បញ្ហាកកស្ទះចរាចរណ៍ បានធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និង​សង្គម​។ ហើយការកកស្ទះ​ចរាចរណ៍​ក៏​បានបំពុល​បរិស្ថាន និង​ធ្វើ​ឱ្យប៉ះពាល់ដល់​ផ្លូវចិត្ត​របស់​អ្នកធ្វើដំណើរ​ផង​ដែរ។ ការកកស្ទះចរាចរណ៍ក៏បង្កឲ្យមានការជិះបំពានភ្លើងស្តុប ការជិះមិនគោរពសិទ្ធិគ្នា ខុសច្បាប់ចរាចរណ៍ បង្កឲ្យកើតមានជម្លោះជាដើម។

យោងតាមរបាយការណ៍មួយចេញផ្សាយដោយ មន្រ្តីស្រាវជ្រាវនៃនាយកដ្ឋានភូមិវិទ្យា និង​នគរូបនីយកម្ម​នៃ​វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានឲ្យដឹងថា ប្រមាណ​ជាង​មួយ​ទសវត្ស​ចុងក្រោយ​មកនេះ ការធ្វើដំណើរទៅមកក្នុងទិសដៅផ្សេងៗ ក្នុងរាជធានី​​ភ្នំពេញ តែងតែ​កើត​មាន​ការកក​​ស្ទះ​ស្ទើរ​រាល់​ថ្ងៃ ជាពិសេស​ក្នុងម៉ោងមមាញឹក ពេលព្រឹក​ចន្លោះ​ម៉ោង៦:៣០ ដល់៨:៣០​នាទី​ព្រឹក ពេលល្ងាចចន្លោះ​ម៉ោង​ ៥:៣០ ដល់ ៨:៣០ល្ងាច។

Newsroom Cambodia បានសម្ភាសន៍ពលរដ្ឋ និងនិស្សិតចំនួន​៧នាក់ អំពី​ការ​យល់ឃើញ​​របស់ពួក​គេទាក់ទងនឹងបញ្ហាកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន៖

យុវតី ដូ នីហ្សា អាយុ ១៦ឆ្នាំ រៀននៅវិទ្យាល័យច្បារអំពៅលើកឡើងថា ការកកស្ទះចរាចរណ៍ធ្វើឱ្យគាត់ទៅរៀនយឺត និងត្រូវបានគ្រូស្ដីបន្ទោស។

យុវតីបានថ្លែងថា៖ «ពេលដែរខ្ញុំជិះទៅរៀន ពេលដែលមានការស្ទះផ្លូវ អ៊ីចឹងទៅខ្ញុំទៅរៀនយឺត ហើយត្រូវគ្រូស្ដីឱ្យ ត្រូវគ្រូឱ្យឈរ អ៊ីចឹងទេគ្រូឱ្យចេញ​ពី​ថ្នាក់​ដោយសារខ្ញុំមកយឺត»​។

យុវតី ដូ នីហ្សា រៀននៅវិទ្យាល័យច្បារអំពៅ។ (រូបថត៖ ណឺ មិនា)

លោក សន ណារ៉ូ អាយុ២៣ឆ្នាំ អ្នកធ្វើទីផ្សារ នៅឃុំរកាកោះ បានលើកឡើងថា បញ្ហា​កក​ស្ទះនេះ​បាន​ធ្វើ​ឱ្យ​លោក​ខកខាន​ការប្រជុំ។

លោកបានថ្លែងថា៖ «បញ្ហាកកស្ទះចរាចរណ៍បង្កផលលំបាកដូចជា ទីមួយយើងត្រូវធ្វើដំណើរទៅធ្វើការ ឬក៏ទៅកន្លែងណាមួយអ៊ីចឹងមានការស្ទះខក មានកិច្ចប្រជុំអ៊ីចឹងទៅ យើង​ទៅ​ធ្វើឱ្យយឺត​ម៉ោងយើងប្រជុំ»។

លោក សន ណារ៉ូ អ្នកធ្វើទីផ្សារ។ (រូបភាព៖ ជា ម៉ារ៉ា)

កញ្ញា មួយឃៀង  អាយុ២៣ឆ្នាំ ជានិស្សិតរៀននៅវិទ្យាស្ថានវ៉ាន់ដា បានលើកឡើងថា ពេលកកស្ទះម្ដងៗ មានអ្នកស៊ីផ្លេឱ្យកញ្ញាទៅទាំងដែលភ្លើងស្តុបនៅក្រហមនៅឡើយ។

កញ្ញាបានថ្លែងថា៖ «យើងអ្នកនៅខាងមុខ ពេលដែលភ្លើងស្តុបក្រហមយើងត្រូវឈប់ទាំងអស់គ្នា ហើយ​ដល់ពេលដែលភ្លើង​មិនទាន់បានលោតពណ៌ខៀវ​ផង គាត់​ចាប់ផ្ដើមស៊ី​ផ្លេ​ឱ្យយើងជ្រុលទៅខាងមុខ ឱ្យយើងទៅឱ្យលឿន​ទៅ​»។

កញ្ញា មួយឃៀង និស្សិតរៀននៅវិទ្យាស្ថានវ៉ាន់ដា

កញ្ញា​ ឈួន សុមេតា​ អាយុ២៣ឆ្នាំ បច្ចុប្បន្ន​រស់នៅសង្កាត់ទួលពង្រ ជានិស្សិត​រៀន​នៅ​សាកល​វិទ្យាល័យ​ន័រតុន ឆ្នាំទី២ បានលើកឡើងថា ពីផ្ទះ​ទៅសាលាឆ្ងាយខ្លាំង បើសិន​ជា​កកស្ទះចរាចរណ៍​ទៀត​ធ្វើឱ្យ​​យឺត​ម៉ោង​សិក្សា ហើយថែមទាំងក្តៅទៀតផង។

កញ្ញាបន្ថែមថា៖ «មុនទៅសាលា​ត្រូវប្រើរយៈពេលមួយម៉ោងដើម្បីទៅដល់ ​ខាតពេលត្រង់ថា​ត្រូវ​ការរៀបចំ​អី​មុន​ទុក​យូរ​ ខាតទាំងពេលយើងធ្វើដំណើរ ម៉ោងត្រូវចំណាយពេលយូរខ្លាំងដល់ថ្នាក់មួយម៉ោង។​ បើសិន​ជា​អត់ស្ទះវិញ ប្រើរយៈពេលតែកន្លះម៉ោងគឺធម្មតា​ តែបើស្ទះពេលថ្ងៃអាចក្តៅ​ ពេលព្រឹកក៏ក្តៅដែរ ដោយសារម៉ាស៊ីន ឡាន ម៉ូតូ»។

កញ្ញា កែវ ពីប៉េះ គ្រូបង្រៀនតាមផ្ទះ​បានលើកឡើងថា៖ «ពេលកកស្ទះគឺខាតពេលវេលា ទាក់ទង​នឹង​ហានិភ័យ​​ផ្សេងៗ​​ដែល​យើងមើល​មិនឃើញ​ ហើយមួយទៀតគឺក្តៅ​»។

កញ្ញា ទឹម សុផង់​ អាយុ​២៤​ឆ្នាំ​ សព្វថ្ងៃ​ជា​គ្រូបង្រៀន​នៅ​សាលាឯកជន​មួយ និង​កំពុង​រៀន​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្តបានឲ្យដឹងថា កញ្ញា​បាន​ជួប​បញ្ហាការ​កកស្ទះចរាចរណ៍​ដែល​បង្ក​ផល​លំបាក​ទៅ​លើ​អា​រម្មណ៍គាត់ជាខ្លាំង។

កញ្ញាបានថ្លែងថា៖ «សម្រាប់ខ្ញុំផ្ទាល់ពេលដែលស្ទះចរាចរណ៍ធ្វើឲ្យខ្ញុំមានអារម្មណ៍រាងស្ត្រេស អត់សូវ​សប្បាយ​ចិត្ត យើងត្រូវរង់ចាំពេលវេលាយូរ។ ណាមួយទៀតពេលដែលយើងទៅសាលារៀន យើង​ទៅ​រៀន​អត់​ទាន់​ពេលនៅពេលដែលស្ទះចរាចរណ៍ ហើយពាក់ព័ន្ធនឹងសុខភាពយើងដែរ ពេល​ស្ទះអ៊ីចឹង​ធ្វើ​ឱ្យ​យើង​ស្រូប​ផ្សែង​ពីឡានផ្សេងៗ ហើយបើ​មាន​អ្នក​ជំងឺ​តាមឡាន​ពេទ្យ​គឺ​គាត់​ពិបាក​ក្នុង​ការ​ទៅ​មន្ទីរពេទ្យ​បាន​លឿន​»។

កញ្ញា ទឹម សុផង់ គ្រូបង្រៀន​នៅ​សាលាឯកជន​។ (រូបភាព៖ សៀក រ៉ាមេឃ)

កញ្ញា ផែវ​ យឿន​ អាយុ​២៤​ឆ្នាំ ​ជា​និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានលើកឡើងថា នៅ​ពេល​ដែល​គាត់​ចង់​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណាមួយគឺត្រូវចំណាយពេលវេលាច្រើន។

កញ្ញាថ្លែងថា៖ «ពេលយើងចង់ទៅកន្លែងណាអ៊ីចឹងដែលចំណាយពេលតែ១៥​នាទី​​ ​​គឺបាន​ធ្វើ​ឱ្យ​ស្ទះ​រហូត​ទៅ​ដល់​មួយ​ម៉ោងហើយបានធ្វើឱ្យយើងពិបាក»៕

កញ្ញា ផែវ​ យឿន​ ​និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ (រូបភាព៖ សៀក រ៉ាមេឃ)