លោកនាយករដ្ឋមន្រ្ដីហ៊ុន ម៉ាណែត ប្រកាសឱ្យ​អនុវត្ត​ក្របខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ និង​កិច្ចគាំពារ​សង្គម​ឆ្លើយតបនឹង​គ្រោះអាសន្ន នាខែមេសា ឆ្នាំ២០២៤ខាងមុខ ដើម្បី​ជួយ​ដល់​គ្រួសារ​ក្រីក្រ និង​ជនងាយរងគ្រោះក្រោយពីត្រូវបានបិទបញ្ចប់កម្មវិធីប្រយុទ្ធកូវីដ១៩។

ថ្លែងក្នុង​ពិធីប្រកាសឱ្យអនុវត្តកម្មវិធីគោលការណ៍ណែនាំស្ដីពី​​ក្របខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​​ និងគោលការណ៍ណែនាំស្ដីពី​ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន កាល​ពី​ព្រឹក​ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត លើកឡើងថា គោលការណ៍ណែនាំ ពាក់ព័ន្ធ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​នឹង​ក្លាយ​ជា​ផែនទីបង្ហាញផ្លូវ សម្រាប់តម្រង់ទិសការអនុវត្តកម្មវិធី និង​ប្រព័ន្ធ​គាំពារ​សង្គម ។

លោកបញ្ជាក់ថា៖ «តាំងពីសម័យបញ្ចប់សង្រ្គាមមក ជីវភាព​របស់​ប្រជាជន​ហាក់​ដូចជា​មាន​ការរីក​ចម្រើន​ឡើង ក្នុងនោះអត្រាភាពក្រីក្រក៏បានកាត់បន្ថយផងដែរ ។ ជាក់ស្ដែង ក្នុងរយៈពេលជាង១៥ឆ្នាំ​មកនេះ​ អត្រា​ភាពក្រីក្របានកាត់បន្ថយតាំងពីឆ្នាំ២០០៧ ជាង ៤៧% ទៅដល់ឆ្នាំ ២០១៧ ក្រោម១០% តែ​ដោយសារ​បញ្ហាកូវីដ ១៩ ក៏បានកើនឡើងទៅដល់ជាង ១៧%»។

លោក​បន្ថែម​ដោយ​បញ្ជាឱ្យត្រៀម​លក្ខណៈជួ​យប្រ​ជាពលរដ្ឋ​ក្នុងការ​ជួប​វិបត្ដិ​សង្គម​ជាយថាហេតុ​ណាមួ​យ​កើតឡើងនាពេលខាងមុខ ហើយអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺជា​ឆ្អឹងខ្នង​នៃ​ការអន្តរាគមន៍​គាំពារ​សង្គម​នានា​ផងដែរ។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះនឹងចាប់ផ្ដើមអនុវត្តនៅខែមេសា ឆ្នាំ​២០២៤ ខាងមុខ​នេះ​ដើម្បី​ជួយ​ទ្រទ្រង់​គ្រួសារ​ក្រីក្រ និង​ជន​ងាយរងគ្រោះ​បន្ទាប់ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ជន​ងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ១៩ត្រូវបានបិទបញ្ចប់។

កម្មវិធីចំនួន៤នឹងត្រូវធ្វើសមាហរណមុខងារក្រោមកញ្ចប់គ្រួសាររួមមាន កម្មវិធីឧបត្ថម្ភ​សាច់ប្រាក់​ជូនស្ត្រីមាន​ផ្ទៃពោះ និង​កុមារ​អាយុក្រោម២ឆ្នាំ កម្មវិធីអាហារូបករណ៍​សម្រាប់សិស្ស​ក្រីក្រថ្នា​ក់​បឋម​សិក្សា និង​មធ្យម​សិក្សា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង) ។

លោកនាយករដ្ឋមន្រ្តី​បន្ថែម​​ថា ការអនុវត្តកម្មវិធីជាតិជំនួយគាំពារសង្គមទាំងនេះ ដើម្បី​ឱ្យ​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​ប្រែក្លាយ​ប្រទេស​កម្ពុជា​កា្លយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និង​ជា​ប្រទេស​មានចំណូលខ្ពស់ឆ្នាំ២០៥០ ដោយផ្អែកលើមនុស្សជាចម្បង​ក្នុង​ការបន្ត​ជំរុញ​ប្រព័ន្ធ​គាំពារ​ដោយ​លក្ខណៈ​ប្រមូលផ្ដុំ សុគតភាព ប្រសិទ្ធភាព និងចីរភាព៕​