រដ្ឋាភិបាលកម្ពុជា​​បាន​​ណែនាំ​អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង​មាន​​សមត្ថកិច្ច​ឱ្យ​បម្រើ​ពលរដ្ឋ​ប្រកប​ដោយ​​ទំនួល​ខុសត្រូវ ​និងដោះស្រាយ​បញ្ហា​នៅតាមមូលដ្ឋាន​​ឱ្យបាន​​ទាន់ពេលវេលា​។​

ក្នុង​សេចក្ដីណែនាំរបស់រដ្ឋាភិបាល​ស្ដីពី​ «ការពង្រឹង និង​លើក​កម្ពស់​ប្រសិទ្ធភាព​ក្នុង​ការបំពេញ​​ការងារ​​របស់ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន» ចេញ​កាលពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៤​ ឱ្យដឹងថា រាជធានី ខេត្ត​ ដែលមិនទាន់​រៀបចំក្រុមការងារ​ថ្នាក់មូលដ្ឋាន​ ត្រូវជំរុញ​ចាត់​តាំង​ឱ្យ​រួចរាល់​យ៉ាង​យូរ​ត្រឹម​ខែ​មីនា ឆ្នាំ២០២៤ និង​រាយការណ៍​អំពី​ការចាត់តាំង​មក​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្ដី​​នៅ​ដើម​ខែមេសា​។ ចំណែក​អភិបាលនៃគណៈអភិបាល​ជា​អនុប្រធាន​អចិន្រ្ដៃយ៍ក្រុមការងារ ត្រូវ​ពិនិត្យ​និងរៀបចំ​ឡើងវិញ​​ កែសម្រួលផ្លាស់ប្ដូរក្រុមការងារ ប្រជុំ ចុះបំពេញការងារតាមមូលដ្ឋាន ធ្វើរបាយការណ៍ ប្រមូលទិន្នន័យ​ និង​បំពេញការងារ​ផ្សេងៗទៀតតាមការស្នើសុំពីក្រុមការងារ​ ។

សេចក្ដីណែនាំ​នេះបញ្ជាក់ទៀតថា៖ «ក្រុមការងាររាជរដ្ឋាភិបាលចុះតាមមូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ខិតខំ​យកចិត្ត​ទុកដាក់​​ចុះ​តាមមូលដ្ឋាន​ដែលក្រុមការងារ​នីមួយៗ​ទទួល​ខុសត្រូវ ដើម្បី​សហការ​ផ្សព្វផ្សាយ​​ជំរុញ​ការ​អនុវត្ត​នូវកម្មវិធី​នយោបាយ យុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់​កាល​ទី១ កម្មវិធី​គោលនយោបាយ​ជាអាទិភាព​ទាំង​៦ និង​វិធានការ​ជាគន្លឹះ​របស់​រាជរដ្ឋាភិបាល​ ព្រមទាំង​ពង្រឹង​កិច្ច​សហការ​ជមរុញ​ការ​ដោះស្រាយ​ឆ្លើយ​តប​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យបាន​ទាន់ពេល​វេលា និង​មានប្រសិទ្ធភាព»។​

លោក ប៉ែន បូណា​​ រដ្ឋមន្រ្ដី​ប្រតិភូអម​នាយករដ្ឋមន្ដ្រី ​និង​ជា​ប្រធា​ន​​អង្គភាព​​អ្នកនាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​​​​បានប្រាប់​ញូវស៍រូមខេមបូឌា (Newsroom Cambodia)​ ថា​ រដ្ឋាភិបាល​កម្ពុជាតែងតែ​បង្កើត​ក្រុមការងារ​ចុះតាម​មូលដ្ឋាន​ដើម្បីបម្រើ​ និង​ដោះស្រាយ​ទុក្ខលំបាក និង​សំណូមពរ​របស់ពលរដ្ឋ​។ ​

លោក​បានថ្លែងថា៖ «សមាជិក​រាជរដ្ឋាភិបាល​ទាំងអស់​តាំង​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ​ ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​ដោះស្រាយសំណូមពរ ទុក្ខលំបាកប្រជាពលរដ្ឋ»។

លោកបន្ថែម​ថា៖ «​ឥឡូវនេះទោះ​បី​ជា​រដ្ឋាភិបាល​យើង​មាន​អ្នក​បន្ដវេន​ថ្មី ប៉ុន្ដែ​គោលការណ៍​ចុះ​ជាប់​បម្រើ​ប្រជាពលរដ្ឋ​នៅតា​មមូលដ្ឋាន​ហ្នឹងនៅតែ​គោរព ហើយ​និ​ងជំរុញ​បង្កើន​ល្បឿន​ជានិច្ច​ ដើម្បី​ធ្វើ​យ៉ាងម៉េច​បម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរពីមួយអាណត្តិទៅមួយអាណតិ្ត»។

លោក មាស នី អ្នកសិក្សា​ពីការ​វិវត្ត​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​​​ប្រាប់​ញូវស៍រូម​ខេមបូឌា ថា ​ការ​ណែនាំ​​អាជ្ញាធរ​​​មូលដ្ឋាន​​​ពង្រឹង​ការ​​​​បម្រើ​ប្រជាពលរដ្ឋ គឺ​ដើម្បី​ជា​ការលើក​ស្ទួយ​ប្រជាប្រិយ​ភាព​របស់រដ្ឋាភិបាល។​​ លោក​បន្ត​ថា តាមរយៈលទ្ធផលការបោះឆ្នោតកាលពីឆ្នាំ ២០១៣​-២០១​៧ បញ្ហានៃ​ការធ្លាក់ចុះប្រជា​ប្រិយ​ភាព​​របស់រដ្ឋាភិបាល គឺ​មាន​មួយផ្នែក​បណ្តាល​មកពីភាព​​អសកម្ម​របស់​មន្រ្ដីដែលបម្រើការជួររដ្ឋាភិបាលដែលធ្វើការឱ្យគណបក្ស។

លោកបន្ដថា៖ «ពីដើមមក​យើង​ឃើញ​មាន​ការបង្កើត​ក្រុម​ការងារ​ច្រើន​ណាស់ ប៉ុន្ដែ​ទី​បំផុត​វា​នៅ​តែ​អត់​ដើរ​ឱ្យមា​ននិ​រន្ដភាព។ មួយប្រាវទៅបាត់ទៅ ឬក៏មិនមានប្រសិទ្ធភាពតែម្ដង»។

លោកបន្ថែម​ថា ប្រសិនបើយន្តការនេះបង្កើតឱ្យមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ​ដោយ​ឱ្យ​មន្ដ្រីរាជការបំពេញកាតព្វដោយឯករាជ្យ ហើយ​រដ្ឋាភិបាលទទួលបានព័ត៌មានពិត នោះ​​នឹង​មាន​ប្រសិទ្ធភាព៕