ដំរីជាសត្វដែលវៃឆ្លាតលំដាប់ទី២នៅលើពិភព​លោក ហើយពួកវា​ក៏ជាសត្វ​ដែល​ពោរពេញ​ដោយក្ដី​​ស្រ​លាញ់​​​ចំពោះ​គ្រួសារ និងកូនៗរបស់ពួកវា​ផងដែរ។ សត្វដំរីជា​និមិត្ត​រូប​មួយ​ដែល​ទាក់​ទង​ដល់​ប្រវត្តិ​សាស្រ្ដ ​និង​វប្ប​ធ៌ម​ដ៏​រុង​រឿង​របស់​កម្ពុជា។​

ប៉ុន្តែដំរី​ព្រៃ​ ក៏​កំពុង​ទទួល​បាន​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផុត​ពូជ​ន​ផង​ដែរ។​ ​ដំរី​ព្រៃដែល​នៅ​សេសសល់​​មាន​ចំនួន​​តិចតួច​​ កំពុង​រស់​នៅជា​ក្រុម​តូច​ៗ​​ក្នុង​ទីជម្រក​ដាច់​ដោយ​ឡែក​ពីគ្នា​។ ដំរី​ព្រៃ​នៅក​ម្ពុជា​បច្ចុប្បន្ន​ ត្រូវបានគេ​​​ប៉ាន់​ស្មាន​ថា​មាន​ចំនួន​ពី​ ៤០០ ទៅ​ ៦០០ ក្បាល​តែប៉ុណ្ណោះ ​ហើយ​តំបន់​ដែល​មាន​ដំរី​ព្រៃ​ច្រើន​ជាង​គេ​គឺ​ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវ៉ាញ​ខាង​ត្បូង​។​ ប៉ុន្តែ​​ការកាត់​ផ្តាច់​ជម្រក​​ក្នុង​​កម្រិត​ខ្ពស់​ ធ្វើ​ឱ្យ​ដំរី​ព្រៃ​នៅ​កម្ពុជា​ងាយ​នឹង​ទទួល​ការ​រង​គ្រោះ​​ខ្លាំង​ រហូត​អាច​ឈាន​ទៅ​ដល់​ការ​ផុត​ពូជ​ដោយ​សារ​ការ​រស់​នៅ​រប៉ាត់​រប៉ាយ​ បែក​ខ្ញែក​គ្នា​ ដែល​នាំឱ្យ​មាន​ការ​ថយ​ចុះ​នូវ​អត្រា​បង្ក​កំណើត​ និង​ភាព​ធន់​នឹង​ជំងឺ​ផ្សេង​ៗ។​

នៅ​តំបន់​ភាគ​ឦ​សាន្ត​នៃ​ប្រ​ទេស​កម្ពុជា​ ចំងាយ​ប្រ​មាណ​ជា​ជិត ៥០០ គីឡូ​ពី​រាជ​ធានី​ភ្នំពេញ​  និង​ ១៥ គីឡូ ​ពីក្រុង​បានលុង​ មាន​សមាគម​មួយ​ឈ្មោះ​ថាសមាគម​អៃរាវ​ត្តា ​ដែល​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ថែ​រក្សា ​អភិរក្ស​ និង​បង្កាត់​ពូជ​សត្វ​ដំរី​ស្រុក​ដែល​មាន​ចំនួន​តិច​តួច​បំផុត​នៅ​ក្នុង​ខេត្ត​រតន​គិរី​នេះ។​

បច្ចុប្បន្ន​ដំរី​ស្រុក​ចំនួន​៤ក្បាល ​កំពុង​ទទួល​បាន​ការ​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ទាំង​តាម​បែប​ប្រពៃ​ណី​ជន​ជាតិ​ដើម​ភាគ​តិច​ គួប​ផ្សំ​នឹង​របៀប​បច្ចេក​ទេស​មួយ​ចំនួន​ដើម្បី​ធានា​អោយ​បាន​នូវ​បរិយា​កាស​សមស្របសម្រាប់​ការរស់​នៅរ​បស់សត្វដំរី។​

កំពុង​​អង្គុយ​​លើ​​កៅ​​​អី​​ឈើ​​ដែល​​មាន​​រចនា​​បទ​​លាត​​បែប​​ខ្មែរ​​ដ៏​​សា​មញ្ញ​​ ទឹក​​មុខ​​ពោរ​​ពេញ​​ដោយ​​ស្នាម​​ញញឹម​​ ​​អ្នកស្រី ខៃ ចិន្តា ប្រ​ធាន​សមា​គម​អៃរា​​វត្តា​បាន​​ថ្លែង​​ប្រាប់​​ Newsroom​​ Cambodia​​ ថា​ សមា​​គម​​អៃ​រា​វត្តា​​បាន​​ចាប់​​ផ្តើម​​ពី​ឆ្នាំ​​២០១៥ មក​ ​បាន​ធ្វើ​​កិច្ច​ការ​ងារ​​អភិ​រក្ស​​ជីវ​​ចំរុះ​​ ការ​​អភិវ​ឌ្ឍន៍​​វិស័យ​​អេ​​កូទេសចរណ៍​​​ ពិ​សេស​​ការ​​បង្កាត់​​ពូជ​​សត្វ​​ដំរី​​ស្រុក​​ និង​​​ការ​​មើ​ល​​ថែទាំ​​ចិញ្ចឹម​​ដំរី​​ក្នុង​​បរិបទ​​ធម្ម​ជាតិ។​​ អ្នកស្រីថា នេះ​ដោយ​សារ​​​ទឹក​ចិត្ត​ស្រ​ឡាញ់ ​ចង់​ឃើញ​សត្វ​ដំរី​ស្រុក​មាន​ការ​កើន​ឡើង​បន្ត​បន្ទាប់ ​ទើប​សមាគម​បាន​ខិត​ខំ​ពុះ​ពារ​​​ឧប​សគ្គ​ជា​ច្រើន​មិន​បោះ​បង់​ក្នុង​ពេល​កន្លង​មក​។​

អ្នកស្រីថា៖​​ «ក្រុម​គ្រួសារ​ខ្ញុំ​ និង​ក្រុម​ការ​ងារ​ទាំង​អស់​យើង​ធ្លាប់​បាន​ពិភាក្សា​គ្នា​ យើង​មាន​ចិត្ត​ដូច​គ្នា​គឺ​អាណិត​ស្រឡាញ់​ ចង់​អភិ​រក្ស​សត្វ​ដំរី​ យើង​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ចង់​ឃើញ​ការ​ងារ​ជាតិ​ ការ​ងារ​រួម​ និង​ឃើញ​កូន​ដំរី​កើត​បាន​ច្រើន​ហើយ​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​ស្រ​ឡាញ់​បរិស្ថាន​ អា​ណិត​ដើម​ឈើ​ ការ​ពារ​ថែរក្សារ​ និង​ដាំ​ដើម​ឈើ​ឱ្យ​បាន​ច្រើន​»​។​

អ្នក​ស្រី​បន្ថែម​ថា​ ដំរី​ស្រុក​នៅ​កម្ពុជា​​មាន​តែ​ជាង​ ៧០ ក្បាល​ប៉ុណ្ណោះ​ ដែល​នេះ​ជា​ចំនួន​ដ៏​តិច​តួច ​ហើយប្រសិនបើ​​​មិន​មានការ​​អភិ​រក្ស  ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀ​ត​ កម្ពុជា​អាច​នឹង​លែង​មាន​វត្តមាន​ដំរី​សម្រាប់ក្មេង​ជំនាន់​ក្រោយ។​

អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអៃរាវត្តា ផ្តល់បទសម្ភាសន៍មកកាន់Newsroom Cambodia នៅការិយាល័យធ្វើការផ្ទាល់របស់អ្នកស្រី ថ្ងៃទី០២ សីហា ២០២៣។ (រូបភាព៖ ខុន លាងហេង)

យ៉ាង​ណា​មិញ​ការ​អភិ​រក្ស​សត្វ​ដំរី​គឺ​មាន​ផល​លំ​បាក​ច្រើន​ដោយ​កិច្ច​ការ​នេះ​ត្រូវ​ការ​​អ្នក​ជំនាញ​ក្នុង​ការ​ចិញ្ចឹម​មើល​ថែ​ទាំ​ប្រ​ចាំ​ថ្ងៃ​ និង​ត្រូវ​ការ​មាន​ពេទ្យ​សត្វ​ដែល​អាច​ជួយ​ព្យា​បាល​ពេល​ដំរី​មាន​ជម្ងឺ​ និង​របួស​កើត​ឡើង​ ហើយ​លើស​ពី​​នេះ​គឺការ​រៀប​ចំ​ដែន​ជម្រក​ និង​អាហារ​ ដែល​កិច្ច​ការ​ទាំង​នេះ​ទាម​ទា​អោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ និង​ចំណាយ​ថវិការ​ច្រើន។​

អ្នក​ស្រី​ ខៃ ចិន្តា បន្ថែម​ថា៖ «បើ​ទោះ​មាន​ឧប​សគ្គ​ ឬ​បញ្ហា​លើ​ផ្នែក​ហិរញ្ញ​វត្ថុ​ ការ​ចោទ​ប្រ​កាន់​ថា​ជា​ការ​ធ្វើ​បាប​ចំ​ពោះ​ដំរី​ពី​សំ​ណាក់​អ្នក​នៅ​ជុំវិញ​ខ្លួន ឬ​ផ្ន​ត់​គំនិត​របស់​ប្រជា​ពល​រដ្ឋ​  មិន​ទាន់​យល់​ពី​គោល​បំ​ណង​នៃ​ការ​អភិ​រក្ស​ដំរី​យ៉ាង​ណា ​ក៏​សមា​គម​អៃ​រា​វ​ត្តា​នៅ​តែ​បន្ត​ខិត​ខំ​ការ​ពារ​ និង​បន្ត​កិច្ច​ការ​អភិ​រក្ស​ដំរី​ស្រុក​នេះ​ត​ទៀត​»​។ ​

អ្នក​ស្រី​ក៏​បាន​សំណូម​ពរ​ដល់​ប្រ​ជា​ពល​រដ្ឋ​ទាំង​អស់​ឱ្យ​ចូល​រួម​សហ​ការ​ និង​​​អភិ​រក្ស​សត្វ​ដំរី​ស្រុក​ដែល​មាន​នៅ​សេស​សល់​តិច​តួច​នា​ពេល​បច្ចុ​ប្បន្ន​ ជា​ពិសេស​ សូម​ឱ្យ​មាន​ការ​ជួយ​គាំ​ទ្រ​ដល់​សមាគម​អភិ​រក្ស​សត្វ​ដំរី​អៃ​រាវ​ត្តា​ ព្រោះ​នេះ​ជា​ដំរី​របស់​យើង​ទាំង​អស់​គ្នា​ ជា​ដំរី​របស់​កម្ពុជា​មិន​មែន​ជា​ដំរី​របស់​សមា​គម​អៃរា​វត្តា​តែ​ឯង​នោះ​ទេ​។​

ការ​បរ​បាញ់​ក្នុង​អំឡុង​ពេល​ជាង​ ៣០ ឆ្នាំចុង​ក្រោយ​នេះ​ បាន​សម្លាប់​ដំរី​ព្រៃ​នៅ​កម្ពុជា​អស់​ជា​ច្រើន​ក្បាល​។​ ប៉ុន្តែ​កម្រិត​នៃ​ការ​បរ​បាញ់​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​ ​ដោយ​សារ​តែមាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។​

មាន​ស្រុក​កំណើត​នៅ​ខេត្ត​រតន​គិរី​ បុរសជន​ជាតិ​ព្រៅ ​អាយុ​ ៥៨ឆ្នាំ ​លោក​មិល​ អេន​ គឺ​ជា​ហ្ម​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ចំណោម​ហ្ម​ផ្សេង​ទៀត​ ដែល​កំពុង​បំពេញ​ការងារ​ជា​អ្នក​មើល​ថែ​ដំរី​នៅ​ក្នុង​សមា​គម​អៃ​រាវ​ត្តា​អស់រយៈកាលជាង​៧​ឆ្នាំមក​ហើយ។​ លោក​ថា​ដំរី​នៅ​សមាគម​នេះ​បច្ចុប្បន្ន​មាន​៤ក្បាល​ ដែល​ជា​ប្រ​ភេទ​ដំរី​ស្រុក​ចុង​ក្រោយ​ក្នុង​ខេត្ត​រតន​គិរី​ដែល​កំពុង​ស្ថិត​ក្រោម​ការ​មើល​ថែ​ទាំ។​

លោក មិល អេន កំពុងហុចចេកឲ្យដំរីអុីកែវបណ្តើរ និងផ្តល់បទសម្ភាសន៍មកក្រុមការងារNewroomបណ្តើរ នៅក្នុងសមាគមអៃរាវត្តា កាលពីថ្ងៃទី ០៣ សីហា ២០២៣។ (រូបភាព៖ ខុន លាងហេង)

ខាំ​ សែន​​ ជា​ដំរី​ឈ្មោល​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ គឺមាន​អាយុ​៥៤​ឆ្នាំ​។ វាមាន​សុខ​ភាព​ទ្រុឌ​ទ្រោម​ និង​ភ្នែក​ខាង​ស្ដាំ​កំពុ​ង​មាន​បញ្ហា​ឡើង​បាយ​មើល​អ្វីមិន​ឃើញ​។ ចំណែក​ដំរី​ញី ​អ៊ី ​កែវ​ អាយុ​៤២ឆ្នាំ​ កំពុង​ស្ថិត​ក្នុង​ការ​សាក​ល្បង​បង្ករ​កំណើត​កូន​ទី២​ បន្ទាប់​ពី​បាន​ផ្តល់​កំណើត​កូន​ដំរី​ញី ​ណូអែល​ កាល​ពី​ចុង​ឆ្នាំ ​២០​២១​ កន្លង​ទៅ​។​ រីឯ​បុក​ វ៉ា​ មាន​អាយុ ​៤៥ ឆ្នាំ​ ត្រូវ​បាន​យក​ទៅ​ចង​នៅ​កណ្ដាល​ព្រៃ ​ព្រោះ​វា​កំពុង​តែ​ចុះ​ប្រេង​។​

កំពុង​ពាក់​មួក​ជា​មួយ​អាវ​ដៃ​វែង​ចាស់​ស្ទើរ​តែ​ហើរ​ពណ៌​អស់​   និង​ខោ​ជើង​វែង​​មាន​ស្នាម​ប្រឡាក់​ភក់​សើម​ថ្មីៗ លោក​ មិល​ អេន​ បាន​រៀប​រាប់​ពី​ការ​លំបាក​ពេល​ថែ​ទាំ​ដំរី​ ដោយ​លោក​ត្រូវ​ប្រឈម​នឹង​ សត្វ​ចូល​ត្រចៀកឬខាំ​ ត្រូវ​ភ្លៀង​ទទឹក​ រហែក​ខោ​អាវ​ ប៉ុន្តែ​លោក​ពេញ​ចិត្ត​និង​ធ្វើ​វា​ដោយ​ក្ដីស្រលាញ់​។​​ តែ​ទោះជា​លំបាក​យ៉ាង​ណា ​ភាព​ងាយ​ស្រួល​ក៏​នៅ​តែ​មាន​ក្នុង​កិច្ច​ការ​មើល​ថែ​ទាំ​ដំ​រី​ ដោយ​សារ​តែ​ការ​មើល​ថែ​ទាំ​នេះ​គឺ​ទៅ​តាម​បែប​ធម្ម​ជាតិ​តែ​ប៉ុណ្ណោះ​។​

កំពុង​​ហុច​ចេក​ម្តង​មួយ​ផ្លែ​ឱ្យ​ដំរី​ញី​ចាស់​ដែល​នៅ​ក្បែរ​នោះ​​បណ្តើរ​ លោក​និយាយ​​​ថា៖​ «ភាព​ងាយ​ស្រួល​ចិញ្ចឹម​ថែ​រ​ក្សា​របស់​ដំរី​ គឺ​ឱ្យ​វា​រស់​នៅ​ដោយ​ធម្មជាតិ​ ស៊ី​ស្មៅ ​ស៊ី​ចេក​ អំ​ពៅ ​ជាជាង​ចង​ និង​ដាក់​ក្នុង​ទ្រុង​»។​

មិន​ខុស​ពី​ហ្ម​រខាង​លើ ​លោក ​ប៉ាល់​ កា​ហែម​ អាយុ​ ៣៥​ ឆ្នាំ ​ ជា​ជន​ជាតិ​ដើម​ភាគ​តិច​ព្រៅ ​ដែល​រស់​នៅ​ឃុំ​របាំង១​ ខេត្ត​រតន​គិរី​ និង​ជា​អ្នក​មាន​បទ​ពិសោធន៍​ក្នុង​ការ​មើល​ថែ​ដំរី​តាំង​ពី​ជំនាន់​ឪពុក​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ​ បាន​រៀប​រាប់​ពី​ផល​លំបាក​និង​បច្ចេក​ទេស​ផ្សេងៗ​ក្នុង​ការ​មើល​ថែ​ដំរី​ពេល​ឈឺ ​ និង​ការ​រក​ថ្នាំ​សង្កូវ​សម្រាប់​ព្យា​បាល​តាម​បែប​ធម្ម​ជាតិ​របស់​សត្វ​ដំរី​។

លោក​ថា​៖ «​​នៅ​ពេល​ដែល​ដំរី​ឈឺ​គឺ​ពួក​ខ្ញុំបាន​ប្រលែង​ដំរី​ចូល​ទៅ ​​ក្នុង​ព្រៃ​ដើម្បី​ឱ្យ​ដក​ឬស​ឈើ​នៅ​ក្នុង​ព្រៃ​ស៊ី​ជា​ថ្នាំ​ ហើយ​ប្រសិន​បើ​វា​មាន​របួស​គឺ​ដំ​សំបក​សាក្រំ លាយ​ជា​មួយ​ធ្យូង​ថ្ម​ពិល​ដា​ក់​បិទ​ដើម្បី​កុំ​ឱ្យ​មាន​ដង្កូវ​ក្នុង​ដំបៅ​ ព្រោះ​មិន​មាន​លទ្ធ​ភាព​ទៅ​ទិញ​ថ្នាំ​ទាន់​ពេល​វេលា​»​។​

ោក ប៉ាល់ កាហែម ជាហ្មដំរី កំពុងអង្គុយផ្តល់កិច្ចសម្ភាសន៍ជាមួយNewsroom Cambodia ថ្ងៃទី០៤ សីហា ២០២៣ នៅសមាគមអៃរាវត្តា។ (រូបភាព៖ ខុន លាងហេង)

ក្រៅពីការថែទាំព្យាបាលនៅពេលដំរីមានជម្ងឺ ការបង្កាត់ពូជដំរីក៏ជាកិច្ចការ​មួយ​ដ៏​លំបាក ទាមទារ​ឲ្យមានការយកចិត្តទុកដាក់ជាខ្លាំង និងមិនមានភាពងាយស្រួលប៉ុន្មាននោះទេ។

លោក​បាន​ត្អូញ​ត្អែរ​ថា៖​ «ផល​លំ​បាក​សម្រាប់​ការ​ថែ​ទាំ​ចំពោះ​ដំរី​ឈ្មោល​ គឺ​ត្រូវ​ការ​ហ្ម​ពីរ​នាក់​ ព្រោះ​អារម្មណ៍​ និង​ចិត្ត​របស់​វា​ គឺ​​មិន​​ទៀង​​ទាត់​​ទេ​​តែ​​មួយ​​ប៉ព្រិច​ភ្នែក​វា​ខឹង​ គឺ​យើង​អត់​ដឹង​ទេ​ មូល​ហេតុ​គឺ​វា​ចុះ​ប្រេង​អាច​មួយ​ឆ្នាំ ១ ទៅ​ ២​ ដង​នៅ​ពេល​ដែល​វា​ចុះ​ប្រេង​អ៊ី​ចឹង​ គឺ​វា​លែង​ស្គាល់​ហ្ម​ហើយ​ វា​ងប់​ងុល​ដូច​ជា​ពួក​ជក់​ថ្នាំ​ញៀន​អញ្ចឹង​ វា​លែង​ស្គាល់​អ្វី​ទាំង​អស់​សូម្បី​តែ​រូប​ខ្ញុំ​ផ្ទាល់​ក៏​វា​ដេញ​ដែរ​នៅ​ពេល​ដែល​យក​ចំណី​ទៅឱ្យ​វា​ ប្រៀប​ដូច​ជា​ចុះ​ទៅ​សម​រ​ភូមិ​អញ្ចឹង​»​។

លោកបន្ថែម​ថា នៅ​ពេល​បង្កាត់​ពូជ​ ដំរី​ឈ្មោល​កាច​ព្រោះ​ត្រូវ​កាង​មេ ​​ដូច​នេះ​ប្រសិន​បើ​ដំ​រី​ចង់​ ធ្វើ​បាប​មនុស្ស​គឺ​មិន​មាន​ផ្ដល់​សញ្ញា​អ្វី​ឱ្យ​យើង​ដឹង​ជា​មុន​ឡើយ​។​ សម្រាប់​ដំរី​ញី​មិន​សូវ​ជា​មាន​ផល​លំ​បាក​អ្វី​ទេ​ប្រសិន​បើ​វា​មិន​ស្រួល​ខ្លួន​ គឺ​​មាន​ពេល​ខ្លះ​វា​គ្រាន់​តែ​រត់​ ឬ​មិន​ឱ្យ​ហ្មរ​​ជិះ​​តែ​ប៉ុណ្ណោះ​​។​​

ទោះ​ជាយ៉ាង​ណាក៏​ដោយ​ លោក​ ប៉ាល់​ កាហែម​ ទទួល​បាន​ការ​បង្ហាត់​បង្រៀន​បច្ចេក​ទេស​ក្នុង​ការ​មើល​ថែ​សត្វ​ ​ដំរី​ពី​ខាង​សមាគម​ដែល​​​មាន​គ្រូ​ពី​បរទេស​ និង​បូក​រួម​ជា​មួយ​នឹង​ទំនៀម​ទំលាប់​មើ​ល​ថែ​តាំង​តែ​ពី​បុរាណ​មក​ ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​​​សម្រាប់​លោក​ផ្ទាល់ ក្នុង​ការ​ថែរក្សា​សត្វ​ដំរី​។ ​លើសពីការថែទាំ ការ​បង្កាត់​ពូជ​ក៏​ជា​ផ្នែក​មួយ​សំខាន់​នៅ​ក្នុង​ការ​អភិ​រក្ស​ផង​ដែរ​។

​លោក​​ថា៖ «​ក្រុម​ការ​ងារ​ពួក​ខ្ញុំ​កំពុង​បន្ត​ការ​បង្កាត់​ពូជ​បន្ថែម​ទៀត​ពួកខ្ញុំ​សង្ឃឹម​ថា​ នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ព្រោះ​ពួក​ខ្ញុំ​បាន​បង្កាត់​ដោយ​ផ្ទាល់​ដៃ ​និង​​យក​​ចិត្ត​​ទុក​​ដាក់​បំផុត​​ ហើយ​គ្មាន​វិធី​សាស្រ្ត​អ្វី​ក្រៅ​ពី​ការ​បង្កាត់​ដំរី​តាម​បែប​បុរាណ​ ឬ​ធម្ម​ជាតិ​នោះ​ទេ​។ ​ជាក់​ស្ដែង​ដើម្បី​បង្កើត​កូន​ដំរី​ស្រុក​បាន​មួយ​ក្បាល​គឺ ណូ​អែល​ នេះលោក​បាន​រង​ចាំ ​មេ​ដំរី​ពរ​ពោះ​ប្រើ​រយៈ​ពេល​ ២ ឆ្នាំ​ជាង​ ឬ​ ២ ឆ្នាំ ២ ខែ»​​។​

លោក​ចង់​ឱ្យ​មាន​សក​ម្ម​ភាព​អភិ​រក្ស​បែប​នេះ​កើត​ឡើង​បន្ត​ទៀត​ដើម្បី​ឱ្យ​មាន​កំណើន​សត្វ​ដំរី​ ស្រុក​ច្រើន​ជាង​មុន​ ហើយ​​មិន​​ចង់​​ឱ្យ​​មាន​​ការ​​ប្រលែង​​នៅ​​តាម​​ព្រៃ​​ទេ​​ ព្រោះ​​​ខ្លាច​​មាន​​ការ​​សម្លាប់​​ និង​ធ្វើ​បាប​ពី​មនុស្ស​។​

អ្នក​ស្រី​ ប៊ុន​​​ ណា​ វ័យ​២៧​ឆ្នាំ​ ជា​ជន​ជាតិ​ដើម​ភាគ​តិច​ប្រ​កបរ​បរត្បាញ​ ដែល​​រស់​​នៅ​​ជិត​​សមា​​គម​​អៃ​រាវ​ត្តា​ បាន​បង្ហាញ​ពី​ការ​គាំទ្រ​ទៅ​ដល់​សក​ម្ម​ភាព​អភិ​រក្ស​សត្វ​ដំរី​ ដោយ​​ថា​ វត្ត​មាន​នៃ​សត្វ​នេះ​មាន​ចំនួន​កាន់​តែ​តិច​ទៅ​ៗ​ហើយ​។​

អ្នក​ស្រី​ថា​៖ «ការ​អភិ​រក្ស​ដំរី​ គឺ​សំ​ខាន់​ ដោយ​សារ​សត្វ​ដំរី​យើង​លែង​សូវ​មាន​ហើយ​ អ៊ី​ចឹង​មាន​សមា​គម​ដែល​អភិ​រក្ស​បែប​នេះ​គឺ​វា​ល្អ‍​​។​ សម្រាប់​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​ចង់​ឃើញ​ការ​អភិ​រក្ស​ដំរី​នៅ​តែ​បន្ត​មាន​ ដោយ​សារ​វា​បាន​ទាំង​ការ​ពារ​ដំរី​ និង​សុវត្ថិ​ភាព​របស់​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​ផង​ដែរ​ ដោយ​សារ​ព្រៃ​នៅ​មាន​តិច​ បើ​ដំរី​ត្រូវ​បាន​លែង​នៅ​ក្នុង​ព្រៃ ​ពួក​គេ​អាច​នឹង​ស៊ី​ដំណាំ​របស់​ប្រជា​ពល​រដ្ឋ​»។

អ្នកស្រី ប៊ុន ណា ជាប្រជាពលរដ្ឋរស់នៅជិតសមាគម ផ្តល់បទសម្ភាសន៍មកកាន់Newsroom Cambodia ថ្ងៃទី០៤ សីហា ២០២៣ ។ (រូបភាព៖ ខុន លាងហេង)

ជុំ​វិញ​ការ​អភិ​រក្ស​សត្វ​ដំរី​នៅ​ក្នុង​តំបន់​នៃ​ខេត្ត​​រតនគិរី លោក​ ផុន​ ខេម​រិន្ទ​ ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​នេះ​លើកឡើង​ថា ​ចំនួន​សត្វ​ដំរី​ព្រៃ​មិន​ទាន់​អាច​ធ្វើ​ការ​ស្ទាប​ស្ទង់​បាន​ទេ ​ដោយ​សារ​ចំនួន​ដំរី​ព្រៃ​មាន​ច្រើន​​ទីតាំង​ភូមិ​សាស្ត្រ​ធំៗ​ និង​​កង្វះ​ឧបករណ៍​បច្ចេក​ទេស​សម្រាប់​តាម​ដាន​លើ​ការ​បំលាស់​ទី​របស់​សត្វ​ដំរី​។ លោក​បន្ថែម​ថា​ ​ដំរី​បច្ចុប្បន្ន​មាន​នៅ​ពីរ​តំបន់ ​គឺ​នៅ​ឧទ្យាន​ជាតិ​វីរជ័យ​​ និង​ឧទ្យាន​ជាតិ​អូរ​យ៉ា​ដាវ​​ ដែល​នៅ​ឧទ្យាន​ជាតិ​អូយ៉ា​ដាវ​មាន​ដំរី​ព្រៃ​ប្រហែល​ ៤ ទៅ ៥ ហ្វូង​ ដែល​​អាច​ប៉ាន់​ប្រមាណ​បាន​ថា​មាន​ប្រហែល​ ៣០ ទៅ ៤០ ក្បាល​។​​​

ប្រធាន​មន្ទី​បរិស្ថាន​រូប​នេះ​បាន​បន្ថែម​ថា មិនមែនតែសត្វដំរីទេដែលត្រូវអភិរក្ស គឺ​គ្រប់​សត្វ​ទាំង​អស់​ដែល​នៅ​ក្នុង​ព្រៃសុទ្ធតែត្រូវបានការពារ និង​អភិរ​ក្ស​។​ ហើយ​មន្ទី​បរិស្ថាន​​ក៏​បា​ន​​​ព្យាយាម​អប់រំ​ប្រជា​ពល​រដ្ឋ​មិន​ឱ្យ​បរ​បាញ់​ ឬ​ដាក់​អន្ទាក់​សត្វ​ព្រៃ​យក​មក​ធ្វើ​អា​ជីវ​កម្ម​នៅ​ក្នុង​រូប​ភាព​ផ្សេង​ៗ​។​

លោក​បន្ថែម​ថា កត្តា​ធម្មជាតិ​របស់​សត្វ​ ពួក​គេ​អាច​រស់​នៅ​ក្នុង​ព្រៃ​ដោយ​សុខ​សាន្ត​បើ​គ្មាន​ការ​យាយី ដូចនេះអ្វី​ដែល​​​​ចាំ​បាច់​​ត្រូ​វ​​ធ្វើ​​ គឺ​អប់រំ​ប្រជាពល​រដ្ឋ​ និង​ដាក់​វិធាន​ការ​តឹង​រឹង​ក្នុង​ការ​ទប់​ស្កាត់​ បង្ក្រា​ប​មិន​ឱ្យ​​​​មាន​​ករណី​​លួច​​ដាក់​​អន្ទាក់​​ជាដើម​។​​​

លោក​អះ​អាង​ថា៖​ ​«ដំរី​គឺ​វារស់​តាម​បែប​ធម្មជាតិ​នៅក្នុង​ព្រៃ​នៅ​ក្នុង​តំបន់​ការពារ​ធម្ម​ជាតិ​ អ៊ីចឹង​យើង​អត់​ទាន់​មាន​ការ​មើល​ថែ​ទាំ​ទេ​។​ ប៉ុន្តែ​គោល​ការណ៍​របស់​យើង​គឺ​ អភិរក្ស​ ការ​ពារ​មិន​ឱ្យ​មាន​ការ​លប​បាញ់ ​ឬដាក់​អន្ទាក់​ដើម្បី​ទៅ​ធ្វើ​ជា​អាជីវកម្ម​ណា​មួយឡើយ»។​​

ក្រ​សួង​បរិស្ថាន​ធ្លាប់​មាន​យន្តការ​ក្នុង​ការ​ជួយ​ទ្រ​ទ្រង់​ទៅ​លើ​មូល​និធិរ​បស់​ស​មាគម​ ហើយ​មន្ទី​រ​ជួយ​បន្ថែម​ក្នុង​ករណី​ដែល​សមាគ​​ម​មាន​តម្រូវ​ការ​ជា​មួយ​ខាង​មន្ទីរ​ ដូចជា​​ជួយ​​ក្នុង​​ការ​​ណែ​នាំ​ប្រ​ជា​ពល​រដ្ឋ​ និង​រា​រាំង​មិន​ឱ្យ​មាន​ការ​យាយី​នៅ​ក្នុង​ព្រៃ​ធម្ម​ជាតិ​ជាដើម។​

នា​អតីត​កាល ដំរី​​​បាន​ដើរ​តួយ៉ាង​សំខាន់​ជា​ទីបំ​ផុត​នៅ​ក្នុង​ការ​ជួយ​ធ្វើ​សឹក​ទប់​ទល់​នឹង​សត្រូវ​ឈ្លាន​ពាន​ ​និងជាសត្វ​សំខាន់​នៅក្នុង​វិស័យ​ស្ថាបត្យកម្ម​ រួម​មាន​ការ​សាង​សង់​ប្រាសាទ​បុរាណ​ល្អ​ឯក​ជា​ច្រើន​ ដែល​បច្ចុ​ប្បន្ន​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សកល​៕​​