យុវ​ជន​ដែល​ស្រ​លាញ់​សិល្បៈ​គំនូ​រ និង​ការ​ថត​រូប​បាន​ដាក់​​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ ក្រោមប្រ​ធាន​បទ ​«អំពើ​ពុក​រលួយ​ និង​ផល​ប៉ះ​ពាល់​» ក្នុង​គោល​បំ​ណង​ចង់​ឱ្យ​មានការ​កាត់​បន្ថយ​អំពើ​ពុករលួយ​ ​។​

ការ​ដាក់​តាំង​រូប​ភាព​នេះ​ធ្វើ​ឡើង​ក្នុង​ទិ​វា​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ អង្គ​ការ​តម្លា​ភាព​កម្ពុជា​ នៅ​ថ្ងៃ​ទី​៨ ​ខែ​ធ្នូ​ ឆ្នាំ​២០២៣ ​នៅ​រាជធានី​​ភ្នំពេញ ​ដើម្បី​ប្រារព្ធ​ខួប​នៃ​ ទិវា​ប្រ​ឆាំង​អំពើ​ពុក​រលួយ​អន្តរជាតិ​ និង​ផ្សព្វផ្សាយ​ឲ្យ​ប្រ​ជា​ជន​បាន​ដឹង​ពី​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ស្តាប់​កិច្ច​ពិភាក្សា​និង​ពិព័រណ៍​រូប​ភាព។

លោក ភួង ខេមរា ​និស្សិតផ្នែក​​​សារ​ព័ត៌មាន​មក​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​យុវជន​មួយ​រូប​ដែល​បាន​ដាក់តាំង​រូប​ថត​​ដែល​មាន​រូប​ដៃ​កាន់​លុយ និង​កាន់ខ្សែ​ ​​លើកឡើង​ថា ​រូបថត​​របស់​លោក​​​​គឺ​​ចង់​​បង្ហាញ​ពី​ជំងឺ​សង្គម​មួយ ​ដែល​តែង​ប្រើប្រាស់​លុយ​​សូកប៉ាន់​ដើម្បីទទួល​បាន​តំណែង​ ឬផលប្រយោជន៍​ណាមួយ។​

លោក​​បន្ថែម​​ថា​៖ «មនុស្ស​មួយ​ចំនួន​ក្នុង​សង្គម​តែង​តែ​គិត​ថា ​មាន​លុយ​គឺ​មាន​អំណាច​ដែល​​​ជា​ខ្សែ​សណ្តោង​​ពួកគេ​​ដើម្បី​​បាន​​តួនាទី ​និង​​ប្រយោជន៍​។ ប៉ុន្តែ​អំពើ​មួយ​នេះ​បាន​បំបាក់​​​ទឹក​ចិត្ត​អ្នក​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​ និង​ធ្វើ​ឲ្យ​មាន​ភាព​អ​យុត្តិធម៌​ក្នុង​សង្គម​»។

លោក ភួង ខេមរា

លោក​ ខេមរា ​សង្ឃឹម​ថា ​ក្រោយ​ពី​រូបភាព​របស់​​លោក​​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជាជន​បាន​ឃើញ​នូវ​អត្ថ​ន័យ​ និង​គោល​បំណង​នៃ​រូបភាព​មួយ​នេះ ​ប្រជាជន​មួយ​ចំនួន​អាច​នឹង​ឈប់​ប្រព្រឹត្តអំពើ​ពុក​រលួយ ​ប្រសិន​បើ​គាត់​ចង់​ឲ្យ​មាន​ការ​កែ​ប្រែ​ក្នុង​សង្គម។​

កញ្ញា​ វ៉េង​ ជីវៃ​ និស្សិត​មក​ពី​សា​កល​វិទ្យា​ល័យ​ភូ​មិន្ទ​វិ​ចិត្រ​សិល្បៈ​ដែល​​​បាន​ដាក់​បង្ហាញ​ស្នា​ដៃ​គំ​នូរ​របស់​ខ្លួន​ក្នុង​ទិ​វា​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ដែរ​នោះ​និយាយ​ថា​ ​រូប​គំ​នូរ​របស់​នាង​​បង្ហាញ​ពី​ដើម​ឈើ​ដែល​ត្រូវ​បាន​ដួល​រលំ​ព្រោះ​តែត្រូវ​​ដង្កូវ​ស៊ី​ខាង​ក្នុង​ ដែល​​​ប្រៀប​ដូច​ជា​សង្គម​ដែល​អាច​ដួល​រលំ​ព្រោះ​អំ​ពើ​ពុក​រលួយ​។

កញ្ញា​​ថ្លែង​ថា៖ ​«នៅ​ក្នុង​តំ​បន់​មួយ​ប្រ​ជា​ជន​ ឬ​នរ​ណា​ម្នាក់​ដែល​គាត់​គិត​តែ​ពី​ប្រ​យោជន៍​របស់​ខ្លួន​ ថ្ងៃ​ណា​មួយ​សង្គម​នឹង​វា​គង់​តែ​ដួល​រលំ ​[…] ប្រៀប​ដូច​ជា​ដង្កូវ​ហ្នឹង​ចឹង​ ដង្កូវ​វា​តូចៗ​តែ​អាច​បំ​ផ្លាញ​ដើម​ឈើ​ធំ​បាន»។​

ចំណែក​​​លោក​ ចន សុវណ្ណឌី ​អតីត​និស្សិត​មក​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈដែល​​​បាន​ដាក់តាំង​​រូបគំនូរ​​​បង្ហាញ​ពី​រូប​ភាព​មនុស្ស​ដែល​ត្រូវ​បាន​ទឹក​ប្រាក់​បិទ​មាត់​ និយាយ​ថា​ ​រូប​គំនូរ​របស់​លោក​ចង់​បង្ហាញ​ថា​ ​មនុស្ស​ម្នាក់​អាច​ក្លាយ​ជា​ធន​ធាន​មិន​ល្អ​បាន​ព្រោះ​តែ​ភាព​លោភ​លន់​។​

លោក​ ចន សុវណ្ណឌី

លោក សុវណ្ណឌី បានថ្លែងថា៖ «គាត់​មាន​ចំណេះ​ដឹង​តែ​គាត់​ប្រើ​ចំណេះ​ដឹង​របស់​គាត់​ទៅ​លើ​រឿង​មិន​ល្អ​គឺ​ជា​ការ​ជះ​ផល​មិន​ល្អ បាន​ន័យ​ថា​គាត់​មាន​ចំណេះ​ដឹង​ហើយ​ប៉ុន្តែ​គាត់​ប្រើ​ប្រាស់​ចំណេះ​ដឹង​គាត់​ដោយ​ការ​លោភ​លន់​បន្តិច​បន្តួច​ អញ្ចឹង​ហើយ​ធ្វើ​ឲ្យ​ធន​ធាន​គាត់​ដែល​ខំ​កសាង​ត្រូវ​បាន​បាត់​បង់​ដោយ​សារ​តែ​រឿង​ប៉ុណ្ណឹង​»។

​កញ្ញា ឆាយ ពេជជេស៊ីកា សិស្ស​មក​ពី​សាលា​វ៉េស្ទឡាញន៍ ដែល​បាន​ដាក់​បង្ហាញ​រូប​គំនូរ​ជញ្ជីង​​ថ្លឹង​បេះដូង​ និង​ទឹក​ប្រាក់​និយាយ​ថា​ រូប​គំនូរ​របស់​កញ្ញា​​បង្ហាញពី​​បេះដូង​តំណាង​ឲ្យ​ភាព​ស្មោះ​ត្រង់ ​ឬ​បុគ្គល​ដែល​ប្រើ​ប្រាស់​ជំនាញ ​និង​ទេព​កោសល្យ​ដើម្បី​ប្រកប​របរ​ផ្សេងៗ​ ហើយ​ទឹក​ប្រាក់​ដែល​តំណាង​ឲ្យ​ជន​ខិល​ខូច​ដែល​ធ្វើ​អំពើ​ពុក​រលួយ​។ កញ្ញា​ថា ក្នុង​រូប​ភាព​បង្ហាញ​ថា​ ទឹក​ប្រាក់​មាន​ទម្ងន់​ធ្ងន់​ជាង​បេះដូង​។

​​កញ្ញា ឆាយ ពេជជេស៊ីកា

កញ្ញា ជេស៊ីកា​ បាន​និយាយ​ថា​៖ «បើ​យើង​ដើរ​ទៅ​សួរ​នរណា​ម្នាក់​រវាង​ទឹក​លុយ​និង​សេច​ក្តី​ស្មោះ​ត្រង់​ តើ​អ្នក​នឹង​យក​មួយ​ណា ​គឺ​គាត់​ប្រាកដ​ជា​យក​ទឹក​លុយ​ហើយ ​[…] ដោយ​សារ​ទឹក​លុយ​វា​មាន​តម្លៃ​ច្រើន​ជាង​ ធ្វើ​ឲ្យ​គ្មាន​យុត្តិធម៍​ទាល់​តែ​សោះ​ចំពោះ​អ្នក​ដែល​គ្មាន​ទឹក​លុយ​»។

ស្នា​ដៃគំនូរ និង​រូប​ថត​ដែល​ត្រូវ​បាន​ដាក់តាំង​បង្ហាញ​​​ក្នុង​ទិ​វា​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​នោះ​មាន​ចំនួន​​​​១៦​ផ្ទាំង។ ក្នុង​ចំណោមរូបគំនូរ និងរូបថត​ទាំង១៦នោះ​ មានរូបភាពចំនួន៦ ដែល​ត្រូវ​បាន​គណៈកម្មការ​វាយ​តម្លៃ និង​ជ្រើសរើស​ជា​រូប​ល្អជាងគេ។​

គួរ​បញ្ជាក់​ថា​ ថ្ងៃ​ទី​៩​ ខែ​ធ្នូ ​មហា​សន្និ​បាត​នៃ​អង្គការ​ស​ហ​ប្រ​ជា​ជាតិ​អ​នុ​ម័ត​ជា ​«ទិ​វា​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​អន្តរ​ជាតិ​»​ ដោយ​សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​កំ​ណត់​នៅ​ថ្ងៃ​ទី​៣១​ ខែ​តុ​លា​ ឆ្នាំ​២០០៣​ ក្នុង​គោល​បំ​ណង​ប្រ​ឆាំង​និង​ទប់​ស្កាត់​អំ​ពើ​ពុក​រ​លួយ​៕