ប្រជាពលរដ្ឋ​១៥គ្រួសារ រស់នៅភូមិដងផ្លិត និងភូមិណារ៉ុង ក្នុងស្រុកឆែប ខេត្តព្រះវិហារ បារម្ភបាត់ដីសហគមន៍២០ហិកតាធ្លាប់អាស្រ័យផលក្រោយអាជ្ញាធរដាំបង្គោលហ៊ុមព័ទ្ធក្រោមរូបភាពធ្វើក្រោលគោ។

ពលរដ្ឋម្នាក់ លោក សៀង ហាត រស់នៅភូមិដងផ្លិត ប្រាប់ Newsroom Cambodian នៅថ្ងៃទី១៤សីហានេះថា លោកបារម្ភបាត់បង់ដីសហគមន៍ទំហំ២០ហិកតា ក្រោយពីសង្កេតឃើញថា មន្រ្តីបរិស្ថានខេត្តព្រះវិហារបានសាងសង់រោងចិញ្ជឹមគោ ហើយមិនបានផ្សព្វផ្សាយពីគម្រោងនេះឱ្យអ្នកភូមិបានដឹងទូ​លំ​​ទូលា​យនោះទេ។

លោកបន្តថា​ បើពិតជាគម្រោងនោះ មានពិតមែន ក៏ប្រជាពលរដ្ឋមិនបានគាំទ្រឱ្យសាងសង់លើដីរបស់ប្រ​ជា​ស​ហគមន៍នេះដែរ។

លោកចាត់ទុកសកម្មភាពនេះថា ជាការគប់គិតជាមួយមន្រ្តីពាក់ព័ន្ធ រំលោភយកដីរបស់អ្នកភូមិ ដែលធ្លាប់អា​ស្រ័យផលតាំងពីដូនតាមក។ 

លោកថា៖ «ខ្លាចពេលណាគេធ្វើជាក្រោលគោ គេត្រូវគ្នាខាងមន្រ្តីរាជការ គេអាចលួចធ្វើជាប្លង់ កម្មសិទ្ធិផ្ទាល់​​​​ខ្លួន​ ដល់ពេលគេមានប្លង់កម្មសិទ្ធិផ្ទាល់ខ្លួនហើយ យើងជាប្រជាពលរដ្ឋនៅទីនេះ យើងមិនអាចទៅតវ៉ាបា​​ទេ បើទៅមានតែខុសច្បាប់ព្រោះពីគេមានសិទ្ធិ គេមានប្លង់»។

បុរសអាយុ​៣៨ឆ្នាំរូបនោះ ឱ្យដឹងទៀតថា មនុស្សមួយក្រុមកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើសកម្មភាពបោះបង្គោលលើក្បាលដី និងសាងសង់រោងប្រក់ស័ង្គសីលើដីសហគមន៍ ក្នុងឃុំភូមិភូមិដងផ្លិត និងភូមិណារ៉ុង ហើយពលរដ្ឋបានហាមឃាត់ ទើបស្ងប់ស្ងាត់។

ប្រភពបន្តថា លុះមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ មានជនស៊ីវិលបានចាប់ផ្តើមធ្វើរោងគោម្ដងទៀត ដោ​យលោកថា ក្រុមនោះកាងដោយប្រធានបរិស្ថានខេត្តព្រះវិហារ ទើបប្រជាពលរដ្ឋជាង ១០០នាក់បានទៅ​ទប់ស្កាត់មិនឱ្យបន្តសកម្មភាពនេះទេ។

យ៉ាងណាក្តី លោកថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ អ្នកភូមិប្រមាណ ២០០នាក់​បានជួប​​ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីបរិសា្ថនខេត្ត ដើម្បីជំទាស់នឹងសកម្មភាពនេះ ប៉ុន្តែលោកថា អាជ្ញាធរបែរជាគំរាមពលរដ្ឋមិនឱ្យតស៊ូមតិទៅវិញ។

លោកបន្ថែមថា៖ «ខ្ញុំមើលទៅ គឺថាអាជ្ញាធរ រំលោភលើប្រជាពលរដ្ឋមែនទែន មិនជួយដោះស្រាយប្រជាពរដ្ឋមានតែរំលោភបំពាន។ បើតាមខ្ញុំមើលជាក់ស្តែង ប្រជាពលរដ្ឋគាត់មិនសុខចិត្តហើយ នៅតែបំពាន នៅ​​តែទទូចចង់តែធ្វើនៅកន្លែងហ្នឹង នៅតែបំពានប្រជាពលរដ្ឋ»។

បើតាមលោក សៀង ហាត ដីសហគមន៍ដែលពលរដ្ឋកំពុងអាស្រ័យផលនេះ មានប្រមាណ១៥គ្រួសារ លើផ្ទៃដីជាង ២០ហិកតា ប៉ុន្តែមានអ្នកភូមិរាប់រយគ្រួសារផ្សេងៗទៀត រស់នៅភូមិដងផ្លិត និងភូមិណារ៉ុង ក្នុងឃុំឆែប២ កំពុងព្រួយបារម្តបាត់បង់ដីអាស្រ័យផលរាប់សិបហិកតាផ្សេងទៀត ក្រោយពេលមានការសាងសង់រោង និងហ៊ុមព័ទ្ធរបងយកបែបនេះ​។

ចំណែក ពលរដ្ឋម្នាក់ទៀតរស់ នៅភូមិណារ៉ុង និយាយក្នុងលក្ខខណ្ឌមិនបញ្ជេញឈ្មោះថា មន្រ្តីបរិស្ថានខេត្តបានហាមឃាត់អ្នកភូមិចូលអាស្រ័យផល និងគំរាមប្តឹងប្រជាពលរដ្ឋទៅតុលាការថែមទៀតផង បើហ៊ានងើបតវ៉ា។

លោកបន្ថែមថា បើបាត់បងដីសហគមន៍នេះមែន នឹងបង្កឱ្យប្រជាសហគមន៍កាន់តែជួបបញ្ហាជីវភាពកាន់តែធ្ងន់ធ្ងរ។

លោកបន្តថា៖ «វាប្រឈមជាចាំបាច់គឺអាហារសម្រាប់ពួកយើងបីពេល ព្រោះពួកយើងអាស្រ័យផលលើ ដីតំបន់ហ្នឹងគឺធ្វើស្រែធ្វើអី បើថា [ដីសហគមន៍] បានទៅលើពួកគាត់ ឱ្យពួកយើងរំពឹងនឹងរស់ដោយវិធីណាបើអស់​ដីស្រែ ដីចំការហើយ!»

លោ​កបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយករណីនេះ ដោយរក្សាទុកដីនេះជាសម្បត្តិសមូហភាព ស​ម្រាប់​​ឱ្យ​ប្រជាសហគមន៍ដើម្បីអាស្រ័យផលបន្តទៀត។

លោកថា៖ «សូមឱ្យដកចេញពីកន្លែងហ្នឹង ព្រោះកន្លែងហ្នឹង គឺជាតំបន់កណ្តាលនៃភូមិណារ៉ុង  និងដងផ្លិត កាណាគាត់ធ្វើ គឺប៉ះពាក់ហើយ ព្រោះកណ្តាលភូមិ​របស់ពួកខ្ញុំហើយ សូមឱ្យគាត់អត់ធ្វើកន្លែងហ្នឹង ឬទៅរកទីតាំងថ្មី ដែលជៀសឱ្យឆ្ងាយពីផលប៉ះពាល់ប្រជាពលរដ្ឋ»

ច្បាប់ភូមិបាលឆ្នាំ២០០១ បញ្ជាក់ថា ពលរដ្ឋក្រីក្រ ឬខ្វះខាតដីធ្លី គ្រួសារខ្វះទីលំនៅដោយសារគម្រោងហេដ្ឋា​រ​ចនាសម្ព័ន្ធសាធារណៈ គ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិ គ្រួសារមាតុភូមិនិវត្តន៍ យោធិនរំសាយ និងគ្រួសារយុទ្ធជនពលីពិការ និងកម្មករធ្វើការក្នុងចំការដីសម្បទានសេដ្ឋកិច្ចធំៗ អាចទទួលបានដីស្របច្បាប់តាមរយៈ យន្តការ ដីសម្បទានសង្គមកិច្ច។

ជុំ​វិ​ញករណីនេះអភិបាលខេត្តព្រះវិហារ លោក គីម ​រឹទ្ធិ មិនអាចសុំការឆ្លើយតបបានទេនៅថ្ងៃនេះ ដោយលោ​ក​មិនទទួលទូរសព្ទ។

ចំណែក ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បានឆ្លើយតបខ្លីថា ពិតជាមានការសាងស​ង់រោងក្រោល ដើម្បីចិញញ្ជឹមគោពិតមែន ដោយសាងសង់លើដីព្រៃអភិរក្សរបស់រដ្ឋ ប៉ុន្តែលោកថា មិនមានប្រជាពលរដ្ឋអាស្រ័យផលនៅទីនោះទេ។

លោកបន្តថា៖ «អត់មានអ្នកណាទៅអាស្រ័យផលទេ ​ដីនេះជាដីព្រៃអភិរក្សតាំងពីឆ្នាំ២០០៣ មកម្លេះ។ យើងស្ថាប័នមួយទៅកុហកគាត់ហី? [ការចិញ្ជឹមគោ! ខ្ញុំប្រជុំបន្តិច»

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មើលឃើញថា អាជ្ញាធរគូរបង្ហាញពីតម្លាភាពនៃ​កា​រអភិវឌ្ឍនៅទីតាំងណាមួយ ដើម្បីឱ្យពលរដ្ឋបានយល់ដឹង និងចូលរួមជាមួយអាជ្ញាធរ។

លោកបានជំរុញឱ្យមន្រ្តីពាក់ព័ន្ធក្នុងខេត្តព្រះវិហារ គិតគូរឡើងវិញ ដោយទុកដីដែលធ្វើរោងគោនោះ ឱ្យប្រជាពលរដ្ឋអាស្រ័យផលតាមសំណើរ របស់អ្នកភូមិវិញ ជាជាងការហ៊ុមព័​ទ្ធយកដីដោយស្ងាត់ៗបែបនេះ។

លោកបន្តថា៖ «កាអភិវឌ្ឍទាំងឡាយណាដែលវាប៉ះពាល់ដល់ជីវភាពរសើនៅរបស់ប្រជាពលរដ្ឋ រដ្ឋត្រូវតែ ធ្វើការសិក្សា ឱ្យបានច្បាស់លាស់ មិនមែនស្ងាត់ៗហើយប្រជាពលរដ្ឋអត់ដឹងថា យកដី ទៅធ្វើយ៉ាងម៉េចៗ! ឱ្យទៅអ្នកណា ជារូបភាពមួយអត់មានភាពចូលរួម អត់មានតម្លាភាព អត់មា​នភាពច្បាស់លាស់»។

របាយការណ៍ស្តីពីស្ថានភាពវិវាទដីធ្លី ដែលចេញផ្សាយដោយសមាគមការពារ​សិទ្ធិមនុស្សអាដហុក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០២២ បានឱ្យដឹងថា ​ជម្លោះដីធ្លីក្នុងឆ្នាំ២០២១​ មានចំនួន១៦៩ករណី​ ​លើផ្ទៃដីទំហំ ជា​ង ៥ម៉ឺនហិកតា (៥២ ៦០១.៨៧ ហិកតា)។

ក្នុងនោះបង្កផលប៉ះពាល់ដល់ជន​រងគ្រោះចំនួនជិត ២ម៉ឺនគ្រួសារ (១៧ ០៣៣​ គ្រួ​សារ) ស្មើនឹង ជាង៦ ម៉ឺ​​ននាក់ (៦១ ៤៦៩នាក់) ​មានជនជាតិ​ដើមភាគតិច ១ ៣៤៧ គ្រួសារ។

ប្រ​ភពដដែលឱ្យដឹងទៀតថា ក្នុងនោះករណីលេចធ្លោជាងគេ​គឺការរំលោភ​យកដីដោយបុគ្គល​មានអំណាចចំ​​នួន ៦៦ករណី និងបុគ្គលអ្នក​មានទ្រព្យសម្បត្តិចំនួន២៧ករណី។ របា​យការណ៍​រក​ឃើញថា កត្តា​ចម្បង​ដែល​នាំឲ្យមាន​ការចាប់ខ្លួន-ចោទប្រកាន់-ឃុំខ្លួន ប្រជាពលរដ្ឋ​ក្នុងរឿ​ងវិ​វា​ទដីធ្លី គឺ​ដើម្បីបំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ម្ចាស់ដី ឲ្យពួក​គាត់លែង​ហ៊ានប្រើ​សិទ្ធិ ក្នុងការទាម​ទារ​តវ់ាស្វែង​រកយុត្តិធម៌៕