សាកលវិទ្យាល័យជាទីកន្លែងដែលនិស្សិតអាចជ្រើសរើសបន្តការសិក្សាទៅលើមុខវិជ្ជាផ្សេងៗបន្ទាប់ពីបញ្ចប់​វិទ្យាល័យ។ និស្សិតខ្លះជ្រើសរើសយកមុខជំនាញតែមួយគត់​សម្រាប់​មុខ​ជំនាញ​​សិក្សា ចំណែក​និស្សិតខ្លះទៀតជ្រើសយកការសិក្សាពីរមុខជំនាញក្នុង​ពេល​តែមួយ​។​

Newsroom Cambodia បានសម្ភាសន៍អតីតនិស្សិត និងនិស្សិតចំនួន៩​ នាក់​តាម​សាកល​វិទ្យាល័យ​ផ្សេងៗ​គ្នា ​​អំពី​​ការយល់ឃើញ​របស់ពួក​គេ​​ទាក់ទង​នឹង​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ពីរ​ក្នុង​ពេលតែមួយ ៖​

រូបភាព៖ លោក ហ៊ី សុខថានិត

លោក ហ៊ី សុខថានិត អាយុ១៩​ឆ្នាំ ជានិស្សិតឆ្នាំទី១​នៃ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​បាន​លើកឡើង​ថា ការសិក្សា​ពីរសាកល​វិទ្យាល័យ​ក្នុងពេល​តែមួយ​គឺ​​ប្រឈម​ទាំង​​ផល​វិជ្ជមាន និង​ផលអវិជ្ជមានស្របគ្នា។​

លោកបាននិយាយថា៖ «អ្នកដែលរៀន​ពីរ​សាកល​វិទ្យាល័យ ហើយ​បន្ត​រៀន​ដល់​តែ​ចប់​បាន​សញ្ញាប័ត្រ​ប្រាកដ​ណាស់​ពួកគេ​នឹង​ទទួល​បាន​នូវ​ឱកាស​ការងារ​ក៏​ដូចជា​បើក​ឱកាស​ឲ្យ​ខ្លួន​ឯង​បាន​ច្រើន​ដោយសារ​តែចេះ​​ជំនាញច្រើនជាជាងអ្នកដែលរៀនមួយសាកលវិទ្យាល័យ»។​

លោកបន្តថា៖ «​ទោះបីជា​លទ្ធផល​អ្នក​រៀន​ពីរ​សាកលវិទ្យាល័យ​គឺ​រក​ការងារ​បាន​លឿន​មែន​ពិត តែ​ពួកគេ​ប្រឈមមុខនឹងបញ្ហាពេលវេលា និងសមត្ថភាពផ្ទាល់ខ្លួន ដែល​អ្នក​ខ្លះ​មិន​អាច​ផ្តោត​ទៅ​លើ​ទាំង​ពីរ​ជំនាញក្នុងពេលតែមួយនោះទេ គឺផ្តោតមួយជំនាញ ប្រលែង​មួយ​ជំនាញ»។​

រូបភាព៖ កញ្ញា នៅ នាថខេមា

កញ្ញា នៅ នាថខេមា អាយុ ២១​ឆ្នាំ ជានិស្សិតឆ្នាំទី​៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បាន​លើក​ឡើង​ថា ការរៀន​ពីរ​សាកលវិទ្យាល័យ​ក្នុង​ពេល​តែ​មួយ​គឺ​អាច​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ក្នុង​ពេល​កំពុង​សិក្សា។

កញ្ញាបាននិយាយថា៖ «ការរៀន​ពីរ​សាកល​វិទ្យាល័យ​ក្នុង​ពេល​តែមួយ​គឺអាច​ប្រឈម​នឹង​បញ្ហាមួយ​គឺ​មិន​អាច​គ្រប់គ្រង​ពេល​វេលា​ថែទាំ​សុខភាព​បានល្អ ព្រោះសុខភាពជាកត្តាចម្បង បើយើង​មិនមាន​សុខភាព​ល្អ​ នោះ​ការសិក្សា​​រៀនសូត្រ​យើងក៏មានការរអាក់រអួល​ផងដែរ»។​

កញ្ញាបានបន្តទៀតថា​៖ «ការរៀនតែមួយសាកលវិទ្យាល័យនោះ​គឺ​អាច​ធ្វើឲ្យ​យើង​អាច​ផ្តោត​ទៅ​លើ​ជំនាញ​ដែល​យើង​​រៀន​ច្បាស់ ហើយ​ក៏​មិនមាន​បញ្ហា​អ្វីដែរ​ចំពោះ​ការរក​កាងារ​ប្រសិន​បើ​​យើង​​ខិ​តខំ​រៀនសូត្រ»។​

កញ្ញាក៏បានបញ្ជាក់ពីចំណុចអ្នកដែលរៀនពីរសាកលវិទ្យាល័យដែរថា ប្រសិន​បើពួកគេ​អាច​គ្រប់គ្រង​ពេល​វេលា​បាន​​ល្អ​ នោះ​​ពួកគេ​នឹង​​អាច​​បង្កើន​ចំណេះដឹង​ច្រើន​ជាង​អ្នក​រៀន​មួយ​សាកល​វិទ្យាល័យ​។

រូបភាព៖ កញ្ញា ញិល ហេងថារ័ត្ន

កញ្ញា ញិល ហេងថារ័ត្ន ជា​​និស្សិត​កំពុង​រៀន​ពីរសាកលវិទ្យាល័យ​ គឺ​​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិ​រ​ញ្ញវត្ថុ​។​ កញ្ញា​បាន​និយាយ​ថា ការរៀនពីរសាកល​វិទ្យាល័យ​ក្នុងពេលតែមួយ អាស្រ័យលើសមត្ថភាពរបស់​និស្សិត​ខ្លួនឯង។​​

កញ្ញាបាននិយាយថា៖ «បើយើងនិយាយថាវាពិបាក វាពិបាកហើយ ប៉ុន្តែ​សំខាន់​យើង​ធ្វើ​បាន​អត់ For me [សម្រាប់ខ្ញុំ] ខ្ញុំអាចធ្វើបាន វាពិបាកនៅពេល assignment [កិច្ចការ​សាលា​] បុក​មក​ទាំង​ពីរ»។

រូបភាព៖ កញ្ញា ជូ គឹមអេង

ចំណែក​កញ្ញា ជូ គឹមអេង ​និស្សិតរៀន​​​នៅសាកលវិទ្យាល័យជាតិគ្រប់​គ្រង ជំនាញ​សេដ្ឋកិច្ច​ឌីជីថល និង​នៅវិទ្យាស្ថានភាសាបរទេស IFL ជំនាញភាសាអង់គ្លេស​និយាយថា ការរៀន​ពីរ​សាកលវិទ្យាល័យ​មិនមានការលំបាកនោះទេ ប្រសិន​បើ​មាន​ការគ្រប់គ្រងពេ​លវេលាបានល្អ។

កញ្ញា​លើកឡើង​ថា៖ «អាចមកពីជំនាញរបស់ខ្ញុំដែរ ខ្ញុំរៀនជំនាញ​សេដ្ឋកិច្ច​ឌីជីថល​ដែល​ភាគច្រើន​ផ្ដោត​លើការសិក្សាស៊ីជម្រៅ តែបែររៀននៅ IFL ជា​ភាសា​អង់គ្លេស​មិន​សូវ​ស៊ី​ជម្រៅ​ណាស់​ណា​ទេ។​ ហើយមួយវិញទៀត ការរៀនពីរមុខវិជ្ជានេះមិនមានការជាន់ឆ្នាំ​គ្នានោះទេ មួយ​រៀន​នៅ​ឆ្នាំទី៣ មួយទៀតនៅឆ្នាំទី១»​។

កញ្ញា​បន្ថែម​​ថា៖ «ដូចខ្ញុំអ៊ី​ចឹង ខ្ញុំរៀនមួយជាជំនាញ មួយទៀតជាភាសា ដើម្បីពង្រឹងភាសាខ្ញុំ ក៏​ដូចជា​ជំនាញ​ដែលខ្ញុំរៀនបច្ចុប្បន្ន តែបើដឹងថា​ជំនាញហ្នឹងពិបាក យើង​ត្រូវ​ផ្ដោត​ទៅ​ជំនាញ​ហ្នឹង​តែ​មួយ​ទៅ ព្រោះវាអាចនាំឱ្យយើងបែក យើងអត់អាចចាប់បានទាំងពីរទេ ក៏ប៉ុន្ដែ បើ​មួយ​ស្រាល​មួយ​ធ្ងន់ វាអត់សូវអីទេ ព្រោះយើងមានស្មារតីបែងចែកវាបាន»។

រូបភាព៖ គិត ចន្ទធីតា

កញ្ញា គិត ចន្ទធីតា ជានិស្សិតរៀន​​​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង​​​បាន​លើកឡើង​ពី​ទស្សនៈ​របស់​កញ្ញាលើការរៀនពីរ​សាកលវិទ្យាល័យក្នុងពេលតែមួយថា៖ «វា​អាច​ត្រូវ​ការ​ពេល​ច្រើន ដោយសារតែយើងត្រូវបែងចែកពីរសាកល ចឹងខ្ញុំគិតថារៀនច្បាប់ រៀន​តែ​មួយ​សាកល​ទេ ព្រោះបើខ្ញុំរៀនពីរសាកល ខ្ញុំអាចនឹងអត់មានពេលមកខាងច្បាប់ច្រើន ខ្ញុំ​អាច​នឹង​បែង​ចែក​អត់​កើតសម្រាប់ខ្ញុំ»។​

រូបភាព ៖ លោក​ គង់ វិរៈរតនៈសម្បត្តិ

លោក​ គង់ វិរៈរតនៈសម្បត្តិ អាយុ ២១ ឆ្នាំ ជា​​និស្សិត​​ឆ្នាំទី៤​​​​ ​​​នៅ​​​សាកល​វិទ្យាល័យ​​ភូមិ​នីតិសាស្ត្រ​ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច​ ​ជំនាញ​នីតិសាស្ត្រ​ ​លើក​ឡើង​​ថា​ ​​ការរៀន២ សាកល​ក្នុង​ពេល​តែមួយ គឺមានការលំបាក ដោយសារ​ត្រូវផ្ដោតទៅលើមុខវិជ្ជានីមួយៗ ហើយមិនស្រូវ​មានពេលយកចិត្តទុកដាក់លើមុខវិជ្ជាណាមួយ។

លោក​បញ្ជាក់​​​ថា​៖ «​ចំពោះបងប្អូនដែលចង់រៀន ២សាកល​ក្នុង​ពេ​ល​តែ​មួយ ខ្ញុំ​ចង់​ឱ្យ​ពួក​គាត់​ ត្រូវ​បែង​ចែក​ពេល​វេលា​ឱ្យ​បាន​ច្បាស់​លាស់​ ហើយ​ស្ទង់ពីស្ថានភាព និង​សមត្ថភាព​របស់​ខ្លួន​ថា​​ទ្រទ្រង់​​នឹង​​ការ​លំបាក ដូច​ជា​ការងារ​មួយគុណពីរ ត្រូវ​ផ្តោត​លើ​មុខ​វិជ្ជា​ផ្សេងៗ​គ្នា តើ​អាច​ទ្រទ្រង់​​ស្ថានភាព​លំបាក​បែប​ហ្នឹង​បាន​ ​ឬ​អត់?​ ប្រសិន​មាន​​សមត្ថភាព​ និង​លទ្ធភាព​ក្នុង​ការរៀន​ពីរ​សាកល គឺគាំទ្រ​ឱ្យ​ធ្វើ​ ទី១​ ចំណេញ​ពេលវេលា​ និង​មិន​ខាត​ពេល​ប្រកប​វិជ្ជាជីវៈ​»​។​

រូបភាព​៖ លោក​ ឈុន ហុង

​លោក​ ឈុន ហុង អាយុ ២៨ឆ្នាំ ជា​​និស្សិត​​សិក្សា​នៅ​សាកល​វិទ្យាល័យ​ន័រតុន​ ​ជំនាញ​ស្ថាបត្យកម្ម​ ឆ្នាំ​ទី៣​ និង​សាកល​វិទ្យាល័យ​​ភូមិ​នីតិសាស្ត្រ​ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច​ ​ជំនាញ​នីតិសាស្ត្រ​ ឆ្នាំទី៤​​​​ បាន​លើក​ឡើង​​ថា​ ​​ការ​សិក្សា​ជំនាញ​ខុស​គ្នា​ ​គឺ​មាន​ភាព​លំបាក​ ​​តែអាស្រ័យ​លើ​ខ្លួន​ឯង​​ក្នុង​ការ​បែង​ចែក​ជំនាញ​រៀន​ ​ដោយ​សារ​ការងារ​សាលា​ច្រើន​។

លោក​បញ្ជាក់​​​ថា​៖ «​ការ​រៀន​ពីរ​មុខ​ជំនាញ មាន​ផល​វិជ្ជមាន ​​និង​ផល​អវិជ្ជមាន​។ ​ផល​អវិជ្ជមាន ​គឺ​ពេល​វេលា​មមាញឹក​ ​បូក​ផ្សំ​ជា​មួយ​កិច្ចការ​សាលា​ ​ហើយ​ភាព​​នឿយ​ហត់​ក្នុង​ការ​សិក្សា​។​ បើ​យើង​បែង​ចែក​ឱ្យ​ដាច់​ ​និង​ច្បាស់​លាស់​ នោះ​នឹង​មាន​ភាព​ល្អ​ប្រសើរ​។ ​ហើយ​ភាព​វិជ្ជមាន​ គឺ​ទទួល​បាន​ចំណេះ​ទូលំ​ទូលា​នៅ​ក្នុង​សង្គម​ ​ហើយ​ស្តែង​ឱ្យ​ឃើញ​ជំនាញ​ស្ថាបត្យក​ម្ម ​និងច្បាប់​មាន​ភាព​ប្រទាក់​ក្រឡាគ្នា​។ ​ហើយការ​រៀន​ ​២​​​ មុខវិជ្ជា​ គឺជាមុខវិជ្ជាដែលស្រលាញ់»​

លោក​​បន្ថែម​​ថា​៖ ​​«​ចំពោះ​ប្អូនៗ​ ​ដែល​​មាន​​បំណង​រៀន​ពីរ​មុខ​ជំនាញ​ សូម​ប្អូន​ជ្រើស​រើស​មុខ​វិជ្ជា​ដែល​ខ្លួន​ស្រលាញ់​ និង​ ​សូម​ពិនិត្យ​ទៅ​លើ​បរិបទ​សង្គម​។ ​​សង្គម​តម្រូវ​ការ​អ្វី​ខ្លះ​ ដោយសារ​ជា​ឱកាស​ការងារ​​។ ប្រសិន​យើង​រៀន​មាន​សមត្ថភាព​ពិត​ប្រាកដ​ ​​យើង​នឹង​ទទួល​បាន​ការងារ​ គ្រាន់​តែ​ថា​ឱកាស​ការងារ​បូក​ជា​មួយ​ក្តី​ស្រលាញ់​របស់​យើង​ ​គឺ​កាន់​តែ​ជម្រុញ​យើង​ឱ្យ​មាន​ភាព​ល្អ​ប្ររសើរ​។ ​ហើយ​សុំ​ឱពុកម្តាយ​ និស្សិត​ខ្លួន​ ​គួ​រ​កុំ​​ជ្រើស​រើស​មុខ​វិជ្ជា​រៀន​តាមមិត្ត​ ​ឬ​ឱពុក​ម្តាយ​ ​ព្រោះ​បើ​ជ្រើស​រើស​រៀន​តាម​ឱពុក​ម្តាយ​ ឬ​មិត្ត​ ​យើង​គ្មាន​ភាព​ជា​ខ្លួន​ឯង​ ​ហើយ​មាន​ភាគ​រយ​ច្រើន​ដែល​ធ្វើ​ឱ្យ​យើង​មិន​អាច​បន្ត​សិក្សា​បាន​ ប៉ុន្តែ​បើ​រៀន​ក៏​អាច​រៀន​ទៅ​មុខ​ដែ​រ»

កញ្ញា នាក់ សុជាខេមា

កញ្ញា នាក់ សុជាខេមា​​ ជានិស្សិតមកពីខេត្តតាកែវ សព្វថ្ងៃ​សិក្សា​អក្សរសាស្រ្តខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​លើកទ្បើងថា ការរៀនពីរ​សាកល​វិទ្យាល័យ​អាច​នឹង​ពិបាក ប៉ុន្តែ​អាច​បង្កើន​ចំណេះដឹ​ង​ដល់និស្សិតបានច្រើន។

កញ្ញាបានបន្ថែមថា៖ «ការសិក្សាសាកលវិទ្យាល័យ​មួយ​អាច​នឹង​ចំណាយ​ពេល​ច្រើន​លើ​ការរៀន​សូត្រ​ផង​ និង​ការធ្វើការ​ផង។ ចំណែក​អ្នករៀន​ពីរ​សាកល​វិទ្យាល័យ​អាច​នឹង​ផ្ដោត​លើកា​រ​សិក្សា​ច្រើន​ជាង​ការចំណាយ​ពេល​វេលាច្រើន​ជាង និង​គិត​ច្រើន​ ព្រោះមេ​រៀន​ក៏​ច្រើន​ដែរ»។

កញ្ញា ខាន់ ឧស្សា

កញ្ញា ខាន់ ឧស្សា អាយុ ២០ឆ្នាំ និស្សិត​ឆ្នាំទី ៣ នៃ​ដេប៉ាតឺម៉ង់​សិក្សា​អន្តរជាតិ​នៃ​វិទ្យាស្ថាន​សិក្សា​បរទេស​បាន​និយាយ​ថា ការរៀន​អាចនឹង​ធ្លាក់​ចុះ បើ​គ្មាន​ការគ្រប់គ្រង​ពេល​វេលា​ឲ្យ​បាន​ល្អ ប៉ុន្តែ​ការរៀន​ពីរ​សាកល​វិទ្យាល័យ​អាច​ជួយ​និស្សិត​ឲ្យ​មាន​បទ​ពិសោធន៍​គ្រប់គ្រាន់​ពី​ការសិក្សា និងអនុវត្ត។

កញ្ញាបានបន្តទៀតថា៖ «បើគាត់​រៀន​ពីរ​ជំនាញ​ក្នុង​ពេល​តែមួយ​ ផល​ល្អ​គឺ​គាត់​ទទួល​បាន​បរិញ្ញាបត្រ​ពីរ អ៊ីចឹង​​គា​ត់​​អាច​ទៅ​ធ្វើការ​អ្វី​ក៏​បាន​តាម​ជំនាញ​ដែល​គាត់​រៀន»៕