ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី កំពុង​ព្រួយ​បារម្ភពី​ការបាត់បង់ព្រៃអាស្រ័យផល ព្រៃកប់សព និងទីតាំងគោរពបូជារបស់ពួកគេ ក្រោយមានវត្តមានក្រុមហ៊ុនអភិវឌ្ឍន៍ និងការផ្តល់សម្បទានដីសេដ្ឋកិច្ច​​ពីសំណាក់រដ្ឋាភិបាល ចូលកាន់តែកៀកតំបន់ដែលពួកគេរស់នៅ។

ប្រធានបណ្តាញសហគមន៍ជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរី អ្នកស្រី ភ្លឹក ភារម្យ បានឱ្យដឹងថា ជនជាតិដើមភាគតិចដែលរស់នៅក្នុងឃុំចំនួន២១ ស្មើ​នឹង ៩២ភូមិ ក្នុងខេត្តមណ្ឌលគិរី កំពុងប្រឈម​នឹង​បញ្ហា ដោយសារមិនអាចអាស្រ័យផលពីព្រៃឈើ និងការធ្វើកសិកម្មដូចពីមុនទៀត ក្រោយ​រដ្ឋាភិបាលផ្តល់ដីសម្បទានឱ្យទៅក្រុមហ៊ុនមួយចំនួន​ដាំកៅស៊ូ និងចេកជាដើម ខណៈដែលដីនោះភាគច្រើន​ពីមុនមកពួកគេកាន់កាប់ និងអាស្រ័យផលពីការបរបាញ់សត្វ ការបេះបន្លែ រួមនិងការផ្សំថ្នាំ។

មិនតែប៉ុណ្ណោះ អ្នកស្រីថា ជនជាតិដើមទាំងនោះ ក៏កំពុងតែប្រឈមនឹងការបាត់បង់ព្រៃបញ្ចុះសព និង​ទីតាំង​សក្ការៈបូជា​មួយ​ចំនួន ដូច​ជា កន្លែង​អារក្ស អ្នកតាជាដើម ដែលអ្នកស្រីថា ត្រូវបានគេកំណត់​ចូលក្នុងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច។

អ្នកស្រី ភ្លឹក ភារម្យ បញ្ជាក់​ថា៖ «តាំងពីយូរណាស់ហើយ យើងអត់ដែលបាត់បង់ព្រៃឈើ យើងអត់ដែលបាត់បង់សត្វព្រៃទាំងអស់ហ្នឹងទេ! យើងមានសត្វព្រៃជាច្រើននៅក្បែរយើង តែឥឡូវហ្នឹងនៅពេលដែលមានក្រុមហ៊ុនវិនិយោគផ្សេងៗ យើងបាត់បង់សត្វព្រៃ យើងបាត់បង់ព្រៃឈើ យើងបាត់បង់កន្លែងជំនឿផ្សេងៗ»។

ករណីនេះ អ្នកស្រីថា បានធ្វើឱ្យពលរដ្ឋជនជាតិដើមភាគតិច​​បច្ចុប្បន្ន មានជីវភាពខ្វះខាតមិនអាចរកចំណូល​បានផ្គត់ផ្គង់ការចំណាយ និងហូបចុកគ្រប់គ្រាន់ ខណៈការខ្ចីបំណុលធនាគារចាប់ផ្តើមកើតមាន ខុសកាលពីជិតប៉ុន្មានឆ្នាំមុន។ មួយវិញទៀត អ្នកស្រីថា ពលរដ្ឋមួយចំនួនបង្ខំចិត្ត​លក់​ដីដោយ​សារ​តម្រូវ​ការ​លុយ ខណៈ​ខ្លះទៀតត្រូវបានក្រុមហ៊ុនដកហូតដោយមិនមានសំណងថែមទៀត។ 

អ្នកស្រីថា៖ «ពីមុនយើងមានចំណូល យើងអត់ដែលជំពាក់ធនាគារទេ បើឥឡូវវិញយើងមានចំណូល យើងប្រឹងដើម្បីសងធនាគារទាំងអស់ហ្នឹង។ បើយើងមានផ្ទះ មានតែផ្ទះទេ យើងអត់មានដី។ ដីទាំងអស់ត្រូវបានវិនិយោគ ដីទាំងអស់ត្រូវបានលក់ចេញ»។

ជនជាតិដើមភាគតិចពូនងដែលរស់នៅភូមិមេមុំរយ៉លើ ឃុំរយ៉ ស្រុកកោះញែក លោក ស្រើម ចូញ បាន​ឱ្យដឹងថា លោកត្រូវបានបាត់បង់ដីធ្លីដែលធ្លាប់កាន់កាប់អាស្រ័យផលប្រមាណ ៥ហិកតា ក្រោយមានវត្តមានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលពី៣ (LASED III) ចូលមកដល់មូលដ្ឋានរបស់លោក ហើយហាមឃាត់មិនឱ្យពលរដ្ឋអាស្រ័យផលបន្លែ ផ្លែឈើដូចកាលពីមុន។ 

ក្រៅពីការបាត់បង់នេះ លោកបារម្ភថា ការអភិវឌ្ឍនៅតំបន់នោះ អាចបង្កផលប៉ះពាល់ដល់តំបន់ព្រៃអាស្រ័យផល រួមនិងព្រៃអារក្ស អ្នកតា ដែលជនជាតិដើមភាគតិចខិតខំថែរក្សាតាំងពីជំនាន់ដើមមក។

លោកថា៖ «មានផលប៉ះពាល់ច្រើនណាស់នៅក្នុងសហគមន៍ហ្នឹង បើកាលណាអភិវឌ្ឍន៍មក មានន័យថាព្រៃដែលយើងការពារពីបុរុមបុរាណទាំងអស់ហ្នឹង​ ត្រូវគេឈូសឆាយ កាប់ឆ្ការអស់»។

កាលពីឆ្នាំ២០២១ ក្រសួងរៀបចំដែនដី បានផ្តល់សម្បទានដីសង្គមកិច្ចទំហំ ៦ពាន់ហិកតា ដែលគ្របដណ្តប់លើឃុំរយ៉ និងឃុំសុខសាន្ត ​ក្នុងខេត្តមណ្ឌលគិរី ឱ្យធនាគារពិភពលោក ដែលជាផ្នែកមួយនៃគម្រោងបែងចែកដី​ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣(LASED III)។

ក្រៅពីនោះ ពលរដ្ឋជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី បានឱ្យដឹងថា មានក្រុមហ៊ុនដាំកៅស៊ូ និងដាំចេកថែមទៀត។

តំណាងផ្នែកការពារវប្បធម៌ ប្រពៃណីនៃសហគមន៍ជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរី លោក ណាន ដានី បានបង្ហាញពីការសោកស្តាយចំពោះការចូលមកអភិវឌ្ឍន៍ ដោយមិនបានសិក្សាផ្ទាល់ជាមួយសហគមន៍ជនជាតិដើមភាគតិច ដែលនេះលោកថាកំពុងបង្កការព្រួយបារម្ភលើការបាត់បង់តំបន់ជំនឿ និងដីព្រៃផ្សេងៗទៀត ដែលធ្លាប់ផ្តល់ផលប្រយោជន៍ដល់សហគមន៍។ ករណីនេះ លោកស្នើថា រាល់ការអភិវឌ្ឍនៅតំបន់នោះ គួរណាតែបានជួបពិគ្រោះជាមួយសហគមន៍ពីផលប៉ះពាល់ជាមុនសិន។

លោកថា៖ «ក្រុមហ៊ុនមុនការអភិវឌ្ឍអ្វីមួយត្រូវការឆ្លង ឬក៏ការពិគ្រោះគ្នាជាមួយសហគមន៍ជនជាតិដើមសិន»។​

នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើល​នៃអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកថា ជនជាតិដើមភាគតិចជាជនងាយរងគ្រោះដីធ្លី នៅពេលដែលមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនឯកជន​ ឬអ្នកមានអំណាច។ លោកលើកឡើងថា រដ្ឋាភិបាល រួមនិងអាជ្ញាធរពាក់ព័ន្ធគួរតែពិនិត្យនូវផលប៉ះពាល់ និងបញ្ហាប្រឈមឡើងវិញជូនពួកគេ ដើម្បីធានាឱ្យបាននូវការរក្សាវប្បធម៌ ប្រពៃណី​ និងជំនឿផ្សេងៗឱ្យបានគង់វង្សស្របតាមអនុសញ្ញាស្តីពីជនជាតិដើមភាគតិច។

លោកថា៖ «អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលគួរតែពិនិត្យឡើងវិញផងដែរ ជូនជនជាតិដើមភាគតិចហ្នឹង ដើម្បីធ្វើម៉េចឱ្យគាត់រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ វប្បធម៌ ឬក៏ដីសហគមន៍ ដីកន្លែងជំនឿសាសនា​ អារក្ស អ្នកតា តំបន់កប់ខ្មោចជាដើមសម្រាប់ពួកគាត់ ដើម្បីកុំឱ្យគាត់បាត់បង់នូវអត្តសញ្ញាណទាំងអស់ហ្នឹង»។

សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម មាត្រា២៦ បានបង្ហាញថាជនជាតិដើមមានសិទ្ធិប្រើប្រាស់ដីធ្លី ដែនដី និងប្រភពធនធានដែលពួកគេមាន ឬកកាន់កាប់ ឬទទួលបានជាប្រពៃណី។ រដ្ឋត្រូវទទួលស្គាល់ និងការពារតាមច្បាប់ចំពោះដីធ្លី ដែនដី និងប្រភពធនធាន​នានា ដោយ​ការទទួលស្គាល់បែបនេះ ត្រូវប្រព្រឹត្តិទៅដោយការ​គោរពចំពោះទំនៀមទម្លាប់ ប្រពៃណី និងប្រព័ន្ធកាន់កាប់ដីធ្លីរបស់ជនជាតិដើមពាក់ព័ន្ធ។ 

ជាការឆ្លើយតប អភិបាលរងខេត្តមណ្ឌលគិរី លោក ចាន់ រតនា បានអះអាងថា ការអភិវឌ្ឍ គឺ​ជា​រឿងមួយ​ចាំបាច់ចំពោះជនជាតិដើម ដោយការអភិវឌ្ឍចង់មិនចង់ គឺនឹងមានផលប៉ះពាល់ដែរ។ យ៉ាង​ណាលោកថា នឹងបន្តធ្វើកិច្ចការងារនេះជាមួយសហគមន៍ជនជាតិដើម ដោយ​ថា​ទោះជាអភិវឌ្ឍន៍ក៏នៅតែអភិរក្សវប្បធម៌ និង​ប្រពៃណីជូនពួកគេដែរ។

លោកគូសបញ្ជាក់ថា៖ «យើងនឹងធ្វើការងារហ្នឹងជាមួយគាត់បន្តទៀត ហើយនឹងពន្យល់គាត់ ដោយសារថាការអភិវឌ្ឍចំពោះគាត់ក៏មានការចាំបាច់ បើសិនយើងអត់អភិវឌ្ឍន៍​ ក៏វាមិនអាចអភិវឌ្ឍន៍ជាមួយគាត់របៀបណា ប៉ុន្តែអភិវឌ្ឍន៍ក៏យើងត្រូវអភិរក្សជូនគាត់ដែរ ឱ្យដើរទន្ទឹមគ្នា យើងមិនឱ្យមានបញ្ហាទេ។ អភិវឌ្ឍន៍មានន័យថាការកែច្នៃ តែកែច្នៃវាត្រូវប៉ះពាល់ទម្រង់ទ្រង់ទ្រាយដើមអ៊ឹចឹងហើយ»។

ត្រឡប់មកប្រធានបណ្តាញសហគមន៍ជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរី អ្នកស្រី ភ្លឹក ភារម្យ បានស្នើឱ្យរដ្ឋាភិបាលពន្លឿនការកាត់ដីសមូសភាពឱ្យទៅជនជាតិដើមភាគតិចដែលធ្លាប់ប្រើប្រាស់ និងអាស្រ័យផលជាច្រើនជំនាន់មកហើយ។ មួយវិញទៀត អ្នកស្រីចឹងឱ្យទប់ស្កាត់ការអភិវឌ្ឍលើដីព្រៃជំនឿរបស់ជនជាតិដើម ដោយអះអាងថាមិនប្រឆាំងនឹងការអភិវឌ្ឍទេ​ ប៉ុន្តែបារម្ភពីផលប៉ះពាល់ដល់ការរស់នៅ និងជំនឿរបស់ពួកគេ ប្រសិនបើរដ្ឋាភិបាលនៅតែបន្តឱ្យក្រុមហ៊ុនចូលវិនិយោគនៅតំបន់នោះ។

អ្នកស្រីបារម្ភថា៖«បើសិនជារាជរដ្ឋាភិបាលនៅតែបើកឱ្យក្រុមហ៊ុនចូលមក ធ្វើឱ្យជនជាតិពួកយើងបាត់បង់ទាំងអស់ហ្នឹង ដីព្រៃអារក្សអ្នកតា ហើយពួកយើងអត់មានឱកាសជួបជុំគ្នា ដើម្បីថែរក្សាប្រពៃណីវប្បធម៌របស់ពួកយើង។ យើងមិនបានប្រឆាំងក្នុងការអភិវឌ្ឍទេ ហើយក៏យើងមិនចង់ឱ្យរដ្ឋាភិបាលអភិវឌ្ឍន៍ជ្រុលពេកដែរ ដែលធ្វើឱ្យជនជាតិដើមភាគតិចក្លាយជាខ្ញុំកញ្ជះ ឬក៏ឱ្យជនជាតិដើមភាគតិចអស់ដីអស់ធ្លីដែរ»។

អ្នកស្រីបានបញ្ជាក់ថា នៅខេត្តមណ្ឌលគិរី មានជនជាតិដើមភាគតិច ពូនងក្រោល ទំពួន និងចារ៉ាយ​ជាដើម ដែលកំពុងរស់ចម្រុះគ្នាក្នុងភូមិចំនួន៩២ ឃុំចំនួន២១ និងស្រុកចំនួន៥៕