ការបណ្តុះបណ្តាល​ ឬសិក្ខាសាលា​​ផ្សេងៗ​រយៈពេលខ្លី ដែល​រៀបចំ​​​ដោយ​អង្គការ​សង្គមស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ តែង​ធ្វើ​ឡើង​​ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាព​ជំនាញ​សម្រាប់​យុវជន​បន្ថែមក្រៅពីការសិក្សា​​នៅ​សាលា​របស់​ពួកគេ​។ បច្ចុប្បន្ន​គេសង្កេតឃើញថា យុវជន​ដែល​បាន​ចូលរួម​រៀន​ក្រៅ​ប្រព័ន្ធ​បន្ថែម​ពី​ជំនាញ​ដែល​គាត់​រៀន​នៅ​សាលា ពួកគេមានការច្នៃប្រឌិត គិតទូលាយ យល់ពី​ស្ថានភាព​ជាក់ស្តែង​នៃ​សង្គម និង​មាន​​គំនិត​វិភាគ​ដោះស្រាយ​បញ្ហា​សង្គម​។

កាលពីថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៤ Newsroom Cambodia បានសម្ភាសន៍​ក្រុមយុវជន និង​និស្សិត​ចំនួន៦​នាក់​មក​ពី​សាកល​វិទ្យាល័យ​ផ្សេងៗ​គ្នា អំពី​ការយល់​ឃើញ​របស់​ពួកគេ​ទាក់ទង​នឹង​ការ​ចូលរួម​សិក្ខាសាលា ឬ​ការបណ្តុះបណ្តាល​វគ្គខ្លី៖

កញ្ញា នៃ សៀកម៉ី អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​លើក​ថា ការចូលរួ​ម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខ្លី សិក្ខាសាលា ឬ​ព្រឹត្តការណ៍ផ្សេងៗ​ក្នុង​សង្គម គឺ​ធ្វើ​ឱ្យ​​យុវជន​រៀនសូត្រ​លើសពី​ចំណេះដឹង​ដែល​រៀន​នៅសាលា និង​​ទទួល​បានបទពិសោធន៍ និង​ចំណេះដឹង​ថ្មីៗ។​

កញ្ញាបន្តថា៖ «យើងរៀនបានច្រើន យើងធ្វើអីដែលយើងអត់ធ្លាប់បានធ្វើពីមុន យើង​ទទួល​បាន​បទ​ពិសោធន៍​ពីប​ងៗដែលគាត់ធ្លាប់ធ្វើការហ្នឹងពីមុន​អ៊ីចឹងទៅ។ ហើយយើងបានជួបមនុស្សថ្មីៗអ៊ីចឹង។ និយាយ​ឱ្យចំ​​គឺ​​យើង​អាចរ​បៀប​ថាជី​វិ​ត​យើង​វា​អាច​រៀន​បាន​ច្រើន​ទាំងមិនមែននៅក្នុងសាលារៀនទេ»។

លោក ឆេន ពេជ្រតារា អាយុ២២ឆ្នាំ ជានិស្សិតព័ត៌មានវិទ្យានៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ យល់ឃើញ​ថា ការចូលរួម​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​ ធ្វើឱ្យលោក​ទទួល​បាន​​​ចំណេះដឹង​ថ្មី​អំពី​សង្គ​ម​ក្រៅ​ពី​ជំនាញ​ដែល​ខ្លួនកំពុងរៀននៅសាកលវិទ្យាល័យ។

លោកបានបង្ហាញថា៖ «នៅសាលាយើងរៀនស្តាប់តែគ្រូ យើងអត់សូវស្គាល់ពីរបៀបការងារខាងក្រៅច្រើន តែបើយើងទៅចូលរួមវគ្គសិក្ខាសាលខ្លីៗហ្នឹងវាមានអ្វីដែលថ្មីៗដែលសាលាអត់ដែលបង្រៀន»។

លោក វ៉ន ចន្ថា អាយុ២៨ឆ្នាំ ជនជាតិដើមភាគតិចកួយ​ដែលបានបញ្ចប់ថ្នាក់​បរិញ្ញាបត្រ​​ជំនាញ​រដ្ឋបាលសាធារណៈ លើកឡើង​ថា ការចូលរួម​វគ្គ​បណ្តុះបណ្តាល​ខ្លី​គឺ​មាន​សារៈសំខាន់​សម្រាប់​យុវជន ព្រោះមា​នការផ្លាស់ប្តូរបទពិសោធន៍រវាងយុវជន និងយុវជន ពង្រឹងសមត្ថភាព ភាពក្លាហាន ទទួល​ស្គាល់ភាព​ចម្រុះជា​តិសាសន៍ និង​អាច​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្តាញយុ​វជន និង​បណ្តា​អង្គការ​សង្គម​ស៊ីវិលនានា។

លោកបន្តថា៖ «​ទាក់ទងទៅ និងការចូលរួមជាមួយនិងអង្គការដៃគូ ចូលរួម​វគ្គ​ខ្លី​អី​ហ្នឹង​នៅ​ក្នុង​សង្គម ឬ​ក៏​នៅ​ក្នុង​កម្មវិធី​អី​ផ្សេងៗ​វា​មាន​សារៈ​សំខាន់​សម្រាប់​យើង គឺ​ដើម្បី​ឱ្យ​យើង​ទទួល​បានចំណេះដឹ​ង​ថ្មីៗ ការពង្រឹង​សមត្ថភាព​ខ្លួនឯង ហើយ​យើង​មាន​ភាពក្លាហាន​ជាង​មុន​ហើយ​យើង​អាច​ស្គាល់​យុវជ​ន​ចម្រុះ ឬ​ក៏​មនុស្សចម្រុះផ្សេងគ្នាដែលមកពីបរិបទផ្សេងគ្នា»។

លោក វ៉ន ចន្ថា អាយុ២៨ឆ្នាំជនជាតិកួយបញ្ចប់ថ្នាក់បតិញ្ញាប័ត្រមុខជំនាញរដ្ឋបាលសាធារណៈ។ (រូបថត៖ ផ្តល់ដោយ វ៉ន ចន្ថា)

លោក ចាន់ វាសនា អាយុ២០ឆ្នាំ ជនជាតិដើម​ភាគតិច​កួយ​ជា​និស្សិត​ឆ្នាំទី១​នៃ​ពុទ្ធិកសាកល​វិទ្យាល័យ​ព្រះសីហមុនី​រាជា បង្ហាញថាការចូលរួមសិក្សាក្រៅប្រព័ន្ធគឺមានភាពល្អប្រសើរ ធ្វើឱ្យយុវជនចេះនិយាយ ធ្វើបទបង្ហាញ រៀនរយៈពេល​ខ្លី ប៉ុន្តែ​ងាយយ​ល់ព្រោះមានការពន្យល់ក្បោះក្បាយជាងនៅសាលា ចេះ​ធ្វើ​ការងា​រក្រុម មានភាពក្លាហានក្នុងការបញ្ចេញមតិយោបល់។

លោក​បន្ថែម​ថា៖ «​ពេលដែលចូលវគ្គសិក្ខាសាលា និ​ងវគ្គបណ្តុះបណ្តាលខ្លីៗ ឬព្រឹត្តិការណ៍​អីមួយ គឺ​ថា​វា​មាន​ភាព​ល្អប្រសើរ ព្រោះ ទី១ ចង់ឱ្យយុវជនយើងចេះនិយាយហើយទៀតធ្វើបទបង្ហាញ ហើយ​មួយ​ទៀត​ពេល​ដែល​យើង​រៀន​វគ្គ​បណ្តុះបណ្តាលអ៊ីចឹងទៅ យើងរៀនរយៈពីរថ្ងៃទេ ប៉ុន្តែយើងអាចចេះបានច្រើន ព្រោះ​មានការពន្យល់ក្បោះក្បាយអំពីប្រធានបទ»។

លោក ចាន់ វាសនា និស្សិតឆ្នាំទី១នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា។ (រូបភាព៖ ផ្តល់ដោយ ចាន់ វាសនា)

កញ្ញា វ៉ាន់ខាំ ម៉ា ជាជនជាតិដើមភាគតិចទំពួន អាយុ​២២ឆ្នាំ ជានិស្សិតឆ្នាំទី២ មុខជំនាញ​អក្សរ​សាស្ត្រ​ខ្មែរ នៅ​​​ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនី​រាជា យល់ថា ការ​ចូលរួម​សិក្ខាសាលា វគ្គបណ្តុះ​បណ្តាល​អាច​ធ្វើ​ឱ្យ​យុវជន​​អភិវឌ្ឍ​ខ្លួន​ឯង​តាមរយៈ​ការកែប្រែ​ទម្លាប់មិនល្អមួយចំនួន និង​​មាន​ការយើង​យល់ដឹង​ពី​បញ្ហា​សង្គម​តាមរយៈ​ការលើក​ឡើង​របស់​យុវជន​។

កញ្ញា​បញ្ជាក់ថា៖ «ត្រឡប់មកខ្លួនយើងវិញក៏យើងគឺអភិវឌ្ឍខ្លួនយើងបានដែរ  យើងអាចកែទម្លាប់ខ្លួនឯង  មួយចំនួន​ដែល​យើងខ្វះខាត ហើយមួយវិញទៀតយើងក៏យល់ដឹងពីសង្គមបានមួយដែរ ដោយសារអីយើង ចំណុចខ្លះគឺយើងអត់ដឹងទេទាក់ទងនិងបញ្ហាផ្សេងៗទាក់ និងយុវជន ឬសង្គម  ប៉ុន្តែក្នុងវគ្គបណ្តុះបណ្តាល​​​គឺ​​គាត់ [យុវជន] បានចែករំលែក [ពីបញ្ហាសង្គម]»។

កញ្ញា វ៉ាន់ខាំ ម៉ា ជាជនជាតិដើមភាគតិចទំពួន អាយុ ២២ឆ្នាំជានិស្សិតឆ្នាំទី២មុខជំនាញអក្សរសាស្ត្រខ្មែរនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ (រូបភាព៖ ផ្តល់ដោយ វ៉ាន់ខាំ ម៉ា)

លោក ផ្លាន សុជា អាយុ២២ឆ្នាំ ជនជាតិដើមភាគតិច​ទំពួន ជានិស្សិត​​ឆ្នាំទី៤ ជំនាញស្ថាបត្យកម្ម និង​នគរូបនីយកម្មនៅ​សាកលវិទ្យាល័យន័រតុនលើកឡើងថា មេរៀន ឬ​ប្រធានបទ​មួយ​ចំនួន​នៃ​វគ្គ​សិក្ខាសាលា ឬ​វគ្គបណ្តុះបណ្តាល គឺជាចំណេះពីខាងក្រៅដែលមិន​អាចរៀន​បាន​នៅ​សាលា។​ លោក​បន្តថា បន្ទាប់ពីបញ្ចប់សិក្ខាសាលា ឬកម្មវិធី គឺបង្កើតឱកាស​ឱ្យ​ពួកគេ​មាន​ភាព​ក្លាហាន បង្កើន​​ទំនាក់​ទំនង​ជាមួយមនុស្សថ្មីៗ អ្នកជំនាញ ឬ​បុគ្គល​ល្បីៗ បង្ហាញ​អំពី​ខ្លួនឯង ឬ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ដើម្បី​បង្កើត​ឱកាស​នានា​សម្រាប់​ខ្លួន​ឯង។

លោក ផ្លាន សុជា អាយុ២២ឆ្នាំជនជាតិដើមភាគតិចទំពួនជានិស្សិតឆ្នាំទី​៤ ជំនាញស្ថាបត្យកម្ម និងនគរូបនីយកម្មនៃសាកលវិទ្យាល័យន័រតុន។ (រូបភាព៖ ផ្តល់ដោយ ផ្លាន សុជា)

លោកបន្ថែមថា៖ «ហើយនៅក្នុង Workshop (សិក្ខាសាលា) ហ្នឹង​ទៀត​សោត បើសិន​ជា​យើង​ជា​មនុស្ស​ដែល​ចង់​ចេះ ចង់ដឹង ចង់ស្គាល់ ចឹង​យើងអាចសួរអីៗវាជារឿងមួយដែលគេកត់សម្គាល់យើងដែរ វា​អាច​ឱ្យ​គេ​ស្គា​ល់​​យើង​គេអាច​នឹង​ធ្វើការ​ទំនាក់​ទំនងជាមួយយើងក្នុងការងារណាមួយចឹង អាហ្នឹង​ជា​លទ្ធផល​ជាក់​ស្តែង​ដែល​យើង​តែង​តែ​ឃើញ ដែលខ្ញុំតែងតែឃើញកន្លងមកគឺ ក្រោយយើងពីចូលរួម Workshop (សិក្ខាសាលា) បើសិនជា​យើង​ជា​មនុស្ស​សកម្ម​ភាគច្រើន​តែងតែ​មាន​ឱកាស​ច្រើន​ក្នុង​ការទទួល​ការងារ​ណា មួយ»៕