវការលើកកម្ពស់សិទ្ធិបោះឆ្នោត និង​សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត គឺជាគ្រឹះ នៃការអភិវឌ្ឍប្រកបដោយបរិយាប័ន តាម​គោល​នយោបាយ​នៃការបង្រួបបង្រួមជាតិ និងឯកភាពជាតិ។​ នេះបើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​ដដែល។

កាលពី​ពាក់កណ្តាល​ខែ​​ឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធ​ការចុះ​បញ្ជី​​គណបក្ស​មហាសាមគ្គី​ជាតិ​ខ្មែរ​ និងគណបក្សភ្លើងទៀន ដោយ​ហេតុ​ផល​ថា ការ​បំពេញ​ឯក​សារ​​មិនគ្រាប់គ្រាន់​តាមនីតិវិធី។

លោក​ ហង្ស ពុទ្ធា​ អ្នកនាំពាក្យ គ.ជ.ប​ បាន​ប្រាប់​ Newsroom Cambodia នៅល្ងាចថ្ងៃទី០១ ខែមិថុនា​ថា គ.ជ.ប​​ ជាស្ថាប័នអនុវត្តច្បាប់ ហើយ​ថា ការ​បដិសេធ​ការចុះប​ញ្ជី​ដោយសារ​តែ​គណបក្សទាំងពីរមិនបានបំពេញឯកសារគ្រប់គ្រាន់សម្រាប់ការចុះឈ្មោះដោយ​សារបាត់ឯកសារច្បាប់ដើម។

លោកបញ្ជាក់​ថា​៖ «​គណបក្សទាំងពីរមិនបានបំពេញឯកសារផ្លូវច្បាប់ អ៊ីចឹង​គាត់​មិន​អាច​ចូលរួម​ក្នុង​ការដាក់បេក្ខជន ឬដាក់គណបក្សឈរឈ្មោះបោះឆ្នោតបានទេ អ៊ីចឹងបើចង់ឱ្យ គ.ជ.ប ដាក់​​ មានន័យថា គ.ជ.ប​ ខ្លួនឯងហ្នឹងមិនគោរពច្បាប់»។

លោកបានបន្ថែមថា​ បើតាមផ្លូវច្បាប់មានដំណោះស្រាយដោយត្រូវប្តឹងទៅ​ឃុំសង្កាត់ ហើយ​ស្នើ​សុំ​ក្រសួងមហាផ្ទៃចេញឯកសារឡើងវិញ​។ ប៉ុន្តែលោក​ថា​ សម្រាប់​ពេលនេះ​ហួសថ្ងៃ​ទទួល​ពាក្យចុះ​បញ្ជីរបស់គណបក្សនយោបាយទៅ​ហើយ។

លោកថា៖ «​គ.ជ.ប​​​ ដើរតាមប្រតិទិនពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ជា​ប្រតិទិន​នៃការ​​​ដាក់និងទទួលពាក្យរបស់គណបក្សនយោបាយដើម្បីចុះបញ្ជី​ ប៉ុន្តែ​មិនមែន​ជាថ្ងៃ​ដែល​គណបក្ស​នយោបាយត្រូវរៀបចំឯកសារដែរ»។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នឹងធ្វើឡើង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៣​ ខាងមុខ​ ដោយមានគណបក្សនយោបាយ​ចំនួន១៨ ចូលរួម៕​