កំពុង​តម្រេត​ខ្លួន​សម្រាក​​លើ​អង្រឹង​ក្នុង​ផ្ទះឈើលើ​ថ្ម​ក្រោម​​នៅ​ក្បែរ​ស្ពាន​ជ្រោយ​ចង្វារ​​ លោក​ឈឿន​ ​ប៊ុន​ឆាន ដែល​មាន​អាយុ​៦៧​ឆ្នាំ ​គឺជា​ប្រជាពលរដ្ឋម្នាក់​ក្នុង​ចំណោម​៧​គ្រួសារ ​ដែល​កំពុង​​ទាមទារ​ឱ្យ​មានការ​ផ្តល់​សំណង​​​បន្ថែម​ពីការ​បណ្តេញ​ចេញ​ បន្ទាប់​ពីគ្រួសារ​​នៅ​តំបន់​នោះ​ប្រមាណជា​ជាង​៣០០ បានទទួល​យក​សំណង​ និង​រុះរើ​ចេញ។

​លោក ប៊ុន ឆាត គឺជា​អតីត​យុទ្ធ​ជន​​ដែលត្រូវ​​​ពិការ​ជើង​​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​ផង​នោះ​ ​ប្រាប់​ Newsroom ​Cambodia​ ​ថា ​លោក​នឹង​មិន​រុះ​រើ​ផ្ទះ​ចេញ​នោះ​​ទេ ប្រសិន​​បើ​អាជ្ញាធរ​មិន​ផ្ដល់​ដី​២ឡូតិ៍ ​និង​លុយ​២​ ទៅ៣​ពាន់​ដុល្លា​តាម​សំណើ​​។

លោក​និយាយ​ថា​៖ «បើ​ថា​បាន​២ឡូត៍ៗ​ទៅ​ចុះ​ឱ្យ​បាន​២ឡូតិ៍​អរ​ងាប់​ហើយ​ឱ្យ​ឯង​តែ​១​ឡូតិ៍​ទៀត​ហ្នឹង​បញ្ហា​លំបាក​គឺ​វា​អញ្ចឹង​។ហើយ​បើ​មិន​ឱ្យ​ខ្ញុំ​២​ ​៣​ឡូតិ៍​ ​ខ្ញុំ​មិន​ទៅ​ណា​ទេ​ ​ខ្ញុំ​នៅ​ហ្នឹង​ ​ដេក​ហ្នឹង​ ​ដេក​អង្រឹង​នៅ​ហ្នឹង​ ​មិន​ទៅ​ណា​ទេ​។​ មាន​ដី​ប៉ុណ្ណា​ណី ​​គ្រាន់​សុំ​២​ឡូតិ៍​ ​៣​ឡូតិ៍​មិន​ឱ្យ​ដែរ ​ហើយ​ខ្ញុំ​១២​នាក់​។​ ហើយ​ឱ្យ​ខ្ញុំ​១​ឡូតិ៍​ម៉ែត្រ​ឱ្យ​ទៅ​នៅ​ម៉េច​? ​មិន​១២​នាក់​ វា​លើស​ហ្នឹង​ទៀត​ វា​គិត​ឱ្យ​ល្អិតទៅ​វា​លើស ​កូន​ប្រសារ​៣​ ​កូន​បង្កើត​៥ ​ចៅ​៣»។

លោក ឈឿន ប៊ុនឆាន

កាលពី​ខែ​កញ្ញា ឆ្នាំ​២០២២ ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យសម្រេច​ផ្ដល់​ដី​ទំហំ​១២,៩៨​ហិកតា​នៅ​តាម​បណ្ដោយ​មាត់​ទន្លេ ស្ថិត​​ក្នុង​ភូមិ​ផ្សារ​តូច សង្កាត់​ទួលសង្កែ​១ និង​សង្កាត់​ឫស្សី​កែវ ​​​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ​ឈ្មោះ​ថា​ អ៊ែតវ៉ានស៍ ត្រាស់ (ខេមបូឌា) ឯ.ក​ (Advanced Trust (Cambodia) Co., Ltd)​។​

ប្រជាជន​សេស​សល់​៧​គ្រួសារ​នៅ​ដង​ទន្លេ​សាប​ក្នុង​ខណ្ឌ​ឫស្សី​កែវ​ ក្បែរ​ស្ពាន​ជ្រោយ​ចង្វារ​ក្នុងនោះគ្រួសារលោកឈឿន​ ​ប៊ុន​ឆាន ផងដែរនោះ កំពុង​ទាម​ទារ​សំណង​បន្ថែម​ជា​ថ្នូរ​នឹង​ការ​រុះ​រើ​ចេញ​ទៅ​កន្លែង​ថ្មី ​បន្ទាប់ពីអាជ្ញាធរ​អះអាងថា ប្រជាជន​ប្រមាណ​ជាង​៣០០​គ្រួសារ​ផ្សេង​ទៀត​បាន​ចាក​ចេញ​ទៅ​នៅ​ភូមិ​សំរោង ​ខណ្ឌ​ព្រែក​ព្នៅ​តាម​ការ​រៀប​ចំ​របស់​អាជ្ញាធរ​​។

លោក​ ឈឿន ប៊ុនឆាត បន្ត​ថា​ ​បញ្ហា​ដែល​លោក​បារម្ភ​ជាង​គេ​រាល់​ថ្ងៃ​ ​គឺ​​ការ​ដេញ​ចេញឱ្យ​​រុះ​រើ​ផ្ទះ​ទៅ​នៅ​តាំង​ទី​លំ​នៅ​ថ្មី​ និង​ការ​ផ្តល់​សំណង​មិន​សម​ស្រប​ទៅ​តាម​ការ​ស្នើ​សុំ​របស់​លោក​។

លោក​រៀប​រាប់​ទាំង​ទឹក​មុខ​មាំ ​និង​សំឡេង​ខ្លាំងៗ​ថា៖ «បើ​និយាយ​ពី​ការ​លំបាក​ ​លំបាក​ពេក​ហើយ ​ច្រើន​ពេក​ហើយ​។ ​បញ្ហា​គិត​ធំ​ជាង​គេ​ គឺ​អារឿង​រុះ​រើ​ផ្ទះ​ហ្នឹង​តែម្តង​​ ដេញ​ផ្ទះ​ហ្នឹង​តែម្តង​​។ ​មិន​ដឹង​ចេញ​ពី​ហ្នឹង​ ​ទៅ​នៅ​ហ្នឹង​ ដី​ណា ​អី​ណី​ គេ​ឱ្យ​កន្លែង​ណា​?​ ដី​ប៉ុណ្ណា​? ​លុយ​ប៉ុន្មាន​? ​អាហ្នឹង​លំបាក​ជាង​គេ​បញ្ហា​លំបាក​។ ​ថា​គេ​ឱ្យ​ប៉ុន្មាន​ម៉ែត្រ​? ​ប៉ុន្មាន​ម៉ែត្រ​? ប៉ុ​ន្មាន​លុយ​អ៊ីចឹង​ទៅ​ យើង​ដឹង​ស្រួល ​ដល់​មិន​ដឹង​មិន​ប្រាប់​ផង ​មិន​ដឹង​ជា​ម៉េច​»។

ផ្ទះរបស់លោក ឈឿន ប៊ុនឆាន

ស្រដៀង​នឹង​គ្រួសារ​របស់​លោក ​ឈឿន​ ប៊ុន​ឆាន​ ដែរ​ ​អ្នក​ស្រី ​ជា ​វណ្ណា​ ​ពលរដ្ឋ​នៃគ្រួសារ​មួយ​ក្នុង​ចំណោម​គ្រួសារ​ទាំង​៧​ដែល​មិនព្រមរើចេញ​ ក៏​​​បាន​ស្នើ​ទៅ​អាជ្ញាធរ​សុំ​​​សំណង​បន្ថែម ​ឬ​ដី​នៅ​វត្ត​ទួល​ដែល​នៅ​ជិត​ ឬ​ដី​៥​ឡូតិ៍​នៅ​ព្រែក​ព្នៅ ​ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ។

អ្នក​ស្រី វណ្ណា​ និយាយ​ដោយ​ទឹក​ភ្នែករលីងរលោង ​និង​អួល​ដើម​ក​ថា​៖ «មុន​ដំបូង​ខ្ញុំ​សុំ​គាត់​ជា​ថរិកា​៨​ម៉ឺន​ផ្ទះ​របស់​ខ្ញុំ ​គាត់​ថា​អត់​ឱ្យ​គាត់​ថា​អត់​មាន​។ ​ខ្ញុំ​ស្នើ​សុំ​គាត់​ ទី​១​ស្នើ​សុំ​លុយ​ ទី​២​សុំ​យក​ដី​វត្ត​ទួល​ ទី​៣​បើ​គាត់​ឱ្យ​ខ្ញុំ​នៅ​សំរោង​ខ្ញុំ​សុំ​យក​៥​ឡូតិ៍​ខ្ញុំ​និយាយ​ចឹង​។ ​តែ​ទី​១​ក៏​អត់​បាន​ ទី​២​ក៏​អត់​បាន​ មាន​តែទី​៣​ ទី៣គាត់​ឱ្យ​ខ្ញុំ​តែ​២​ឡូតិ៍​ម៉េច​កើត​ ​យើង​ឃើញ​ផ្ទះ​ស្រាប់​ហើយ​ ផ្ទះ​ប៉ុន្មាន​?​ គាត់​ឱ្យ​ខ្ញុំ​២​ឡូតិ៍​ ​ខ្ញុំ​ទទួល​យក​មិន​បាន​ទេ​។ ​ខ្ញុំ​មិន​មែន​ប្រឆាំង ​ឬ​ក៏​អត់​មាន​បញ្ហា​អី ​គ្រាន់​តែ​ខ្ញុំ​សុំ​សំណូម​ពរ​ឱ្យ​គាត់​ដោះ​ស្រាយ​តាម​សំណើ​របស់​ខ្ញុំ​ទៅ ​ខ្ញុំ​គ្រាន់​ថា​ប៉ុណ្ណឹង​»។

ស្ត្រី​មេ​ផ្ទះ​​វ័យ​ជាង​​៧០​ឆ្នាំ​រូប​នេះ​បន្ថែម​ថា អ្នកស្រី​បារម្ភថា​នៅ​ទី​តាំង​ថ្មី​ក្នុង​​ភូមិ​សំរោង​ពិបាក​រស់​នៅ​ដោយ​សារ​គ្មាន​​​អគ្គិសនី និង​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់គ្រាន់​។

អ្នក​ស្រី​និយាយ​​ថា​៖ «កាល​ពួក​ហ្នឹង ​[ពលរដ្ឋ​ដែល​បាន​រើ​ចេញ​]​ មិន​ទាន់​ទៅ​ច្រើន​ ប៉ុន្មាន​គ្រួសារ​មុន​គាត់​និយាយ​ថា​ទៅៗ​ គេ​សង់​ផ្ទះ​ឱ្យ​នៅ​ដល់​ពេល​យក​គ្នា​ទៅ ​សង់​ជា​ផ្ទះ​ដូច​ថា​បិទ​ស័ង្កសី​ជុំ​វិញ​អ៊ីចឹង​ទៅ​ដំបូល​បំាង​ស័ង្កសី ​ភ្លើង​មិន​ទាន់​ទឹក​មិន​ទាន់​មាន​ពេល​នុង​មុន​ដំបូង​»។

អ្នក​ស្រី​អះអាង​ថា ​អាជ្ញាធរ​​ដេញ​ប្រជាជន​ដែល​ជា​ម្ចាស់​ផ្ទះ​ដោយ​​​មិន​គោរព​សិទ្ធិ​របស់​​​ពួក​គាត់ ​និង​ដោយ​ប្រើ​អំពើ​ហិង្សា។​

អ្នក​ស្រី​លើក​ឡើង​ដោយ​សំឡេង​ខ្លាំងៗ​ថា​៖ «គេ​ចាប់​ផ្តើម​ដេញ​២​ទៅ​៣​ឆ្នាំ​គេ​គ្រាន់​តែ​ដេញ​មិន​ទាន់​ឱ្យ​រុះ​រើ​ខ្លាំង​ទើប​ឆ្នាំ​ទៅ​ដើម​ឆ្នាំ​ពេល​មុន​បោះ​ឆ្នោត​ហ្នឹង​គេ​សន្ទុះ​ខ្លាំង ​គេ​ដេញ​យើង​តាំង​ខែ​៣​ខែ​៤​។ ​មាន​បាតុ​កម្ម​ខែ​៣​ខែ​៤​ ចុះ​មក​ដល់​ទាញ​គ្នា​ទម្លាក់​ចុះ​គ្នា​ដេក​អត់​ដឹង​អី​ទៅ​ទាញ​ទម្លាក់​ផ្ទះ​គេ​ប៉ាត​ណា​ប៉ាត​ណី​ឡើង​ផ្អើល​គេ​ កាសែត​ចុះ​មក​ថត​ពេញ​ទឹក​ពេញ​ដី​»។

ចំណែក​អ្នក​ស្រី​ នី​ ជា​ប្រជាពល​រដ្ឋ​ម្នាក់​ទៀត​ដែល​ប្រកប​របរ​លក់​ដូរ​មុខ​ផ្ទះ​បាន​និយាយ​ថា ​អ្នក​ស្រី​មក​រស់​នៅ​ទី​នេះ​បាន​ជិត២០​ឆ្នាំ​ហើយ​ ខណៈស្វាមី​របស់អ្នកស្រី​រស់នៅ​បាន​៤០​ឆ្នាំ​​មក​​ហើយ​។ អ្នក​ស្រី​ថា​ អ្នកស្រី​បាន​ស្នើ​សុំ​ទៅ​ខណ្ឌ​សុំ​ទំហំ​ដី​ហ្នឹង​១​ឡូតិ៍​ដែល​នៅ​តំបន់​ជិត​នោះ​ ដោយសារ​មិន​អាច​ទៅ​នៅ​ឆ្ងាយ​បាន​​​។

អ្នក​ស្រី​និយាយ​ថា​៖ «បើ​ដូរ​ពី​ផ្ទះ​ខ្ញុំ​ទៅ​កន្លែង​ឆ្ងាយ​ខ្ញុំ​អត់​ទៅ​ទេ​។ ​ព្រោះ​ដោយ​សារ​ទី​១​ កូន​ខ្ញុំ​រៀន​ កូន​ខ្ញុំ​៣​នាក់​រៀន​ចិន​។ ​ចិន​គឺ​អត់​អាច​ទៅ​ដល់​ហ្នឹង​គឺ​អត់​មាន​ទេ ​អ៊ីចឹង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ ទី​២​ខ្ញុំ​អត់​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ដូច​គេ​ខ្ញុំ​មាន​តែ​ម៉ូតូ​អាកញ្ចាស់​មួយ​ធាក់​៣​ជើង​មិន​ទាន់​ឆេះផង​»។

អ្នកស្រី​និយាយ​បន្ថែម​ទាំង​កំពុង​លក់​ដូរ​បណ្តើរ​ថា​ មូល​ហេតុ​ផ្សេង​ទៀត​ដែល​គ្រួសារ​អ្នកស្រី​មិន​​ព្រម​រុះ​រើ​ទៅ​កន្លែង​ថ្មី​ គឺ​ដោយ​សារ​តែ​ឳពុក​ម្ដាយ​របស់អ្នកស្រី​​មាន​វ័យ​ចំណាស់​មិន​អាច​ទៅ​នៅ​ឆ្ងាយ​បាន​ទេ​ណា​មួយ​អ្នក​ស្រី​បារម្ភ​ពី​មុខ​របរ​នៅ​កន្លែង​ថ្មី​ផង​។

អ្នក​ស្រី​លើក​ឡើងថា​៖ «ពេល​ដែល​យើង​ចេញ​ទៅ​វា​អត់​មាន​មុខ​របរ​ ទៅ​ហ្នឹង​អត់​មាន​ដឹង​រក​ស៊ី​អី​បាន​ទេ ​នៅ​នេះ​ទៅ​គ្រាន់​មាន​មុខ​របរ​ខ្លះ​អ៊ីចឹង ​លក់​ដូរ​បាន​អ៊ីចឹង​ណា‍‍​»។

លោក​ ស៊ឹង​ សែន​ករុណា ​អ្នក​នាំ​ពាក្យ​សមាគម​អាដហុកអំពាវ​នាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គ្រួសារ​ដែល​សេស​សល់​ដោយ​ពិចារណា​លើ​ការ​ទាម​ទារ​របស់​ពួក​គេ​។

លោក​លើក​ឡើង​ថា​៖ «យើង​ទទូច​ឱ្យ​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ​ថា​តើ​ហេតុ​ផល​នៃ​ការ​ទាម​ទារ​របស់​ពួក​គាត់​ដែល​គាត់​ចង់​បាន​ហ្នឹង​តើ​អាច​សម្រប​សម្រួល​គ្នា ​និង​រក​ដំណោះ​ស្រាយ​ជូន​ពួក​គាត់​បាន​ឬ​យ៉ាង​ណា ​អ៊ីចឹង​យើង​ទទួច​ឱ្យ​មាន​ការ​ដោះ​ស្រាយ​ជូន​ពួក​គាត់​ឱ្យ​បាន​ឆាប់​រហ័ស ​ជា​ជាង​ចេះ​តែ​អូស​បន្លាយ​ពេល​វេលា​»។

លោក​ ប្រាជ្ញ​ សីហា ​អភិបាល​រង​ខណ្ឌ​ឫស្សី​កែវ​បាន​បដិសេធ​ការ​អធិប្បាយ​លំអិត​ដោយ​លោក​បាន​ប្រាប់​ដោយ​ខ្លី​ថា​ លោក​កំពុង​ដោះ​ស្រាយ​បញ្ហា​ដី​ជូន​ពលរដ្ឋ​។

លោក​​លើកឡើងថា​៖ «បញ្ហា​ហ្នឹង​យើង​កំពុង​តែ​បន្ត​ដោះ​ស្រាយ​ជា​មួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​​ហើយ​យើង​សង្ឃឹម​ថា​គាត់​នឹង​ឯក​ភាព​ជា​មួយ​គោលការណ៍​ដោះ​ស្រាយ​របស់​យើង​»។

ងាក​មក​​​លោក​ ឈឿន​ ប៊ុន​ឆាន​​​​ ដែល​កំពុង​អង្គុយ​​លើ​​អង្រឹងក្នុង​ផ្ទះ​និយាយ​​ថា ​លោក​នឹង​មិន​ ចាក​ចេញ​ទៅ​នៅ​កន្លែង​ថ្មី​នោះ​ទេ​ ប្រសិន​​បើ​ខាង​​អាជ្ញាធរខណ្ឌ​ឬស្សី​កែវ​​មិន​ផ្តល់​សំណង​សមរម្យ​ដល់​ក្រុម​គ្រួសារ​របស់​លោក​ទៅ​តាម​អ្វី​ដែល​បាន​ស្នើ​សុំ។

លោក​និយាយ​ថា​៖ «ខ្ញុំ​គ្រាន់​តែ​ថា​បើ​គេ​ដេញ​ខ្ញុំ​មិន​ប្រកែក​ទេ​គេ​ទៅ​ហើ​យ​ ប៉ុន្តែ​ថា​ដោះ​ស្រាយ​ឱ្យ​សមរម្យ​បើ​ខ្ញុំ​ទារ​ប៉ុណ្ណឹង​គិត​គូរ​គ្នា​ទៅ​ពិភាក្សា​គ្នា​ឱ្យ​តា​ប៉ុណ្ណឹង​ទៅ​ខ្ញុំ​មិន​ទាម​ទារ​ហួស​ហេតុ​ពេក​ណា​»៕