កាលពី​ឆ្នាំ២០១៨ កញ្ញា យ៉ែម បញ្ញា បាន​បង្កើត​បណ្ណាល័យ​តូចមួយ​​ដោយ​​មាន​ឈ្មោះថា​ បណ្ណាល័យ សួន បញ្ញា ដែល​​​​មានទីតាំងស្ថិត​នៅ​ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង​។

កំពុង​អង្គុយ​ក្នុង​បរិវេណ​បណ្ណាល័យ ស្ថាបនិក​​បណ្ណាល័យ​សួន​បញ្ញា វ័យ​៣៨​ឆ្នាំ​រូបនេះ និយាយ​ថា៖ «បណ្ណាល័យ​​សហគមន៍​ជាផ្នែក​មួយក្នុ​ងការ​ជួយ​ដល់​យុវជន​នៅ​ជនបទហ្នឹង គាត់​អាច​មាន​កម្លាំង​ក្នុង​ការរក​មធ្យោបាយ​ក្នុងការ​អាន [សៀវភៅ] បាន»។

បណ្ណាល័យ​សួនបញ្ញា​ត្រូវបាន​បង្កើត​ឡើង​ក្នុង​គោល​​បំណង​ចង់​ឱ្យ​ក្មេងៗ​ក្នុង​សហគមន៍​​​អាច​​រៀន​​បន្ថែម​​បន្ទាប់ពី​​ទំនេរពី​ការ​សិក្សា ដូចជាថ្ងៃចុងសប្តាហ៍ ហើយ​ក្មេងៗ​ដែល​មក​អាន​សៀវ​ភៅ​នៅ​ទី​នេះ​អាច​ខ្ចី​សៀវ​ភៅ​ទៅ​អាន​នៅ​ផ្ទះ​បាន​ដោយ​សេរី​។​

កញ្ញា យ៉ែម បញ្ញា បន្ថែម​ថា ​យុវជន​ក្នុង​សហគមន៍​របស់​កញ្ញា​​​តែង​​ខ្វះខាត​​បណ្ណាល័យ និង​​​សៀវភៅ​សម្រាប់​​​​អាន​ដើម្បី​​​បង្កើន​ចំណេះ។

កញ្ញាលើកឡើង​ថា៖ «បណ្ណាល័យ​នៅតាម​សាលាមិន​សូវជា​សម្បូរ ក៏នៅតាម​ជនបទមាន​តែសៀវភៅ​ទាក់ទងនឹង​កម្មវិធី​សិក្សា ចឹងយើង​ឃើញ​ថាមាន​ការខ្វះខាត​ទាក់ទង​នឹង​សៀវភៅ​ចំណេះដឹង​ទូទៅ[—] ដូច្នេះ​ជាផ្នែក​មួយក្នុងការ​ជួយយុវជន​នៅជនបទអាចរក​មធ្យោបាយ​ក្នុងការ​អានបាន»។

បណ្ណាល័យ សួន បញ្ញា ត្រូវ​បាន​បង្កើតឡើងក្នុង​ទីធ្លាផ្ទះរបស់ឪពុកម្តាយកញ្ញា​បញ្ញា​ផ្ទាល់ ដែល​ដំបូង​ឡើយគឺ​សាងសង់​​ឡើង​ដោយ​​ប្រើប្រាស់​ឈើ។ តែក្រោយ​មកកញ្ញា​បានស្វែង​រកធនធាន​គាំទ្រ​​រហូតដល់​បង្កើត​បានជា​កូនផ្ទះមួយដែល​សាងសង់​ដោយ​ថ្មដែល​មាន​សភាព​ប្រសើ​រជាងមុន​​​ និងអាច​ឱ្យអ្នកអាន​មានទីធ្លា​អង្គុយ​អានបាន​។​

កញ្ញា ធឿន សុភា​ ​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ​បាត់​ដំបង កំពុងអានសៀវភៅ​រឿងនិទាន​ឱ្យ​ក្មេងៗ​ក្នុង​ភូ​មិស្តាប់ ​ជាមួយ​​កាយ​វិការ​​យ៉ាង​រស់​រវើក​ធ្វើឱ្យ​ក្មេងៗ​ផ្ទុះ​សំណើច​​ម្តងៗ​ផង។

ជា​​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ​បាត់​ដំបង និងជា​អ្នក​ប្រើប្រាស់​បណ្ណាល័យ​នេះ​ផ្ទាល់​ផង​នោះ កញ្ញា​​លើកឡើង​ថា ការ​បង្កើត​បណ្ណាល័យ​នេះ​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​យុវជន​នៅ​ក្នុង​សហគមន៍ដោយ​រួម​បញ្ចូល​ជាមួយ​ចំណេះដឹង និង​ពេលវេលា​ជួប​ជុំគ្នា​ផងដែរ។

កញ្ញា​បន្ថែម​ថា៖ «ការ​បង្កើត​បណ្ណាល័យ​នៅក្នុង​សហគមន៍​នេះគឺ​ថា​ល្អ ព្រោះ​អាច​ឱ្យក្មេង​​បានអាន សម្រាប់​អ្នក​ដែល​មិន​សូវ​ចេះ​ ក៏អាចចេះ​បាន​ដែរ ​ព្រោះ​ថា​មាន​ការ​បង្រៀន​​​ មាន​យុវជន​នៅ​នឹង​ចឹង​ហើយ​ក្មេង​មក​មួយ​អាទិត្យ​ម្ដង​ចឹង​កាន់​តែ​ល្អ​ ព្រោះយើង​ជួយបង្រៀន​គាត់​បន្ថែម ហើយ​ខ្ញុំ​គិត​ថា​ជួយ​ឱ្យ​ក្មេង ជ្រាប​ពី​បណ្ណាល័យ​តាំង​ពី​តូចទៅ អាចជួយឱ្យ​ពួកគាត់​ចេះ​អាន ចេះ​សរសេរ​កាន់តែ​ទូលំ​ទូ​លាយ​»។

ការបង្កើតបណ្ណាល័យ​សហគមន៍នេះ​ឡើង​ គឺបានផ្តល់​ប្រយោជន៍ដល់​សហគមន៍ទាំងមូល​ ជាពិសេស​សិស្សា​នុសិស្ស​ដែល​មិនមាន​លទ្ធភាពក្នុងការទិញ​សៀវភៅ​ ហើយមិនមាន​ទីតាំងណាមួយ​ស្ងប់ស្ងាត់​ក្នុង​ការអាន​សៀវភៅ។

ចំណែក​កញ្ញា ប៉ិច លីដា អាយុ ២២ឆ្នាំ ជាអ្នកស្ម័គ្រចិត្តនៅបណ្ណាល័យសួន បញ្ញា និង​ជាអ្នក​ធ្លាប់​ប្រើប្រាស់​​បណ្ណាល័យ​នេះ​ផ្ទាល់​បាន​ប្រាប់ Newsroom  Cambodia ថា​ បណ្ណាល័យ​សហគមន៍នេះ បានផ្តល់​ឱកាស​ក្នុងការ​បង្កើន​ចំណេះដឹង និងអាច​អាន​សៀវភៅ​ដែលខ្លួន​មិនមាន​សមត្ថភាព​ក្នុងការ​ទិញ​មក​អាន​បាន។

ថ្វីត្បិតតែបណ្ណាល័យ​សហគមន៍នេះ​បង្កើតឡើង​សម្រាប់សាធារណៈ​ជន ជាពិសេស​ប្រជា​ជនក្នុង​សហគមន៍​​នេះផ្ទាល់​ក្តី តែប្រជាជន​ក្នុង​សហគមន៍នោះ​មិនសូវបានងាក​មកចាប់​អារម្មណ៍​ក្នុងការ​អានសៀវភៅទេ ដូច្នេះការខ្ចី​សៀវភៅ​ពីបណ្ណាល័យ​នេះគឺនៅមាន​កម្រិតទាប​នៅឡើយ។

កញ្ញា ប៉ិច លីដា ​បន្តថា​៖ «អ្នកដែលចង់ខ្ចីសៀវភៅ​អានអាច​មកខ្ចី​អាន​បាន តែមិន​សូវមានមនុស្ស​មកខ្ចីនោះ​ឡើយ។ បណ្ណាល័យ​សហគមន៍​ពិតជាសំខាន់​ណាស់ ព្រោះវាជួយ​ដល់​យុវជនទទួល​បាន​ចំណេះ​​ដឹ​ងជា​ច្រើន ពីការ​អានសៀវភៅ​ពីបណ្ណាល័យ​សហគមន៍​បន្ទាប់ពី​ការរៀន​នៅសាលា» ។

ការបង្កើត​បណ្ណាល័យ​គឺមិនមាន​ភាពងាយ​ស្រួលឡើយ ជាពិសេស​បណ្ណាល័យនៅតាម​សហគមន៍ ដែល​ទាមទារជាច្រើន​ផ្នែកដើម្បីឱ្យបណ្ណាល័យដែល​បង្កើតនោះអាច​ដំណើរការ​ទៅមុខបាន។

កញ្ញា យ៉ែម បញ្ញា ក៏បាន​រៀបរាប់ទាំង​រអាក់រអួលទាក់ទង​​នឹង​​ឧបសគ្គនៃ​ការ​បង្កើត​បណ្ណាល័យ​សួន បញ្ញា នេះឡើង​ថា៖ «ពាក់កណ្តាលឆ្នាំ ២០១៨ ខ្ញុំ​ចាប់ផ្តើម​សាងសង់​បណ្ណាល័យដោយ​ប្រើប្រាស់​ប្រាក់សន្សំ ហើយ​សម្ភារៈ​ជា​ឈើ​ពី​ម៉ាក់​ប៉ា រួមទាំងទី​ធ្លាផ្ទះ​របស់​គាត់»។

កញ្ញាបន្ថែម​ថា បញ្ហាថវិកា ធនធានមនុស្ស នៅតែ​ជា​បញ្ហា​ប្រឈម​ដែលបណ្ណាល័យ សួន បញ្ញា កំពុងជួបប្រទះ​ក្នុង​ពេល​បច្ចុប្បន្ន ​ដែល​ធ្វើ​ឱ្យ​ការរីកដុះដាលនៃ​បណ្ណាល័យនេះ​មានសភាពយឺត ហើយជាពិសេស​បណ្ណាល័យនេះ​ស្ថិតក្នុង​ការបិទដំណើរការតាំង​ពីការរីករាលដាល​ជំងឺ​​កូវីដ​១៩​មក​។

យ៉ាង​ណាមិញ បណ្ណាល័យ សួន បញ្ញា ក៏បាន​ទទួល​ការគាំទ្រ​ពីយុទ្ធនាការ​មួយ ដែល​មាន​ជំនួយ​ជាសៀវភៅ ការរក​នូវយុទ្ធសាស្រ្ត​ក្នុងការ​ធ្វើឱ្យបណ្ណាល័យ​នេះមាន​ការ​អភិវឌ្ឍ ក៏ដូចជាការ​ចូលរួម​ផ្សព្វផ្សាយ​អំពី​​បណ្ណាល័យ​នេះដែរ។

កាល​ពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ យុទ្ធនាការ «សៀវភៅមួយ សហគមន៍មួយ» បានរៀបចំ​ដំណើរ​ទស្សនៈ​កិច្ច​​ទៅកាន់​បណ្ណាល័យ សួន បញ្ញា ក្នុង​គោលបំណង​ជួយ​ឱ្យបណ្ណាល័យ​នេះ​អាចដំណើរ​ការឡើង​វិញ​ក្រោយ​ពេលបិទ​ខ្ទប់អំឡុង​ពេល​កូវីដ១៩។

យុទ្ធនាការ​នេះ បាន​ចូលរួម​ចំណែក​ជាច្រើន​ក្នុងការ​ធ្វើ​ឱ្យបណ្ណាល័យ​សហគមន៍​មានដំណើរការ​យ៉ាង​រលូន ហើយ​បានផ្តល់​ជាប្រយោជន៍​ជា​ច្រើន​សម្រាប់​សិស្សានុសិស្ស​ដែល​រស់​នៅ​ទីតាំងនោះ។

លោក សុខ ឡាក់ ​សហស្ថាបនិក​យុទ្ធនាការ ​សៀវភៅ​មួយ​ សហគមន៍​មួយ​បានប្រាប់​ Newsroom Cambodia ថា គោលដៅ​នៃ​យុទ្ធនាការ​នេះគឺ​ដើម្បី​ជួយបង្កើន​ទម្លាប់​ក្នុងការ​អាន និងមាន​បញ្ហា​គោល​ផ្សេង​ទៀត​​ដែលយុទ្ធនាការនេះ​ព្យាយាម​ដោះស្រាយដោយបូកបញ្ចូលជាមួយ​កម្មវិធី​​ជួយគាំទ្រ​ដល់​បណ្ណាល័យ​​សហគ​មន៍​តាមបណ្តា​ខេត្តក្រុង។

លោក​លើក​ឡើងថា៖ «គោល​ដៅដែល​ចង់ដោះ​ស្រាយ​នោះគឺ ទម្លាប់​ក្នុងការ​អាន ដែល​យើង​ព្យាយាម​ដោះស្រាយ​ហ្នឹងទាក់ទង​នឹង​យុវជន»។

លោកបាន​បន្ថែមថា ៖ «បញ្ហាមួយ​ទៀតដែល​កើតឡើងគឺ បញ្ញាជម្ងឺអូទីសឹម ដែលឪពុកម្តាយ​ដែលអត់​សូវមាន​ទម្លាប់ក្នុងការអាន​មានភាព​ធ្វេសប្រហែស ទុកឱ្យ​កូនគាត់​ទៅលេង​ទូរស័ព្ទ ដូច្នេះ​យុទ្ធនាការ​នេះមានគោល​ដៅចង់​បណ្តុះយុវជន​ដែល​មានកូន​ឱ្យបង្កើនទម្លាប់​ក្នុងការអាន​ដើម្បីដោះ​ស្រាយ​បញ្ហា​ទាំងអស់​ហ្នឹង»។

លោកក៏​បាន​សង្កេត​ឃើញពីសកម្មភាព និង​សក្តានុពល​របស់បណ្ណាល័យ សួន បញ្ហា ដែលបាន​អនុវត្ត​ជាច្រើនឆ្នាំ​មកហើយ តែ​បានអាក់ខាន​សកម្មភាព​អំឡុងពេល​កូវីដ ១៩ ហេតុ​ដូចនេះ​ទើបយុទ្ធនា​ការ សៀវភៅមួយ សហគមន៍មួយ បាន​មកដល់​ទីតាំងនៃ​បណ្ណាល័យនេះផ្ទាល់ក្នុងគោល​បំណង​ឱ្យ​បើក​ដំណើរការ​បណ្ណាល័យ​នេះឡើង​វិញ។

លោក សុខ ឡាក់ ក៏បាន​លើកឡើង​ពីមូលហេតុ​ដែលនាំ​ឱ្យមាន​យុទ្ធនាការ​នេះឡើង​ដែរថា៖ «យុវជន​យើង​​​មានបញ្ហា​ជាច្រើន បញ្ហា​ទាំងធនធាន​មនុស្ស បញ្ហា​ទាំងគុណភាព​ការងារ បញ្ហា​ទាំងការ​គិត បញ្ហា​ប្រឈម​នឹងការរក​ការងារ​ធ្វើ ការរៀនហ្នឹង ចឹងយើង​ចង់ចូលរួម​ចំណែកមួយតូច​ក្នុងការដោះស្រាយ​បញ្ហា​ទាំង​អស់នេះ»។

បណ្ណាល័យលក្ខណៈ​ជាសហគមន៍​មានសភាពតូច​ តែពោរពេញទៅ​ដោយសៀវភៅ​នៅផ្នែកខាងក្នុង ជា​ប្រភពនៃចំណេះ​ដឹង ដែល​សិស្សានុ​សិស្សអាច​ប្រើប្រាស់ជា​ផលប្រយោជន៍​ពី​បណ្ណាល័​យ​សហគមន៍​នោះ។

លោក សុខ ឡាក់ ក៏​បានគូស​បញ្ជាក់​ផងដែរថា៖ «បណ្ណាល័យ​សហគមន៍​បើកជា​សាធារណៈ ដូច្នេះអ្នកដែល​នៅជុំវិញ​ភូមិអាច​ទៅប្រើប្រាស់​សេវាកម្ម​បណ្ណាល័យ​ទាំងអស់​នឹង ដែលជា​លក្ខណៈ​ពិសេស​របស់​បណ្ណាល័យ​សហគមន៍»។

ក្នុងថ្ងៃ​ដដែល​នៃ​យុទ្ធនាការ សៀវភៅមួយ សហគមន៍មួយនេះ លោក​ ទឹម ម៉ានី អាយុ​​៧៨​ឆ្នាំ​ ជា​​អ្នក​និពន្ធសៀវភៅ ក៏បានអញ្ជើញ​មក​ចែករំលែកទាក់ទងនឹង​វិធីសាស្រ្ត​អានសៀវភៅចូលរួម​ប្រកួត​ប្រជែង​ការអាន។

លោក ទីម ម៉ានី បានលើក​ឡើងថា ការងាក​មកអានសៀវភៅ​គឺជាភារកិច្ច​របស់យុវជន​គ្រប់រូប ព្រោះ​ចំណេះដឹង​​គឺកើនឡើង​ក្រោយ​ពីការអាន ទោះបី​អានតិចក្តី​ច្រើនក្តី​ ក៏​ទទួលបាន​ផលវិជ្ជមាន ហើយ​កុំព្យាយាម​ខ្ជះខ្ជាយ​ពេល​វេលាលើ​ទូរស័ព្ទ​ច្រើន។

​លោកលើកឡើងថា៖ «​សំខាន់​ឱ្យ​សិស្សបាន​អាន​បាន​មើល​សៀវ​ភៅ​ មិន​មែន​លោក​គ្រូ​ហាម​ផ្ដាច់​មិន​ឱ្យ​លេង​ទូរសព្ទ​ កុំ​ព្យូ​ទ័រ​ទេ ​យើង​ចង់​​ឱ្យ​គាត់​ងាក​មក​អាន​សៀវ​ភៅ​វិញ​»។

លោក​បន្ថែមដែរថា យុវជនមួយចំនួនចាប់ផ្តើម​បាត់បង់​ការ​ប្រើប្រាស់​អក្សរសាស្រ្ត​ខ្មែរដែល​នាំគ្នា​ងាកទៅរក​ការប្រើប្រាស់​សំនៀង​អង់គ្លេស​ ដែលនាំ​ឱ្យប៉ះពាល់​ដល់វប្បធម៌​ជាតិ​ខ្មែរ។

លោក​បាននិយាយថា៖ «ព្រោះ​អ​ក្ស​សាស្រ្ត​ខ្មែរ​យើង​កំ​ពុង​តែ​លុត​ចុះ​បន្តិច​ម្ដងៗ​ដោយ​សារ​កូន​ខ្មែរ​មួយ​ចំនួន​គាត់​ចូល​ចិត្ត​ សរសេរ​អក្សរ​ខ្មែរ​ជា​ភាសារ​បរទេស​ អង់​គ្លេស ហើយ​ជា​សំ​នៀង​ខ្មែរ​ខុស ព្រោះ​អនា​គត​ទៅ​អាច​ខ្លាច​ដូច​ជា​ប្រទេស​មួយ​ចំ​នួន​ដែល​សម័យ​បារាំង​កាន់​កាប់​ ​គាត់​បន្ថែម​សក់​បន្ថែម​អី​ទៅ​ក្លាយ​ជា​របស់​បារាំង​​ ដូច្នេះ​យើង​ចង់​ឱ្យ​ខ្មែរ​សរសេរ​ខ្មែរ​ឱ្យ​ត្រូវ​នឹង​អ​ក្ខរា​វិរុទ្ធ​ដែល​មានវ​ចនា​នុ​ក្រម​ សម្ដេច ជួន ណាត​ លោកជា​ប្រធានបាទ​សុំ​អរ​គុណ​កូន»​​។​

ក្តី​ស្រមៃ​របស់​កញ្ញា យ៉ែម បញ្ញា បាន​ក្លាយជា​ការពិត ក្រោយ​ពីការ​ខិតខំ​របស់​កញ្ញា ដែលព្យាយាម​បង្កើត​បណ្ណាល័យ​នេះ​ឡើងសម្រាប់​សហគមន៍​របស់​កញ្ញាផ្ទាល់ ទោះបីជា​បណ្ណាល័យ​នេះ​បច្ចុប្បន្ន​មិនមាន​អ្នក​ឧបត្ថម្ភ​ច្រើនក្តី។​

កញ្ញា​ចង់ឃើញ​យុវជន​ជំនាន់​ក្រោយ​អាចបង្កើត​បណ្ណាល័យ​សហគមន៍​ ដែល​ជាចំណែក​មួយ​ធំជួយ​ដល់​សហគមន៍ខ្លួន ដែលជា​ចំណុច​ក្នុង​ការអភិវឌ្ឍ​ចំណេះ​ដឹងរបស់​យុវជន​គ្រប់រូប។

កញ្ញាបាន​និយាយថា៖ «ខ្ញុំចង់​ឱ្យមាន​អ្នក​បន្តវេន​ការងារ​ហ្នឹងបន្ថែម​ទៀត អត់ចង់​មាន​តែខ្ញុំ ដោយ​ធ្វើយ៉ាង​ណា​បណ្តុះយុវជន​ផ្សេងទៀត​អាច​យក​គំនិត​ហ្នឹងមិន​ថា​ក្នុងភូមិទេ​គឺអ្នក​ផ្សេងៗ​ទៀត»៕​