កំពុង​ដើរ​មើល​បន្លែ​​ដែល​ដាំ​លើ​ទឹក​ក្នុង​រោង​​មួយ​​កន្លែងស្ថិត​ក្នុង​ភូមិ​តួសំពៅ សង្កាត់ព្រែកព្នៅ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ លោក ពុធ ចាន់ណា អ្នកមើលការខុសត្រូវរោង​ប្លែ​និយាយ​ថា ការ​ដាំ​បន្លែលើ​ទឹក​ទទួល​បាន​ផល​​​លឿនជាង​ការ​ដាំ​បន្លែ​លើ​ដីធម្មតា។

កំពុង​ចាប់​កាន់​សាលាដលើកឡើង លោក​ ចាន់ណា និយាយ​ថា៖ «បន្លែលើទឹកវាងាយជាងនៅលើដី ​វាផ្ដ​ល់​ការលូត​លាស់៥០ភាគរយលឿនជាងលើដី ហើយយើងដាំបន្លែលើទឹកយើងមិនងាយជួបបញ្ហាច្រើន»។ 

កាដាំបន្លែ​លើទឹក បានក្លាយជាកសិកម្មបែបថ្មីដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កសិករ​ដូចជា​លោក ចាន់ណា ​​ឱ្យ​ទទួល​បន្លែ​ស្អាត មានសុវត្ថិភាព ចំណាយថវិការ​តិចលើការដាំ ​ទទួលផល​បានច្រើន និង​ចំណេញ​​ពេល​​វេលា។

លោក ពុធ ចាន់ណា បន្ថែមថា ​បន្លែលើទឹកប្រភេទស្ពៃ អាចលក់បាន មួយគីឡូ ៦,០០០ រៀល ចំណែក​ប្រភេទសាឡាដ ដូចជាប្រភេទរ៉ែត ប៉ាតា អាយស្បឺក រ៉ូម៉ាណ គ្រីនអូក គឺអាចបានមួយគីឡូ៨,០០០ រៀល ទៅ​ ១០,០០០រៀល។

លោក ពុធ ចាន់ណា បន្តថាការដាំបន្លែលើទឹកពុំប្រើថ្នាំ​បាញ់​សត្វល្អិត​ដូចការដាំបន្លែលើដីឡើយ។

លោក ពុធ ចាន់ណា បានបញ្ជាក់ថា៖ «ពេលណាដែលសត្វវាច្រើនយើងអាចដកចោល ឬ​មួយ​យើង​អាច​ដក​ឱ្យ​សត្វចេញ ​ហើ​យ​យើ​ង​ស​ម្លា​​ប់​មេ​​​រោ​គ​ឲ្យ​អ​ស់​​ទើប​យើ​​ង​អា​ច​ដាំឡើ​ងវិញ ហើយ​យើង​ក៏​អត់​ប្រើ​ថ្នាំបាញ់​ដែរ»។

ចំណែកកសិករដាំបន្លែលើទឹកម្នាក់ទៀត លោកស្រី អន ផល្លី រស់នៅឃុំឈល្វែង ស្រុកសន្ទុក​ ខេត្តកំពង់ធំ បានប្រាប់ Newsroom cambodia ដោយសម្តីច្បាស់ៗ និងសើចសប្បាយរីករាយថា​ ការដាំ​បន្លែលើ​ទឹក​ស្រួលជាង​​ការដាំលើដី ដោយ​អត់ពិបាកកាប់ដី ស្រោចទឹក ដកស្មៅ អត់ហត់នឿយខ្លាំង ព្រោះមាន​ប្រព័ន្ធ​ចំហាយទឹក​ក្នុងការប្រើប្រាស់។

លោកស្រី ផល្លី បន្តថាការដាំបន្លែលើទឹក៖ «អាចដាំវិលជុំ មួយឆ្នាំទល់មួយឆ្នាំបាន ហើយយើងមានអត់​រើសខែដូចដាំលើដីទេ ឧទាហរណ៍លើដី ពេលខែទឹកឡើងដាំអត់បានទេ!។

លោកស្រី ផល្លី បន្តថាកាលចំណាយដំបូងអស់ខ្ទង់ ៥,០០០ ដុល្លារ ទទួលបាន៤រោង ហើយ​អាជីវកម្ម​ដំណើរការល្អ​ក៏បានបោះទុនសរុបប្រែល ៤០,០០០ ដុល្លារបន្ថែម នាំឱ្យមានកន្លែងដាំបន្លែ​សរុប ២០ រោង។

លោកស្រី ផល្លី បានបង្ហាញពីរបៀបដាំបន្លែលើទឹកថា ដំបូងអ្នកស្រី​ត្រូវសាបកូន​ក្នុងប្រអប់ ក្នុង​ក្រដាស​ជូត​មាត់​រយៈពេល៣ថ្ងៃ បានយកទៅគៀប​នឹងអេប៊ុង ហើយយកទៅគៀបដាក់ក្នុងថាសរយៈពេល៧ថ្ងៃ ទើប​យកទៅដាក់លើថ្នាលឱ្យលាស់​ស្លឹកបាន ៣ ទៅ៤ ស្លឹក បានយកទៅដាំក្នុងរោង។ ប្រសិនបើ​ប្រភេទ​ស្ពៃ​រយៈ​ពេល​១ខែ ​បាន​កាត់។ ហើយនៅក្នុងរោងបន្លែត្រូវមានម៉ូទ័របូមទឹក ២៤ ម៉ោង ​ដើម្បី​ទឹក​អាច​​ហូរជាប់។

និយាយបណ្តើរសើចបណ្តើរ លោកស្រី ផល្លី បន្តថា បន្លែលើទឹកដែលដាំហើយពុំមានបញ្ហាទីផ្សាទេ គឺស្ពៃ សាលាដ​ ខាត់ណាដើម និងស្លឹកខ្ទឹម ហើយពេលខ្លះ​ក៏ដាំឱ្យអ្នកទិញមិនទាន់ផងដែរ។

លោកស្រី ផល្លី បន្តថា៖ «ចំណូលអាចម៉ាទប់ទល់ជីវភាពគ្រួសារ បើយើងមានច្រើនចំណូលច្រើនដែរ»។

ចំណែកកញ្ញា យុទ្ធ សុផា កសិករដាំបន្លែលើទឹក មានទំហំប្រមាណ ១០៨ ម៉ែត្រការ៉េ នៅស្រុកកំចាយមារ ខេត្តត្បូងឃ្មុំ លើកឡើងថា មូលហេតុដែល​កញ្ញា​ជ្រើសរើសការដាំ​បន្លែលើទឹក ដោយសារ​ចំណេញ​ពេល​វេលា ការថែទាំងាយស្រួល ដោយគ្រាន់តែដាក់ទឹក ដាក់ជី វាសពេហាស (PH) អ៊ីស៊ិ (EZ) និងឧស្សាហ៍ទៅ​ពិនិត្យរាល់​​ព្រឹក។

កញ្ញាសុផា បន្តថា៖ «បន្លែងលើទឹកស្រាលជាងបន្លែលើដី ហើយរសជាតិស្រួយ ឆ្ងាញ់ អត់ល្វីងទេ ចំណែក​បន្លែងលើដីទន់ៗ ហើយល្វីង»។

កញ្ញាសុផាបន្តថា ការប្រមូលផលបន្លែលើទឹក មួយខែប្រមូលផលពីរដង ដោយសារការដាំឆ្លាស់ និងមាន៤​កន្លែង។ ពីរកន្លែងប្រមូលផលដើមខែ និងពីរកន្លែងទៀតប្រមូលពាក់កណ្តាលខែ ហើយការប្រមូលផល​ស្ពៃតឿម្តងបាន ៦០គីឡូ តម្លៃក្នុង ១ គីឡូ លក់បាន៥០០០រៀល។

កញ្ញាសុផា បញ្ជាក់ពីភាពខុសគ្នារវាងតម្លៃបន្លែលើទឹក និងបន្លែលើដីថា៖ «លើទឹកបាន១គីឡូ ៥០០០​រៀល ខាងលើដី ១គីឡូ ៤០០០រៀល»។

ខណៈ​ដែល​ទីផ្សារ​បន្លែ​លើទឹក​មិនមាន​​បញ្ហា​ទីផ្សារ ប៉ុន្តែ​កសិករ​មួយ​ចំនួន​ត្រូវ​មានបច្ចេកទេស​ក្នុងការ​ដាំ​ដើម្បី​ធានា​អំពី​ទិន្នផល។​

កញ្ញាសុផាបន្តថា ការដាំបន្លែលើទឹកមានច្រើនរបៀប តែកញ្ញាជ្រើសរើសយករបៀបដាក់ទុយពីខាងចុង​មក​ខាង​ដើម រួចទំលាក់មកក្រោម រួចឡើងលើវិញ។ បច្ចេកទេសនៃការដាំ ដំបូងត្រូវបណ្តុះកូន យក​ទៅ​ដាក់​នៅ​ក្នុង​អេប៊ុងរយៈពេល១២ ថ្ងៃ បន្ទាប់មកគៀបដាក់កន្ត្រក ហើយមុនពេលដាំត្រូវដាក់ជីអាប៊េ (ជីAB) ដែល​វាស់នឹងទឹក​សិន។

កញ្ញាសុផាបន្ថែមថា ការដាំបន្លែលើទឹកក៏មានជួបបញ្ហាដូចជា សត្វល្អិតតិចតួច ជំងឺផ្សិត ការថ្លឹកពេហាស (PH) អ៊ីស៊ី (EC)មិនស្នើគ្នា។ ជំងឺផ្សិតដោយសារអេប៉ុងដែលប្រើមិន​បានសម្អាតឱ្យល្អដែលអាចរលួយ​ពាក់​​កណ្តាលដើម។

កញ្ញាសុផា​ បន្ត​​ថា ចំពោះការដាំរបស់ខ្លួនពុំមានបញ្ហាទីផ្សារឡើយ ពលរដ្ឋ​ចូល​​​ចិត្ត​បន្លែលើទឹក ដោយ​សារ​បន្លែមិនប៉ះពាល់ដល់សុខភាព។ ប្រសិនការដាំ​បន្លែមានលក្ខណៈ​ទ្រង់ទ្រាយធំ គឺត្រូវធ្វើ​កិច្ចសន្យា​ និង​ការ​ដាំបន្លែឆ្លាស់ កុំដាំតែមួយមុខ។

ស្របពេល​ដែល​ការដាំបន្លែលើទឹក​ងាយ​ស្រួល​ដាំ និង​​ងាយ​រកទីផ្សារ​សម្រាប់​លក់ កញ្ញា​ យុទ្ធ សុផា ចង់​ឱ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត​ងាក​មក​ដាំ​បន្លែ​លើទឹក​ដែរ ដើម្បី​ជីវភាព ​និង​សុខភាព​បាន​ប្រសើរ។

កញ្ញា​និយាយ​ថា៖ «ចង់ឱ្យពួកគាត់​ដាំបែបហ្នឹង​ដែរ ដោយអី គឺអាចផ្គត់ផ្គង់ក្នុងគ្រួសារគាត់បាន ហើយ​អាច​ដាំប​ន្លែ​លក្ខណៈប្រភេទខុសគ្នាដូចជា ស្ពៃ ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ខាត់ណា អីច្រើនមុខបាន ហើយ​វា​អត់​មាន​សត្វ​ល្អិត ឬជំងឺទេ»៕