យុវជន ​គឺ​ជា​​កម្លាំង​​ចលករក្នុង​ការ​អភិវឌ្ឍ​ជាតិ ដូចនេះ​​យុវជន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការដឹង​ឮ​នូវ​រឿងរ៉ាវ ហេតុការណ៍ ព្រឹត្តិការណ៍ដែល​កើត​មាន​ក្នុង​សង្គម ដើម្បី​​​យ​ល់​ដឹ​ង​ពី​ចំណុចល្អ និងចំណុចខ្វះខាតរបស់សង្គម យុវជន​អាច​ទទួល​បាន​ដំណឹង​ទាំងនោះ​តាមរយៈ​ការអាន និងស្ដាប់ព័ត៌មាន។ ហើយ​បច្ចុប្បន្ន​ព័ត៌មាន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាច្រើន​ទម្រង់​ដូចជា កាសែត ទស្សនាវត្ដី វិទ្យុ ទូរទស្សន៍ និងបណ្ដាញសង្គមនានា ដែលផ្ដល់លក្ខណៈ ងាយស្រួ​​ល និងរហ័សជាងមុន។

កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ Newsroom Cambodia បានសម្ភាសនិស្សិតចំនួន៦នាក់ មកពី​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ ​​អំពី​​ទស្សនៈរបស់ពួក​គេ​​លើការអានព័ត៌មាន៖​

កញ្ញា សុភាព ហារីណា ជានិសិ្សត​ឆ្នាំទី៤​នៅ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​​បាន​លើក​ឡើង​ថា​ បច្ចុប្បន្នយុវជនមិនសូវមើលព័ត៌មាននោះទេ ដោយ​ពួកគាត់​និយម​​មើល​មាតិកា​បែប​កម្សាន្ត​ច្រើនជាង។

កញ្ញាបាននិយាយថា៖ «សម្រាប់បង បងគិតថា​យុវជន​នៅ​ប្រទេស​កម្ពុជា​យើង​អត់​សូវ​សកម្ម​ជាមួយ​នឹង​ការអាន ឬមើ​លព័ត៌មានប៉ុន្មានទេ តាមអ្វីដែលបង​ឮពួកគាត់ អាហ្នឹង​ជា​គំនិត​របស់​បង។​ បង​គិត​ថាពួកគាត់ចូលចិត្តបែបកម្សាន្តបែបអីដែលសប្បាយៗច្រើន ហើយ​ចំណែកមើលព័ត៌មានដែលទាក់ទងជាមួយសកម្មភាពសង្គមគាត់ក៏អត់សូវមើលខ្លាំងទេ»។

កញ្ញា សុភាព ហារីណា សិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (រូបភាព៖ តាំង ប៉ហ្គិច)

កញ្ញា ហារីណា បន្ថែម​ថា ​ការអាន​ព័ត៌មាន​ផ្ដល់​នូវ​គំនិត​ថ្មីៗ​ក្នុង​ការជជែក​គ្នា និង​អាច​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម។

កញ្ញាបន្ថែម​ថា៖ «ការអានព័ត៌មាន​ហ្នឹង​វា​ក៏​ល្អ​ដែរ នៅ​ពេល​ដែល​យើង​និយាយ​គ្នា​យើង​អាច​ផ្លាស់​ប្ដូរ​គំនិត​ផ្សេងៗ ហើយ​វា​ជួយ​ដល់​ការបញ្ចេញមតិ​របស់​ពួកយើង​អាច​ជា​យុវជន​អី​អាច​ជួយ​ដល់​សង្គម​ដែរ អាចដោះស្រាយបញ្ហាអីផ្សេងៗ​ អីចឹងបងគិតថាវាល្អ»។

កញ្ញា ស្រីភួង អាយុ២០ឆ្នាំ សិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ នៅវិទ្យាស្ថាន​គោល​នយោបាយ​​​សាធារណៈ​បានលើកឡើង​ថា កញ្ញាត្រូវ​តាម​ដាន​ព័ត៌មាន​រាល់ថ្ងៃ​ដើម្បី​សង្ខេប​ឱ្យ​គ្រូ ហើយ​កញ្ញាសង្កេតឃើញថាបច្ចុប្បន្នយុវជនមិនសូវខ្វល់ខ្វាយរឿងសេដ្ឋកិច្ច នយោបាយ ក្នុងនិងក្រៅប្រទេសនោះទេ។

កញ្ញា ស្រីភួង និស្សិតទំនាក់ទំនងអន្តរជាតិ (រូបភាព៖ តាំង ប៉ហ្គិច)

កញ្ញាបានបញ្ជាក់ថា៖ «បើតាមគំនិតរបស់ខ្ញុំ សម្រាប់ខ្ញុំ​ជាសិស្សIR (ទំនាក់ទំនងអន្តរជាតិ) អីចឹង គឺខ្ញុំត្រូវតាមដានព័ត៌មានជារៀងរាល់ថ្ងៃដើម្បី summery (សង្ខេប) ឱ្យគ្រូអីចឹងទៅ ហើយសម្រាប់ការយល់ដឹងរបស់ខ្ញុំលើយុវជនក្នុងសង្គមឥឡូវនឹងគឺភាគច្រើនគាត់អត់សូវរវីរវល់ ជាមួយ រឿង នយោបាយ ឬ ក៏រឿង economic (សេដ្ឋកិច្ច) ឬ​ក៏​រឿង​អ្វីៗ​ដែល​នៅ​ក្នុង​ប្រទេស ឬ​ក៏​ក្រៅប្រទេស​នោះ​ទេ អីចឹង​អាច​និយាយ​បាន​ថា ពួកគាត់​អាច​នៅ​មាន​កម្រិត​នៅឡើយ​ក្នុង​ការតាមដានព័ត៌មាន»។

ព្រះអង្គ ជឹម ឆៃលន់ ជានិសិ្សត​ឆ្នាំទីមួយ​នៅ​ដេប៉ាតឺម៉ង់​ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានសង្ឃដីកាថា យុវជនមិនសូវយល់ពីតម្លៃ និងតាមដានព័ត៌មាននោះទេ ដោយឡែកពួកគេ​ចាប់អារម្មណ៍លើរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃជាង។

ព្រះអង្គមានសង្ឃដីកាថា៖ «អាត្មាយល់ឃើញថា ភាគតិចដែលគាត់មានគំនិតក្នុងការតាមដានព័ត៌មាន គាត់ដូចជាមិនយល់តម្លៃអំពីសារព័ត៌មានយ៉ាងម៉េចទេ ភាគច្រើនគាត់បែរជាចាប់អារម្មណ៍រឿងផ្ទាល់ខ្លួនរបស់អ្នកដទៃវិញ។ ឧទាហរណ៍ថានរណាម្នាក់ឈ្លោះគ្នានៅក្នុងបណ្ដាញសង្គមអីចឹងទៅ គាត់បែជាទៅតាមដានរឿងអីចឹងវិញគាត់មិនសូវជាចាប់អារម្មណ៍ទៅលើស្ថានភាពសារព័ត៌មាន»។

ព្រះអង្គ ជិន ឆៃលន់ សិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (រូបភាព៖ តាំង ប៉ហ្គិច)

ព្រះអង្គបន្តថា៖ «ការអានព័ត៌មាន វាពិតជាមានប្រយោជន៍ ព្រោះថាសង្គមមួយអាចរីកចម្រើនទៅបានគឺចាំបាច់ណាស់​យុវជនគឺត្រូវតែមានព័ត៌មាននៅក្នុងដៃ អាចយល់ដឹងពីស្ថានភាពស្រុកទេសថាការអភិវឌ្ឍនឹងវាបែបម៉េច ហើយតើមានស្ថានភាពបែបម៉េច មានការរីកចម្រើនបែបម៉េច មានការខ្វះខាតបែបម៉េច រឿងទាំងអស់នឹងគឺស្ថិតនៅក្នុងព័ត៌មាន អីចឹងយុវជនចាំបាច់ណាស់នៅក្នុងការអានព័ត៌មាន ត្រូវការដឹងអំពីស្ថានភាពនៃការអភិវឌ្ឍស្រុកទេស។»

កញ្ញា សឿន ស្រីនិច ជានិស្សិតអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា កញ្ញាមិនសូវចូលចិត្តអានព័ត៌មាននោះទេ ដោយសារព័ត៌មានមួយចំនួនមិនពិត ហើយមានប្រភពមិនច្បាស់លាស់។

កញ្ញាបញ្ជាក់ថា៖ «តាមជាក់ស្ដែងចំពោះខ្ញុំផ្ទាល់ ការអានព័ត៌មាននឹងខ្ញុំអត់សូវចាប់អារម្មណ៍ក្នុងការអានព័ត៌មានប៉ុន្មានទេ ដោយសារតែពេលខ្លះប្រភពព័ត៌មានវាអត់ច្បាស់ហើយពេលខ្លះនិយាយអត់សូវពិតអីចឹងទៅវាធ្វើឱ្យខ្ញុំអត់សូវចង់អាន តែសម្រាប់បេក្ខជនដទៃខ្ញុំអត់ច្បាស់ថាគាត់ចូលចិត្តអានឬក៏អត់ចូលចិត្តអានដូចខ្ញុំអីចឹងដែរទេ តែសម្រាប់ខ្ញុំ ខ្ញុំអត់សូវចូលចិត្តអានប៉ុន្មានទេ។»

កញ្ញា សឿន ស្រីនិច និស្សិតអក្សរសាស្រ្តខ្មែរ (រូបភាព៖ តាំង ប៉ហ្គិច)

លោក ភាន់ ភ័ក្រណា អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការអានព័ត៌មានអាចឱ្យយើងជួយដោះស្រាយបញ្ហាក្នុងសង្គម លុបបំបាត់អំពើពុករលួយ និងស្វែងរកយុត្តិធម៌ជូនប្រជាជន។

លោកបានបន្តថា៖ «ដូចជាក់ស្ដែងទូទៅអីចឹងនៅពេលដែលមានបញ្ហាណាមួយ ក្នុងនាមយើងជាយុវជនអីចឹងយើងគួរតែព្យាយាមជួយដោះស្រាយទៅលើពួកគាត់។ កាលណាយើងចេះជួយគ្នាទៅវិញទៅមកអីចឹងភាពដែលអយុត្តិធម៌មិនអាចកើតមានទៀតទេ ហើយធ្វើឱ្យសង្គមយើងលែងមានអំពើពុករលួយ កាលណាយុវជនដឹងច្បាស់ពីព័ត៌មានច្បាស់លាស់ប្រទេសយើងកាន់តែរីកចម្រើនថែមទៀត»។​

លោក ភាន់ ភ័ក្រណា និសិ្សតគណិតវិទ្យា (រូបភាព៖ តាំង ប៉ហ្គិច)

លោក ឡេវ ពិសិដ្ឋ អាយុ១៨ឆ្នាំ ជានិស្សិតផ្នែកគីមីវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការអានព័ត៌មានមានសារៈសំខាន់ព្រោះព្រឹត្តិការណ៍ផ្សេងៗតែងតែអាប់ដេតតាមរយៈព័ត៌មាន។

លោក ឡេវ ពិសិដ្ឋ និស្សិតគីមីវិទ្យា (រូបភាព៖ តាំង ប៉ហ្គិច)

លោកបានបន្ថែមថា៖ «ជាការពិតណាស់ ការអានព័ត៌មានគឺវាមានសារៈសំខាន់ណាស់ ព្រោះអីជាធម្មតានៅក្នុងសង្គមមួយវាតែងតែមានការផ្លាស់ប្ដូរនូវបរិបទសង្គមផ្សេងៗ ក៏ដូចជាស្ថានការណ៍អីចឹងទៅទាំងអស់នឹងគឺគេតែងតែអាប់ដេតទៅតាមព័ត៌មានដែលបង្ហោះនៅតាមឧទាហរណ៍ថាទស្សនាវត្ដី កាសែត ប្រព័ន្ធ social media(បណ្ដាញសង្គម) ជាដើម»៕