គ្រឿង​ញៀន​ខុសច្បាប់​​នៅ​កម្ពុជា​កំពុង​ចរាចរណ៍ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​​មានការ​ព្រួយ​បារម្ភ​ខ្លាំង​ ដោយសារ​ឥទ្ធិពលនៃការ​ប្រើប្រាស់​គ្រឿង​ញៀន​ធ្វើ​ឱ្យ​ប៉ះពាល់​ច្រើន​​ដល់​បុគ្គល គ្រួសារ និង​សង្គម។​

សិក្ខាកាម Newsroom Cambodia កញ្ញាហែមរិន ដាវីត បាន​សម្ភាសន៍​លោក អំ សំអាត ជានាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ ជាអង្គការលើកកម្ពស់សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យនៅប្រទេសកម្ពុអំពី​បញ្ហាគ្រឿងញៀននៅកម្ពុជា៖

Q: ជម្រាបសួរលោក!

A: បាទជម្រាបសួរ!

Q:  នាង​ខ្ញុំ​សូម​សួរ​ថា តើបច្ចុប្បន្ន​នេះ ចំនួន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​មានការ​កើនឡើង ឬថយ​ចុះ? ហេតុអ្វី?

A: បើយើងនិយាយមកដល់បច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់គ្រឿងញៀន គឺការ​កើន​ឡើង​អ្នក​ប្រើប្រាស់។ ទីមួយ យើងឃើញថាអ្នកប្រើប្រាស់មានការកើនឡើង ទីពី បើយើង​និយាយ​អំពី​អ្នក​ដែល​ជាប់ឃុំភាគច្រើនគឺអ្នកដែលពាក់ព័ន្ធ និងបទល្មើស​គ្រឿងញៀន​ដែល​ជួញដូរ​គ្រឿងញៀន​តូចតាចគឺជាប់ពន្ធនាគារច្រើន អ៊ីចឹង​យើង​មើល​ទាំង​ក្នុងពន្ធនាគារ និង​អ្នក​កើន​ឡើង​ប្រើប្រាស់គ្រឿងញៀនគឺ​វាសមាមាត្រគ្នា។

Q:  មូលហេតុ​អ្វី​បាន​ជាកម្ពុជា​មាន​ការ​ជួញដូរ ឬ​ចរាចរណ៍​គ្រឿង​ញៀន​ច្រើន?

A: បញ្ហាគ្រឿងញៀននេះវាមិនមែនតែកម្ពុជាទេស្ទើតែនៅលើពិភពលោក បញ្ហា​នៃ​ការជួញដូរ​គ្រឿង​ញៀន​វា​មាន​ច្រើន​ប៉ុន្តែកម្ពុជាយើងជាអ្នកជួបនៅភ័ព្វវាសនាមួយដែល​បញ្ហា​នេះ​បាន​លុកលុយ​ច្រើន​ជាង​គេ ណាមួយបរិបទកូវីដ​-១៩​ នេះ​ក៏​វា​រុញច្រាន​បន្ត​ឱ្យ​មាន​រឿង​គ្រឿង​ញៀន​នេះ​ច្រើន​ដែរ។

កត្តា​ទីពីរ​គឺ​ការអនុវត្ត​​ច្បាប់​សម្រាប់​កម្ពុជា​យើង​គឺ​នៅ​តែ​មាន​កម្រិត​នៅ​ឡើយ​បាន​នៅ​ក្នុង​ការទប់ស្កាត់​ក្រៅ​អង្គការ​ជួញដូរ​គ្រឿង​ញៀន បើ​ការជួញដូរ​គ្រឿង​ញៀន​វា​មាន ទាំង​លំហូរ​ចូល​ក្រៅ​ប្រ​ទេស​ទាំង​ការនាំ​សារធាតុ​ញៀនយក​មក​ផលិត​នៅ​ក្នុង​ប្រទេស ហើយ​បើ​យើង​មើល​ឃើញការ​​បង្ក្រាប​កន្លងមកធំៗជាច្រើនសុទ្ធ​តែ​ជាជន​បរទេស​ អ៊ីចឹង​យើង​សួរថា​ហេតុអី​បាន​ជន​បរទេស​ទាំង​អស់​ហ្នឹង​នាំសារធាតុ​ញៀន​មកផលិតនៅស្រុកខ្មែរបាន? ហើយបើយើង​និយាយ​ពី​ចំនួន​ច្រើន​បាន​ន័យ​ថាចាប់ម្តងៗមានរាប់រយគីឡូ​រាប់ពាន់​គីឡូ​ទៀត ​ឆ្លង​កាត់ និង​ផលិត​នៅ​កម្ពុជា។ យើង​ឃើញ​ថា​ចំនុច​នេះ​ជា​ចំនុច​មួយ​ដែល​ការអនុវត្ត​ច្បាប់​មាន​កម្រិត និង​អំពើ​ពុករ​លួយហើយក៏ជាឬសគល់មួយដែលនាំឱ្យ​មានលំហូរចូលការផលិតគ្រឿងញៀន។

 ហើយមួយទៀតយើងឃើញថាអាជ្ញាធរយើងទាក់ទងនឹងបច្ចេកវិទ្យាក្នុងការត្រួតពិនិត្យទៅលើបញ្ហាគ្រឿងញៀននេះក៏មិនទាន់បានល្អប្រសើរដែរ ព្រោះយើងឃើញថាឧក្រិដ្ឋជន ឬអ្នក​ជួញដូរ​​គ្រឿង​ញៀន​នេះគាត់មានកម្រិតបចេ្ចកទេសនៅក្នុងការជួញដូរ ឬក៏​ផលិត​កាន់តែ​ខ្ពស់​ ប៉ុន្តែ​អាជ្ញាធរ​យើង​នៅ​មាន​កម្រិត​នៅ​ក្នុង​បច្ចេកទេស​នៅ​ក្នុងស្រា​វជ្រាវការស៊ើបអង្កេត​ពី​រឿង​នេះ។​ ហើយទីពីទប់ស្កាត់​មុខ​សញ្ញា​នៃ​ឧក្រិដ្ឋជន​គ្រឿងញៀន​ដែល​លំហូរ​កម្ពុជា​យើង​នឹង​មិន​ទាន់​មានការកំណត់បាន ឬច្បាស់លាស់ទេ។

Q: តើ​អ្នកដែល​ប្រើប្រាស់​គ្រឿង​ញៀន​ស្ថិតក្នុង​វ័យ​ណាខ្លះ? មូលហេតុ​អ្វី?

A: អ្នកដែលប្រើប្រាស់គ្រឿងញៀនភាគច្រើនគឺស្រទាប់យុវជនគឺវ័យ ១៥ឆ្នាំឡើង ទៅ​ក្រោម​៤០ឆ្នាំ ជាពិសេសជាយុវជនដែលជាកុមារភាព ឬក៏ពេញវ័យជាយុវជន ទីមួយ។  បានន័យថា​ងាយល​ង់​នៅ​ក្នុង​ការអូសទាញ​រប​ស់​គេ​ឱ្យ​ធ្លាក់​ទៅ​ជា​ឧបករណ៍​នៃ​ការជួញដូរ​គ្រឿង​ញៀន ឬក៏ទៅជាអ្នកប្រើប្រាស់គ្រឿងញៀនតែម្តង គឺវ័យគាត់មួយដែលការគិត​ខ្វះកា​រពិចារណាមិ​ន​ទាន់​បាន​ល្អ។​ ហើយរឿងជីវភាពជារឿងមួយ ប៉ុន្តែអ្ន​កខ្លះមិន​មែន​ទាក់ទង​នឹង​រឿង​ជីវភាព​ទេ គឺ​អ្នក​ខ្លះកូ​នអ្នកមានទ្រព្យសម្បត្តិ ប៉ុន្តែភ្លើតភ្លើនក្នុងការសប្បាយ ក៏វាធ្លាក់ខ្លួនទៅ​ក្នុង​ការរងគ្រោះ​នៅ​​ក្នុងការប្រើប្រាស់គ្រឿងញៀនផងដែរ។

Q: តើ​ការ​ប្រើប្រាស់​គ្រឿង​ញៀនធ្វើ​ឱ្យប៉ះពាល់​បែបណា​ខ្លះ​ដល់​សង្គម និង​អ្នក​ប្រើប្រាស់​ផ្ទាល់?​

A: បញ្ហាគ្រឿងញៀនវាជះឥទិ្ធពលធ្ងន់ធ្ងរណាស់សម្រាប់សង្គមជាតិយើង ជាពិសេស​បើ​អ្នក​ប្រើប្រាស់​ភាគច្រើន​ឃើញ​ថា​ជា​យុវជន វា​ធើ្វ​ឱ្យ​ប៉ះពាល់​ដល់​ធនធានមនុស្ស​ក្នុង​ការអភិឌ្ឍ​ប្រទេស​ជាតិ​យើង​នៅ​ថ្ងៃ​មុខ ហើយវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសារ។​ យើង​មើលឃើញថា​អ្នកប្រើប្រាស់​វា​ជារឿ​ងតូចតាច ប៉ុន្តែបើយើងអ្នកប្រើប្រាស់ ឬក៏អ្នកជួញដូរ​នេះច្រើ​ន​វា​មិនមែន​ជា​ការ​ប៉ះពាល់ ដល់​សេដ្ឋកិច្ច​គ្រួសារ​ វា​ទៅជា​ការប៉ះពាល់​សេដ្ឋកិ​ច្ច​សង្គម​ ដោយសារ​គាត់ប្រើប្រាស់គ្រឿងញៀន គាត់អាចបំផ្លាញទ្រព្យសម្បត្តិ បង្កឱ្យមា​នបទល្មើស បង្កឱ្យមានអសុវត្ថិភាពក្នុងសង្គម ដែលវាប៉ះពាល់ដល់សង្គមយើងទាំងអស់គ្នា។

Q: តើអ្នកប្រើប្រាស់​គ្រឿង​ញៀន​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ដែរទេ?

A: តាមការពិតទៅយើងយល់ឃើញថាអ្នកប្រើប្រាស់គ្រឿងញៀនគាត់ក៏ជា​ជន​រងគ្រោះ​ដោយគ្រឿងញៀនដែរ អ៊ីចឹង​ខ្ញុំយល់​ថា​អ្នក​ដែលប្រើប្រាស់គ្រឿងញៀនវា​គួរ​តែ​ទទួល​បាន​នូវ​ការ​បន្សាប ឬ​ក៏ការព្យាបាល ជាជាង​ការទទួល​ទោ​ស​ ពីព្រោះបើ​សិនជានៅក្នុង​ច្បាប់​ ទោះបី​ជា​​កំណត់​ទោស​ក៏ដោយ គឺទោសតែក្រៅទេ តែយើងត្រូវប្តូរជាការបន្សាប ឬព្យាបាលវិញ។

ខ្ញុំយល់ថាគ្រឿងញៀនហ្នឹង គឺជាជនរងគ្រោះ អ្វីដែ​លសំ​ខាន់​​គឺ​យើង​ត្រូវ​តែ​មាន​រដ្ឋ​ដែល​យក​ចិត្ត​ទុកដាក់​ យើង​មាន​កិច្ចសម្បទានត្រូវមានបន្សាបនិងការព្យាបាល គ្រឿងញៀន​ហ្នឹង​ដើម្បី​ឱ្យគាត់បានជាសះស្បើយឱ្យទៅជាធនធានមនុស្សដើម្បីអភិវឌ្ឍ​ប្រទេសជាតិវិញ។

Q: ប្រសិន​បើ​កម្ពុជា​នៅ​តែបន្ត​មាន​ការកើនឡើង​នូវ​អ្នកប្រើប្រាស់​គ្រឿង​ញៀន នោះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​បែប​ណា​ខ្លះ​នា​ពេល​អនាគត?

A: ខ្ញុំមើលទៅប៉ះពាល់ធ្ងន់ធ្ងរសំរាប់សង្គមជាតិយើងហ្នឹង។ ទីមួយគឺវាស្រដៀងគ្នាដែល​យើង​ខ្វះធនធាន​មនុស្ស​ក្នុងការអភិវឌ្ឍ​ប្រទេសនៅថ្ងៃក្រោយ ពីព្រោះ​ប្រទេស​ជាតិ​យើ​ងវាពឹង​ផ្អែក​បន្ត​គ្នា បានន័យថាពឹងផ្អែកលើយុវជនបន្តវេន អ៊ីចឹង​ប្រសិន​ជា​យុវជន​រងគ្រោះដោ​យសារ​តែ​ការប្រើប្រាស់​គ្រឿងញៀនហ្នឹងច្រើន វា​ប៉ះពាល់ទៅ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​យើង​ផងដែរ ហើយ​ក៏​វាបង្ក​ឲ្យមានអស្ថិរភាព​ ឱ្យមាន​បញ្ហាបទល្មើសនៅក្នុងសង្គម បញ្ហាគ្រួសារ​ច្រើន​នៅក្នុង​សង្គម។

Q: តើអ្នកពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល​គួរធ្វើ​បែប​ណា​ដើម្បី​ទប់​ស្កាត់ និង​ដោះ​ស្រាយ​បញ្ហា​គ្រឿង​ញៀននេះ?

A: ខ្ញុំជឿថាវិធានការរបស់រដ្ឋាភិបាលទីមួយ យើងត្រូវបំបាត់ឬស​គល់មុន​គេ​គឺ​អំពើ​ពុករលួយ ព្រោះ​អំ​​ពើពុករលួយ​នេះគឺជាឬសគល់ធំបង្កឲ្យមានការជួញដូរ ឬការប្រើប្រាស់ដូចគ្នា។

ទីពី យើងត្រូវតែអនុវត្ត​ច្បាប់​ឱ្យបាន បាន​ន័យថា​ទោះ​បីជា​បុគ្គលណាក៏ដោយដែលពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ ត្រូវតែអនុវត្ត​ច្បាប់ឱ្យ​បានតឹងរឹងដើម្បីទប់ស្កាត់ ហើយជាគំរូ​កុំ​ឱ្យអ្នកដទៃគាត់អនុវត្ត​នូវបទល្មើសគ្រឿងញៀននេះបន្តទៀត។​

ទីបីគឺត្រូវមានប្រតិបត្តិការពិសេស គឺនៅខាងក្នុង អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ត្រូ​វ​តែសហការ​គ្នា​ឱ្យ​បាន​ល្អ បង្កើនប្រសិទ្ធភាពក្នុងការអនុវត្ត​គោលនយោបាយរបស់ដ្ឋាភិបាល ភូមិ ឃុំ មានសុវត្ថិភាព។

ទីបួនគឺកិច្ចប្រតិបត្តិការជាមួយបញ្ហាប្រទេសជិតខាងដើម្បីចូលមកផលិតនៅក្នុងប្រទេស ហើយទីប្រាំកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសជិតខាងក្នុងតំបន់ដើម្បីកំណត់មុខសញ្ញាឧក្រិដ្ឋជនគ្រឿងញៀន និង​ឲ្យ​បាន​ច្បាស់លាស់​ដើម្បីកុំ​ឱ្យមាន​លំហូរ​ចូល​មក​កម្ពុជា ហើយ​បង្ក​ឱ្យ​មាន​បញ្ហា​នៅ​កម្ពុជា​យើង។

Q: អរគុណ​លោក អំ សំអាត!

A: បាទ! អរគុណ៕​