បាតុភូតអេលនីណូ (EI Nino) នឹង​បង្ក​ឱ្យអាកាសធាតុនៅ​កម្ពុជា​​​កើន​កម្ដៅ និង​ថយ​ចុះ​​បរិមាណ​​ទឹក​ភ្លៀង ដោយ​​មាន​​ភ្លៀងធ្លាក់​​កក់​​​ខែ​​តិច ភ្ជាប់​ជាមួយ​នឹង​មាន​ផ្គរ​រន្ទះ​ពី​​ខែ​មីនា ដល់​ខែ​ឧសភា ឆ្នាំ២០២៤​។​ នេះ​បើតាម​សេចក្តី​ជូនដំនឹង​របស់​ក្រសួង​ធនធាន​ទឹក​។

ក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម​ស្តីពីការព្យាករ​អាកាសធាតុ​លើកទី​២​សម្រាប់​រដូវ​ប្រាំង​ពីខែ​មីនា ដល់ដើមរដូវវស្សា​​​​ ខែឧសភា ឆ្នាំ​២០២៤​បញ្ជាក់ថា ធាតុភូត​សកល​ក្នុង​រយៈពេល​ពី​ខែមីនា ដល់ខែមេសា​ ឆ្នាំ២០២៤ នេះ​នឹង​មាន​អត្រា​បាតុភូតអែលនីណូ (EI Nino) ខ្ពស់​ជាង​​៧០% នៅ​បន្តមានឥទ្ធិពល​លើតំប​ន់​ជុំវិញ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ហើយចាប់ពី​ខែ​​ឧសភា​ ឆ្នាំ​២០២៤តទៅ បាតុភូតនេះ​នឹង​ថយ​ចុះមកត្រឹម​២០% ដោយ​ជំនួសមកវិញ​នូវស្ថានភាព​អព្យាក្រឹត (ENSO-Neutral)។

សេចក្តីជូនដំណឹង​ដដែល​បន្ត​​ថា សីតុណ្ហភាព​នៅ​ទូទាំង​ប្រទេស​​កម្ពុជា​នឹង​ឡើង​ខ្ពស់​ជាង​​មធ្យមភាគ​ច្រើនឆ្នាំ ដែល​ជាកត្តា​ដែល​ធ្វើ​ឱ្យ​អាកាសធាតុ​ក្តៅ ហើយស្ងួត។ ចំណែក​បរិមាណ​ទឹក​ភ្លៀង​​នឹង​ទាបជាង​មធ្យមភាគ​ច្រើនឆ្នាំ ហើយ​ភ្លៀង​កក់ខែ​​ធ្លាក់តិចតួច ដោយតិចជាង​ឆ្នាំ​២០២៣ ជាមួយគ្នា​នឹង​បាតុភូត​​​​​​ផ្គរ​រន្ទះ និង​ខ្យល់​កន្រ្តាក់កើតឡើងច្រើន។​

សេចក្តី​ជូន​ដំណឹង​នោះ​បន្ថែម​​​​ថា ​នៅ​ដើម​រដូវវស្សា​ ឆ្នាំ​២០២៤ សីតុណ្ហភាព​ស្មើ​ ឬខ្ពស់ជាង​មធ្យម​ភាគ​ជាច្រើន​ឆ្នាំ។ បរិមាណ​ទឹកភ្លៀង​នឹង​ទាបជាងមធ្យមភាគ​ច្រើន​ឆ្នាំ ហើយ​មិនសូវ​រាយប៉ាយ​ រួមជាមួយ​នឹង​​​​បាតុភូត​ផ្គរ​រន្ទះ។​

បើតាម​សេចក្តីជូនដំណឹង​ ក្រសួងធនធានទឹក និង​ឧតុនិយម​អំពាវនាវ​ឱ្យ​មានការ​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​ក្នុងកម្រិត​ខ្ពស់ ​​ជាពិសេស​​បណ្តា​ជនបទ​ដែល​ឆ្ងាយពីប្រភពទឹក និង​​​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ក្តៅ​ហើយ​ស្ងួត បាតុភូត​ផ្គររន្ទៈ និង​ខ្យល់​កន្រ្តាក់ ដែល​អាច​កើត​មាន​ក្នុង​ខែ​មេសា និង​ឧសភា ឆ្នាំ​២០២៤​នេះ៕​