មានការសិក្សាស្រាវជ្រាវជាច្រើនដែលបានបង្ហាញពីទិន្នន័យមួយចំនួនពីជីវភាព និងការរស់នៅរបស់​ប្រជាពលរដ្ឋនៅតាមដងទន្លេសាប ក៏ប៉ុន្តែ​ទិន្នន័យទាំង​នោះ​តែងតែមា​ន​ការប្រែប្រួល​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ​លោកបណ្ឌិត ធីម ហ្វ្រូវើ (Tim Frewer, PH.D.) បាន​បញ្ចប់​ថ្នាក់​បណ្ឌិតរបស់​លោកពី​សាកល​វិទ្យាល័យ​​ស៊ីដនី (Sydney) កាលពីឆ្នាំ​២០១៧។ លោកធីមមាន​ចំណាប់​លើការសិក្សា​ស្រាវជ្រាវ​អំពី​ប្រធានបទ​ផ្សេងៗដែលពាក់ព័ន្ធនឹងខេត្តសៀមរាបនិងបឹងទន្លេសាបដូចជា​ អ្នក​កែច្នៃ​ទីក្រុងសៀមរាប​ ប្រវត្តិនៃការធ្វើចំណាកស្រុកនៅ​លើបឹងទន្លេសាប និងការផ្លាស់​ប្តូរ​ជីវភាព​នៅ​លើ​បឹង​ទន្លេ​សាប​ជាដើម។

ខាងក្រោមនេះជាការសម្ភាសន៍រវាងលោក ឌឹម សុភត្រា ដែលជាសិក្ខាកាម Newsroom Cambodia លោកបណ្ឌិត ធីម ហ្វ្រូវើ កាលពីថ្ងៃសុក្រ ទី៣០​ ខែឧសភា ឆ្នាំ២០២៣​៖  

Q៖ ជម្រាបសួរលោក!
A៖ បាទ ជម្រាបសួរ!
Q៖ ខ្ញុំបានដឹងថាលោកបានស្រាវជ្រាវច្រើន ពាក់ព័ន្ធនឹងប្រជាជនកម្ពុជា ដែល​រស់នៅ​តាម​ដង​ទន្លេសាប។ តើលោកអាចរៀបរាប់បានទេថា លោកបានស្រាវជ្រាវ និងចេញផ្សាយអំពីអ្វីខ្លះពាក់ព័ន្ធនឹងជីវភាពប្រជាពលរដ្ឋនិងការរស់នៅតាមដងទន្លេសាប?

A៖ ពីមុនមកខ្ញុំធ្លាប់សិក្សាស្រាវជ្រាវទៅលើប្រធានបទ២ ទីមួយទាក់ទងទៅនឹងការផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅលើដងទន្លេសាប និងទីពីរទាក់ទងទៅនឹងបរិស្ថាន។ ខ្ញុំធ្លាប់សិក្សាស្រាវជ្រាវថា បរិស្ថានពិសេសចំនួនត្រី ប្រភេទត្រី ប្រភេទសត្វផ្សេងៗមានការផ្លាស់ប្តូរ ប្រែប្រួលក្នុងរយៈពេលដប់ម្ភៃឆ្នាំចុងក្រោយនេះ​ វាផ្លាស់ប្តូ​ និងប្រែប្រួលរបៀបម៉េចខ្លះ។​

Q៖ តើលោកគិតថាប្រជាជននៅតាមដងទន្លេសាបមានស្ថានភាពបែបណាដែរ?

A៖ ខ្ញុំគិតថាទីមួយវាផ្តោតទៅលើតំបន់ ហើយទីពីរផ្តោតទៅលើក្រុមប្រជាពលរដ្ឋ ព្រោះ​អី​បើសិន​ជា​យើង​មើល​ទៅលើ ឧទាហរណ៍ថា នៅក្នុងខេត្តសៀមរាប យើងអាចឃើញថាប្រជាជន​ដែល​រស់នៅ​តំប​ន់​ទន្លេសាបហ្នឹងមាន២ ប្រភេទ។​ ប្រភេទមួយគឺអ្នករស់នៅលើទន្លេ គេមានភូមិបណ្តែតលើទឹក ដូចជាកំពង់ឃ្លាំង កំពង់ភ្លុក ហើយចុងឃ្នាស។ ទីពី​មានប្រជាពលរដ្ឋដែលរស់នៅលើគោក ប៉ុន្តែ​ជីវភាព​របស់ពួកគេ នៅតែពឹងផ្អែកទៅលើទន្លេដូចគ្នា ដូចអ្នកដែលរស់នៅទន្លេសាបដែរ។​

ប៉ុន្តែឥលូវបើសិនជាយើងមើលទៅ​យើងឃើញថាក្រុមទី១ អ្នកដែលរស់នៅលើទន្លេសាប យើង​អាច​ចែក​ជាពីរក្រុមទៀត ទីមួយមានអ្នកដែលធ្វើនេសាទធុនតូចដែលភាគច្រើនគេប្រើឧបករណ៍សាមញ្ញទៅតាមច្បាប់ជលផល យើង​អាចចាត់ទុកថាពួកគាត់ហ្នឹងគ្រាន់តែរកត្រីដើម្បីជា​លក្ខណៈ​ចិញ្ចឹម​គ្រួសារ។ ទីពីរនៅក្នុងចំនួនប្រជាពលរដ្ឋរស់នៅលើទន្លេហ្នឹង គេមានក្រុមមួយទៀតដែល​គេ​រក​ជា​លក្ខណៈ​រកស៊ី រកស៊ីទ្រង់ទ្រាយធំ អាហ្នឹងក៏យើងអាចចាត់ជាច្រើនថ្នាក់ដែរ ប៉ុន្តែភាគច្រើន​អាហ្នឹង​បានន័យថាអ្នកដែលគេប្រើឧបករណ៍ដែលអាចជាលក្ខណៈទំនើប វាអាចជាមងដែលវែង ឬ​គេមា​ន​ឧបករណ៍​ទំនើបៗ ក៏ដូចជាឧបករណ៍ ម៉ាញស៊ីប និងទូកលើសពីមួយ។

ក្រុមផ្សេងៗគឺខ្ញុំគិតថាស្ថានភាពពួកគាត់ហ្នឹងគឺខុសៗគ្នា ភាគច្រើនអ្នកដែលពឹងផ្អែកទៅលើត្រីហ្នឹង ហើយគេរកស៊ីជាលក្ខណៈក្រុមគ្រួសារ ពួកគាត់ហ្នឹងកាន់តែពិបាក ពីមួយឆ្នាំទៅ​មួយ​ឆ្នាំ​យើង​ឃើញ​ថា​ស្ថានភាព​ពួកគាត់កាន់តែពិបាកដោយសារភាគច្រើនតម្លៃត្រី ទីផ្សារត្រីហ្នឹងវាឡើងចុះរហូត។ ហើយឥលូវនេះ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះយើងឃើញថាតម្លៃត្រីហ្នឹង ត្រី​ដែល​ប្រជាពលរដ្ឋ​សាមញ្ញ​គេ​រកធ្លាក់ចុះខ្លាំង អាហ្នឹងវាប៉ះពាល់ទៅលើចំណូលរបស់អ្នកនេសាទត្រី។

ទីពីយើងក៏មិនអាចនិយាយថាចំនួនត្រីវាធ្លាក់រហូតទេ ព្រោះអីវាតាមប្រភេទត្រី ប៉ុន្តែយើង​ឃើញ​ថា​ត្រី​ធំៗ ត្រីដែលមានតម្លៃខ្ពស់គឺវាតិចជាងមុន​ អញ្ចឹងចំណុចទាំងពីរហ្នឹង យើង​បូក​ចូលគ្នា​យើង​ឃើញ​ថា អ្នកដែលនេសាទជាលក្ខណៈទ្រង់ទ្រាយតូចជីវភាពរបស់ពួកគាត់ពិបាក។ ហើយបើយើង​និយាយ​ពី​អ្នកផ្សេង​ដែលរស់នៅលើគោកហើយគេពឹងផ្អែកទៅលើទន្លេសាប យើងឃើញថាគាត់​ហ្នឹងក៏​ពិបាក​ម៉្យាង​ដែរ ពួកគាត់ហ្នឹងឥលូវព្យាយាមទៅរកមុខរបរខុសពីការរកត្រី មូលហេតុ​ដោយសារ​ចំនួន​ត្រី​តិច​ជាងមុន ហើយអ្នករកត្រីច្រើន ប៉ុន្តែពួកគាត់ក៏​ពិបាក​រក​មុខរបរ​ផ្សេង​ដោយសារ​ទីមួយគ្មា​ន​បទ​ពិសោធន៍ និងទីពីរគ្មានដើមទុន តែពួកគាត់អាចទៅស៊ីឈ្នួលគេបាននៅផ្សារត្រី ឬនៅ​ក្រុង​សៀមរាប​ជាដើម។

ចំពោះអ្នកដែលរកស៊ីទ្រង់ទ្រាយធំ ឥលូវដោយសារការបង្ក្រាបបទល្មើសនៅ​លើទ​ន្លេ​សាប​ហ្នឹង ពួកគាត់​ក៏​ផ្លាស់​ប្តូរប្រែប្រួលដែរ អ្នកដែលរកស៊ីជាទ្រង់ទ្រាយធំ ជាពិសេសអ្នក​ដែល​រក​ជា​ឧបករណ៍​ខុសច្បាប់​តិច​ជាង​មុន ដោយសារគេបង្រ្កាបតាំងពីឆ្នាំ២០២១។

ខ្ញុំភាគច្រើនសិក្សាស្រាវជ្រាវនៅខេត្តសៀមរាបខ្ញុំឃើញថា អ្នកដែលរកស៊ីទ្រង់ទ្រាយធំ អ្នក​ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់កាត់បន្ថយច្រើន។

Q៖ បើប្រៀបទៅកាលពីប៉ុន្មានឆ្នាំមុននៅពេលដែលលោកចាប់ផ្តើមស្រាវជ្រាវដំបូងៗនៅកម្ពុជា តើ​លោក​គិតថា​ស្ថានភាពរបស់​ប្រជាជនរស់​នៅតាម​ដង​ទន្លេសាបមានការប្រែប្រួលយ៉ាងណាខ្លះ?

A៖​ ខ្ញុំគិតថាជាពិសេសក្នុងរយៈពេលប្រហែលជាដប់ទៅម្ភៃឆ្នាំចុងក្រោយ ខ្ញុំគិតថា​ស្ថានភាព​នៅ​ទន្លេសាប​វា​ប្រែប្រួល​ខ្លាំង ខ្ញុំបានសិក្សាស្រាវជ្រាវតាំងពីប្រហែល១០ឆ្នាំមុន ប៉ុន្តែ​ខ្ញុំ​ស្រាវជ្រាវ​ជា​លក្ខណៈតូច​នោះទេ មិនមែនជាការស្រាវជ្រាវគម្រោងធំៗទេ តែតាមការសង្កេតឃើញរបស់ខ្ញុំ ខ្ញុំគិតថាឥឡូវហ្នឹងប្រជាពលរដ្ឋដែលពឹងផ្អែកលើត្រីនៅទន្លេសាបប្រឈមមុខនឹងបញ្ហាធំទៀត ហើយជីវភាពពួកគាត់ប្រែប្រួលខ្លាំងមែនទែនក្នុងរយៈពេលដ៏ខ្លីនេះ​។​

ក្នុងរយៈពេលប្រហែលជា១០ឆ្នាំនេះឃើញថា​​​ មានអ្នកនេសាទត្រីដែលធ្លាប់​មាន​អាជីវកម្ម​នេសាទ​ត្រី​ហ្នឹង​គេផ្លាស់ប្តូទៅរកការងារផ្សេង ដោយសារក្នុងបឹងទន្លេសាបពិបាករកចំណូលមែនទែន ឃើញ​ថាឥឡូវនៅកំពង់ភ្លុក កំពង់ឃ្លាំង​ ចុងឃ្នាស ឥឡូវមានអ្នកដែលទៅស៊ីឈ្នួលគេ ឬ​ក៏​ធ្វើ​ចំណាក​ស្រុក​ទៅ​ខេត្ត​ផ្សេងៗ ជួនកាលទៅដល់ខេត្តឆ្ងាយដូចជារតនគិរី មណ្ឌលគិរីក៏មានដែរ ខ្លះ​ទៅថៃ​ផង​អី​ផង ភាគច្រើនដោយសារបើគេនៅតែបន្តមុខរបរដូចកាលមុន គេមិន​អាច​រក​ចំណូល​គ្រប់គ្រាន់​ក្នុង​ការចិញ្ចឹម​គ្រួសារ​ទេ។ ឥឡូវដោយសារត្រីពិបាករក ហើយច្បាប់គេរឹតត្បឹត ហើយទី៣ ដោយសារ​តម្លៃ​ត្រី​ធ្លាក់​ចុះ ៣ចំណុចហ្នឹងបូកចូលគ្នាធ្វើឲ្យ អ្នកដែល​ធ្លាប់តែ​មា​នមុ​ខ​របរ​នេសាទ​ត្រី​ហ្នឹង​ត្រូវ​តែ​ប្រែប្រួល (ផ្លាស់ប្តូរ)។

ហើយទីពីរ ខ្ញុំឃើញថាភាគច្រើនបើយើងនិយាយថាការផ្លាស់ប្តូរ សំខាន់ៗ យើងឃើញថា​ឧបករណ៍​ដែល​គេ​ប្រើ សម័យនេះវាខុសប្លែកពីកាលមុន ដូចម្ភៃឆ្នាំឬដប់ឆ្នាំមុន យើងឃើញ​ថា​ភាគច្រើន​គេ​ប្រើឧ​បករណ៍​ជាល​ក្ខណៈសាមញ្ញ ជាលក្ខខណ្ឌឧបករណ៍បុរាណ ដូចជាទ្រូ​ មង​ធម្មតា មង​ដែល​ធ្វើ​ពីខ្សែ ប៉ុន្តែឥឡូវភាគច្រើនគេត្រូវតែផ្លាស់ប្តូរប្រើឧបករណ៍ទំនើបវិញ បើសិនជាគេ​មិន​ប្រើឧបករណ៍​ទំនើបហ្នឹង គេចាប់ត្រីមិនគ្រប់ចំនួន បានន័យថាចំណូលវាតាមហ្នឹងដែរ។

អ្នកនេសាទមួយៗ គេត្រូវតែផ្លាស់ប្តូរទៅប្រើឧបករណ៍ ទំនើបៗ អ៊ីចឹង​បាន​ន័យថា​គេ​ត្រូវតែ​ចំណាយ​លុយ​ច្រើនទៅលើឧបករណ៍ ថ្មីហ្នឹង ដូចជាមង ភាគច្រើនឥឡូវអ្នកដែល​ប្រើ​មង​នៅ​លើទន្លេសាប​គេ​លែង​ប្រើមងខ្សែប្រវែងត្រឹមតែមួយគីឡូ ប៉ុន្តែឥឡូវខ្លះគេប្រើម្ភៃដៃក៏មានដែរ អ៊ីចឹងវាអា​ច​លើស​ពី​មួយគីឡូ​ទៅពីរគីឡូ។

ការទិញឧបករណ៍ហ្នឹងត្រូវចំណាយលុយច្រើនជាងមុនហើយវាទំនើបជាងមុន ហើយទាំងអស់​ហ្នឹង​វា​អាច​ធ្វើឲ្យអ្នកនេសាទនិងប្រឈមមុខនឹងការជំពាក់លុយ ជំពាក់បំណុលគេ ព្រោះអីដើម្បី​ទិញ​ឧបករណ៍​ទាំងអស់ហ្នឹងគេត្រូវខ្ចីលុយពីធនាគារ ហើយបើសិនជាមានបញ្ហាបរិស្ថាន បញ្ហានៅ​បឹង​ទន្លេសាប ចំនួនត្រីធ្លាក់ចុះ នៅពេលដែលទិញឧបករណ៍ហ្នឹងហើយ រកត្រីមិនគ្រប់ ក៏នៅតែ​ជំពាក់​ធនាគារ​ខ្លាំងទៅៗ អ៊ីចឹងវាអាចជាបញ្ហាមួយទៀត ដែលធ្វើឲ្យអ្នកដែលរស់នៅបឹង​ទន្លេសាប​ត្រូវ​ផ្លាស់ប្តូរ​ចំណាក​ស្រុក នៅស្រុកឆ្ងាយឆ្ងាយ ដើម្បីរកមុខរបរផ្សេង។​

Q៖ ហេតុអ្វីបានជាបញ្ហាប្រឈមទាំងនោះនៅតែបន្តកើតមាន?

ខ្ញុំគិតថាការពិតចំនួននេសាទត្រី បើយើងមើលស្ថិតិដែលចេញពីក្រសួង យើងឃើញថា ការពិត​វា​មិន​ថយ​ចុះខ្លាំ​ងទេ បើយើងប្រៀបធៀបឆ្នាំនេះជាមួយឆ្នាំទៅចំនួនវាឡើង តែយើងក៏ពិបាកនិយាយ ឥឡូវហ្នឹងគ្មានអ្នកណាដែលអាចនិយាយថា ស្ថិតិដែលចេញពីក្រសួងយើងអាចទុកចិត្តបាន ឬ​ក៏​អត់​ទេ ក្រសួងក៏គេខំប្រឹងរកទិន្នន័យតាមគ្រប់ច្រកដែរ តែយើងខ្លាចថាទិន្នន័យនឹង​មិនបាន​គ្រប់ជ្រុង​ជ្រោយទេ។​ ហើយទីពីរហ្នឹង ទិន្នន័យហ្នឹង គេធ្លាប់ប្រមូលតាំងពីច្រើនឆ្នាំហើយៗ ប៉ុន្តែឆ្នាំមុនៗ យើងមិនដឹងថា កាលពីមុនហ្នឹងហើយហ្នឹងឥឡូវ ទិន្នន័យហ្នឹងវាដូចគ្នា ឬក៏ប្រែប្រួលទេ យើង​ពិបាក​ក្នុង​ការប្រៀបធៀបឆ្នាំមុនៗមកឥឡូវណាស់ យើងមិនដឹងថាចំនួនត្រីវាថយចុះខ្លាំងឬក៏វាឡើង អត់​ដឹងច្បាស់ទេ។

ប៉ុន្តែបើតាមការសង្កេតឃើញរបស់ខ្ញុំ និងការប្រមូលទិន្នន័យពីអ្នកនេសាទតែម្ដង ភាគច្រើន​អ្នក​នេសាទ​គេឃើញថា វាផ្ដោតទៅលើប្រភេទត្រីដូចប្រភេទត្រីធំៗ ត្រីដែល​ធ្លាប់​មក​រស់នៅ​តំបន់​ទន្លេសាបហ្នឹងវាថយចុះខ្លាំង ប៉ុន្តែត្រីចង្វា ត្រីអណ្តែង ត្រីរ៉ស់ហ្នឹង វាអាចទៅទទេរ (ថេរ)​ ឬ​ក៏​មាន​ឡើងមានចុះខ្លះៗ។ ប៉ុន្តែតាមការសិក្សារបស់ខ្ញុំ មានកត្តាមួយចំនួន ដែលធ្វើឲ្យ​ត្រី​វា​ថយ​ចុះ​មែន ដូចជាទំនប់វារីអគ្គិសនី ខ្ញុំឃើញថានៅក្នុងរយៈពេល ម្ភៃឆ្នាំចុង​ក្រោយ​នេះ​មាន​វារី​អគ្គិសនី​ជាច្រើន​នៅ​តាម​ដងទន្លេមេគង្គដូចជាមាននៅស្ទឹងត្រែង មានសេសាន សេសានក្រោមពីរ នៅ​វៀតណាម​ក៏​មាន។​ ហើយខ្ញុំគិតថាទំនប់វារីអគ្គិសនីទាំងអស់ហ្នឹងវាប្រាកដជាមានការប៉ះពាល់ទៅដល់ចំនួនត្រី ដែលហូរចូលមកក្នុងទន្លេសាប អ៊ីចឹងត្រីវាពិតជាថយចុះមែនហើយ។ ទីពីរនេះយើងឃើញថា ឧបករណ៍ ទំនើបៗជាពិសេសឧបករណ៍ឆក់ ដូចជាស៊ីបម៉ាញ់​អាច​ធ្វើ​ឲ្យ​មាន​ការថយ​ចុះ​ចំនួន​ត្រី​មែនទែន។ ហើយជាពិសេសអ្នកដែលរស់នៅក្នុងក្រុងសៀមរាបក៏គេនិយាយដែរថា​ ចំពោះ​ត្រី​មាន​ការធ្លាក់​ចុះមែន អ៊ីចឹងតាំងពីឆ្នាំ២០២១ ២០២២ គេចាប់ង្ក្រាប យើង​ឃើញ​ថា​ចំនួន​ត្រី​វា​ចាប់ផ្ដើម​ឡើង​បន្តិចម្តងៗ ដោយសារតែការអនុវត្តច្បាប់តឹងរ៉ឹង ប៉ុន្តែបើយើងមើលទៅលើចំណុចទីបី ពាក់ព័ន្ធ​នឹង​អ្នក​ដែល​រកត្រី ពីមួយជំនាន់ទៅមួយចំនួនអ្នករកត្រីក៏កាន់តែច្រើន ហើយ​សូម្បី​មាន​កន្លែង​ខ្លះៗ​មាន​អ្នក​ចំណូលថ្មីមកនៅសៀមរាប មិនមែនត្រឹមតែជាជនដែលរស់នៅនោះទេ ប៉ុន្តែមាន​អ្នក​ចំណូល​ស្រុក​ទៅរកត្រីនៅតំបន់ហ្នឹងដែរ ដែលធ្វើឲ្យមានអ្នករកត្រីកាន់តែច្រើនឡើងៗ។​ អ៊ីចឹង​បីចំណុចនេះសំខាន់ ទីមួយគឺទំនប់វារីអគ្គិសនី ទីពីរឧបករណ៍ទំនើប ហើយទីបីគឺចំនួនអ្នករកត្រី។

Q៖ តើអ្នកពាក់ព័ន្ធគួរធ្វើបែបណា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ?

A៖ ខ្ញុំគិតថាបញ្ហាដែលកំពុងតែកើតឡើងហ្នឹង នៅក្នុងតំបន់ទន្លេសាបវាមិនងាយដោះស្រាយទេ។ ទីមួយដោយសារអ្នកដែលរកត្រីច្រើន ហើយស្ថានភាពអ្នករកត្រីមួយៗ​ស្ថានភាព​ភាគច្រើន​ពិបាក​ដែរ។ ប៉ុន្តែខ្ញុំគិតថា ខ្ញុំឃើញមានគម្រោងមួយចំនួនដែលបានឆ្លើយតបទៅនឹងបញ្ហា ដែល​កំពុង​តែ​កើត​ឡើង​ហ្នឹង ដូចជាបង្កើតសហគមន៍នេសាទត្រី ផ្ដល់សិទ្ធិឱ្យពួកគាត់គ្រប់គ្រងតំបន់ ហើយ​បើសិនជា​គេមា​នសមត្ថភាព អាចជួយការពារ ឬក៏គេមានឧបករណ៍ គេមាន​ការគាំទ្រ​ពី​ស្ថាប័ន​ដែលពា​ក់ព័​ន្ធគ្រប់គ្រាន់ ខ្ញុំឃើញថាសហគមន៍អាចការពារត្រី ថែរក្សាធនធានជលផល ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់បាន។ អាចំណុចហ្នឹងវាសំខាន់ក្នុងការរករបរ ដែលអាច​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគាត់។ ក៏ដូចជាឥឡូវ ខ្ញុំឃើញថានៅក្នុងនៅកំពង់ភ្លុក កំពង់ឃ្លាំង គេ​ចាប់ផ្តើម​អនុវត្ត​គម្រោង ជួយបង្កើតតំបន់ស្រះចិញ្ចឹមត្រី ហើយខ្ញុំគិតថាប្រសិនជា​មាន​ការគាំទ្រ​ពី​​ស្ថាប័ន​​​ ​ពាក់ព័ន្ធ​នៅ​ក្នុងមូលដ្ឋាន ដូចជាខាងជលផល ក្រសួងកសិកម្ម អាហ្នឹងក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់អ្នកស្រុក អ្នកនេសាទត្រីបានដែរ។

ហើយទីពីរខ្ញុំគិតថាបើសិនជា ធ្វើយ៉ាងម៉េចកុំឲ្យកសាងទំនប់វារីអគ្គិសនីថែមទៀតនៅលើតំបន់មេគង្គ ចំណុចហ្នឹងក៏សំខាន់ដែរ ព្រោះអីបើសិនជាមាន ការកសាងទំនប់វារីអគ្គិសនីថែមទៀតយើងខ្លាចថា ការប៉ះពាល់ដល់ត្រីហ្នឹង វាអាចធំជាងមុនច្រើនជាងមុន។ ហើយក្រៅពីហ្នឹងខ្ញុំគិតថាការអនុវត្តច្បាប់ នៅតាមតំបន់នៅតាមតំបន់ទន្លេសាបហ្នឹងក៏សំខាន់ដែរ ព្រោះយើងឃើញថាជាក់ស្ដែងពីមួយឆ្នាំ ទៅមួយឆ្នាំមានឆ្នាំខ្លះមានស្ថាប័ន ដែលមានតួនាទីក្នុងការអនុវត្តច្បាប់ជលផល គេអនុវត្ត​ល្អ​មែន​ទែន ហើយគេមានមន្ត្រីគ្រប់គ្រាន់ឧបករណ៍គ្រប់គ្រាន់ ក្នុងការជួយទប់ស្កាត់បទល្មើស​នៅ​តាម​បឹង​ទន្លេសាប ប៉ុន្តែនៅក្នុងឆ្នាំមួយចំនួនក៏ មិនសូវប្រសើរដូចឆ្នាំគេចុះមកបង្ក្រាប តែបើយើងមើល​ទៅ​រយៈពេល​យូរយើ​ងឃើញថាគេត្រូវមានឆ្នាំខ្លះគេអនុវត្តខ្លាំង ឆ្នាំក្រោយគេធូរមួយឆ្នាំ។ ក្រៅពី​ហ្នឹង​ខ្ញុំគិតថា ប្រហែល​បញ្ហាទាក់ទងទៅនឹងធនាគារ ត្រូវមាន​គោលការណ៍​ច្បាស់លាស់​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​បង្ការ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ឲ្យលុយខ្ចីដោយមិនយកការប្រាក់ខ្ពស់។

ហើយខ្ញុំឃើញថាភាគច្រើនអ្នកនេសាទហ្នឹងគ្មានកម្មសិទ្ធិដីធ្លីដូចអ្នកនៅលើគោកទេ អ៊ីចឹង​ពួកគាត់​ពិបាក​ក្នុង​ការខ្ចីលុយ អ៊ីចឹងគាត់ក៏ទៅខ្ចីលុយអ្នកដែលនៅដើមភូមិ ហើយអ្នកនៅដើមភូមិ​យក​ការប្រាក់​​អាច​ខ្ពស់​ជាងធនាគារ អ៊ីចឹងធ្វើម៉េចឲ្យគាត់អាចខ្ចីលុយ ក្នុងការប្រាក់ដែលសមល្មម មិន​ខ្ពស់​ពេក។ ហើយទីពីរខ្ញុំគិតថា ត្រូវតែមានគម្រោង របស់អង្គការ ឬក៏ខាងរាជរដ្ឋាភិបាលក៏​បាន​ដើម្បី​ជួយឲ្យ​ផ្ដល់បទពិសោធន៍ ឬផ្ដល់បច្ចេកទេសទៅដល់អ្នកដែលរកត្រីហ្នឹង ឲ្យរកមុខរបរផ្សេង ព្រោះ​យើង​ឃើញ​ថាថ្ងៃអនាគតអ្នកដែលរកត្រីហ្នឹងគេមិនអាច​រកត្រីរហូតបានទេ ដោយសារ​បញ្ហា​ត្រី​ធ្លាក់​ចុះ តម្លៃធ្លាក់ចុះ គេត្រូវទៅរកមុខរបរផ្សេង។ ធ្វើម៉េច​អាចរៀបចំឲ្យ​មាន​គម្រោង​ច្បាស់លាស់​ដើម្បី​ត្រៀម​ពួកគាត់​នឹងអាចរកមុខរបរផ្សេង។

​ហើយមួយទៀតខ្ញុំគិតថាពាក់ព័ន្ធនឹងបញ្ហាការនាំចូលត្រីហើយនេះគឺជាបញ្ហាធំជាងគេ ពួកយើង​ឃើញ​ថា​ទីផ្សារ​ត្រីពិបាកពីមួយឆ្នាំ ទៅមួយឆ្នាំ វាឡើងចុះឡើងៗ ប៉ុន្តែការ​ឡើងចុះភាគច្រើនគឺ មែន​កើតឡើងដោយសារតែបញ្ហាដែលកើតឡើងមកទន្លេសាបទេ ប៉ុន្តែវាកើតឡើងដោយសារតែ គេ​នាំ​ចូលត្រី ពីទីផ្សារស្រុកក្រៅជាពិសេសថៃ និងវៀតណាម។ បើគេនាំចូលត្រីច្រើន​ចូលក្នុងស្រុកកម្ពុជា អាហ្នឹងវាធ្វើឲ្យត្រីដែលគេរកនៅក្នុងទន្លេសាបធ្លាក់ចុះ ហើយបញ្ហាធំមែនទែនដោយសារត្រីធម្មជាតិ តម្លៃវាទូទៅវាខ្ពស់ជាងត្រីចិញ្ចឹម ប៉ុន្តែត្រីចិញ្ចឹមដែលគេនាំចូលពីក្រៅវាថោកមែនទែន ដោយសារ​តម្លៃ​ថោក​នោះ​វាធ្វើឲ្យ​តម្លៃត្រីធ្លាក់ចុះ ហើយវាធ្វើឲ្យមុខរបរ ជីវភាពអ្នករកត្រីហ្នឹងវាពិបាក។

ខ្ញុំគិតថារាជរដ្ឋាភិបាលគួរតែធ្វើម៉េចអាចដោះស្រាយតម្លៃត្រីឲ្យវាទទេ (ថេរ)  កុំឲ្យវាធ្លាក់ចុះខ្លាំងពេក កុំឲ្យនាំត្រីចូលច្រើនពេក។ ចំណុចមួយទៀត បើគេនៅតែឲ្យត្រីនាំចូល ហូរនាំចូលពីស្រុកក្រៅ​ពី​ប្រទេស​ថៃ វៀតណាម តែការចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជាក៏លំបាកច្រើនដែរ ដោយសារ​ការចិញ្ចឹម​ត្រីនៅកម្ពុជាទើបតែកើតឡើងទេ ជាពិសេសនៅតំបន់ទន្លេសាបហ្នឹង ប្រហែល​ជា​ម្ភៃឆ្នាំ​ឬ​ក៏​ដប់​ឆ្នាំចុងក្រោយនេះទេ ប៉ុន្តែការចិញ្ចឹមត្រីនៅថៃ​ នៅវៀតណាមគេធ្វើតាំងពីសាមសិបឆ្នាំមកហើយ អ៊ីចឹងបច្ចេកទេសគេខ្លាំងជាង ខ្ពស់ជាង។ ហើយនៅវៀតណាម​និង​ថៃគេ​ក៏បាន​ទទួល​បាន​លុយខ្លះៗ​ពី​រដ្ឋ ទាំងបច្ចេកទេស ទាំងរកចំណូល ទាំងការគាំទ្រពីរដ្ឋ។​ ប៉ុន្តែនៅកម្ពុជាអត់ទា​ន់​មាន​ដល់​ថ្នាក់​ដូច​នៅ​វៀតណាម និ​ងថៃទេ អ៊ីចឹងបានន័យថាតម្លៃ ក្នុងការផលិតត្រីចិញ្ចឹមនៅវៀតណាមនិងថៃ វា​ស្រួល​ជាងហើយ​វា​ថោក​ជាង។ ហើយចំណុចនេះវាប៉ះពាល់ដល់កម្ពុជាខ្លាំង អ៊ីចឹងខ្ញុំគិត​ថា​រាជ​រដ្ឋា​ភិបាល​ត្រូវតែសហការគ្រប់ស្ថាប័នដើម្បីដោះស្រាយបញ្ហាធ្វើម៉េចឲ្យតម្លៃត្រី វាទទេ (ថេរ) ហើយ​ធ្វើ​ម៉េច​ឲ្យអ្នករកត្រីធម្មជាតិ អ្នករកត្រីហ្នឹងគេទទួលបានបច្ចេកទេស គេទទួល​បាន​ការគាំទ្រ​ពី​រដ្ឋា​ភិបាល។
Q៖ បាទ អរគុណច្រើនចំពោះការចំណាយពេលវេលារបស់លោក!
A៖ បាទៗ!