ការទុកដាក់សំរាមនៅរាជធានីភ្នំពេញក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហាក់មានភាពប្រសើរជាងមុន​ដោយសារ​តាម​​ទី​សាធារណៈមួយចំនួន​មាន​ធុងសំរាមច្រើន ប៉ុន្តែ​គេ​ឃើញ​ថា​ប្រជាពលរដ្ឋ​​នៅ​​តាម​តំបន់​មួយចំនួន​នៅ​បន្ត​បោះសំរាមចោល​​ពាស​វាល​ពាស​កាល​នៅឡើយ ចំណែក​ការ​ទុក​ដាក់​សំរាម​ក៏​ហាក់នៅមាន​កម្រិត។

​​Newsroom Cambodia បានសម្ភាសន៍ប្រជាពលរដ្ឋជាអាជីវករ និងយុវជនចំនួន​៦រូប ដែល​រស់នៅ​រាជធានី​ភ្នំពេញ អំពី​ការយល់​ឃើញ​របស់​ពួកគាត់​លើ​ការទុកដាក់​សំរា​ម​នៅ​រាជធានី​ភ្នំពេញ៖

កញ្ញា យាង សុខម៉េង មកពីខេត្តត្បូងឃ្មុំ ជានិស្សិតរៀនជំនាញគណនេយ្យ ឆ្នាំទី១ នៅ​វិទ្យាស្ថាន​វ៉ាន់ដា​លើកឡើងថា ​នៅរាជធានីភ្នំពេញ​​​​មាន​ធុងសំរាម​ច្រើន ប៉ុន្តែ​ធុង​សំរាម​ខ្លះ​នៅ​មាន​សំរាម​ក្នុងធុង​ដែល​ប្រមូលមិនបានអស់ ចំណែក​កន្លែង​ខ្លះទៀ​ត​ដែល​គ្មាន​ការអនុញ្ញាត​ឱ្យ​មាន​ការចោ​លសំរាមនៅទីនោះ តែមានសំរាមចោលរប៉ាត់រប៉ាយ។  

កញ្ញាបញ្ជាក់​​ថា៖ «បើសិនយើងជាយុវជន ពេលធ្វើដំណើរទៅជួប ឬឃើញ​សំរាម​កន្លែង​ហ្នឹង​ហើយ ទោះជាយើងមិនបានប្រមូលចេញ ក៏យើង​មិន​គួរ​យក​សំរាម​ទៅ​ដាក់​ចោល​កន្លែង​ហ្នឹង​ថែម​ទៀតដែរ ទោះបីឃើញមានសំរាមនៅហ្នឹងមានច្រើនហើយក្ដី បើសិនគេ​ឃើញ​យើង​នៅ​តែ​បន្ត​ចោលសំរាមនៅទីនោះ អ្នកផ្សេងទៀតនឹងបន្តចោលតាមដែរ ដូច្នេះ​មាន​ន័យ​ថា​ធ្វើ​ឱ្យ​បរិស្ថាន​​ស្អា​តត្រូវមានការចាប់ផ្ដើមពីខ្លួនឯងផ្ទាល់»។

កញ្ញា យាង សុខម៉េង និស្សិតរៀនជំនាញគណនេយ្យនៅ​វិទ្យាស្ថាន​វ៉ាន់ដា។ (រូបភាព៖ កេង ចាន់នូ)

កញ្ញាបន្ថែមថា៖ «សូមឱ្យបងប្អូនឈប់បន្ត​ចោលសំរាម​ពាស​វាល​ពាស​កាល និង​ត្រូវ​រក្សា​ទុក​ជាប់​ខ្លួនរហូតទៅដល់កន្លែងដែលមានធុងសំរាមច្រើនសម្រាប់ចោល គឺ​មិនមាន​ការខាត​បង់​អ្វី​ទេ ហើយណាមួយបើសិនជាបរិស្ថានស្អាតធ្វើឱ្យយើងមានសុខភាពល្អ ទីក្រុង​មានការអភិវឌ្ឍ និង​មាន​ការទាក់ទាញ​ភ្ញៀវ​ទេសចរ​មាន​ចំណាប់​អារម្មណ៍​មក​ដើរកំសាន្ត​នៅ​ក្នុង​ប្រទេស​ស្អាត ធ្វើឱ្យប្រទេសជាតិរីកសុសសាយ»។

កញ្ញា អ៊ី កែវរស្មី និស្សិតរៀនជំនាញគណិតវិទ្យា។ (រូបភាព៖ កេង ចាន់នូ)

កញ្ញា អ៊ី កែវរស្មី អាយុ១៩ឆ្នាំ មកពីខេត្តកំពត ជានិស្សិតរៀនជំនាញគណិតវិទ្យា ឆ្នាំទី៣ នៅ​វិទ្យាល័យភូមិន្ទភ្នំពេញ លើកឡើងថា ការទុកដាក់ ឬចោលសំរាមនៅរាជធានីភ្នំពេញ ​មានការ​រៀបចំ និង​ទុកដាក់​បាន​ល្អ​ដោយកន្លែង។

កញ្ញាបញ្ជាក់ថា៖ «ដើម្បី​មាន​បរិស្ថាន​ល្អ​ប្រសើរ​គឺ​អាស្រ័យ​លើ​យើង​ត្រូវ​ចាប់ផ្ដើម​កាត់បន្ថយ​ការប្រើប្រាស់​សំរាម។ ព្រោះធម្មតាក្នុងទីក្រុងភ្នំពេញយើង​គឺ​មាន​ក្រុមហ៊ុន​ខាង​ការប្រមូល​សំរាម ដូច្នេះហើយមានការរៀបចំកន្លែងចោលសំរាមនីមួយៗ និង​ចង់​ឱ្យ​ពួកគាត់​ដែល​ចោល​សំរាម​ក្នុង​ទីកន្លែង​ពាសវាលពាសកាល ឬ​ក្នុង​លូទឹក ត្រូវ​មាន​ការប្រមូល​សំរាម​ដាក់​ទុក​ក្នុង​ធុង​ដែល​គេ​តម្រូវឱ្យចោលបាននោះវិញ​ដូចជា​នៅមុខផ្ទះនីមួយៗគឺមានកន្លែង​ទុកដាក់​សំរាម​សម្រាប់​ទុក​ឱ្យខាងអ្នកប្រមូលសំរាម​មកធ្វើការប្រមូល បើតាមមើលឃើញពេលខ្លះ២ថ្ងៃ ឬ៣​ថ្ងៃ​មក​ប្រមូល​ម្ដង»។

ព្រះតេជគុណ អួន សូនី អាយុ២៤ឆ្នាំ មកពីខេត្តកំពត ជានិស្សិតរៀនជំនាញអក្សរសាស្ត្រខ្មែរ ឆ្នាំទី១ នៅវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា សំរាម​តាមដងវិថីនានា​​​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ការរៀបចំ​ទុកដាក់បានល្អ ខណៈប្រជាពលរដ្ឋ​ភាគច្រើន​​យកចិត្តទុក​ដាក់​ចោល​សំរាម​ក្នុង​ធុង​សំរាម​មានសណ្ដាប់ធ្នាប់ត្រឹមត្រូវ។

ព្រះតេជគុណ​បន្ថែមថា៖ «សម្រាប់និយមន័យរួមប្រពលរដ្ឋខ្មែរនៅរាជធានីភ្នំពេញ គឺយើងត្រូ​វ​ធ្វើ​យ៉ាងណា​ទម្លាប់​ខ្លួន​ឱ្យ​ជា​មនុស្ស​ដែល​ស្រលាញ់​សំរាម​ មាន​ន័យ​ថា ពេល​ឃើញ​សំរា​ម​គឺ​យើង​ចង់​កាន់វាយកទៅដាក់នៅក្នុងធុងសំរាម ដើម្បី​ឱ្យ​រាជធានី​ភ្នំពេញ​របស់​យើង​មាន​សោភ័ណ​ភាព​ល្អ ហើយជាពិសេសសម្រាប់ទាក់ទាញ និង​បង្ហាញ​ភ្ញៀវ​បរទេស​ឱ្យ​គាត់​បាន​ឃើញ​ពី​ទិដ្ឋភាពថា ប្រជាជនខ្មែរគឺមាន​​របៀបរបប និង​មាន​វិន័យ​ត្រឹមត្រូវ គឺ​ពេល​ឃើញ​សំរាម​អី​គឺពួ​កគាត់ចង់ប្រមូលចោលក្នុងធុងសំរាម»។​

ព្រះតេជគុណ អួន សូនី។ (រូបភាព៖ កេង ចាន់នូ)

អ្នកនាង វ៉េង ស្រីមាស អាយុ៣៣ឆ្នាំ ជាអ្នកលក់ភេសជ្ជៈ​តាមដងផ្លូវនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីលើកឡើងថា ការទុកដាក់សំរាម​នៅរាជធានីភ្នំពេញ​នៅមា​ន​ការខ្វះ​ចន្លោះ ដោយសារ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមា​នកម្រិត​នៅឡើយ។

អ្នកនាង វ៉េង ស្រីមាស បានបន្ថែមថា៖ «ការផ្សព្វផ្សាយជូនដំណឹងក្នុងការទុក​ដាក់​សំរាម​ជូន​ដល់​ប្រជាពលរ​ដ្ឋ ​ច្រើន តែបងប្អូនប្រជាពលរដ្ឋភាគច្រើន​មិនមាន​ចំណាប់​អារម្មណ៍​តាមដាន​ស្ដាប់ មើលពីរបៀបរបបល្អៗក្នុងការទុកដាក់សំរាម ដូច្នេះ​ហើយ​សូម​សំណូមព​​រ​ឱ្យ​ប្រជាពលរដ្ឋ​យកចិត្ត​ដាក់មើល និងធ្វើតាមសកម្មភាពល្អៗ ព្រោះបើ​មិនទុកដាក់​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ សំរាមជះផលប៉ះពាល់មកយើងវិញ»។​

អ្នកនាង អ៊ាម ស្រីតូច អាជីវករលក់បន្លែនៅផ្សារសិនជូរីផ្លាហ្សា​។ (រូបភាព៖ កេង ចាន់នូ)

អ្នកនាង អ៊ាម ស្រីតូច អាយុ៣៣ឆ្នាំ ជាអាជីវករលក់បន្លែនៅផ្សារសិនជូរីផ្លាហ្សា​លើកឡើង​ថា ការទុកដាក់សំរាមនៅរាជធានីភ្នំពេញ មានភាពល្អប្រសើរ​ដោយកន្លែង។ អ្នកនាង​បន្ថែម​ថា៖

អ្នកនាង អ៊ាម ស្រីតូច បានបន្ថែមថា៖ «ចង់បានបរិស្ថាន និងទីលំនៅយើង​ស្អាតគឺមាន​ការចាប់​ផ្ដើម​ពី​យើងត្រូវមានការទុកដាក់សំរាមដោយមានការវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ ព្រោះ​សំរាម​មាន​ក្លិនមិនល្អដល់បរិស្ថាន ធ្វើខូចសុខភាពផងដែរ»។​

អ្នកនាង អ៊ាម ស្រីតូច អាជីវករលក់បន្លែនៅផ្សារសិនជូរីផ្លាហ្សា​។ (រូបភាព៖ កេង ចាន់នូ)

អ្នកស្រី យ៉ែម សុផា អាយុ៤៤ឆ្នាំ ជាអ្នកប្រកបមុខរបរលក់ត្រី នៅផ្សារសិនជូរីផ្លាហ្សា លើកឡើងថា ការទុកដាក់ ឬចោល​សំរាម​នៅរាជធានី​ភ្នំពេញ​គឺ​កន្លែង​ខ្លះ​មាន​សណ្ដាប់​ធ្នាប់​ក្នុង​ការទុកដាក់សំរាមដោយមានការវេចខ្ចប់ក្នុងថង់ និងយកទៅចោល​ក្នុង​​ធុងសំរាម និង​កន្លែង​ខ្លះទៀត​មានការចោលពាសវាលពាសកាល ដោយគ្មានសណ្ដាប់ធ្នាប់។

អ្នកស្រី យ៉ែម សុផា អ្នកប្រកបមុខរបរលក់ត្រី នៅផ្សារសិនជូរីផ្លាហ្សា។ (រូបភាព៖ កេង ចាន់នូ)

អ្នកស្រី​បន្ថែមថា៖ «ចំពោះកន្លែង​ដែលមានការចោលសំរាម​ពាសវាល​ពាស​កាល​គ្មាន​សណ្ដាប់​ធ្នាប់ សូមឱ្យបងប្អូនជាពិសេស​អាជីវករ​លក់ដូរ​ទាំងអស់​ជួយ​ប្រមូល​ដោយ​មាន​ការវេចខ្ចប់​ដាក់​ក្នុងថង់ចោលក្នុងធុងសំរាម កុំមានការពង្រាយក្នុងទីធ្លាសាធារណៈ  ព្រោះ​សំរាមប៉ះពាល់ដល់បរិស្ថាន និងបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព»៕