សហគ្រាស​ ស្រ៊ុន​ ឆ្លាត​ ខេមបូ​ អេហ្រ្គី​ប៊ីហ្សនេស​ ជា​សហគ្រាស​ផលិត​ប្រេងខ្យល់ ប្រេងកូឡា និង​ស្ព្រៃយ៍​​ការពារ​មូស ដោយ​​ប្រើប្រាស់​វត្ថុធាតុ​ដើម​ដែល​ប្រមូល​ទិញ​ពី​កសិករ។

​មាន​ទី​តាំង​​ក្នុង​ស្រុក​សំរោង ខេត្ត​តា​កែវ​ សហគ្រាស​នេះ​ត្រូវ​បាន​បង្កើត​ដំបូង​នៅ​ដើម​ឆ្នាំ​២០១៩​ ហើយ​​ទទួល​បាន​អាជ្ញាប័ណ្ណ​ចុះ​បញ្ជី​ពី​ក្រសួង​ពាណិជ្ជ​កម្ម​ នៅ​ដើម​ខែ​មករា​ ឆ្នាំ​២០២១​ អំឡុង​ពេល​​មាន​ការ​រាតត្បាត​​ជំងឺ​កូវីដ១៩​។

លោក​ ប៊ុត​ វណ្ឌី​ អាយុ​៣៨​ឆ្នាំ​ ជា​នាយក​ប្រតិបត្តិ​​សហគ្រាស​ ស្រ៊ុន​ ឆ្លាត​ ខេមបូ​ អេហ្រ្គី​ប៊ីហ្ស​នេស​ ប្រាប់ ​Newsroom​ Cambodia​ ថា ​សហគ្រាស​បាន​ទិញ​​វត្ថុធាតុ​ដើមពីកសិករ​ប្រមាណជា​៩០​ភាគ​រយ​សម្រាប់​ចម្រាញ់​ធ្វើ​ជា​ផលិតផល។

ប្រេងរឹតរបស់សហគ្រាស​ស្រ៊ុន​ ឆ្លាត​ ខេមបូ​ អេហ្រ្គី​ប៊ីហ្ស​នេស​

លោក​បញ្ជាក់​ថា៖ «វត្ថុធាតុ​ដើម​ដែល​យើង​ទិញ​ពី​កសិករ​មាន​ដូចជា​ប្រភេទ​ប្រេង​ចំរាញ់​ហើយ​ មាន​ប្រេង​ស្លឹក​គ្រៃ ប្រេងម្ទេស ប្រេង​ស្លឹក​ប្រេង​ខ្យល់ ប្រេង​ពន្លៃ ប្រេង​សម្បក​ឈើឯម និង​ប្រេងផ្កាច័ន្ទ»។​

លោក​បន្ថែម​ថា តាមរយៈ​ការ​ទិញ​វត្ថុធាតុ​ដើម​ទាំងនេះ សហគ្រាស​បាន​ជួយ​ដល់​កសិករ​ប្រមាណជា​៥​ពាន់នាក់ ដោយ​បែង​ចែក​ជា​៤​សហគមន៍​។ ក្នុង​សហគមន៍នីមួយ​​ៗ​ ទទួល​បាន​ចំណូល​ចន្លោះពី​៣ពាន់ ទៅ​៣ពាន់​ដុល្លារ​ពី​សហគ្រាស ដែល​លោក​ថា ចំណូល​នេះ​បាន​ជួយ​ដល់​ជីវភាព​កសិករ​ខ្មែរ​ជាច្រើន​​។

លោក​​ថា៖ ​«​ប្រជាកសិករ​​អាច​កាត់​បន្ថយ​បំណុល​ដែល​ជំពាក់​វិស័យ​ឯកជន​ ក្រុម​គ្រួសារ​ដែល​តែងតែ​ធ្វើ​ចំណាក​​ស្រុក​បាន​វិលត្រឡប់​មក​ស្រុក​វិញ​ដើម្បី​ចងក្រង​ក្នុង​ការ​ផ្គត់ផ្គង់​ផលិត​វត្ថុ​ធាតុ​ដើម​ មាន​ជីវភាព​ល្អ​ប្រសើរ​ មាន​លទ្ធភាព​ក្នុង​ការ​ទិញ​​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ មាន​ការ​ផ្លាស់ប្ដូរ​នៃ​របៀប​នៃ​ការ​រស់​នៅ​ថ្មី​ កាត់​បន្ថយ​​ការ​ចំណាយ​បាន​ច្រើន​ អាច​បញ្ជូន​កូន​ទៅ​សាលា​រៀន​បាន​ទៀត​ផង»។

លោក​បន្ថែម​ថា លោក​បង្កើត​សហគ្រាស​នេះ​ឡើង​​ដើម្បី​ជួយ​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​ និង​​ចូល​រួម​ក្នុង​ការ​ជួយ​ជីវភាព​របស់​កសិករ​ ឱ្យ​មាន​ការងារ​ល្អ​ប្រសើរ​ជាង​មុន។​

លោកបញ្ជាក់ថា៖ «​កសិករ​មួយ​ចំនួន​ពេល​ដែល​ផុត​រដូវ​កាល​ធ្វើ​កសិកម្ម​ គឺ​គាត់​ធ្វើ​ចំណាក់​ស្រុក​បើ​មិន​មក​ភ្នំពេញ​ទេ​ គឺ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ជិត​ខាង​​ ជា​ពិសេស​ខាង​ប្រទេស​ថៃ​ជា​ដើម​ដើម្បី​លក់​ពលកម្ម​ដូរ​ជា​ប្រាក់​មក​វិញ​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​គាត់​ប្រចាំ​ថ្ងៃ»។​

លោក​ ប៊ុត​ វណ្ឌី​ ​នាយក​ប្រតិបត្តិ​​សហគ្រាស​ ស្រ៊ុន​ ឆ្លាត​ ខេមបូ​ អេហ្រ្គី​ប៊ីហ្ស​នេស​

បើតាម​លោក​ ប៊ុត​ វណ្ឌី​ សហគមន៍​មាន​រហូត​ដល់​ ៥​សហគមន៍​ ហើយ​មាន​ប្រជាជន​ប្រហែល​ ៨​ពាន់​ ទៅ​ ៩​ពាន់​នាក់​ ដែល​ទទួល​ផល​ដោយ​ផ្ទាល់​ និង​ប្រយោល​ពី​សហគ្រាស​ រួម​មាន​ខេត្ត​​កំពង់ចាម​ ស្រុក​ស្ទឹងត្រង់​ ខេត្ត ​ពោធិ៍សាត់​ វាលវែង ខេត្ត​ បាត់ដំបង ខេត្ត​​ កំពង់ស្ពឺ និង​ខេត្ត​​ស្វាយរៀង​។  

​ប្រជា​សហគមន៍​​ចម្រាញ់ប្រេងខ្យល់ នៅ​ខេត្ត​កំពង់ស្ពឺ អ្នកស្រី រ៉ុម បាន​ប្រាប់ Newsroom Cambodia ថា ការចម្រាញ់​ប្រងខ្យល់​ដើម្បី​លក់ឱ្យ​សហគ្រាស​​កាលពី​ឆ្នាំ​មុន មាន​ចំនួន​ពី​ ៥០ទៅ ៦០ដប​ ប្រហែល ៥០​​ ទៅ៦០លីត្រ។ ប៉ុន្តែ​អ្នកស្រី​ថា​ ​បច្ចុប្បន្ន​មាន​ការ​ថយ​ចុះ​មក​ត្រឹម​តែ​ ១៥ដប ប្រហែល​១៥លីត្រ​ប៉ុណ្ណោះ។

អ្នកស្រី​បញ្ជាក់ថា៖ «​កាល​ពី​មុន​ ប្រាក់​ចំណូល​អាច​ទទួល​បាន​ប្រហែល​ ២លានរៀន ក្នុង​មួយ​ខែ​ តែ​មក​ដល់​ពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ ការ​បញ្ជាទិញ​មាន​ការ​ធ្លាក់​ចុះ​តាម​នឹង​ដែរ ប្រាក់​ចំណូល​អាច​រក​បាន​តែ ​១លានរៀនប៉ុណ្ណោះ​ក្នុង​មួយ​ខែ»។

​អ្នកស្រី​បន្ថែម​ថា មុនពេល​មាន​សហគ្រាស​ទិញ​ប្រេង​ចម្រាញ់​ធ្វើជា​ប្រេងខ្យល់ អ្នក​ស្រី​ប្រកប​របរ ធ្វើ​សំណង់ និង​ស្រែ​ចម្ការ។ អ្នកស្រី​ថា សម្រាប់ពេលនេះ ​ជីវភាព​របស់​អ្នក​ស្រី​​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ អាច​ដោះ​ស្រាយ​ជីវភាព​រស់នៅបាន។

អ្នកស្រី​​និយាយ​ថា៖ «កាល​ពី​មុន​ឡើយ​ក្រខ្សត់​ដែរ​នឹង​ តែ​ពេល​ចូល​មក​គ្រាន់​រីក​ចម្រើន​បាន​ខ្លះ​ អាច​ម៉ា​ទប់ទល់​បាន​ ដូច​យើង​ជំពាក់​លុយ​គេ​នឹង​យើង​អាច​យក​មក​បង់​គេ​បាន​អញ្ចឹង​ហា វា​មិន​បាន​អី​ណាស់​ណា​ពេក​ទេ បាន​មួយ​​ដោះ​ស្រាយ​ វា​អត់​ពិបាក​ចិត្ត​ដូច​មុន​»។

សមាជិក​សហគមន៍​ប្រេងខ្យល់​ម្នាក់ទៀត​ លោក ផេង គួ អាយុ ២៩ឆ្នាំ មាន​កូន​ក្នុង​បន្ទុក​២នាក់​ផង​នោះ​​ ​លើក​ឡើង​ថា​ ការ​ចម្រាញ់​ប្រេង​ខ្យល់​ក្នុង​សហគមន៍​នេះ​ បាន​ជួយ​សម្រួល​ជីវភាព​របស់​លោក​បាន​មួយ​ចំណែក​ ជួយ​ផ្ដល់​ការងារ​ដល់​លោក​ផង​ដែរ។

កម្ពុជា​ចាប់​ផ្តើម​ប្រឈមនឹងការ​រាតត្បាត​ដោយជំងឺ​កូវីដ​១៩ ចាប់​តាំង​ពីដើម​២០២០​មក ពោល​គឺ​ចំពេល​ដែល​ដែល​សហគ្រាស​កំពុង​ចាប់​ផ្តើម​ដំណើរ​ការ​របស់​ខ្លួន។ វិស័យ​ជាច្រើន​នៅ​កម្ពុជា ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​១៩។

លោក​ ប៊ុត​ វណ្ឌី​ ​នាយក​ប្រតិបត្តិ​​សហគ្រាស​ ស្រ៊ុន​ ឆ្លាត​ ខេមបូ​ អេហ្រ្គី​ប៊ីហ្ស​នេស​ បន្ថែម​ថា ការ​ចាប់​ផ្ដើម​សហគ្រាស​មួយ​នេះ​ក៏​មាន​ការ​ប្រឈម​នូវ​ការ​លំបាក​ខ្លះ​ៗ​ទាំង​ក្នុងការ​បើក​អាជីវកម្ម​ស្រប​ទៅ​តាម​ច្បាប់​នៅ​​កម្ពុជា​ ហើយ​ក្នុង​អំឡុង​ពេល​កូវីដ​១៩​ ​ប៉ះពាល់​ទៅ​លើ​​អាជីវកម្ម​បង្កើត​ឡើង​ថ្មី។​

លោក​ថា៖ «អំឡុង​ពេល​កូវីដ១៩​ គឺ​មាន​​ការ​ប៉ះពាល់​ដល់​អាជីវកម្ម​ដែល​​បង្កើត​ឡើង​ថ្មី​​ ព្រោះ​​ត្រូវ​​ការ​ចំណាយ​​ច្រើន​ ហើយ​រាល់​ការ​ចំណាយ​​ទាំង​អស់​នេះ​ត្រូវ​ចំណាយ​មុន​នឹង​មាន​ការ​លក់​​ផលិតផល​នៅ​​លើ​ទី​ផ្សារ​ជាង​ការ​ទទួល​​បាន​​ចំណូល​​ព្រោះ​​ត្រូវ​ចាយ​លើ​ ប្រតិបត្តិការ​នានា​ លើ​​ការ​​ជួល​ទីតាំង​ លើ​​ប្រាក់​ខែ​​បុគ្គលិក​​ លើ​ការ​​ទិញ​​វត្ថុធាតុដើម​ លើ​​ការ​បង់​ពន្ធ​ និង​​ចំណាយ​ផ្សេង​ទៀត​ៗ»​​។

លោក​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​​ចូលរួម​គាំទ្រ​ផលិតផល​ខ្មែរ​ដែល​ផលិត​ក្នុងស្រុក ដើម្បី​មាន​និរន្តភាព និងកាត​បន្ថយ​ការ​នាំចូល។

លោកបញ្ជាក់​ថា៖​ «ដើម្បី​គាំ​ទ្រ​នៃ​អាជីវកម្ម​ក្នុង​ស្រុក​ និង​និរន្តរភាព​នៃ​ការ​ផលិត​ទាំង​នោះ​បាន​ លុះ​ត្រា​តែ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ងាក​មក​គាំ​ទ្រ​ ឬ​ចាប់​អារម្មណ៍​នូវ​ផលិតផល​ក្នុង​​ស្រុក​ ហើយ​ជា​ពិសេស​អាជ្ញាធរ​រដ្ឋ​អាច​ជួយ​សម្រួល​កិច្ច​ការងារ​រដ្ឋបាល​មួយ​ចំនួន​ ជួយ​គាំ​ទ្រ​និង​លើក​កម្ពស់​ដល់​ការ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៅ​ដល់​ប្រជាពលរដ្ឋ​ ឱ្យ​ ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​អត្ថប្រយោជន៍​ផលិតផល​ក្នុង​ស្រុក​​​»៕