លោកស្រី ប៉ិច ប៉ូឡែត អគ្គនាយិកានៃអង្គការ​បណ្ដាញការងារស្ត្រីរួបរួមគ្នា (Women’s Network for Unity) បាន​​​​​ផ្តល់​​​​​កិច្ច​​សម្ភាស​​​​​​​ន៍​ជា​​​​មួយ​​​​​​​​​សិក្ខា​កាម​​​​របស់​​​​ ​N​e​w​​​​s​​r​o​​o​​m​​​​ C​a​m​b​o​d​i​​​​​​​​​​​​​​a​​​​ គឺកញ្ញា ឆន ចន្ធី អំ​ពី​ស្ថានភាពការងារ និងស្ថានភាពរស់នៅរបស់ស្ត្រីអ្នកប្រកបរបរ​រកស៊ី​ផ្លូវភេទ​នៅកម្ពុជា។

Q៖ ជម្រាបសួរលោក​ស្រី​!

A៖ ចាស ជម្រាបសួរ!

Q៖ តើស្ត្រីប្រកបរបរ​ផ្តល់​សេវាផ្លូវភេទនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ​មាន​ចំនួន​ប៉ុន្មាន​​ដែរ?

A៖ ចាស! បច្ចុប្បន្ននេះយើងឃើញថាសេវាកម្សាន្ត ដែលជា​សមាជិក​របស់​យើង​មាន​ប្រហែល​ជា​៥,៥០០នាក់ ដែលគាត់ចូលរួមជាសមាជិក។ ហើយបើថាទូទាំងប្រទេស តាម​របាយការណ៍​របស់​អង្គការ​ផ្សេងៗ​ខ្ទង់ប្រហែល​ជា​៨០,០០០នាក់។ តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ ហើយ​សម្រាប់​អ្នក​ឯករាជ្យ​នៅ​ភ្នំ​ពេញ និងតាមបណ្ដាញតិចតួចនៅសៀមរាប បន្ទាយ​មានជ័យ បែបខ្ទង់ប្រហែល ១,០០០នាក់ បើចំនួនជាក់លាក់យើងមិនដឹងទេ ព្រោះ​អ្នក​ឯករាជ្យ​ពួកគាត់​លាក់​មុខ​។

Q៖ តើមូលហេតុអ្វីបានជាស្ត្រីសម្រេចចិត្តមកប្រកបរបនេះ?

A៖ ហេតុផលដែលគាត់មកប្រកបរបរ​​​​ហ្នឹងមានច្រើន ទៅ​តាម​បទ​ពិសោធន៍​ដែល​យើង​ធ្វើ​ការងារ​ជាមួយ​ពួកគាត់ តាម​ដែល​គាត់​ចែក​រំលែក​មក អ៊ីចឹង​ទៅ​វា​ជា​ការងារ​ដែល​គាត់​ជ្រើសរើស​ទៅតាមលទ្ធភាពរបស់គាត់។​ ការសម្រេចរបស់គាត់ គឺផ្អែកលើលទ្ធភាពគាត់ មាន​អ្នកខ្លះ​​គាត់ដោយ​សារ​ជីវភាព​ អ្នក​ខ្លះទៀត​ដោយសារ​ហ្នឹង​វា​មាន​លក្ខខណ្ឌ​ងាយស្រួល​បត់​បែន​​ជាមួយ​នឹង​ម៉ោង បានន័យថាគាត់មិនចាំបាច់ធ្វើការពេញម៉ោង គាត់​ធ្វើការ​ម៉ោងណា​ក៏បានដែរ។ ឧទាហរណ៍ អ្នកខ្លះគាត់ថែទាំកូនផងគាត់អាចទៅការងារហ្នឹងផង គាត់​មាន​ការងារ​រវល់អី​ផ្សេង​ទៅ​គាត់អាចធ្វើការងារស្របពេលទន្ទឹមគ្នាតែមួយបាន ។ អ្នកខ្លះ​គាត់​អាច​ទទួលបានប្រាក់ម៉ោងទៅតាមម៉ោងដែលគាត់ប្រកបការងារហ្នឹង គាត់មិនចាំបាច់ចាំ​ជាប្រាក់​អាទិត្យ ឬប្រាក់ខែទេ វាបានលុយភ្លាមៗ អ្នកខ្លះទៀតគាត់​ធ្វើការងារ​ហ្នឹង​ដោយសារ​តែគាត់​មិន​ចង់​មាន​ថៅកែ បានន័យថាវាងាយស្រួលឯករាជ្យ​លើខ្លួនឯង ដោយមិនមានអ្នកណា​គ្រប់គ្រង​លើ​គាត់​ទេ។​  អ្នកខ្លះទៀតដោយសារគាត់រីករាយនឹងចំណងផ្លូវភេទរបស់គាត់ដែរ។

ហេតុផលផ្សេងទៀតក៏មានទាក់ទងទៅហ្នឹងបានលុយច្រើនដែរ។​ អ្នកខ្លះទៅគាត់​មាន​ជំនាញ​ផ្លូវភេទ​ល្អសេវាកម្មល្អ សម្រស់គាត់បូករួមថែមទៀត អាច​រកបាន​ច្រើន​ជាង​គាត់​ធ្វើការ​ពេញ​ម៉ោង​។ មានហេតុផលផ្សេងទៀត ជាពិសេសអ្នកប្រកបរបផ្លូវភេទឯករាជ្យ​ ដែល​គាត់​នៅ​តាម​វត្ត​ភ្នំ អ្នកខ្លះគាត់មិនមានលទ្ធភាពធ្វើការអីទេ បានន័យថា អត់មានជំនាញទៅធ្វើការមួយចំនួន ដូចការងារអ្នកម៉ាស្សា អ្នកកោសជប់ ឬគាត់អត់ធ្វើការងារនឹងដែរ ពាក់ព័ន្ធទៅនឹងសម្រស់ ទាក់ទងទៅនឹងអាយុ មិនអាចទៅនៅគ្រឹះស្ថានសេវាកម្សាន្តណាបាន ក៏គាត់ធ្វើ​ឯករាជ្យ​នៅ​តាម​វត្តភ្នំ នៅតាមទន្លេសាបអីចឹងទៅ វាហេតុផលច្រើនមែនទែនលើសហ្នឹង។ ហើយ​នេះ​ជាអ្វី​ខ្ញុំលើកឡើង​ពី​បទ​ពិសោធន៍ដែលបានជួបជាមួយស្ត្រីអ្នកប្រកបរបនេះផ្ទាល់។

Q៖ តើសង្គមមានការទទួលស្គាល់ការងារប្រកបរបផ្លូវភេទនេះដែរឬទេ? ហេតុអ្វី ?

A៖ ពិបាកថាណាស់នៅនេះ យើងមិនបានធ្វើការស្រាវជ្រាវពេញផ្ទៃប្រទេសទេ ថាមា​ន​អ្នក​ទទួល​ស្គាល់​ប៉ុន្មាន មិនទទួលស្គាល់ប៉ុន្មាន មានអ្នកខ្លះមិនបដិសេដហើយក៍មិនអើពើដែរ គ្រាន់តែ​គាត់មិនប្រឆាំងជាមួយការងារនេះ បានន័យថាគាត់មិនរវីរវល់អីទេ គាត់​ក៏​មិនមាន​យល់​ឃើញ​អី​ដែរ ។ យ៉ាងណាមិញយើងឃើញមានចំនួនដែល​មាន​ការរើសអើង​មាន​ការ​មាក់ងាយ​ទៅលើ​ការងារ​ហ្នឹង​តាមរយៈ​បណ្ដាញ​សង្គម តាមរយៈ​ការចែក​រំលែក​មួយ​ចំនួន​នៅ​ទី​សាធារណៈ ទាក់ទង​ទៅហ្នឹង​ការយល់​របស់​ពួកគេ ថាការងារហ្នឹងមិនថ្លៃថ្នូរ ថោកទាប។

ទាក់ទង​ទៅ​ហ្នឹង​គោល​នយោបាយ​ច្បាប់​ជាតិ​មួយ​ចំនួន​ដែល​ឲ្យ​តម្លៃ​ថា​ការងារ​ប្រកប​របរ​ផ្លូវភេទ​ហ្នឹង​ប៉ះពាល់ទៅដល់សេចក្ដីថ្លៃថ្នូរ វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់ផ្សេងៗ ចឹង​យើង​ឃើញ​ថា​ការរើសអើងមានទាំងនៅសាធារណៈជនទូទៅ មានទាំងគ្រួសារ មាន​ទាំងនៅ​កន្លែង​ការងារ មានពីអ្នកធ្វើគោលនយោបាយ។ ប៉ុន្តែយើងឃើញមានអ្នកដែលគាំទ្រដែរ តាមរយៈ​បណ្ដាញ​សង្គមដូចគ្នា ព្រោះគាត់មានការយល់ដឹង បានន័យថា ហ្នឹងក៏ជាការងារមួយដែរ គេគ្រាន់តែប្រើប្រាស់​រាងកាយរបស់គេ នៅក្នុងការប្រកបរបរ វាជាការងារសុច្ចរិតមួយ វាអត់​ប៉ះពាល់​ដល់​អ្នក​ដទៃ​ផង វាអត់ហេតុផលត្រូវរើសអើង។

យើងក៏ឃើញមានគ្រួសារមួយចំនួនគាត់ទទួលស្គាល់ការងារហ្នឹង ព្រោះស្ត្រីដែលគាត់​ធ្វើការ​ហ្នឹង គាត់អាចរកចំណូលសម្រាប់ចិញ្ចឹមគ្រួសារ គាត់គោរពម្ដាយឪពុកគាត់ដូចគេដូចឯង គាត់រស់នៅក្នុងភាពជាមនុស្ស បានន័យថារស់នៅក្នុងសហគមន៍ រស់នៅក្នុងគ្រួសារ គោរពគេ ឲ្យតម្លៃ គេជួយគាំទ្រ ជួយរកចំណូលក្នុងគ្រួសារ វាជាការងារសុច្ចរិតមួយ ដោយគ្រួសារ​គាត់​យល់​ឃើញ​ថា​វាមិនមែនជាការងារដែលទៅប៉ះពាល់អ្នកដទៃ ហើយអាចជួយនៅ​ក្នុងគ្រួសារ​បានច្រើន អីចឹងបានជាគ្រួសារគាត់មិនមានហេតុផលត្រូវរើសអើងកូនគាត់ទេ។

Q៖ តើស្ត្រីអ្នកប្រកបរបបម្រើសេវាផ្លូវភេទ ប្រឈមហ្នឹងបញ្ហារអ្វីខ្លះ?

A៖ ​មែនទែនទៅបញ្ហាប្រឈមរបស់គាត់វានៅជុំវិញ ការរើសអើងនឹងការមាក់​ងាយនឹងឯង ការរើស​អើងការមងាយហ្នឹង វារារាំងពួកគាត់ពីការអនុវត្ត ការទទួលបានសិទ្ធិ ដូច្នេះ​ពួក​គាត់​ជួបបញ្ហា​ច្រើន ពាក់ព័ន្ធ​ទៅហ្នឹង​អសុវត្ថិភាព អសន្ដិសុខ ហើយនាំ​ឱ្យមាន​ការកេង​ប្រវ័ញ្ច នាំ​ឱ្យ​មិន​ទទួលបានសេវាសាធារណៈផ្សេងៗ ដូចជាសេវាសុខាភិបាល សេវាអប់រំ ក៏​ដូចជា​សេវា​ច្បាប់ ហើយមួយទៀតនោះដែលប៉ះពាល់ធ្ងន់ធ្ងរ ដែលនិយាយពីការកេងប្រវ័ញ្ច ក៏​មាន​ប៉ះពាល់​ជាមួយលុ​យដែរ។ បើអ្នកប្រកបរបផ្លូវភេទឯករាជ្យ​ ត្រូវបានគេចាប់ខ្លួន​គាត់​ចឹ​ង​ទៅ នៅពេលដែលគាត់ប្រកបរបរ​នៅតាមសាធារណៈចឹ​ងទៅ ពេលគេចាប់ខ្លួនវាមាន​បញ្ហា​ច្រើន ដូចជានៅពេលគាត់ប្រកបរបរ​ហ្នឹង គាត់មិនបានលុយ ហើយនៅពេ​​ល​មាន​ការចាប់​ខ្លួន​គា​ត់​ទៅវាមានការទាលុយពីសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ គាត់ត្រូវអស់លុយ ដើម្បី​ដោះដូរ​ជាមួយ​ការរួចខ្លួនដែរ។ ហើយសម្រាប់ការបង់លុយទៅសន្ដិសុខសាធារណៈនេះ មិនមែន​ជា​ផ្លូវការ​ទេ តែវាជាការដោះដូបែបក្រោមតុ ចឹងទៅវាមានការបញ្ជូនបន្តទៅដូចអ្នកឯករាជ្យ​ចឹង  ។

Q៖ តើស្ថានភាពការងារ និងការរស់នៅរបស់ស្ដ្រីដែលប្រកបរបរ​បម្រើសេវា​ផ្លូវភេទ​ជួប​ប្រទះការរើសអើងបែបណាខ្លះ ?

A៖ បើនៅកន្លែងការងារ បើអ្នកនៅឯករាជ្យ​ នៅតាមសាធារណៈមានការចាប់ខ្លួន ចឹង​ពេល​មាន​បញ្ហាទាំ​ងខាងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ មានការចាប់ខ្លួន មានការប្រើពាក្យ​អសុរោះ មាក់​ងាយ ជេរប្រមាថ មានការបញ្ជូនបន្តទៅមន្ទីរ​សង្គមកិច្ចដើម្បីសួរព័ត៌​មាន នឹងក៏​មាន​បញ្ជូន​ទៅមន្ទីរឃុំ​ខ្លួន​ព្រៃ​ស្ពឺ ដែល​អត់​មាន​ជាក់លាក់​ពេល​វេលា​ក្នុង​ការឃុំឃាំង​ច្បាស់​លាស់​អីចឹង​ណា​។ មែនទែនទៅមានការទារ​លុយគាត់ នៅពេលដែលគាត់ចេញមកវិញ អ្នកដែលគាត់ទុកចិត្តយើងគាត់មានការចែករំលែកពាក់ព័ន្ធ នឹងអំពើហិង្សានៅហ្នឹងដែរ នឹង​មាន​ការបៀត​បៀន​ពី​ភ្ញៀវ បានន័យថាពេ​លគេយកទៅ​​ ជួនគេ​ឱ្យលុយ ជួនគេមិនឱ្យលុយ ជួនគេប្រើអំពើហិង្សាផ្សេងៗអីចឹងទៅ។​  

Q៖ ថ្មីៗនេះឃើញមានការលើកឡើង​ពីការផ្ដល់ប្រព័ន្ធការពារសន្តិសុខសង្គម​ដល់ស្ត្រី​ប្រកប​របរ​ប​ម្រើសេវា​ផ្លូវភេទ​ តើដំណើរការដល់ណា​ដែរ​?

A៖ ពួកយើងទើបតែទទួលបានការផ្សព្វផ្សាយពីក្រសួងស្ថាប័នពាក់ព័ន្ធ តាមពិត​តាម​ប្រសាសន៍​​របស់​សម្ដេច បានចេញយូរ​ដែរហើយ។​ ប៉ុន្តែមែនទែនទៅ​ត្រូវមាន​សាមី​ក្រសួង​ដែល​គាត់​ត្រូវទទួលខុសត្រូវ អញ្ចឹងខាងក្រសួងសុខាភិបាល ក្រសួងផែនការ ខាងកិច្ចគាំពារ​សង្គម  ក៏ដូចជាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ម្សិលមិញ​នេះគាត់បានធ្វើការ​ផ្សព្វផ្សាយ​ពីសេចក្ដីប្រកាសរបស់អន្តរក្រសួង។ អញ្ចឹងសេចក្ដីប្រកាសរបស់អន្តរក្រសួង ដែលមានក្រសួងចូលរួមទទួលខុសត្រូវ គាត់មានប្រការមួយ ប្រការពី ប្រការបីនិយាយ​ពីនិតិវិធី​ផ្សេងៗ អញ្ចឹងមែនទែនទៅវាទើបតែដំណាក់កាលផ្សព្វផ្សាយទេ មិនទាន់​ចូល​ដល់​ការអនុវត្ត​នៅឡើយទេ នៅត្រឹមការផ្សព្វផ្សាយដែលមានប្រការមួយប្រការពីរបស់គេហ្នឹង។​

យើងមើលឃើញថានៅក្នុងហ្នឹង ពួកយើងអានទៅវានៅមានជាបញ្ហា​សម្រាប់​សហគមន៍​យើង​នៅ​ឡើយទាក់ទងទៅហ្នឹងយន្តការ ទាក់ទងនឹងដំណើរការនិតិវិធី​មួយ​ចំនួន​វា​នៅមិន​ទាន់​ឆ្លើយ​តប​ជាមួយស្ថានភាពជាក់ស្ដែង​របស់អ្នកធ្វើការនៅសេវាកំសាន្ត និងអ្នកប្រកបរបរ​ផ្លូវភេទ​ឯករាជ្យ​នៅឡើយទេ។ ជាដំណើរការវានៅមានភាពស្មុគស្មាញ ព្រោះវានៅក្នុងដំណើរការ​ផ្សព្វផ្សាយ មិនទាន់បានចាប់ផ្ដើមនៅឡើយទេ ព្រោះយើងត្រូវធ្វើការ​ផ្សព្វផ្សាយ​បន្ត​ទៅ​ដល់​សហគមន៍ ប៉ុន្តែមុនទៅដល់សហគមន៍ពួកយើងត្រូវយល់ដែរពីបច្ចេកទេសមួយចំនួន ក៏ដូចជា​នីតិវិធី​មួយ​ចំនួ​នដែរ។ យើងនៅដំណាក់កាលពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនៅឡើយ វាដំណើរ​ការ ឬ​មិន​ដំណើរការ វាឆ្លើយតប ឬមិនឆ្លើយត ប ជាមួយហ្នឹ ង ស្ថានភាព ជាក់ស្ដែង របស់ អ្នក ប្រកបរបរ​ផ្លូវភេទ។ អញ្ចឹងពួកយើងនៅសិក្សាបន្ថែមទៀតនៅក្នុងហ្នឹងថាតើដំណើរឬមិន​ដំណើរការ ការផ្ដល់ឱ្យវារឿងមួយ​ ការទទួលយកវារឿងមួយ តើវាបានជួបគ្នាហើយឬនៅ ? ព្រោះនៅ​មានភា​ពស្មុគស្មាញ។

Q៖ តើលោកស្រីមានជាអនុសាសន៍អ្វីបន្ថែម​ពាក់ព័ន្ធនឹងការងារ​របស់​ស្ត្រីអ្នក​ប្រកបរ​បរ​បម្រើ​សេវាផ្លូ​វ​ភេទនៅ​កម្ពុជា?

A៖ ការពិតទៅដូចនិយាយចឹង យើងមានកម្មវិធីមួយចំនួន តែមែនទែនទៅយើងនៅតែ​ជំរុញ​ឱ្យសាធារណៈជនទូទៅបញ្ឈប់ការរើសអើង ការមាក់ងាយ មកលើអ្នកប្រកបរបផ្លូវភេទ ក្នុង​នាម​ជា​មនុស្សគាត់មានសិទ្ធិ​ក្នុងការ​ធ្វើការ​ជ្រើសរើស​ប្រភេទ​ការងារ​ទៅ​តាម​លទ្ធភាព​របស់​គាត់ ឱ្យតែការងារ​ហ្នឹង​វា​ជាការងារ​សុច្ចរិត គាត់ប្រើប្រាស់រាងកាយរបស់គាត់ អញ្ចឹង​សុំ​ឱ្យ​ទាំងអស់​គ្នា​យល់​ហើយធ្វើការគាំទ្រ ដើម្បីម៉េចលុបបំបាត់អំពើហឹង្សា និងការរើសអើង​មក​លើ​ស្ត្រី និង​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការដាក់​ទោស​ទាន់​តាមរយៈ​ច្បាប់​គោល​នយោបាយ​ផ្សេងៗ ឧទាហរណ៍​ដូចជា​ច្បាប់ជួញដូរ​គោលនយោបាយភូមិឃុំមានសុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈអីហ្នឹង ព្រោះវាប៉ះពាល់ទៅដល់សិទ្ធិអ្នកប្រកបរបរផ្លូវភេទ វាប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច ប៉ះពាល់ដល់ការរស់នៅដោយសមរម្យនឹងថ្លៃថ្នូររបស់គាត់។

Q៖ អរគុណ​លោកស្រី ប៉ិច ប៉ូឡែត!