គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ ទៀត​បាន​​សម្រេច​ឯកភាព​​​ចុះ​ហត្ថលេខា​ចងសម្ព័ន្ធភាពជាមួយគ្នា និងបានព្រមព្រៀងគ្នាលើចំណុចចំនួន៨ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​ថែ​រក្សាសន្តិភាពនៅកម្ពុជា។

បើ​តាម​កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងចងសម្ព័ន្ធភាពរវាងបណ្តា​គណបក្សនយោបាយ​ទាំង​២៨​នៅកម្ពុជា​ ចេញ​នៅ​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ​ដែល​ Newsroom Cambodia ទទួល​បាន​បង្ហាញ​ថា​​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ជាប្រធាន​គណបក្ស និង​ជា​អតីត​នាយក​រដ្ឋមន្រ្តី​​កម្ពុជា ​ព្រមទាំង​គណបក្ស​​នយោបាយ​ចំនួន​២៧​ផ្សេងទៀត ​បាន​សម្រេច​ចង​សម្ព័ន្ធភាព​ជាមួយគ្នា​ក្នុង​ន័យ​ជំរុញ​ការអនុវត្ត​នយោបាយ​បង្រួបបង្រួម​ជាតិ ស្ថិរភាពនយោបាយ សំដៅធានាភាពសុខសាន្ត និង​ការអភិវឌ្ឍប្រទេសយូរអង្វែង។​

គណបក្សទាំង​​២៨ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្ស​ខ្មែររួបរួមជាតិ ពន្លឺថ្មី សញ្ជាតិកម្ពុជា ខ្មែរក្រោក សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ រស្មីខេមរា ខ្មែរសាធារណរដ្ឋ ខ្មែរអភិវឌ្ឍសេដ្ឋកិច្ច យុវជនកម្ពុជា ធម្មាធិបតេយ្យ ជនជាតិដើម្បីប្រជាធិបតេយ្យកម្ពុជា ខ្មែរតែមួយ ឯកភាពជាតិខ្មែរ កម្លាំងប្រជាធិចតេយ្យ កសិករ ស្រ្តីដើម្បីស្រ្តី បំណងប្រជាពលរដ្ឋ​ ខ្មែរអភិរក្ស មហាសាមគ្គីជាតិខ្មែរ នគរប្រជាធិបតេយ្យ អំណាច​ប្រជាពលរដ្ឋ ខ្មែរអង្គរ សេរីឯករាជ្យប្រជាធិបតេយ្យ ម៉ូលីណាកា ចលនាប្រជាធិបតេយ្យ អភិវឌ្ឍន៍​កម្ពុជា និងគណបក្សមហានគរ។

ក្នុងកិច្ចព្រមព្រៀងដដែលបានបន្ថែម​ថា​៖ «ការសម្រចចងសម្ព័ន្ធភាពជាមួយគ្នានេះផ្តោតលើ​៨ចំណុច រួមមាន ពង្រឹង​កិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ប្តេជ្ញាគោរពការពាររដ្ឋធម្មនុញ្ញ លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ រួមគ្នាកំចាត់នូវនយោបាយជ្រុលនិយម គោរព​អនុវត្ត​ដោយ​ភាព​ស្មោះត្រង់ និងយកប្រយោជន៍ជាតិជាធំជាដើម»។

បើតាម​ចំណុចទី៨​ នៃកិច្ចព្រមព្រៀង​ដដែល​បញ្ជាក់​ថា៖ «បើកចិត្តទូលាយ​សម្រាប់​គណបក្ស​នយោបាយ​ស្របច្បាប់​ផ្សេង​ទៀត​ដែលគាំទ្រ និងមានបំណងចង់ចូលរួមកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព​រវាង​បណ្តា​គណបក្ស​នយោបាយ​នៅ​កម្ពុជា​តាមស្មារតីនៃកិច្ចព្រមព្រៀង»

កញ្ញាលី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា  ផ្អែកលើ​គោលការណ៍ពហុបក្ស គឺ​ត្រូវ​​មាន​គណបក្ស​ច្រើន​ចូលរួម​ប្រកួត​ប្រជែង​គ្នា ដូច្នេះការ​ចង​សម្ព័ន្ធភាព​នេះ​ធ្វើ​ឱ្យ​បាត់បង់សម្ព័ន្ធភាពក្នុងការប្រកួតប្រជែង។

កញ្ញាបន្តទៀតថា៖ «ខ្ញុំមើលឃើញថាការធ្វើបែប​នេះវា​កាន់តែធ្វើឱ្យ​គណបក្ស​កាន់​អំណាច​មាន​ឥទ្ធិពល​ខ្លាំង​ឡើងៗ​ទៅ​លើ​គណបក្ស​ទាំង​២៧ទៀត ក្នុងការដឹកនាំពួកគាត់ អ៊ីចឹងវាហាក់ដូចជាទៅតែមួយដូច​គណបក្ស​ទាំង​២៧​ទៅ​ជាមួយ​គណបក្ស​កាន់អំណាច ​តែ​មិនមានតួនាទីនៅក្នុងការសម្រេចចិត្តជាផ្លូវការទេ ចឹង​ចំណុច​នេះ​វា​ប៉ះពាល់​គោល​នយោបាយ​ពហុបក្ស​នៅ​កម្ពុជា»។

ខណៈដែល​​គណបក្ស​នយោបាយ​ចំនួន​២៨​ប្រកាស​ចង​សម្ព័ន្ធភាព​ហ្នឹងគ្នា គណបក្ស​នយោបាយ​ចំនួន​៤​ផ្សេងទៀត ដូចជា​គណបក្ស​ភ្លើងទៀន គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន គណបក្ស​ឆន្ទៈខ្មែរ និង​គណបក្ស​កែទម្រង់​កម្ពុជា​បាន​និង​កំពុង​​​គ្រោង​រួមគ្នា​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដើម្បី​ប្រកួត​ប្រជែង​នឹង​គណបក្ស​កាន់អំណាច៕​