អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​​តុលាការ​​ ទើប​ត្រូវ​បាន​បង្កើតឡើងក្នុង​គោល​បំណងជួយ​ដោះស្រាយ​វិវាទ​ពលរដ្ឋ​នៅ​មូលដ្ឋានឱ្យកាន់តែល្អប្រសើរ ​ខណៈ​ដែល​ពលរដ្ឋ​មួយចំនួន​ចង់​ឱ្យ​មាន​​ការ​ផ្សព្វផ្សាយ​អំពី​​​អាជ្ញាធរ​នេះ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​យល់​។​

​​ក្នុង​​​​ព្រះរាជក្រឹត្យ​​ស្តីពីការ​បង្កើត​អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចេញ​នៅ​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ​បញ្ជាក់​ថា អាជ្ញាធរជាតិ​នេះ​មាន​គោល​បំណង​ជួយ​កាត់​បន្ថយ​ការកក​ស្ទះសំ​​ណុំ​រឿង​នៅ​តាម​សាលា​ជម្រះ​ក្តី បង្ខិត​ការដោះស្រាយ​វិវាទ​ឱ្យកាន់តែកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន ធានានូវភាពសុខដុមរមនា និង​យុត្តិធម៌សង្គម។

​​​​ព្រះរាជក្រឹត្យដដែល​​បន្ថែម​ថា វិវាទរបស់ពលរដ្ឋ​ដែលអាចត្រូវបានយក​ទៅ​ដោះស្រាយ​​​ដោយ​អាជ្ញាធរជាតិ​ដោះស្រាយ​វិវាទ​ក្រៅប្រព័ន្ធតុលាការ មាន​ដូចជា វិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈ​ការសម្រុះសម្រួលផ្សះផ្សា​ដោយផ្អែកតាមកិច្ចព្រមព្រៀងរបស់ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬ​ដែល​​ភាគីវិវាទយល់ព្រមទទួលយកយន្តការសម្រុះ​សម្រួលផ្សះផ្សានេះ លើកលែងតែវិវាទដែលមិនអាចជាកម្មវត្ថុនៃការ​សម្រុះសម្រួល​ផ្សះផ្សា​តាម​កំណត់​របស់​ច្បាប់។

ពលរដ្ឋម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ​ ឡុង ណារិន អាយុ​២៨ឆ្នាំ លើក​ឡើងថា លោក​ចង់​ឱ្យ​​​រដ្ឋាភិបាល​​រៀបប​ចំ​​​សន្និសីទ​​សារព័ត៌មាន​បកស្រាយ ពន្យល់​អំពី​ព្រះរាជក្រឹត្យ​ស្តីពី​ការ​បង្កើត​អាជ្ញាធរ​​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការនេះ ដើម្បី​បង្ហាញអំពីតម្លាភាព សុចរិតភាព​​នៃ​​ការ​​បង្កើត។

លោក ឡុង ណារិន សំណូមពរដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធការដោះស្រាយវិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ពិនិត្យ​នូវ​ចំណុចមួយចំនួនដូចជា កម្រិត​នៃ​ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ចំពោះ​ជំនឿ​​ទុក​ចិត្ត​របស់​ពលរដ្ឋ​​ ការ​ពង្រឹង​សមត្ថភាព​​មន្ត្រី​អនុវត្ត​ និង​អាជ្ញាធរ​មាន​មូលដ្ឋាន​​​ក្នុង​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាកា ការ​​កំណត់អំពី​​​រឿង​ដែល​​ពលរដ្ឋ​អាច​លើក​យកមកដោះស្រាយ ហើយ​អាច​ប្តឹង​ទៅតុលាការបាន ឬមិនបាន ស្ថាប័នសាមីសិក្សា​ឱ្យ​បាន​ស៊ីជម្រៅ កុំ​ឱ្យ​មាន​​ភាពខ្ទាស់​រវាង​ការ​ដោះស្រាយ​​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និងប្រព័ន្ធតុលាការជាដើម​។​

ចំណែកពលរដ្ឋ​ម្នាក់​ទៀត លោក កែវ សុវណ្ណរតនា អាយុ៣៥ លើកឡើង​ដែរ​ថា ការ​បង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​គឺជារឿង​​ល្អ ប៉ុន្តែលោកមិន​​រំពឹង​ថា​អាច​នឹង​​មាន​ប្រសិទ្ធភាពនោះ​ទេ​​។​

លោកបន្ថែមថា៖ «រដ្ឋាភិបាលធ្លាប់ដាក់គោលនយោបាយផ្ទះយុត្តិធម៌ នៅ​តាម​បណ្តា​ឃុំ​នីមួយៗ នេះក៏ជាយន្តការដោះស្រាយវិវាទក្រៅផ្លូវតុលាការដែរ តែដាក់ឱ្យអនុវត្តអត់ជោគជ័យ។ មូលហេតុ​ដោយ​សារ ភាគី​អត់​ព្រមព្រៀង ភាគីអត់មានចំណេះដឹងផ្នែកច្បាប់ ពាក់ព័ន្ធផលប្រយោជន៍ បក្សពួក និន្នាការនយោបាយ អ្នក​សម្រុះសម្រួលមានភាពមិនប្រកតី មិនតម្លាភាព និងមិនគណនេយ្យភាព»។

លោក កែវ សុវណ្ណរតនា លើកឡើងថា ជាការចាំបាច់ណាស់ ដែលក្រសួងយុត្តិធម៌ ក៏​ដូច​ជា​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​គ្រប់​រូបភាព​​អំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទាក់ទងនីតិវិធីដែលត្រូវប្តឹង នីតិវិធី​សម្រុះសម្រួល អ្នកមានតួនាទីសម្រុះសម្រួល ហើយមានសិទ្ធិ និងដែនសមត្ថកិច្ចយ៉ាងណា។

លោកបន្តថា៖ «ការផ្សព្វផ្សាយ មិនមែនត្រឹមតែផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកទេ ព្រោះ​ពលរដ្ឋ​ខ្លះ​អត់​ដឹង​ទេ។ អ៊ឺចឹងត្រូវផ្សព្វផ្សាយនៅឃុំ សង្កាត់ បិទសេចក្តីជូនដំណឹងនៅឃុំ សង្កាត់ ធ្វើការបំពងសំឡេងដូច ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឃោសនាបោះឆ្នោត និងដូចបម្រាមសុខាភិបាលស្តីពីជំងឺកូវីដ ដែលនាំឱ្យមានប្រសិទ្ធភាព។

បើតាម​​ការ​ផ្សព្វផ្សាយតាមរយៈទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត លើកឡើង​​ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយ​អាជ្ញាធរជាតិ​ដោះស្រាយវិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ជា​ជម្រើសបន្ថែម​​ជូន​ពលរដ្ឋ ហើយ​រដ្ឋាភិបាលធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ប្រថាប់​​ត្រា​បន្ថែម​នៃ​ការ​ដោះស្រាយ​នេះ​ឱ្យ​មាន​ទម្ងន់​ផ្លូវ​ច្បាប់ ចៀសវាង​​ភាគី​អត់គោរពតាមការព្រមព្រៀង។

លោកនាយករដ្ឋមន្ត្រីបាន​ជំរុញឱ្យពិនិត្យនូវយន្តការដោះស្រាយវិវាទនៅកម្ពុជាដែលមានពីមុននឹងយន្តការថ្មីនេះថា៖ «ក្រសួងយុត្តិធម៌ត្រូវជំរុញការធ្វើសន្ទនាកម្មជាមួយយន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែល​មាន​ស្រាប់​ដទៃទៀត ដូចជា​យន្តការអាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​​ដីធ្លី ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល និង​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម ជាដើម ដើម្បី​​ធានា​ថា​យន្តការ​ទាំង​នេះ​មាន​​សង្គតិភាព និង​មាន​ភាព​បំពេញឱ្យគ្នាទៅវិញទៅមក»។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ បានសង្ខេប​អំពី​សេចក្តីព្រាងព្រះរាជក្រឹត្យនោះ​ថា​ ក្រសួងយុត្តិធម៌បានរៀបចំកិច្ចប្រជុំវិបស្សនាចំនួន ៦​ លើក ​និង​មាន​ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​​យោបល់​ ចំនួន ១លើក ដែលមានការចូលរួមពីតំណាងក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ  ថ្នាក់​ដឹកនាំ​សាលា​ជម្រះក្តី សង្គមស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍មួយចំនួន ដើម្បី​ប្រមូល​ធាតុ​ចូល​សំខាន់ៗ សំដៅ​ធ្វើឱ្យ​សេច​ក្តី​ព្រាងព្រះរាជក្រឹត្យបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កាន់​តែ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ និងអាចធានា​បាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការអនុវត្ត។

លោក កើត រិទ្ធ ក៏​បានស្នើសុំការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ដើម្បីចាប់ផ្តើមធ្វើយុទ្ធនាការ​ដោះស្រាយ​​​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ និងសហការជាមួយអាជ្ញារមូលដ្ឋាន ដើម្បីសម្រេចឱ្យបានការការពង្រឹង  ការលើក​កម្ពស់​គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ នៅពេលអាជ្ញាធរ​ជាតិ​ដោះស្រាយ​​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​បង្កើត​។

រដ្ឋមន្ត្រីក្រ​សួងយុត្តិធម៌ បាន​បញ្ជាក់ពី​អានុភាព​ដូច​គ្នា​រវាង​សេចក្តីសម្រេចរបស់អាជ្ញាធរ​ជាតិ​ដោះស្រាយ​​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​តុលាការថា៖ «​កំណត់​ហេតុ​ព្រមព្រៀង កិច្ច​ព្រម​ព្រៀង​​​​បញ្ចប់​វិវាទ ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​សម្រុះសម្រួល ឬក្នុងក្របខណ្ឌអាជ្ញាធរជាតិ កំណត់ហេតុ និង​កិច្ច​ព្រម​ព្រៀង​នោះ នឹង​មាន​អានុភាព​អនុវត្ត​ដូច​សាលក្រមស្ថាពរ ដែល​ធ្វើ​ឱ្យ​រឿងក្តី​នោះ​មិន​ឡប់​ទៅ​វិញ​ទេ»។  នេះបើយោងតាម ការ​ផ្សព្វ​ផ្សាយ​របស់​ក្រសួង​យុត្តិធម៌ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់ Ne​​​w​​s​​r​​o​​om Cambodia ថា ព្រះរាជក្រឹត្យ​បង្កើត​អាជ្ញាធរ​ជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហត្ថលេខារួច ចូលជាធរមាន នឹងត្រូវ​​ផ្សព្វផ្សាយជូនពលរដ្ឋ។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ​បន្ថែមថា៖ «ក្រសួងយុត្តិធម៌កំពុងរៀបចំបែបទ នីតិវិធី ដើម្បី​អនុវត្ត​ព្រះរាជក្រឹត្យ​ឱ្យ​មាន​ប្រសិទ្ធភាព»។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងក្រសួងយុត្តិធម៌ មិនបានឆ្លើយតបសំណួរពី Newsroom Cambodia អំពី​ដំណើរការរៀបចំអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ យុទ្ធនាការផ្សព្វផ្សាយជូនពលរដ្ឋ និង​យុទ្ធនាកា​រដោះស្រាយ​​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ។

កាលពី​ឆ្នាំ២០២០ ក្រសួងយុត្តិធម៌បានបង្កើត​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដែលមានលោក ជិន ម៉ាលីន ជាប្រធាន និងមានសមាសភាពសរុប ១៥ រូប។ ក្រុមការងារនេះ មានតួនាទីដូចជា សម្របសម្រួល ផ្តល់ប្រឹក្សា មន្ត្​រីបង្គោល និងកិច្ចការផ្សេងៗ​​ពាក់ព័ន្ធ​​គោល​​នយោបាយ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ។ នេះបើយោងតាមសម្រេចលេខ ១៣ របស់ក្រសួងយុត្តិធម៌ ចេញ​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០២០។

ពាក្យថា​តម្លាភាពក្នុងន័យអភិបាលកិច្ចល្អមានន័យថា រាល់ការសម្រេចចិត្ត និងការអនុវត្តសេចក្តីសម្រេចនោះ ត្រូវធ្វើឡើងដោយអនុលោមទៅតាមច្បាប់ និងបទដ្ឋាននានា ព័ត៌មានពាក់ព័ន្ធនឹងការសម្រេចចិត្ត និង​ការអនុវត្ត​សេចក្តី​សម្រេចចិត្ត ត្រូវផ្សព្វផ្សាយជាចំហរ តាមរយៈប្រព័ន្ធសមស្រប និងអាចស្វែងរកបាន ជាពិសេស​ចំពោះ​អ្នក​ដែល​ទទួល​រងនូវផលប៉ះពាល់ពីការសម្រេចចិត្ត និងការអនុវត្តសេចក្តីសម្រេចចិត្តទាំងនោះ និងព័ត៌មានទាំងនោះ​ត្រូវតែមានលក្ខណៈគ្រប់គ្រាន់ និងងាយយល់។ នេះបើយោងតាមសៀវភៅអភិបាលកិច្ចល្អ របស់​ក្រសួង​មហាផ្ទៃ ឆ្នាំ២០១០ ទំព័រ១៣។

លោកបណ្ឌិត​ ប៉ា ច័ន្ទ​រឿន​ នាយក​ប្រតិបត្តិវិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា​​​លើកឡើង​ថា ​ការដាក់​ចេញ​នូវ​គោល​នយោបាយ ក៏​ដូចជាការ​​បង្កើត​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ អាច​ជា​យន្តការ​មួយ​សម្រាល​បន្ទុក​ការងារ​ប្រព័ន្ធ​តុលាការ​បាន​។ លើក​ថា ដើម្បី​ឱ្យយន្តការ​នេះ​ដំណើរ​ការ​ទៅ​មាន​ប្រសិទ្ធភាព លុះត្រា​​តែ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​យុត្តិធម៌ ប្រព័ន្ធយុត្តិធម៌ឱ្យ​បាន​​ស៊ីជម្រៅ ​ពង្រឹង​អភិបាលកិច្ច និង​នីតិរដ្ឋ​នៅ​ក្នុង​សង្គម​ទាំងមូល ទើប​ធានា​ថា​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​អាច​បំពេញ​កាតព្វកិច្ច តួនាទី​របស់​ខ្លួន​បាន​ត្រឹម​ត្រូវ។

លោក ប៉ា ច័ន្ទ​រឿន ​បញ្ជាក់ថា៖ «ប្រទេសកម្ពុជា រឿងបញ្ហាយុត្តិធម៌ ប្រព័ន្ធតុលាការ​គឺជាបញ្ហាធំមួយដែល​មិន​អាច​មើល​រំលង​បាន»។

ព្រះរាជក្រឹត្យបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពុំ​មាន​កំណត់​ជាក់​លាក់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ ក៏ដូចជាសមាសភាពអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនោះឡើយ។ យ៉ាងណាក្តី បើ​ពិនិត្យ​ទៅលើ​ការរៀបចំ​បង្កើត​​អាជ្ញាធរ​ជាតិជាតិនេះ ស្ថាប័នមានសមត្ថកិច្ចគឺ​ជាក្រសួងយុត្តិធម៌ ដោយសារ​​ប្រភព​ធនធាន​ផ្គត់ផ្គង់​​ដោយ​ថវិការជាតិ ជា​កញ្ចប់​ថវិកា​ដោយ​ឡែកនៅ​ក្នុង​ក្របខ័ណ្ឌ​ថវិកា​រ​​ប្រចាំឆ្នាំ​របស់​ក្រសួង​យុត្តិធម៌៕