ប្រទេសប្រជាធិបតេយ្យធំៗបានរិះគន់ទៅលើដំណើរការបោះឆ្នោតនៅកម្ពុជា​ដែល​​មិនមានការ​ចូលរួម​ពីគណបក្ស​ប្រឆាំង​ដ៏​សំខាន់​ថា មិន​សេរី និង​យុត្តិធម៌​ដោយសារ​មានការគាបសង្កត់ គំរាម​កំហែង​ប្រព័ន្ធ​ផ្ស​ព្វផ្សាយ​ សង្គមស៊ីវិល និង​គណបក្ស​ប្រឆាំង។

ប្រទេស​ប្រជាធិបតេយ្យធំៗ​ដែល​បានចេញ​សេចក្តីថ្លែងការណ៍​នោះ​​រួមមាន អូស្ត្រាលី អាមេរិក បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស​ និងសហភាពអឺរ៉ុប បានបង្ហាញពី​ក្តី​កង្វល់​ស្រដៀង​គ្នា​អំពី​ដំណើរការ​បោះឆ្នោត​​​នៅកម្ពុជាថា​មិនសេរី និងយុត្តិធម៌ ​ដោយសារ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​គណបក្ស​ប្រឆាំង ​ដែល​សំដៅ​លើ​គណបក្ស​ភ្លើងទៀន ​និង​​មានការគាបសង្កត់ គំរាម​កំហែង​ដល់​អ្នកកាសែត សង្គមស៊ីវិល និងការកែប្រែច្បាប់នៅមុន​ពេល​បោះឆ្នោត ដែល​ពួកគេ​លើក​ឡើង​ថា បាន​បង្កឲ្យមានបរិយាកាសនយោបាយមិនអំណោយផល។​​

ក្នុង​សេចក្តីថ្លែងការណ៍​របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller ចេញ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា​នេះ បញ្ជាក់ថា កម្ពុជាបាន​បង្ហាញ​នូ​វគំ​រូ​មិនល្អ​នៅមុ​ន​ការបោះ​​ឆ្នោត តាមរយៈការគំរាមកំហែង យាយីបក្សនយោបាយប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និង​សង្គមស៊ីវិល ដែលធ្វើឲ្យប៉ះពាល់ដល់ស្មារតីនៃរដ្ឋធម្មនុញ្ញ និង​កាតព្វកិច្ច​អន្តរជាតិ​របស់​កម្ពុជា។​

​សេចក្តី​ថ្លែងការណ៍​របស់​សហរដ្ឋអាមេរិក​បញ្ជាក់តាម​ន័យ​ដើម​ថា៖ «ជាការឆ្លើយតប​នឹង​ទង្វើ​ទាំងនេះ សហរដ្ឋអាមេរិក​បាន​ធ្វើ​ការ​រឹតត្បិត​លើទិដ្ឋាការ​សម្រាប់​​​​បុគ្គល​មួយចំនួន​ដែល​ បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ ហើយនឹង​ធ្វើការ​ផ្អាកកម្មវិធីជំនួយបរទេសមួយចំនួន»។​

​ចំណែក​សេចក្តីថ្លែងការណ៍មួយទៀតរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ​ក៏​បាន​​​បង្ហាញ​កង្វល់​អំពី​បរិយាកាស​នយោបាយ និងមាគ៌ាប្រជាធិបតេយ្យនៅកម្ពុជា​ ដោយថា​ ការដកសិទ្ធិ​ចូលរួម​ឈរ​ឈ្មោះ​របស់គណ​បក្សប្រឆាំង ការបិទគេហទំព័រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និង​ការគំរាម​កំហែង​សង្គមស៊ីវិល បានធ្វើឲ្យប្រជាជនកម្ពុជាមិនអាចទទួលបានព័ត៌មានគ្រប់គ្រាន់ មិនមាន​សេរីភាព​បញ្ចេញ​​មតិ​ជាសាធារណៈ និងមិនមានជម្រើសមេដឹកនាំដែលប្រជាជនចង់បាន។

កាល​ពី​ខែ​ឧសភា ឆ្នាំ​ ២០២៣​ គណបក្ស​ភ្លើងទៀន​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) ​បដិសេធ​មិន​ឱ្យ​ចុះឈ្មោះ​ក្នុង​បញ្ជី ក្រោម​ហេតុ​ផល​ថា គណបក្ស​នេះ​មិនមាន​ឯកសារ​ដើម​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហា​ផ្ទៃ។​

​កាលពីដើម​ខែ​មីនានេះ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD) ដែល​ជាស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ក្នុង​ស្រុក​ចុងក្រោយ​គេ​ ត្រូវ​បាន​បិទ។ ​ ហើយ​នៅ​មុន​ការបោះឆ្នោត​មួយ​សប្តាហ៍ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិតរាំង​ខ្ទប់​គេហទំព័រព័ត៌មានមួយចំនួន រួមមាន ​គេហទំព័រវិទ្យុអាស៊ីសេរី The Cambodia Daily និងគេហទំព័រកំណត់ត្រា ដែលជា​គេហទំព័រ​ថ្មី​របស់វិទ្យុសំឡេងប្រជាធិបតេយ្យ។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន ប្រាប់ Newsroom Cambodia ថា ប្រទេសណាដែលមិនបានចុះបញ្ជីក្រុមបេសកកម្មសម្រាប់ស៊ើបការណ៍​អំពីដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ទេ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប) នឹង​មិន​ទទួ​ល​ស្គាល់​របាយការណ៍​វាយតម្លៃរបស់ប្រទេសទាំងនោះទេ។

លោកថ្លែងថា៖ «គ.ជ.ប មានគោលការណ៍ ប្រទេសណា​ដែ​ល​ចង់​ដាក់​បេសកកម្ម​សម្រាប់​សង្កេតការណ៍​លើការបោះឆ្នោតនៅកម្ពុជាត្រូវមកចុះឈ្មោះនៅគ.ជ.ប។ ប្រទេសណា​ដែល​អត់​បានមកចុះបញ្ជីក្រុមបេសកកម្មសម្រាប់ស៊ើបការទេ ហើយវាយតម្លៃ អាហ្នឹង គ.ជ.ប​ មិន​ទទួល​ស្គាល់ថា​ជារបាយការណ៍បានការទេ»។

តាមលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនីតិកាលទី៧ កាលពីថ្ងៃទី២៣ កក្កដា ២០២៣​កន្លង​ទៅ គណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ ដែ​ល​៥អាសនៈ​ទៀត​គឺ​បាន​ទៅលើ​គណបក្ស ហ្វ៊ុន ស៊ិនប៉ិច៕​