ក្រុមការងារ​គម្រោង​អភិវឌ្ឍ​ជលផល​ក្រោយ​ប្រមូល​ផល​ (CAPFISH-Capture)​ នៅប្រទេសកម្ពុជា បានទទួល​ពានរង្វាន់​លើក​កម្ពស់​សមភាព​យេនឌ័រ (GEM Award) ឆ្នាំ២០២៣ ក្រោម​ប្រធានបទ​នៃពានរង្វាន់​គឺ ​«ការធ្វើ​ឱ្យសមភាព​យេនឌ័រ​ក្លាយជាការពិត​នៅក្នុង​ឧស្សាហកម្ម»។

ការប្រគល់​ពាន​រង្វាន់​ធ្វើ​ឡើង​​ក្នុងមហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម ​(UNIDO) ដែលប្រព្រឹត្ត​ទៅនៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ស្តីពី​គម្រោង​អភិវឌ្ឍន៍ ជលផល​ក្រោយ​ប្រមូលផល​(CAPFISH-Capture) ចេញនៅ​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា​ ពានរង្វាន់នេះ​គឺឆ្លុះបញ្ចាំងការខិតខំ  និងរួម​ចំណែក​របស់​គម្រោង​នេះក្នុង​ការ​លើកកម្ពស់​សមភាពយេនឌ័រក្នុង​វិស័យ​ជលផល​នៅ​ប្រទេស​កម្ពុជា។

ក្នុង​វិស័យ​ជលផល​នេះ ស្រ្តី​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ខ្សែច្រវ៉ាក់​តម្លៃ​ជលផល​ទាំងមូល ព្រោះ​ស្រ្តី​ជា​អ្នក​ទទូល​បន្ទុក​ដោយ​ផ្ទាល់​ទាំងការ​កែច្នៃ និង​ការងារទីផ្សារ​ផលិតផល​ជលផល​​ទូទាំង​ប្រទេស​តែម្តង។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បាន​ស្រង់​សម្តី​របស់​លោក​ សុខ ​ណារិន ​តំណាងអង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​ (UNIDO) ប្រចាំ​ប្រទេស​កម្ពុជា​​ថា៖ «អភិក្រម​សមភាព​យេនឌ័រ​របស់គម្រោង​ ពិតជា​បាន​បង្កើតនូវ​បរិយាកាស​ប្រកបដោយ​បរិយាប័ន្ន ដែល​មនុស្ស​គ្រប់គ្នា​អាចរីកចម្រើន​ដោយមិន​​ទុក​នរណា​​ម្នាក់ចោល​ឡើយ»។

ចំណែក​លោក​ ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជា​ប្រធាន​រដ្ឋបាល​ជលផល (Fisheries Adnimistration) លើកឡើង​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​នោះ​ដែរ​​ថា៖ «តាមរយៈ​ការបញ្រ្ជាប​យេនឌ័រ​នៅក្នុង​គម្រោង​ រួមទាំងគោលនយោបាយ​ស្តីពី​យេនឌ័រ​ ការគាំទ្រ​អាជីវកម្ម​ ការគ្រប់គ្រង​គម្រោង​ ការស្រាវ​ជ្រាវ​ និង​នវានុវត្តន៍ និងការកសាង​សមត្ថភាព​ភាគី​ពាក់ព័ន្ធ គម្រោងបាន​បង្កើត​ផល​ជះ​រយៈពេល​វែង​លើ​ការ​ជំរុញ​សមភាព​យេនឌ័រ និង​ពង្រឹង​ភាពអង់អាច​ដល់ស្រ្តី​ក្នុង​វិស័យ​ជលផល​នៅកម្ពុជា»។

លោក​ កឿន អេវឺអឺត (Koen EVERAERT)​ អនុប្រធាន​ផ្នែក​កិច្ចសហប្រត្តិបត្តិ​របស់​គណៈ​ប្រតិភូ​សហភាព​អ៊ឺរ៉ុប​ប្រចាំ​នៅប្រទេស​កម្ពុជា បានលើកឡើងថា​៖ «គំរូជោគជ័យរបស់គម្រោង​ CAPFISH-Capture អាចយកទៅ​អនុវត្តបាន​ ខណៈដែល​ឧត្តមានុវត្តន៍​ទាំងនេះ​ត្រូវបាន​ចែករំលែកដើម្បី​លើក​កម្ពស់​សហគ្រិនភាព​ជាស្រ្តី និងភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច»។

គម្រោង​ការ​អភិវឌ្ឍ​ជលផល​ក្រោយ​ប្រមូលផល ​​(CAPFISH-Capture) គឺមាន​រយៈពេល​អនុវត្ត​ប្រមាណ​ជា​​ប្រាំឆ្នាំ​ ​គិត​ចាប់តាំង​ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ដែលជា​គម្រោង​ជួយ​គាំទ្រ​ដល់​អាជីវកម្ម​ដល់​វិស័យ​ជលផលនៅកម្ពុជា៕