សាស្ត្រាចារ្យ និងអ្នកជំនាញ​​ផ្នែកអាស៊ានបានចងក្រងរបាយការណ៍ទាក់ទងនឹង​បញ្ហាអាស៊ានដោយ​ស្នើ​សមាគម​​​អាស៊ាន​​កែ​ទម្រង់គោលការណ៍ និង​បង្កើន​សហប្រតិបត្តិការ​របស់ខ្លួន ​ដើម្បី​ធានា​ឱ្យ​​មានសន្តិភាព​ប្រកប​ដោយ​ចីរភាព។

ការិយាល័យមូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ ខេមបូឌា (Konrad-Adenauer-Stiftung​​ Cambodia) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បាន​បើក​សន្និសីទ​ប្រកាសផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​ការ​វាយតម្លៃ និង​កំណែទម្រង់​ជាក់ស្តែងរបស់អាស៊ាន (ASEAN’s Critical Assessment and Practical Reform) កាលពីថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

ក្នុង​សន្និសីទ​នេះដែរ លោក ជេសុន ឈុំទង់ (Jason Chumtong) ប្រធាន​មូលនិធិ​​ខុនរាដ អាដិនណៅអ៊ែរ​ប្រចាំ​កម្ពុជា​ថ្លែងថា រយៈពេល​​៣​ឆ្នាំ​កន្លង​មកនេះ ​វិបត្តិ​ពិភពលោក​បាន​ជះឥទ្ធិពល​ដល់សមាគម​អាស៊ាន​ដែលជា​ហេតុនាំ​ឱ្យមាន​ការចងក្រង​របាយការណ៍​នេះឡើង។

លោក ជេសុន ឈុំទង់ ​បាន​លើកឡើង​ថា៖ «របាយការណ៍​​ពិសេស​នេះ​​បាន​ដាក់​​ឱ្យ​​ដំណើរការ​ក្នុងគោល​បំណង​វាស់​ខ្សែបន្ទាត់​អាស៊ាន​ និង​មាន​ជំពូក​ជាច្រើន​ដែល​ពាក់ព័ន្ធ ​ពីព្រោះ​ក្រៅពីភាព​ជោគជ័យ ​អាស៊ាន​បាន​​ប្រឈម​មុខ​នឹង​បញ្ហា​ដូចជា​យន្តការការងារ ជម្លោះ សុវត្ថិភាព ថាមពល និងបញ្ហាសង្គ្រាម​ ដែល​ជះ​ឥទ្ធិពល​​យ៉ាង​ខ្លាំង​ដល់អាស៊ាន​​ ហើយក្នុង​គោលបំណង​សង្កេតមើល​ចន្លោះប្រហោង​របស់អាស៊ាន​ និង​កំណែ​ទម្រង់​​អាស៊ាន​​៣ឆ្នាំ​ក​ន្លង​​មក​នេះ»។​

លោក ជេសុន ឈុំទង់ បានប្រាប់​ Newsroom Cambodia ថា ថ្វីត្បិត​តែកម្ពុជា​ជាប្រទេស​ក្នុង​ចំណោម​សមាគម​​អាស៊ាន តែ​កម្ពុជា​មិនអាច​ឆ្លើយតបទៅ​នឹងការ​ជួយស្ថាន​ភាពចន្លោះ​ប្រហោង​របស់​អាស៊ាន​បច្ចុប្បន្ន​​បានទេ។

លោក ជេសុន​ បន្ថែមថា៖ «កម្ពុជា​ជាប្រទេស​ដែល​ប្រើប្រាស់​នូវប្រព័ន្ធ ក៏ដូចជា​យន្តការការងារ​ជាច្រើន​ដែល​យើង​មើលឃើញ​នៅពេល​ដែល​កម្ពុជា​ជាប្រធាន​អាស៊ាន ហើយ​កម្ពុជា​បាន​ប្រើនូវ​យុទ្ធសាស្រ្ត​វិជ្ជមាន​បែប​នេះ​​ក្នុងកា​រ​ក្លាយ​ខ្លួន​ចូល​​អាស៊ាន​​ជា​អ្វី​​ដែល​រាជ​រដ្ឋាភិបាល​គួរតែ​បន្តអនុវត្ត»។

លោក​បណ្ឌិត ដេនីស ស៊ូ​សាណា (Denis Suarsana)​ ប្រធានមូលនិធិ​ខុនរាដ អាដិនណៅអ៊ែរ​ប្រចាំប្រទេស​ឥណ្ឌូនេស៊ី និងការិយាល័យ​ទីម័រខាង​កើត​លើក​ឡើងថា ​គោលការណ៍​របស់​អាស៊ា​នបច្ចុប្បន្ន​គួរតែ​មានកំណែទម្រង់ ដោយសារ​បញ្ហា​ប្រឈម​បច្ចុបុ្បន្ន​​មិនអាច​ប្រើប្រាស់​គោលការណ៍​អាស៊ាន​ចាស់​មក​ដោះស្រាយ​​បាន​ទេ។

លោក​បណ្ឌិត ដេនីស ស៊ូរសាណា បន្ថែមថា‌៖ «គោលការណ៍​មូលដ្ឋាន​របស់​អាស៊ាន​ គឺចងក្រង​សម្រាប់​អតីត​​កាល​ចំពោះ​បច្ចុប្បន្នភាព​ និងបញ្ហាដែលកើត​មានឡើង ​គឺមិនអាច​យកមកបន្ត​អនុវត្ត​បានទេ​ ដូច្នេះហើយ​អាស៊ានគួរ​តែធ្វើកំណែទម្រង់​ដើម្បីឆ្លើយតបទៅនឹង​បញ្ហាបច្ចុប្បន្ន​ដែលរួមមាន​បញ្ហាផ្ទៃក្នុង និង​ឥទ្ធិពល​​ពី​ខាង​ក្រៅ។»

លោកបន្តថា គោលការណ៍​អាស៊ាន​ដែលបានចែង​ក្នុងក្រដាស​ គឺសុទ្ធតែ​ទទួលបានភាព​ជោគជ័យ ប៉ុន្តែ​ធាតុ​ពិត​ គឺខុសពីអ្វី​ដែលមានក្នុង​ក្រដាស។

លោក​​បន្ថែម​​ថា៖ «គោលដៅ​មួយដែលនាំ​ឱ្យជោគជ័យ​នៅពេលអនាគត​ គឺត្រូវមាន​យុទ្ធសាស្រ្ត និង​មាន​គោលដៅ​​ច្បាស់លាល់​​ឱ្យ​ស្រប​​ទៅ​តាម​​បច្ចុប្បន្ន បើមិន​ដូច្នេះទេ​ ប្រជាជន​គឺខកចិត្ត​ចំពោះភាព​ជោគជ័យ​ដែល​អាស៊ាន​បានលើកឡើង តែ​មិនបាន​ឃើញ​នូវគោលការណ៍​ណាដែល​យកមក​ដោះស្រាយ​បញ្ហានោះ​ទេ»។

ចំណែក​លោក អ៊ុច រីឆាត (Richard Ouch) ​អ្នកនិពន្ធ​មួយរូប​ក្នុង​របាយការណ៍​ពិសេស​ស្តីពីការវាយតម្លៃ និងកំណែទម្រង់ជាក់ស្តែងរបស់អាស៊ានមួយផ្នែក បានប្រាប់​ Newsroom Cambodia ថា ​ របាយការណ៍​នេះចងក្រង​ឡើង​ដើម្បីជួយ​ដោះស្រាយ​បញ្ហាដែលពាក់ព័ន្ធ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

​លោកបន្ថែម​ថា៖ ​«ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​សុទ្ធតែ​ធ្លាប់ឆ្លង​កាត់បញ្ហា​ជម្លោះ ក៏​ដូចជា​កម្ពុជា​ដែល​រួច​ផុត​​ពី​របប​ប្រល័យ​​ពូជ​សាសន៍ ដូច្នេះហើយ​យើង​ព្យាយាម​ក្នុងការរិះរក​វិធី​ដែលអាច​ជួយ​ មិនត្រឹម​តែ​សង្គម​មួយ​ទេ​ តែទូទាំង​ប្រទេស​តែម្តង»។​

លោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៊ី​ (AVI) និយាយ​ថា រដ្ឋ​ដែល​ជា​សមាជិក​​​អាស៊ានគួរតែរួបរួមគ្នា គោរពធម្មនុញ្ញអាស៊ាន ការពង្រឹងសាមគ្គីភាព សហប្រតិបត្តិការ​ដោយផ្អែក​ទៅ​ប្រយោជន៍អាស៊ាន និងផ្តោតទៅលើសមាហរណកម្មនៃសមាជិកចាស់ និងសមាជិកថ្មីៗ។

លោកបន្តថា អាស៊ានគួរតែពង្រឹងសហប្រតិបត្តិការបន្ថែមទៀតទៅលើ​បញ្ហាអសន្តិសុខ​ក្នុង​តំបន់​ដែល​មានប្រពៃណី និងមិនប្រពៃណី ពង្រឹងអភិបាលកិច្ចផ្នែកបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ​ហើយលើកទឹកចិត្តយុវជនស្ត្រីចូលរួមក្នុងយន្តការនៃការកសាងសហគមន៍អាស៊ានទាំងអស់គ្នា។

អនុប្រធានប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៊ី​រូបនេះ​បន្ថែមថា៖ «រដ្ឋជាសមាជិកអាស៊ាន ទាំងរដ្ឋចាស់ និង​សមាជិក​ថ្មី​ គួរជំរុញធ្វើសមា​ហរណកម្មតភ្ជាប់គ្នាឱ្យបានច្រើនទាំងផ្នែកសេដ្ឋកិច្ច វប្បធម៌ និង​នយោបាយ»។

លោកបណ្ឌិត​ ឆេង គឹមឡុង បន្ថែម​ថា បើ​តាមធម្មនុញ្ញអាស៊ានមិនតម្រូវឲ្យ​សហគមន៍​អាស៊ាន​ដក​សមាជិកភាព​នៃប្រទេសណាមួយទេ ដូច្នេះអាស៊ានគួរបន្តរក្សាស្មារតីនេះ ហើយ​បង្កើន​ការផ្តល់​​ឱកាស​​ឱ្យ​សមាជិក​​ទាំង​អស់​ចូលរួម។ ប៉ុន្តែក្នុងករណីដកសមាជិកភាពណាមួយ អាស៊ាន​ត្រូវ​ការបោះឆ្នោត​សម្រេច​រួម​ហៅថា កុងសង់ស៊ីស​ (Consensus) ដែល​មានន័យថា សមាជិកដទៃទៀតសម្រេចចិត្តរួមដូចគ្នា​ទើប​អាច​​សម្រេច​អនុញ្ញាត​ឱ្យប្រទេស​មួយដែលសុំសិទ្ធិដកខ្លួនចេញពីសមាជិកភាពរបស់អាស៊ាន។

អាស៊ាន​មានសសរស្តម្ភ ៣ ដើម្បីទ្រទ្រង់ឱ្យមានការដំណើរការ និងការប្រព្រឹត្តរបស់ខ្លួនឱ្យបានល្អ។ ​សសរ​ស្តម្ភ​​ទាំង ៣ ​នោះមានដូចជា សហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) និងសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC)។

ប៉ុន្តែបច្ចុប្បន្ននេះ អាស៊ាន​កំពុងជួបបញ្ហាមួយចំនួនដូចជា នយោបាយមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វី វត្តមានទីម័រជាសមាជិក និងការគាំទ្រភាគីនៃជម្លោះអន្តរជាតិ ដែលជាហេតុធ្វើ​ឲ្យសសរស្តម្ភផ្នែកសហគមន៍នយោបាយ-សន្តិសុខអាស៊ានកំពុងរងការរង្គោះរង្គើរ៕