«ពួក​យើង​ស្រឡាញ់​កោះកុង​ក្រៅ ​សូម​ដាក់​កោះកុង​ក្រៅទាំង​មូល​ជាឧ​ទ្យាន​ជាតិ​សមុទ្រ​»!

នេះ​​ជា​សំ​ឡេង​​របស់​​​​ក្រុម​​យុវជន​ប្រមាណជា១៧​នាក់​​​​ដែល​កំពុង​ដង្ហែញត្តិ​ដោយ​ថ្មើរ​ជើ​ង ​ចេញពី​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ឆ្ពោះទៅកាន់​ក្រសួង​ទេស​​ចរណ៍​​ ដើម្បី​ទាមទារ​ឱ្យរ​ដ្ឋាភិ​បាល​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​។​

កំពុង​កាន់មេក្រូ​ស្រែក​ជាមួយ​នឹង​សកម្មជន​បរិស្ថាន​ផ្សេងទៀត​​ លោក​ ធី ថន ​ដែល​ជា​សកម្មជន​បរិស្ថាន​វ័យ​ជាង​២០​​ឆ្នាំ លើកឡើង​ថា កោះ​កុង​ក្រៅ​​គឺជា​សម្បត្តិ​​របស់​មនុស្ស​​ទាំងអស់​គ្នា ​មិនមែនជា​សម្បត្តិ​របស់​បុគ្គល​​ណាម្នាក់​ឡើយ។ លោក​ថា លោក​ចូលរួម​តវ៉ា និង​ដាក់ញត្តិ​ទៅកាន់​ក្រសួង​ពាក់ព័ន្ធ ដោយសារ​លោកចង់​ឱ្យកោះកុងក្រៅក្លាយទៅជាឧទ្យានជាតិ​សមុទ្រ​​។

លោក ធី ថន សកម្មជនបរិស្ថាន ( រូបភាពដោយ កញ្ញា រ៉ន វឌ្ឍនា)

ដោយ​មាន​លាប​ដៃខាងស្តាំ​​​ពណ៌បៃតង និង​ពាក់អាវយឺត​​សរសេរថា «កោះកុងក្រៅ» លោក ធី ថន ថ្លែងថា​៖ «​​កោះកុ​ងក្រៅ​គឺ​ជា​សម្បត្តិ​​របស់​យើង​ទាំងអស់​គ្នា […] ​បើ​យើងដា​ក់កោះកុ​ង​​ក្រៅ​ទៅ​​ឱ្យ​ឯកជ​ន​គ្រប់​គ្រងវា​ដូចជាមិនសមហេតុផល មិនបានប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ទេ វា​បាន​ប្រយោជន៍​សម្រាប់បុ​គ្គល​ម្នាក់​វិញ​ អ៊ី​ចឹងផល​ប្រយោជន៍​យើងត្រូវ​បាត់»។

កោះកុងក្រៅគឺ​ជាកោះមួយ​ស្ថិត​ក្នុង​ខេត្ត​កោះកុង។ រដ្ឋាភិបាល​ប្រគល់​កោះ​នេះ​​ឱ្យទៅ​ក្រុមហ៊ុន Koh Kong SEZ របស់លោក លី យ៉ុងផាត់ ដើម្បីធ្វើការអភិវឌ្ឍនៅឆ្នាំ​២០១៩ ដោយ​មិន​បាន​ប្រកាស​​ជា​សាធារណៈ និង​មិនបាន​ធ្វើ​ការវាយ​តម្លៃអំពី​ផលប៉ះពាល់​បរិស្ថាន​ជាមុន​​ឡើយ​។ ចាប់​តាំង​ពី​ពេលនោះ​មក ក្រុម​យុវជន​ការពារ​បរិស្ថាន​លោក​ជា​លោក ធី ថន បាន​ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​​ការ​ជិះកង់​ ការដាក់ញ​ត្តិ ​​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​កោះ​កុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​។​

លោក ធី ថន បន្ថែម​ថា ​កោះ​កុង​ក្រៅ គឺជាកោះ​មួ​យ​ដែល​សម្បូរ​ទៅដោយ​ជីវចម្រុះ ​ដែល​អាច​ទាក់ទាញ​​​ទេសចរណ៍​​ជាតិ និងអន្តរជាតិ​បានច្រើន​សម្រាប់​កម្ពុជា។

ទន្ទឹម​នឹង​ការ​ទាមទារ​ឱ្យ​មានការ​ដាក់​កោះកុងក្រៅ​ជា​ឧទ្យានជាតិ​សមុទ្រ លោក ធី ថន ​ក៏​បាន​បង្ហាញ​ការ​បារម្ភ​ជុំ​វិញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​បញ្ហា​បរិស្ថាន​ផ្សេងទៀត​ផង​ដែរ។

លោក​លើកឡើង​ថា​៖​ «ខាង​ក្រសួង​គាត់​​ដាក់​កោះកុងក្រៅ​​​ទៅ​អោយ​ក្រុម​ហ៊ុន​ SE​Z​ របស់​ឧកញ្ញ៉ា​ លីយ៉ុ​ង​​ផាត់​ ដើម្បី​អភិវ​ឌ្ឍ ​ហើយ​​យើង​ខ្លាច​តែមា​ន​ការ​អភិវឌ្ឍ​ទៅ​ ​គឺ​មាន​ការ​កាប់​ដើមឈើ​ ឬក៏​សាង​សង់​អ​គារ​ធំ​ៗហ្នឹង ធ្វើឱ្យ​មាន​ការ​បង្ហូរ​លូទឹ​កស្អុ​យ​​ទឹក​អីហ្នឹង​​ចូល​​ទៅ​ដល់​ឆ្នេ​ររ​បស់យើ​ង​ ធ្វើ​ឱ្យឆ្នេ​រ​របស់​យើង​ហ្នឹង​គគ្រេច​​ ធ្វើ​ឱ្យ​អាក្រក់​មើល​លែង​កើតអីចឹងទៅ​​»​​។

យុវជន​ការពារ​បរិស្ថាន​ម្នាក់ទៀត កញ្ញា​ លាង សុវណ្ណា ​អាយុ ២២ឆ្នាំ និយាយថា កញ្ញា​មិន​ចង់​ឱ្យ​មានការ​អភិវឌ្ឍ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កោះកុង​ក្រៅ​នោះទេ។

កញ្ញា​បញ្ជាក់ថា​៖ «ខ្ញុំ​​​មិន​ចង់បា​ន​កា​រ​​អភិវឌ្ឍ​ពីក្រុ​មហ៊ុន​ឯកជន​ណាមួយ​​ឡើយ ពីព្រោះថា​នៅ​ពេល​​ដែល​​មាន​ការ​​គ្រប់គ្រង​​ពីក្រុមហ៊ុន​ឯកជន​នានាគឺតែងតែមានផលប៉ះពាល់»។

ចំណែក​លោក​ សាន់​ ម៉ាឡា សកម្មជនបរិស្ថាន​ដែលចូលរួម​ក្នុងកលារ​ដាក់ញត្តិ​នោះ ក៏​គាំទ្រ​ការទាមទារ​របស់ក្រុម​យុវជននេះផងដែរ​​។ លោក​ថា លោក​ចង់ឱ្យ​កោះកុងក្រៅ​​ក្លាយ​ទៅជា​សម្បត្តិ​រួម ​ដើម្បី​​​ជៀស​​​ផុត​ពី​គម្រោង​​​អភិវឌ្ឍ​​​របស់​អ្នកមាន​​អំណាច​ដែល​​ធ្វើឱ្យ​​ប៉ះ​ពាល់​​បរិស្ថាន​​​។​

លោកថ្លែងថា​៖ «យើងគាំ​ទ្រ​ទៅ​នឹ​ងស​កម្មភាព​​របស់ក្រុម​យុវជន​ដែលទា​មទា​រឱ្យ​រដ្ឋាភិបាល​ហ្នឹង​ ដាក់ប​ញ្ចូល​កោះកុង​ក្រៅទៅ​ជាឧទ្យាន​ជាតិ​សមុទ្រ​ ត្បិត​យើង​ចង់​អោយអឺ​ កោះមួ​យ​នេះ​ក្លាយទៅ​ជាទ្រព្យសម្បត្តិ​រួម​​របស់​​ប្រជាជន​ខ្មែររ​បស់​យើ​ង​ហើយក៏​​ជៀសផុត​​ពី គម្រោង​អភិវឌ្ឍន៍ណា​ដែល​ចំណេញ​​ តែលើក្រុម​អ្នក​មាន​លុយមា​នអំណាច​ហើយអឺ​ ធ្វើអោយ​​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន​ ជាពិសេស​ការអ​ភិវឌ្ឍន៍​​​បែបនេះ​នឹង​ធ្វើឱ្យ​​ប្រជាជន​ខ្មែរ​ទូទៅនឹង​មិន​មាន​​លទ្ធភាព​​ទៅលេង​​កោះ​កុង​ក្រៅទេ​»។

គិត​​ត្រឹមថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០២៣ មានមនុស្សប្រមាណជាង​​១៣ម៉ឺន​នាក់​ដែល​​បាន​ចុះ​ហត្ថលេខា​​គាំទ្រ​ញត្តិ​ដែលទាមទារ​​​ឱ្យរដ្ឋា​ភិបាល​​កម្ពុជា​ដាក់កោះកុ​ង​ក្រៅទាំង​មូលជា​ឧទ្យាន​ជាតិ​សមុទ្រ​ និងដក​អាជ្ញា​ប័ណ្ណអភិវឌ្ឍ​កោះកុង​ក្រៅពីក្រុមហ៊ុន​ Koh Kong SEZ របស់​លោក​ឧកញ៉ាលី យ៉ុងផាត់។

លោក​ អំ​ សំអាត​ ជា​នាយក​ទទួល​​បន្ទុក​ចាត់​ការ​​ទូទៅ​​នៃ​អង្គកា​រ​​លីកាដូ​​លើកឡើងថា កោះកុង​ក្រៅ​គួរ​​តែ​ក្លាយ​ជា​​ឧទ្យានជាតិស​មុទ្រស​ម្រាប់កម្ពុជា ព្រោះកោះនេះប្រកបដោយ​អេកូ​ទេសចរណ៍​យ៉ាង​សំខាន់​​សម្រាប់​ទាក់ទាញភ្ញៀវ​​ទេសចរណ៍​​ជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្ត។

កោះ​កុង​​ក្រៅមា​នផ្ទៃដី​ប្រមាណ ៨០ គ.ម និងកម្ពស់ប្រហែល ៤១០ ម ស្ថិតនៅលើផ្ទៃទឹក​សមុទ្រ​​ដ៏ធំ​ល្វឹងល្វើយ​ ដែលមាន​​ពណ៌​ខៀវស្រងាត់​ និង​ជាកោះដែលសម្បូរទៅ​ដោយ​ធនធាន​ធម្មជាតិ​ សត្វព្រៃ មច្ឆា ផ្កាថ្ម និង​ជីវៈចម្រុះ​បាត​​សមុទ្រ ហើយមានឆ្នេរខ្សាច់សក្បោះដែលមើល​ធ្លុះ​ដល់​ផ្ទៃបាត​សមុទ្រ​។

កន្លងមក សកម្មជនបរិស្ថានធ្លាប់បានដាក់ញត្តិទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ ដើម្បី​ស្នើសុំ​​ឱ្យបង្ហាញ​នូវរបាយការណ៍លទ្ធផលនៃការ​ចុះសិក្សាស្រាវជ្រាវតំបន់កោះកុងក្រៅ ប៉ុន្តែក្រសួងមិនបានបង្ហាញរបាយការណ៍នោះឡើយ។ នេះបើ​តាមសំណេរនៅ​ក្នុងញត្តិកាលពីថ្ងៃ​ទី២៣ សីហា ឆ្នាំ២០២២។

សិក្ខា​​កាម ​Newsroom Cambodia បានព្យាយាម​​​​​​ទាក់​​ទង​​​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​​ នេត្រ​ ភក្ត្រា​ ​​អ្នកនាំ​ពាក្យ​​​ក្រសួង​​បរិស្ថាន​​តាម​រយៈ​លេខ​​ទូរស័ព្ទ​​ជាច្រើន​ដង​​ ព្រមទាំងផ្ញើសារ​តាម​បណ្តាញ​សង្គម​ Telegram​ ប៉ុន្តែ​មិន​​ទទួល​បាន​កា​រ​ឆ្លើយតប​​​​។

លោក ធី ថន ដែល​ជា​សកម្ម​ជន​បរិស្ថាន លើកឡើងថា លោក​សង្ឃឹម​ថា រដ្ឋាភិបាល​​នឹង​​គិតគូរ​ឡើងវិញ​​​​ក្នុង​ការ​​ដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​បាន​ទៅលេង និង​ស្គាល់​កោះកុង​ក្រៅ៕​