ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ សំណល់ប្លាស្ទិច​នៅក្នុងប្រទេសកម្ពុជាមានការកើនឡើង​ដោយសារ​កំណើន​ប្រជាជន​​​ ការប្រើប្រាស់​ប្លាស្ទិច​សម្រាប់ការ​វេចខ្ចប់អាហារ​ និងបញ្ហាផ្សេងៗទៀត​ ។

Newsroom Cambodia​ បាន​​សម្ភាស​​ប្រជាពលរដ្ឋ​ចំនួន​​៦រូប​ ដែល​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញអំ​ពីការ​​​យល់​​ឃើញ​​របស់​ពួកគេ​​ចំពោះកា​រចោលសំរាម​នៅទី​សាធារណៈ​។

លោក​ ឡុង រតនា អាយុ១៩ឆ្នាំ ជា​និស្សិត​នៅសាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈផ្នែក​បុរាណវិ​ទ្យា​លើកឡើង​ថា ​សំរាម​កើតឡើងដោយសារមនុស្សជាអ្នកចោល ហើយបច្ចុប្បន្ន​នៅ​ទីសាធារណៈ​មិនសូវ​មានអ្នកចោលទេ​។

លោក ឡុង រតនា

លោកបញ្ជាក់​​ថា៖ «ការចោល​សំរាមវា​មានកត្តាច្រើនយ៉ា​ង ​ជួនកាល​ដោយសា​របុគ្គល​ហ្នឹង​គាត់​មិ​ន​មាន​​ការយល់ដឹង​ផ្នែកអនាម័យ​ ផ្នែកបរិស្ថាន ​ទីពីរ​ដោយសារ​តែគាត់ឃើញ​កន្លែងហ្នឹង មាន​សំរាម​ចោល​ស្រាប់​​ទើប​គាត់​ចោល»​។​

លោក​បន្ថែម​ថា៖ ​​«ខ្ញុំផ្ទាល់ខ្ញុំកម្រ​​នឹង​ធ្វើ​ការ​ចោល​សំរាម​នៅតាមទីសាធារណៈណាស់ ដោយសារ​យើងបាន​សិក្សា​ពីកង្វក់​បរិស្ថានទៅ យើងដឹង​ពីបញ្ហា​ចោទសំ​ខាន់ទៅលើសំរាម»។

កញ្ញា ផុ​ន រដ្ឋា អាយុ២២ឆ្នាំ​ ជាកម្មការិនីនៅ​ក្នុងរោងចក្រ និ​ងជានិសិ្សតឆ្នាំ​ទី៣ ជំនាញរដ្ឋបាល​សាធារណៈ​ថា ការចោលសំរាមនៅ​ទី​សាធារណៈ ធ្វើឱ្យប៉ះពាល់ច្រើន ហើយការ​​ចោលនេះ អាចមកពី​សីលធម៌​របស់​មនុស្ស​​ដែល​​ពុំ​មានការ​យល់ដឹ​ងផ្នែ​កបរិស្ថាន​​។

កញ្ញា ផុន រដ្ឋា

កញ្ញាលើកឡើងថា៖ «ការ​ចោលសំរាមមាន​ផលប៉ះពាល់ច្រើន​ ទីមួយពាក់ព័ន្ធ​ទៅនឹងប​រិស្ថាន​ មិ​ន​ថា​ប្រទេស​​យើង ​ឬក្រៅប្រទេសគេមើលមក គេថាប្រទេសយើង​​ជាប្រទេសមួយបរិស្ថាន​មិនស្អាត​បរិស្ថាន​​​ពោរ​ពេញ​ទៅ​ដោយសំរាម ​ចឹងវាក៏​អាចបាត់បង់​តម្លៃ​ បាត់បង់​អីតាមហ្នឹងដែរ​។ មួយ​ទៀត​ទាក់ទងនឹងអនាម័យ វា​មានផល​ប៉ះពាល់​​។ សំរាមខ្លះ​វាជា​ប្លាស្ទិច សំរាមខ្លះ​វាអាច​ជាវ​ត្ថុ ​ឬកា​កសំ​ណល់ដែ​លរ​លួយ ​វាជះក្លិ​ន ​វាជះអី​ ប៉ះពាល់​ដល់ការរស់​នៅរបស់ប្រជាជន​»។

កញ្ញាបន្ថែមថា៖ «ប្រទេសយើងជាប្រទេសមួយកំពុង​អភិវឌ្ឍន៍​ ចឹង​យើងត្រូ​វការភ្ញៀវ​ទេសចរណ៍ ភ្ញៀវអី​ចឹងទៅ​ដើម្បីមកទ​ស្សនាប្រ​ទេស​របស់​យើង​ សំរាមក៏​ជា​ផលប៉ះពាល់​មួយដែរ​ ប្រសិន​បើគេមក​លេង​ប្រទេស​យើង​ហើយ​កន្លែងណាក៏ពោ​រ​ពេញ​ទៅដោយសំរាម​ចឹង​ ភាគ​ច្រើនគេ​អត់​ចង់​មក​ សូម្បី​តែយើងក៏​អញ្ចឹង​ដែរ»។

លោក ធារ៉ា

លោក ​ធារ៉ា​ មាន​អាយុ​ ៣០​ឆ្នាំប្លាយ លើកឡើង​ថា ការចោល​សំរាម​នៅ​ទីសាធារណៈ​ជា​អំពើ​មួយ​ពុំ​គប្បី។

លោក​ថា៖ «​​យុវវ័យ​ទាំងអស់​ មិន​ថាក្មេ​ងមិន​ថា​ចាស់​​ទេ​ ពេលញាំអីហើ​យ​គួរ​តែ​ចោល​សំរាម​ក្នុង​ធុង​សំរាម បើសិនធុងសំរាមនៅឆ្ងាយ អាចកាន់សិនទៅ កាន់រហូតដល់ធុងសំរាម បោះចោលវាទៅ»។

កញ្ញា សុខ ឡេង អាយុ ៣២ឆ្នាំ បានប្រាប់ Newsroom Cambodia ថា គាត់មិន​សូវ​សប្បាយចិត្តទេ​ ពេលឃើញ​សំរាម​នៅតាម​ទីសាធារណៈ ព្រោះ​ធ្វើ​ឱ្យ​ខូច​បរិស្ថាន​។

កញ្ញា សុខ ឡេង

កញ្ញាបាន​និយាយថា​៖ «ចង់ផ្តាំទៅអ្នកអង្គុយញាំនៅទីសាធារណៈថា ជួយ​ថែរក្សា​បរិស្ថាន​ទាំងអស់​គ្នា​ដើម្បីឱ្យភ្ញៀវទេសចរណ៍យើងដើរ ឱ្យគេមាន​អារម្មណ៍ល្អ ហើយប្រទេស​យើង​ក៏​រីក​ច​ម្រើន​»។​

លោក ជេស​ លី​ មានអាយុ៤៧​​ ឆ្នាំជាអ្នក​រត់កង់បីថា​ការចោលសំរាមក្នុងផ្លូវសាធារណៈ ជា​រឿង​មួយ​មិន​ល្អ​ទេ វាធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននៅ​ក្នុងទីក្រុង។

លោក ជេស លី

លោកលើកឡើង​ថា៖ «ចំពោះខ្ញុំ ខ្ញុំរៀបចំខ្លួនឯងមិនចាំបាច់នរណាប្រាប់ទេ ខ្ញុំ​យក​ទៅ​ដាក់​ធុង​ខ្លួន​ឯង​ដោយ​ទឹក​ចិត្តខ្ញុំតែម្តង មិន​បោះ​ចោល​​ជាដាច់ខាត […] ពេលបរិស្ថានស្អាត វាស្រស់ស្រាយដែរ សម្រាប់ការរស់នៅ និងដើរហើររបស់ភ្ញៀវ​​ជាតិ​​ និងអន្តរជាតិ​ ក៏គេ​មើល​ឃើញ​ថា​យើង​មាន​ចរិត​ឬកពារ​ល្អក្នុងការរៀបចំខ្លួន និងជួយដល់ប្រទេសខ្លួន​»។​

អ្នកស្រី​ សន ស្រីនាង អាយុ ៤១ឆ្នាំជាអាជីវករលក់សម្លៀកបំពាក់នៅផ្សារបឹ​ងកេងកង​ថា ការ​ចោល​សំរាម​អត់ស្អាត​ អត់ល្អ​ ​គ្មាន​​អនាម័យ​​ ខូចសណ្តាប់​​ធ្នាប់​ទីក្រុង​ ពីព្រោះ​​ទឹកនេះជា​ទឹក​ដីមាស​ ទឹក​ដី​ពេជ្រ​។

អ្នកស្រី សន ស្រីនាង

អ្នកស្រីនិយាយថា៖ «កន្លែងខ្ញុំលក់ដូរ​គឺខ្ញុំប្រយត្ន័​ ទីមួយ​សិរី​​មង្គល​កន្លែងយើង​ ទីពីរ​គឺ​បើយើង​ជួ​យ​សម្អាត​បរិវេណក​ន្លែង​ហ្នឹង​ហើយ ​គឺដូចជា​យើង​ជាប្រ​ជា​​ព​លរដ្ឋ​ម្នាក់​ដែល​ជួយ​ឱ្យទីក្រុងទាំ​ងមូល​ ឬប្រទេស​យើង​ស្អាត​»៕