រ​ដ្ឋា​ភិ​បាល​កំ​ណត់​យក​ថ្ងៃ​២៩​ធ្នូ​ ជា​ទិវា​សន្តិភាពនៅ​កម្ពុជា ​និង​ជា​បុណ្យ​ជាតិ​​​ដែល​មានការ​ឈប់សម្រាកជា​​ផ្លូវ​ការ ខណៈ​អ្នក​វិភាគ​​ចង់ឱ្យ​រដ្ឋាភិបាល​ប្រកាន់​យក​ការ​អនុវត្ត​បែប​​សន្តិភាព គ្មាន​អំពើ​ហិង្សា​​​ដូចការ​បង្កើត​ទិវា​នេះ​​។​

បើតាម​មាត្រា​១​នៃ​អនុក្រឹត្យ​ចេញ​កាល​ពីថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៤​ស្តីពី​ទិវា​សន្តិភាព​នៅ​កម្ពុជា សម្រេច​ថា ត្រូវបាន​កំណត់​យក​ថ្ងៃទី២៩ ខែធ្នូ​ ជារៀងរាល់ឆ្នាំ ជា​ទិវាសន្តិភាព​នៅកម្ពុជា ជាការ​ឆ្លើយតប​នឹង​បំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​​ស្រលាញ់សន្តិភាព ស្អប់ខ្ពើម​សង្គ្រាម និង​ជាការ​រំឮក​ដល់​ការ​សម្រេច​បាន​នូវ​ការ​បញ្ចប់​សង្គ្រាម​ទាំងស្រុងជាដើម។​

លោកបណ្ឌិត​ មាស នី​ ជា​អ្នក​សិក្សា​ពីការ​វិវត្ត​សង្គម និង​ជាអ្នកវិភាគ​នយោបាយ​មួយរូប​​​យល់ថា ទិវា​សន្តិភាព​​នេះ​មាន​ន័យ​ថា​គូ​​ភាគី​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្នុង​សង្គម​គឺ​ត្រូវ​តែ​ឈ្នះ​ទាំង​អស់​គ្នា​ និង​​មាន​សុទ្ធ​ចិត្ត​ទាំង​អស់​គ្នា​ ទើប​អាច​ទទួល​យក​ថាជា​ទិ​វា​ជាតិ​នយោ​បាយ​ឈ្នះ​ឈ្នះ​របស់​ភាគី​ទាំង​សង​ខាង​ពេញ​ចិត្ត​ទាំង​អស់​គ្នា​​។

លោក​បន្ត​ទៀត​ថា​៖ «ប៉ុ​ន្តែ​​សម្រាប់​ទិវា​​ឈ្នះ​ឈ្នះ​រ​ដ្ឋា​ភិបាល​ប្រ​កាស​នេះ​ខ្ញុំ​ក៏​មិន​​ទាន់​យល់​ដែរ​ប្រ​សិន​បើ​​គេ​ចង់និ​យាយ​ថា​នេះ​ជា​​ទិ​វា​ឈ្នះ​ឈ្នះ​របស់​គណ​បក្ស​កាន់​អំ​ណាច​ អា​ហ្នឹង​វា​ត្រូវ​របស់​គាត់​ហើយ​ ព្រោះ​ថា​គាត់​ឈ្នះ​រហូត​គាត់​មិន​ដែលចាញ់​ទេណា​​ ប៉ុន្តែ​យើង​យកមក​និយម​ន័យ​​ទិវា​ឈ្នះ​ឈ្នះ​មក​ដាក់​នៅ​ក្នុង​ទិ​ដ្ឋ​ភាពនៃ​ការ​បង្រួប​បង្រួម​ជាតិ​ ហើយ​និ​ង​ការ​រក​ឯក​ភាព​ជាតិ ​នោះ​អា​​ទិ​វា​ឈ្នះឈ្នះ​នេះ​វា​មិន​សូវ​ត្រូវ​ទេ​នៅ​ក្នុង​បរិ​បទ​នេះ​ទេ​បាទ»។

លោក​បាន​បន្ថែម​ថា​៖«ហើយ​ក៏​មាន​ពិធី​មួយ​ចំ​នួន​ដែល​វា​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូង​ចម្រាស់​ហើយ​ពល​រ​ដ្ឋ​ទូទៅ​ក៏​មិន​ទាន់​ទទួល​យក​គ្រប់​គា្នវា​ជា​ទិ​វា​របស់​ជាតិ​ទេ​ វា​ជា​ទិវា​ដែល​បង្កើត​ឡើង​ដោយ​គណ​បក្ស​នយោ​បាយ​ ក្នុង​នឹង​សូ​ម្បី​តែ​ទិ​វា​រំ​ឮក​ថ្ងៃ​៧​មករា​នឹងក៏​យើង​នៅ​មិន​ទាន់​ចុះ​សម្រុង​គ្នា​នៅឡើយអំ​ពី​ការ​​​​ទាញ​ទិវា​នឹង​មក​ដាក់​​ក្នុង​បេះ​ដូង ​ថាវា​ជា​ទិ​វា​របស់​ជាតិ​ទាំង​អស់​ទេ​​ គេ​នៅ​រិះ​គន់​នៅ​ឡើយ​ ហើយ​ខ្ញុំ​សង្កេត​ឃើ​ញ​ថា​ទិវា​ឈ្នះឈ្នះ​នេះ​វា​ជា​រូប​ភាព​នយោ​បាយ​ជាជាង​ការ​បង្រួប​បង្រួម​ជាតិ»។

លោកបន្ត​ទៀ​ត​ថា ប្រសិន​បើ​និយាយអំ​ពី​ទិវា​​២៣​តុ​លា​ គឺ​មិន​ខុស​គ្នា​ពី​អ្វី​ដែលគណ​បក្សកាន់​អំ​ណាច​បាន​​អះ​អាង​ថា​បើ​គ្មាន​ថ្ងៃ​៧​មករា​ទេ​ក៏​គ្មាន​សព្វ​​ថ្ងៃ​ដែរ​​ ហើយ​​ ប្រសិន​បើ​មិន​មាន​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ា​រីស​ទេ​ កម្ពុជា​​ក៏​មិន​មាន​សន្តិ​ភាព​ដូច​រាល់​ថ្ងៃ​ដែរ។

លោក​បន្ថែម​ថា​៖ «​​ប្រហែល​ជា​យើង​ឈ្លោះ​គ្នា​ហើយ​ច្បាំង​គ្នា​ទាល់​តែ​ខ្ទេច​រឿង​ខ្លួន​ហើយ​ក៏​មិន​ដឹង​ថា​រស់​ឬ​ក៏​នៅ​ដែរ​បាទ​ សម្រាប់​ខ្ញុំ​ថ្ងៃ​២៣​តុលា​វា​នៅ​តែ​ជា​គុណ​តម្លៃ​ខ្ពស់​សម្រាប់​​អ្វី​ដែល​កម្ពុជា​មាន​សព្វ​ថ្ងៃបាទ​ ហើយទោះ​បី​ជា​គណ​បក្ស​ន​យោ​បាយ​គាត់​អប​អរ​សន្តិ​ភាព​ ខ្ញុំ​ក៏​គិត​ថា​សន្តិ​ភាព​នេះ​មិន​អាខ​កើតឡើង​ប្រ​សិន​បើ​គ្មាន​ អើ​២៣តុលា​បាទ»។​

លោក ឯម សុ​វណ្ណារ៉ា សាស្រ្តាចារ្យ​ផ្នែក​វិទ្យសាស្រ្ត​នយោបាយ​​យល់​ថា ការ​បង្កើត​ទិវាសន្តិភាព​នៅ​កម្ពុជា​​នេះ​ មិនមាន​អ្វីជា​ការទាស់ខុសនោះទេ។ ប៉ុន្តែ​លោក​ថា អាជ្ញាធរគួរតែប្រកាន់​គោលការណ៍​សន្តិភាព​​​ ចៀសវាងអំពើហិង្សា​ផ្សេងៗ។

លោក​បន្ថែម​ថា៖ «ន័យ​វា​សំខាន់​គឺ​ចង់​ឲ្យ​ពលរដ្ឋ​បណ្ដុះ​ការ​ស្រឡាញ់​​គ្នា​នៅ​ក្នុង​សន្តិ​ភាព​ តែ​បើ​ខ្ញុំ​បញ្ជាក់​ថា​អ្នក​អនុ​វត្ត​ច្បាប់​ អាជ្ញា​ធរ​រដ្ឋ​អំណាចនេះ​គួរ​ប្រកាន់​គោ​ល​ការ​ណ៍​សន្តិភាព​ បង្ក្រាប​បា​តុ​កម្ម​បង្ក្រាប​អី​អានេះជា​កិច្ច​ការ​មួយ​ប្រាស់​ចាក​ពី​គោល​ការណ៍​​សន្តិ​ភាព»។

ចាប់​តាំង​ពី​ឆ្នាំ​២០២០​មក ​រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​ថ្ងៃ​២៣ ​តុលា លែង​ឱ្យ​មានការ​​ឈប់​សម្រាក​ជា​សាធារណៈ។ ២៣​ តុលា ​​តែង​ត្រូវ​បាន​ប្រារព្ធឡើង​ដើម្បី​រំឮកដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុងការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅកម្ពុជា ហើយ​ភាគី​ហត្ថលេខីតម្រូវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​​គោរព​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ៕