រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថាចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅតែមិនធ្លាក់ចុះ​ដែលបង្កើតក្តីបារម្ភសម្រាប់កម្ពុជា ស្របពេលអត្រាស្លាប់ដែលបង្កដោយគ្រោះថ្នាក់នៅលើដងផ្លូវនេះ មានចំនួនស្ថិតក្នុងហានិភ័យខ្ពស់។

ថ្លែងនៅក្នុងពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថាអត្រាអ្នកស្លាប់ និងរងរបួសប្រចាំថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភនាឆ្នាំ២០២៤នេះ។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក ស សុខា បានកត់សម្គាល់ថា ដើមឆ្នាំ២០២៤នេះ ជាមធ្យមកម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍៩លើក បណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ៤នាក់ ជារៀងរាល់ថ្ងៃ។

លោកបញ្ជាក់បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ មានស្ថានភាពដូចគ្នានឹងត្រីមាសទី១ ឆ្នាំ២០២៣ ដែរគឺពុំទាន់មានការថមថយនៅឡើយទេ។

ជាងនេះទៀត ហេតុការណ៍គ្រោះថ្នាក់សរុបបានកើតឡើងចំនួន៧៨១លើក បណ្តាលឱ្យស្លាប់ចំនួន៣៨៧នា​ក់ និងរបួសចំនួន១.០៨៤នាក់ ដែលគិតជាមធ្យមក្នុង១ថ្ងៃមានគ្រោះថ្នាក់ចំនួន៩លើក បណ្តាលឱ្យស្លាប់ចំនួ​​ន​លើ៤នាក់ និងរបួសចំនួន ១២នាក់។ គ្រោះថ្នាក់ទាំងនេះកើតឡើងពីមូលហេតុ បើកបរលើសល្បឿន កំណត់៤១ភាគរយ មិនគោរពសិទ្ធិ ២៥ភាគរយ មិនប្រកាន់ស្តាំ៩ភាគរយ បត់៨ភាគរយ វ៉ាជែង៧ភាគរយ ស្រវឹង៣ភាគរយ ងងុយ១ភាគរយ និងកត្តាផ្លូវ១ភាគរយ។

បន្ថែមពីលើនេះ ការប្រែប្រួលដ៏គួរឱ្យកត់សម្គាល់នៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ដែលធៀបនឹង១​​៥​​​ឆ្នាំមុន អត្រាអ្នកស្លាប់ប្រចាំថ្ងៃមានតិចជាងការស្លាប់ដោយសារអាវុធជាតិផ្ទុះ ឬមីន និងមេរោគអេដស៍ ប៉ុ​ន្តែ​​​​​១៥ឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍កំពុងបន្តឈរខ្ពស់គួរបារម្ភជារៀងរាល់ឆ្នាំ។

ជុំវិញករណីនេះ លោក ទូច​ សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថាគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២៤ នេះ មិនបានថមថយនោះទេ។លោកបន្តថាមូលហេតុដែលនាំឱ្យគ្រោះថ្នាក់ចរាចរណ៍នៅតែបង្កកើតមាន គឺដោយសា​​​រការប្រើប្រាស់ល្បឿនលឿនហួសកំណត់ ធ្វេសប្រហ័ស មិនប្រុងប្រយត្ន័ និងការប្រើប្រាស់គ្រឿងស្រវឹងជាដើម។

លោកបន្តថា៖ « យើងនៅបន្តនៅក្នុងការផ្សព្វផ្សាយអប់រំ តាមមុខសញ្ញាទាំងអស់ដោយប្រើកម្លាំងសរុប មធ្យោ​​បាយសរុប និងវិធានការសរុប មានន័យថាក្នុងនាមក្រសួងមហាផ្ទៃក៏យើងធ្វើសកម្មភាព ក្នុងនាមក្រសួងសាធារណៈការក៏លោកធ្វើសកម្មភាពរបស់លោក ហើយក្នុងនាមគណកម្មការជាតិ ក៏រួមគ្នាធ្វើ ក្រសួងអប់រំក៏លោ​កធ្វើសកម្មភាព លោកគ្រូ អ្នកគ្រូ គឺផ្សព្វផ្សាយអប់រំទាំងអស់គ្នា » ។

លោកបានឱ្យដឹងទៀតថាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កំពុងសិក្សា ដើម្បីបង្កើតជាសួនសុវត្ថិភាព ឬសួនចរាចរ​ណ៍​​​​ជាដើមដែលអាចនឹងសិក្សារៀបចំនៅទីតាំងសាលារៀន នៅតាមរាជធានី-ខេត្តដែលគ្រោះថ្នាក់ចរាចរណ៍ច្រើ​​​នជាងគេ។

ទាក់ទិននឹងករណីនេះ នាយកប្រចាំប្រទេសនៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation)លោក គឹម បញ្ញា លើកឡើងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ត្រូវមានមានវិធានការលក្ខណៈយូរអង្វែង តាមរយៈការអប់រំ ផ្សព្វផ្សាយ អំពីចរាចរណ៍ពីថ្នាក់បឋមរហូតដល់វិទ្យាល័យ។ មួយវិញទៀតត្រូវកែលំអហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងរឹតបន្តឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធិភាព និងសុវត្ថិភាព។

លោកបន្តថា៖ «សំខាន់ខ្លាំងជាងគេ គឺការអនុវត្តច្បាប់ ការអនុវត្តច្បាប់ចរាចរណ៍ នៅលើដងផ្លូវដែលនគរបាលចរាចរណ៍ជារឿងចាំបាច់ ប៉ុន្តែការបង្កើនការអនុវត្តនូវគោលនយោបាយចរាចរណ៍ ឬក៏បទបញ្ជាផ្ទៃក្នុងទាក់ទងចរាចរណ៍នៅកម្រិតស្ថាប័នដាក់នៅសាលារៀន នៅរោងចក្រ នៅក្រុមហ៊ុន នៅអង្គការ ដាក់នៅស្ថាប័នរដ្ឋ និងអង្គភាពរបស់រដ្ឋថ្នាក់ក្រោមជាតិអាចនឹងកាន់តែសំខាន់ ដើម្បីរួមចំណែកនៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរា​​ចរ​ណ៍ការស្លាប់ និងរបួស»។

លោកថាមូលហេតុនាំឱ្យគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងញឹកញាប់ កត្តាចម្បងៗដូចជា កត្តាមនុស្ស បើកបរមិនគោរពច្បាប់ បើកលឿន និយាយទូរស័ព្ទក្នុងពេលបើកបរ កត្តាផ្លូវថ្នល់ វៀចកោង អត់ដាក់ស្លាកសញ្ញាគ្រប់គ្រាន់ កត្តាយានយន្ត យានយន្តខូច និងកត្តាផ្សេងៗដូចជា អាកាសធាតុពេលខ្លះភ្លៀងមើលមិនឃើញដែលងាយប៉ះទង្គិច និងងាយមានគ្រោះថ្នាក់។

លោកបន្តថា៖ «ខ្ញុំឃើញបញ្ហាប្រឈមច្រើនជាងគេគឺរឿងពាក់មួកសុវត្ថិភាព ពេលថ្ងៃពាក់ច្រើន តែពេលយប់មិនសូវ […] ក្រៅពីការរឹតបន្តិចការអនុវត្តច្បាប់សូមឱ្យសម្របសម្រួលជាមួយនឹងអ្នកលក់ម៉ូតូ[…] យើងឃើញថាបញ្ហាប្រឈមមួយដែលគាត់មិនពាក់មួយគឺដោយសារគាត់មិនមានមួកពាក់ មានលុយទិញម៉ូតូតែមិនមានលុយទិញមួកពាក់ ការពារអាយុជីវិតខ្លួនឯង » ។

របាយការណ៍របស់ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន ឱ្យដឹងថាកាលពីឆ្នាំ២០២៣ គ្រោះថ្នា​ក់​​ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសសរុប ៣,៣១៧លើក ក្នុងនោះគ្រោះថ្នាក់ពេលយប់៥៥ភាគរយ បណ្តាលឱ្យមានអ្នកស្លា​​ប់១,៥៩​០នា​ក់ និងរបួសធ្ងន់ ២,៧៦៦ក្នុងចំណោមអ្នករងរបួសសរុប ៤,៥១៥នាក់៕