ក្នុង​បរិវេណ​ស្នាក់ការសហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​​ស្ថិតលើ​​បណ្តោយ​មហាវិថី​នរោត្តម​ រាជធានីភ្នំពេញ​ យុវជន​ជាង​១០០នាក់​ ដែល​កំពុង​ចូលរួម​ទិវា​អឺរ៉ុប កំពុង​​​សួរ​នាំ​​​​ព័ត៌មាន​ពី​ស្តង់​ពិព័រណ៌​តូចៗ ដែល​មាន​ពណ៌​​ខៀវ ស្រដៀងនឹងពណ៌ទង់សហភាពអឺរ៉ុប ពាក់ព័ន្ធ​នឹង​ឱកាសសិក្សា​នៅ​​បណ្តាប្រទេស​​នៅ​​អឺរ៉ុប ស្តង់​ពាក់ព័ន្ធនឹង​​​​​​ការជំរុញ​ការយល់ដឹងអំពីបរិស្ថាន និង​ស្តង់​អំពី​អាហារ​អឺរ៉ុប​ជាដើម។​

ទិវា​អឺរ៉ុប ឬ Europe Day ត្រូវបាន​ប្រារព្ធឡើង​ជារៀងរាល់ឆ្នាំ​ នៅ​ថ្ងៃ​ទី​៩ ខែឧសភា​ ដើម្បី​​សន្តិភាព និងការ​រួប​រួម​នៃទ្វីប​អឺរ៉ុប។ ទិវានេះ​ជា​ថ្ងៃ​កំណើត​​នៃ​សហភាព​អឺរ៉ុប និង​ជា​​ខួបនៃ​សេចក្តី​ថ្លែង​ការណ៍​របស់​​លោក រ៉ូបឺត ស្ហូម៉េន (Robert Schuman ) រដ្ឋមន្រ្តី​ការបរទេសបារាំង​ពី​ការកែទម្រង់កិច្ច​សហប្រតិបត្តិការ​នយោបាយ​នៅអឺរ៉ុប ជំរុញ​ឱ្យ​សង្គ្រាម​រវាង​ប្រទេសក្នុងទ្វីប​អឺរ៉ុប​មិន​អាច កើតឡើងបាន។ ​​

អ្នកចូលរួម​ថតរូបជុំគ្នា​ក្នុង​ទិវាអឺរ៉ុប​ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ (រូបថត៖ ទេព សួគានី)

នៅកម្ពុជា ​សហភាពអឺរ៉ុប​បាន​ប្រារព្ធ​ទិវា​អឺរ៉ុប​លើកទី​៧៤​នេះ ដើម្បី​​​អបអរ​សារទរ​សន្តិភាព​ សុវត្ថិភាព និងការ​រួប​រួម​គ្នា​នៅអឺរ៉ុប និង​តួនាទីសំខាន់របស់យុវជន ដើម្បីសម្រេចបាន​ការផ្លាស់ប្តូរទៅនឹងបរិស្ថានបៃតង និង​អនាគត​​ប្រកប​ដោយ​​និរន្ត​ភាព​។ ​

​លោក អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាព​អឺរ៉ុប​ប្រចាំ​​កម្ពុជា ប្រាប់ Newsroom Cambodia ថា រលកកម្តៅ​នៅ​កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​ខែចុង​ក្រោយនេះ ជា​សក្ខីភាព​បញ្ជាក់ថា ការប្រែប្រួលអាកាសធាតុជារឿងពិត។ លោក​ថា ការប្រែប្រួល​អាកាស​ធាតុ មាន​គ្រោះ​ថ្នាក់ដល់វិស័យ​កសិកម្ម សេដ្ឋកិច្ច និងប្រជាជន ជាពិសេសលើមនុស្សចាស់ ប៉ុន្តែយុវជនគឺជាអ្នក​ទទួល​ខុសត្រូវ​ និងផ្លាស់ប្តូរអនាគត។  

លោក​និយាយ​ជាភាសាអង់គ្លេស និង​ត្រូវបាន​ប្រែសម្រួលជាភាសាខ្មែរ​តាម​ន័យ​ដើម​ថា​៖ «ការ​ផ្តោត​សំខាន់ទៅលើយុវជន ព្រោះពួកគេត្រូវរៀបចំកិច្ចការទាំងនេះ សម្រាប់​រយៈពេល​ហាសិប​ឆ្នាំ ឬចិត​សិប​ឆ្នាំ ឬជាច្រើនឆ្នាំបន្តទៀត។ យុវជនគឺជាភាគីពាក់ព័ន្ធដ៏សំខាន់ក្នុងការផ្លាស់ប្តូរ»។

លោក អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាព​អឺរ៉ុប​ប្រចាំ​​កម្ពុជា កំពុងផ្តល់បទសម្ភាសដល់ Newsroom Cambodia (រូបថត៖ ទេព សួគានី)

ក្នុងទិវា​អឺរ៉ុប​នៅ​ថ្ងៃ​ទី​៩ ខែឧសភា​នេះ​ ក៏​មាន​​​ការ​ចូលរួម​​​ពី​​វាគ្មិន​ដែល​ជា​អ្នក​បង្កើត​មាតិកា​​បែប​បរិស្ថាន គំនូរ​បែប​ឌីជីថល សកម្មជន​សមភាព​យេនឌ័រ និងវាគ្មិនផ្សេងៗទៀតចំនួន​៧រូប ដើម្បី​ពិភាក្សា​លើប្រធានបទស្តីពី «ការលើក​កម្ពស់​ការ​យល់​ដឹងពី​និរន្ត​ភាព​បរិស្ថាន​តាមរយៈ​ការ​បង្កើត​​មាតិកា»។

សុទ្ធ ពៅសំណាង ជាសកម្មជនសមភាពយេនឌ័រ និងជាវាគ្មិនមួយរូបក្នុងកម្មវិធី កំពុងផ្តល់បទសម្ភាសដល់ Newsroom Cambodia (រូបថត៖ ទេព សួគានី)

សុទ្ធ ពៅសំណាង ជាសកម្មជនសមភាពយេនឌ័រ និងជាវាគ្មិនមួយរូបក្នុងកម្មវិធី បានប្រាប់​ Newsroom Cambodia ថា គាត់ចាប់អារម្មណ៍ខ្លាំងលើការប្រារព្ធទិវាសហភាពអឺរ៉ុបនេះ ដោយសារ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ប្រែប្រួលអាកាស​ធាតុ​។ សំណាង បន្ថែមថា​ ទោះបីជាសំណាង​ ជាអ្នក​តស៊ូ​មតិ​ទាក់ទងនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងសមភាពយេនឌ័រ ប៉ុន្តែ​សំណាង​ក៏​សង្កេត​ឃើញពី​ទំនាក់ទំនង​គ្នា​រវាង​ការប្រែប្រួល​អាកាសធាតុ និងសមភាព​យេនឌ័រ ដោយសារ​ស្រី្ត និងក្រុមជន​មាន​សំឡេង​តិច​ ជាអ្នក​រង​គ្រោះ​ផ្ទាល់ពីការប្រែប្រួល​អាកាស​ធាតុនេះ​។

សំណាង បន្ថែម​ថា​៖ «អញ្ចឹងខណៈពេលដែលបញ្ហារបស់ស្ត្រីមានច្រើន បញ្ហាអ្នកមាន​សំឡេង​តិច​មានច្រើន ដោយសារតែ Climate Changes [ការប្រែប្រួលអាកាសធាតុ] ប៉ុន្តែ​អ្នក​តំណាង​សំឡេង​របស់ពួកគាត់តិចមែនទែនក្នុងការធ្វើគោលនយោបាយ»។

អ្នកចូលរួម​ទិវាអឺរ៉ុប​​​​បាន​បង្ហាញ​ចំណាប់អារម្មណ៍​​របស់ខ្លួន​លើការ​​ប្រារព្ធ​ទិវា​នេះ មកកាន់ Newsroom Cambodia ដោយក្តីបារម្ភ​ជុំវិញបញ្ហា​បរិស្ថាន និងតួនាទី​យុវជន ដើម្បី​​ដោះស្រាយ​​បញ្ហា​ប្រឈមនេះ​។

លោក​ ម៉ន ពិសិដ្ឋ អាយុ​២០ឆ្នាំ ជានិស្សិតមកពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោល​នយោ​បាយ​​សាធារណៈ កំពុងផ្តល់បទសម្ភាសដល់ Newsroom Cambodia (រូបថត៖ ទេព សួគានី)

លោក​ ម៉ន ពិសិដ្ឋ អាយុ​២០ឆ្នាំ ជានិស្សិតមកពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោល​នយោ​បាយ​​​សាធារណៈ បានថ្លែងប្រាប់ Newsroom Cambodia ថា ទិវា​អឺរ៉ុប បាន​ផ្តល់​ឱកាស​ដល់​យុវជន​ ដើម្បីពង្រឹង​ចំណេះដឹងទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ និងតួនាទី​យុវជន​ក្នុង​ការដោះស្រាយ​បញ្ហា​បរិស្ថាន តាមរយៈ​ស្តង់​នីមួយៗ។

លោក​បន្ថែមថា៖ «យើងក៏មិនគួរភ្លេចដែរថា អ្វីដែលជាទិសដៅចំណុចសំខាន់នោះ គឺជា​ការចូលរួម​របស់យើង​ទាក់ទងជាមួយ​នឹងការពង្រឹ​ង​ចំ​ណេះ​ដឹ​ង​ផ្នែកបរិស្ថាន ជាមួយ​នឹង​ការយល់ដឹង​បន្ថែមទាក់ទងនឹងតួនាទីរបស់យុវជន ថាតើយើងមានតួនាទីអ្វីខ្លះ ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ហាបរិស្ថាន?»។

កញ្ញា យៀង ម៉ានិច អាយុ១៨ឆ្នាំ ជានិស្សិតមកពី​​វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោល​ន​យោ​បាយ​សាធារណៈ កំពុងផ្តល់បទសម្ភាសដល់ Newsroom Cambodia (រូបថត៖ ទេព សួគានី)

កញ្ញា យៀង ម៉ានិច អាយុ១៨ឆ្នាំ ជានិស្សិតមកពី​​វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោល​ន​យោ​បាយ​​សាធារណៈ​បានលើកឡើងថា កញ្ញា​​បាន​ស្វែង​យល់​អំពី​បញ្ហា​អាកាសធាតុ​ ដែល​ជា​បញ្ហា​ទូទៅ​ដែលកំពុងមាន​ការចាប់អារម្មណ៍​​ពីស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទាំងរដ្ឋាភិបាល និង​អង្គការ​ក្រៅ​​រដ្ឋាភិបាល។

កញ្ញាបន្ថែមថា៖ «​អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេ គឺមានការបញ្ចូលក្មេងស្រី ឬស្រ្តី​ឱ្យ​ចូល​រួម​​ក្នុងក​ម្មវិធី​ទាំង​អស់ហ្នឹង តួយ៉ាងដូចជាវាគ្មិនរបស់យើង គឺមានមនុស្ស​ស្រី​ដែល​គា​ត់​ជា​អ្ន​ក​បង្កើត​មាតិកា ជា​សិ​ស្ស​វិទ្យាល័​យ​ វាគឺជាអ្វីដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ជំរុញ​លើក​ទឹក​ចិត្ត​ខ្លាំង​មែនទែន»។

ព្រះតេជគុណ​ ពក ពន្លឺ ព្រះជន្ម ២៨​វស្សា កំពុងផ្តល់បទសម្ភាសដល់ Newsroom Cambodia (រូបថត៖ ទេព សួគានី)

ព្រះតេជគុណ​ ពក ពន្លឺ ព្រះជន្ម ២៨​វស្សា មានសង្ឃដីកាថា ការផ្តល់ឱកាសឱ្យយុវជនចូលរួម​​ស្វែងយល់​អំពី​​បរិស្ថាន និង​ផ្តល់ឱកាស​ដល់យុវជន​ស្រលាញ់​​បរិស្ថាន​​អាច​បង្ហាញ​ទស្សនៈ​វិស័យ គំនិត និងការបារម្ភរបស់ពួកគេ​ក្នុង​ទិវា​អឺរ៉ុបនេះ គឺជារឿង​សំខាន់។  

ព្រះតេជគុណបន្ថែមថា៖ «បរិស្ថាននេះកំពុងតែជាប្រធានបទក្តៅមួយ មិនមែន​តែស​ម្រា​ប់​យុវជន​កម្ពុជាទេ គឺទូទាំងសកលលោក។ អញ្ចឹងកាលណា សហភាពអឺរ៉ុបបានផ្តល់​ឱកាស​យុវជ​ន និងយុវជនបានជួបជុំគ្នាជជែកអំពីបរិស្ថាន។ វាជាសញ្ញាមួយថា យុវជន​ក​ម្ពុ​ជាក៏​បា​ន​ខ្វល់ខ្វាយ​អំពីបរិស្ថានផងដែរ»។

យោង​តាម​របាយការណ៍​របស់ធនាគារ​ពិភពលោក ចេញផ្សាយកាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បញ្ជាក់ថា ការប្រែប្រួល​អាកាសធាតុនាំឱ្យកម្ពុជា​ចំណាយ​ទឹក​ប្រាក់៩%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុបក្នុង​ឆ្នាំ​២០៥០ ហើយភាពក្រីក្រ​នឹង​កើន​ឡើង​៦%​នា​ឆ្នាំ​២០៤០។

ក្នុង​របាយការណ៍​របស់ធនាគារ​ពិភព​លោក ផល​ប៉ះ​ពាល់​នៃ​អាកាស​ធាតុ​បង្ក​ហានិភ័យ​ច្រើន​ដល់​ប្រទេស និង​ប្រជាជន​ ហើយ​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​ដល់​ការ​អភិវឌ្ឍ​កាន់​តែ​ធ្ងន់ធ្ងរ ដោយ​ទឹក​ជំនន់​នឹង​បង្ក​ការ​ខាត​បង់​កាន់​តែច្រើន​ឡើង​ដល់​រោង​ចក្រ ផ្លូវ​ថ្នល់ ផ្ទះ​សម្បែង និង​សាលារៀន និង​បណ្តាល​ឲ្យ​សេវាកម្ម និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​សំខាន់ៗ​ជួប​ភាព​រអាក់​រអួល​។ បម្រែ​បម្រួល​អាកាសធាតុ​ត្រូវ​បាន​ព្យាករណ៍​ថានឹង​បណ្តាល​ឲ្យ​ទិន្នផលដំណាំ​ និង​ជលផល​ធ្លាក់​ចុះ ​ដែល​បង្ក​បញ្ហា​ប្រឈម​ដល់​សន្តិ​សុខ​ស្បៀង​ និង​អាហារូបត្ថម្ភ សីតុណ្ហភាពកាន់​តែ​ខ្ពស់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខភាព ហើយ​ជា​ដើម​ចម​នៅ​ពី​ក្រោយ​ការ​កើន​ឡើង​ជំងឺ​ផ្សេងៗ​។

លោក អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាព​អឺរ៉ុប​ប្រចាំ​​កម្ពុជា​​​​​ចង់ឃើញ​យុវជន​ដែល​ ធ្វើសកម្មភាព​ក្នុង​ថ្ងៃនេះ​ តាមរយៈការតស៊ូមតិ បង្កើតវត្ថុ​បំណង និងការច្នៃ​ប្រឌិត ដើម្បី​ដោះស្រាយ​​បញ្ហា​សេដ្ឋកិច្ច ​បរិស្ថាន​ និងគោលដៅ​ដោះស្រាយ​បញ្ហា​បម្រែបប្រួល​អាកាស​ធាតុ ​សម្រាប់​និរន្តភាពនាពេលអនាគត៕​